ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្រ្តី​ជាន់​ខ្ពស់​​ក្រសួង​ការ​បរទេស​កម្ពុជា


រូបឯកសារ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ
រូបឯកសារ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ

អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្រ្តី​ជាន់​ខ្ពស់​​ក្រសួង​ការ​បរទេស​កម្ពុជា ​ក្រោយពី​រដ្ឋាភិបាល​អាមេរិក​បាន​លើក​ឡើង​ថា​ ​ប្រទេស​ចំនួន៤​រួម​ទាំង​កម្ពុជា​ផង​នោះ​នឹង​ទទួល​ទណ្ឌកម្ម​ទិដ្ឋាការ​ ​ដោយ​សារ​ការ​បដិសេធ​ ​ឬ​ការ​យឺតយ៉ាវ​​ក្នុង​ការ​ទទួល​ជន​ជាតិ​ខ្លួន​​ប្រព្រឹត្ត​កំហុស​នៅ​អាមេរិក។

​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​ប្រកាស​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោ​ប្រវេសន៍​ ឲ្យមន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ជា​ផ្នែក​មួយ​នៃ​ទណ្ឌកម្ម​ ដែលឆ្លើយ​តប​នឹង​ក្រុម​ប្រទេស​ដែល​មាន​ការ​យឺតយ៉ាវ​ ​ឬ​មិន​ព្រម​ទទួល​ជនជាតិ​របស់​ខ្លួនពី​សហរដ្ឋ​អាមេរិក​វិញ​ក្រោយ​ពី​ពួកគេបាន​ប្រព្រឹត្ត​កំហុស។​ ​នេះ​បើតាម​សេចក្តី​ប្រកាសរបស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ដែល​ចេញ​ផ្សាយនៅ​ថ្ងៃ​ពុធ​នេះ។

បើ​តាម​សេចក្តី​ប្រកាស​នោះ​ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជាបាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​អាមេរិក​សម្រេច​ផ្អាកការចេញ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោប្រវេសន៍គឺ​ប្រភេទB1​ ​ប្រភេទB2​ ​និង​ប្រភេទ​B1/B2 ​ឲ្យមន្ត្រី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គ​នាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​ ​និង​សមាជិក​ក្រុម​គ្រួសារ​របស់​មន្រ្តី​ទាំង​នេះ​ ​ចាប់​ពីថ្ងៃ​ទី​១៣​ ​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​ត​ទៅ។

ក្នុង​លិខិត​ចេញ​ផ្សាយ​នា​ថ្ងៃ​ពុធ​នេះ​ ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា៖​

«រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ត្រូវ​បញ្ជា​ឲ្យ​មន្ត្រី​កុងស៊ុល​បញ្ឈប់ ​លែង​ផ្តល់​ទិដ្ឋាការ​រហូត​ទាល់​តែ​រដ្ឋមន្រ្តី​សន្តិសុខ​មាតុភូមិ​ទទួល​បាន​ព័ត៌មាន​ថា ​ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​បាន​យល់​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​គេ​វិញ»។​

អ្នក​នាំ​ពាក្យ​រង​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ គឺ​លោក​ ​David Josar​ ​បាន​បដិសេធ​អធិប្បាយ​បន្ថែម​លើ​សេចក្តី​សម្រេច​នេះ​ ​ដោយ​ស្នើ​ឲ្យ​ VOA ​ទាក់ទង​ទៅ​ក្រសួង​ការ​បរទេស​អាមេរិក​វិញ។​

​ការ​សម្រេច​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជាធ្វើ​ឡើង​ស្រប​ច្បាប់​អន្តោ​ប្រវេសន៍​ ​និង​សញ្ជាតិ​របស់​សហ​រដ្ឋ​អាមេរិក​ ​និងតាម​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុ​ភូមិ​ ​ដែល​ស្នើ​ឱ្យរដ្ឋាភិបាល​អាមេរិកដាក់​ទណ្ឌកម្មក្រុម​ប្រទេស​ចំនួន​៤​ ​ដែល​ធ្លាប់​បាន​បដិសេធ​មិន​ទទួល​យក​ ​ឬ​ប្រើ​ប្រាស់​ហេតុ​ផល​ ដែល​មិន​សមស្រប​ដើម្បី​ពន្យារ​ពេល​ការ​ទទួល​យក​ពលរដ្ឋ​ប្រទេស​របស់​ពួក​គេ​វិញ។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ ដែលមានសញ្ជាតិ​ខ្មែរ​អាមេរិកាំង​ ​បាន​ចាត់​ទុក​ថា ​ការ​សម្រេច​របស់​អាមេរិក​គឺ​ជា ​ការ​សម្រេច​មួយ​ដែល​មិន​គោរព​សិទ្ធិ​មនុស្ស​ ​តែ​លោក​ថា​ ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​សេចក្តី​សម្រេច​របស់​អាមេរិក។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«យើង​គោរព​អធិបតេយ្យ​ភាព​របស់​អាមេរិក ​សម្រេច​អី​ ​សម្រេច​ទៅ។ ​អាហ្នឹង​ជា​ប្រទេស​ឯករាជ្យ​មួយ។ ​កម្ពុជា​ក៏​ជា​ប្រទេស​ឯករាជ្យ​មួយ​ដែរ។ ​យើង​មិន​ត្រូវ​លុត​ជង្គង់ ​ធ្វើ​រឿង​អមនុស្ស​ធម៌មក​លើ​ប្រជាជាតិ​ខ្លួន​ឯង។​ យើង​មិន​ធ្វើ​ទេ​បាទ។ ​យើង​មិន​មែន​ខ្ញុំ​អាមេរិក​ទេ»។

លោក​ ​ផៃ ស៊ីផាន​ ​បាន​បន្ត​ថា​ ​កន្លង​ទៅ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ជជែក​គ្នា​លើ​យុទ្ធសាស្រ្ត​រួម​មួយ​លើ​បញ្ហា​នេះ ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ ​លោក​បញ្ជាក់​ថា ​ការ​ជជែក​គ្នា​នៅ​តែ​បន្ត​ តែ​លោក​ថា​ ​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ឲ្យ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ដោយ​លោក​ថា​ ​ពលរដ្ឋ​ដែល​ជាប់​ពន្ធនាគារនៅ​អាមេរិក​ ​ហើយ​ត្រូវ​បញ្ជូន​មក​ស្រុក​កំណើត​ខ្លួន​វិញ​ ​ជា​រឿង​មួយ​ដែល​ពិបាក​ទទួល​ណាស់។

​ទាក់ទង​នឹង​ការ​សម្រេច​លែង​ចេញ​ទិដ្ឋាការ​ឲ្យមន្រ្តី​កម្ពុជា​ ​ លោក​ ​ផៃ ស៊ីផាន​ ​មាន​ប្រសាសន៍​ថា​កម្ពុជា​មិន​យក​បញ្ហា​ហ្នឹង​ជា​ធំ​នោះ​ទេ។​

លោក​ ​ជុំ សុន្ទរី​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​ក្រសួង​ការ​បរទេស​បាន​ទទួល​លិខិត​ជូន​ដំណឹង​ជា​ផ្លូវការ​ពី​សហរដ្ឋអាមេរិក​ ​ហើយ​កំពុង​តែ​ពិនិត្យ​លើ​ករណី​នេះ។​ ​លោក​បាន​បដិសេធ​មិន​អធិប្បាយ​នៅ​ពេល​នេះ។​

VOA​ ​បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ​ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសកម្ពុជា ​តែមិន​អាច​ទាក់​ទង​បានទេ។​

ការចេញ​សេចក្តី​សម្រេច​របស់​ស្ថានទូត​នៃ​ប្រទេស​មហា​អំណាច​អាមេរិកកើត​មាន​ឡើង​ក្នុង​ពេល​ដែល​កម្ដៅ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មានការកើន​ឡើង ​និង​មាន​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​មក​លើ​សហ​រដ្ឋ​អាមេរិក​ ​ពីបណ្តាញ​សារព័ត៌មាន​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ ​ពីមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ​ជា​ពិសេស​ពី​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​ចុង​ក្រោយ​នេះ​ ​កម្ពុជា​បាន​ចោទ​ថា អាមេរិកនៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ ​និង​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​លោក​ ​William Heidt​ ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ច្រាន​ចោល​កាល​ពី​ថ្ងៃ​អង្គារ។​

ទោះ​យ៉ាង​ណា​ក៏​ដោយលោក​ ​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ​ ​យល់​ថា​ ​ការ​សម្រេច​នេះ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ។​

លោក​ ​ឈាង វណ្ណារិទ្ធ​ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ មាន​ប្រសាសន៍​ថា ​ការ​សម្រេច​របស់​អាមេរិកអាច​ជា​ការ​បូក​បញ្ចូល​គ្នា​នៃ​កត្តា​ជា​ច្រើន​ ​ដែល​រួម​មាន​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ផង​ដែរ។​ លោក​បន្ត​ថា​ ​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិកបាន​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ ​ចាប់​តាំង​ពី​ខែ​កក្កដា​ ​ឆ្នាំ​១៩៩៧​ ​ហើយ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​ ​រហូត​មក​ដល់​ពេល​នេះ។ ​ ​លោក​បន្ត​ថា​ ស.រ.អា.​អាច​នឹង​មាន​វិធាន​ការ​ខ្លាំង​ជាង​នេះ​ថែម​ទៀត​ ​នៅ​ពេល​ខាង​មុខ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​អ៊ីម៉េល​ ​ឬ​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«សហ​រដ្ឋ​អាមេរិក​ទំនង​ជានឹង​ប្រើ​វិធានការ​ខ្លាំង​ជាង​នេះ​ប្រឆាំង​កម្ពុជា​ ​រួម​មាន​ទាំង​ទណ្ឌកម្ម​ជាក់លាក់​ណា​មួយ»។​

យោង​តាម​ការ​ផ្សាយ​របស់​បណ្តាញ​ទូរទស្សន៍អាមេរិក CNN​ ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​សីហា​ ប្រទេស​ចំនួន​៤ ​ដែល​រដ្ឋបាល​លោក​ ​ដូណាល់ ត្រាំ (Donald Trump)​ ​នឹង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ ​រួម​មាន​កម្ពុជា​ អេរីទ្រា ​ហ្គីនៀ ​និង​សៀរ៉ាលីអូន​ ​ក្រោយ​ពី​អាមេរិក​រក​ឃើញ​ថា​ ​ពលរដ្ឋ​របស់​ប្រទេស​ទាំង​នោះ​បាន​ប្រព្រឹត្តិ​កំហុស ​និង​ត្រូវ​និរទេស​ចេញ​ពី​ទឹក​ដី​អាមេរិក។​

កន្លង​ទៅ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​អះអាង​ថា​ ​កម្ពុជា​ចង់​ឲ្យ​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក​ ដែល​បាន​ប្រព្រឹត្ត​កំហុស​ ​ហើយ​បាន​ទទួល​ទោសតាម​ច្បាប់​អាមេរិក​ ​គួរ​តែ​អាច​រស់​នៅ​អាមេរិក​បន្ត​ទៀត ​ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ទី​នោះ។​ VOA មិនទាន់​ទទួល​បាន​ព័ត៌មាន​ចុង​ក្រោយ​ថា​ ​តើ​ប្រជាជន​កម្ពុជា​ប៉ុន្មាន​នាក់​ ​ដែល​អាមេរិក​គ្រោង​នឹង​បញ្ជូន​មក​ស្រុក​កំណើត​វិញ​នោះ​ទេ៕

XS
SM
MD
LG