ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​វាយបក​ប្រទេស​ខ្លះ​លើ​ការវាយតម្លៃ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ចុង​ក្រោយ


លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ ដល់​ VOA នៅ​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៧។ (ប៉ូច រាសី/VOA)
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ ដល់​ VOA នៅ​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៧។ (ប៉ូច រាសី/VOA)

លោក ប្រាក់ សុខុន បាន​អះអាង​ថា​ ការវាយ​តម្លៃអំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ គឺ​ប្រែប្រួល​ទៅ​តាម​ការ​ញុះញុង​របស់​មហា​អំណាច​ខ្លះ ក៏​ដូចជា​អង្គការ​អន្តរជាតិ​ធំៗ ដែល​កម្មវិធី​របស់​ខ្លួន​មិនមាន​អព្យាក្រឹត្យភាព​នយោបាយ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ គឺ​លោក ប្រាក់ សុខុន ដែល​ជា​អ្នកតំណាង​កម្ពុជា​នៅ​ឆ្នាំ​នេះ បាន​យក​វេទិកា​ពិភពលោក​មួយ គឺ​មហា​សន្និបាត​អ.ស.ប លើក​ទី៧២ ដើម្បី​វាយបក​ទៅ​លើ​ប្រទេស​មហា​អំណាច​មួយ​ចំនួន ដែល​បាន​រិះគន់​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​កម្ពុជា​ចុងក្រោយ​នេះ។

នៅ​ឯ​កិច្ចប្រជុំ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ ក្នុង​បុរី​ញូវយ៉ក​ លោក ប្រាក់ សុខុន បាន​ថ្លែង​ថា ការរិះគន់​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​តម្រង់​លើ​កម្ពុជា​នេះ​ គឺ​ឈរ​លើ​ផលប្រយោជន៍​របស់​មហា​អំណាច​ភ្នាក់ងារ​អ.ស.ប​ ក៏​ដូចជា​អង្គការ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

លោក ប្រាក់ សុខុន បាន​អះអាង​ថា​ ការវាយ​តម្លៃអំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ គឺ​ប្រែប្រួល​ទៅ​តាម​ការ​ញុះញុង​របស់​មហា​អំណាច​ខ្លះ ក៏​ដូចជា​អង្គការ​អន្តរជាតិ​ធំៗ ដែល​កម្មវិធី​របស់​ខ្លួន​មិនមាន​អព្យាក្រឹត្យភាព​នយោបាយ។ លោក​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

«គេ​លើក​ឡើងពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​បញ្ហា​ប្រជាធិបតេយ្យ​តែ​នៅ​ពេល​ណា​ដែល​វា​បម្រើ​ឲ្យ​ផលប្រយោជន៍​ជាក់ស្តែង​របស់​មហា​អំណាច​ធំៗ​មួយ​ចំនួន ដោយ​យោង​តាម​កាលានុវត្តភាព​នៃ​ពេល​វេលា។ បើ​គ្មាន​ផលប្រយោជន៍​ទេ គេ​រក្សា​ភាព​ស្ងាត់ស្ងៀម។ ជាញឹកញាប់​ភាព​ស្ងប់ស្ងាត់​ គឺ​ជាការ​ឃុបឃិត​គ្នា‍»។

នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA ​លោក​បាន​ស្នើ​សុំ​ឲ្យ​បណ្តា​ប្រទេស​នានា​វាយតម្លៃ​ស្ថានការណ៍​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ៖

«ការវាយ​តម្លៃឲ្យ​គ្រប់​ជ្រុងជ្រោយ​គឺ​មិន​ត្រូវ​វាយតម្លៃ​តែ​ពី​ម្ខាង​តែប៉ុណ្ណោះ​ទេ​ គឺ​ដូច​ជា​នៅក្នុង​ឱកាស​ដែល​មាន​បញ្ហា​កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ​ ដូច​បាន​ជ្រាបស្រាប់​ហើយ​ករណី​ចាប់ខ្លួន​លោក​ កឹម សុខា ​ករណី​បញ្ឈប់​សកម្មភាព​អង្គការ NDI ​(វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ)​ ករណី​បិទកាសែត​ The Cambodia Daily​ ហើយនឹង​ករណី​បិទវិទ្យុ​មួយ​ចំនួន​គឺ​ពាក់ព័ន្ធ​យ៉ាងខ្ជាប់​ខ្ជួន​ជាមួយនឹង​ការអនុវត្តន៍​ច្បាប់»។

រដ្ឋាភិបាល​កម្ពុជា​បាន​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ​ជាពិសេស​ពី​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​ ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ហើយនឹង​បណ្តា​ប្រទេស​មហា​អំណាច​និង​ប្រទេស​ផ្តល់​ជំនួយ​ធំៗ​សម្រាប់​កម្ពុជា​មួយ​ចំនួន​ទៀត​ ក្រោយពេល​ដែល​មាន​ការធ្វើ​ទុក្ខបុក​ម្នេញ​ផ្នែក​នយោបាយ​ បិទ​សារព័ត៌មាន ​និង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ ​មុនការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ​ ជាពិសេស​ការចាប់ខ្លួន​លោក ​កឹម សុខា ​មេដឹកនាំ​ក្រុមជំទាស់​ពី‍ បទ​«ក្បត់ជាតិ‍» ហើយ​ចោទ​ប្រកាន់​ស.រ.អា​ ថា​នៅ​ពី​ក្រោយ​មេដឹកនាំ​ក្រុម​ប្រឆាំង​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​នោះ។

តែ​នៅ​ឯមហា​សន្និបាត​អ.ស.ប​ ក្រោម​ប្រធានបទ​«ផ្តោត​លើការ​យកចិត្ត​ទុកដាក់​លើ​ប្រជា​ពលរដ្ឋ គឺ​ការ​ព្យាយាម​ធ្វើឲ្យ​មាន​សន្តិភាព​ និង​ជីវភាព​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់រូប​នៅ​លើ​ផែនដី​ប្រកប​ដោយ​និរន្តរភាព‍»​នោះ ​លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន បាន​ការពារ​រដ្ឋាភិបាល​របស់​លោក និង​ស្វះស្វែង​រក​ការជឿជាក់ពី​អ.ស.ប​ និង​មហា​សន្និបាត​អ.ស.ប ​ចំពោះ​ស្ថានការណ៍​នយោបាយ សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​កម្ពុជា។

លោក​បាន​ធ្វើការ​រិះគន់​ក្រុម​ប្រឆាំង​ថា ​បាន​ធ្វើការ​អុចអាល​ពលរដ្ឋ​ឲ្យ​ដក​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឲ្យ​មាន​ការរើសអើង​ជាតិ​សាសន៍ ​ការផ្សព្វផ្សាយ​សន្ធិសញ្ញា​និង​ផែនទី​ក្លែងក្លាយ។

អ្នកតំណាង​កម្ពុជា ​ដែល​រិះគន់​អ្នករាយការណ៍​ពិសេស​អ.ស.ប ​ផ្នែក​សិទ្ធិ​មនុស្ស​ផងនោះ​ បាន​ដាក់​សំណួរ​ថា​ តើ​ប្រទេស​ណា​គាំទ្រ​ទង្វើ​ដូច្នេះ​ នៅ​ជិត​ចុង​បញ្ចប់​នៃ​សន្ទរកថា​របស់​លោក​ ក្នុង​នាម​ជា​អ្នកតំណាង​កម្ពុជា​ នៅក្នុង​កិច្ចប្រជុំ​មហា​សន្និបាត​អ.ស.ប​ ដែល​មាន​ប្រទេស​យ៉ាងតិច​១៩៣​ ចូលរួម​នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ​នៅ​ថ្ងៃ​ដែល​តំណាង​កម្ពុជា​គឺ ​លោក ​ទេសរដ្ឋ​មន្ត្រី ប្រាក់ សុខុន​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថ្លែង​សន្ទរកថា​នៅ​ឯ​កិច្ចប្រជុំ​មហា​សន្និបាត​អ.ស.ប​គឺ​ថ្ងៃ​ទី២២ ​ខែកញ្ញា ​នោះ ​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​ប្រទេស​អាមេរិក​និង​ប្រទេស​កាណាដា​ខ្លះ​ផង​ បាន​ប្រមូលផ្តុំ​តវ៉ា​នៅមុខ​ការិយាល័យ​កណ្តាល​របស់​អ.ស.ប​នោះ​ ដោយ​អះអាង​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ជា​រឿង​មិន​ត្រឹមត្រូវ​ ផ្ទុយ​ពី​ច្បាប់​ និង​រំលោភ​អភ័យ​ឯកសិទ្ធ​សភា​លោក​កឹម សុខា។ ពលរដ្ឋ​ទាំងនោះ​បាន​ស្រែក​តវ៉ាខ្លាំងៗ​ប្រឆាំង​នឹង​ការចាប់ខ្លួន​ ហើយ​ក្រុម​អ្នកតវ៉ា​ដែល​បាន​ដាក់​ញត្តិ​ជា​ផ្លូវការ​ទៅ​មន្ត្រី​អ.ស.ប.​នោះ​ក៏ ស្នើសុំ​ឲ្យ​លោក​អគ្គលេខាធិការ​អ.ស.ប​និង​ប្រទេស​ផ្តល់​ជំនួយ​នានា​អន្តរាគមន៍ ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា ​និង​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌​ត្រឹមត្រូវ​ និង​ស្មើភាព ក្នុងការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩ ​ខែកក្កដា​ឆ្នាំ២០១៨​ខាងមុខ​ ហើយនឹង​ស្នើសុំ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​បាន​ជួយ​ដល់​កម្ពុជា​កន្លង​មក​នោះ​ បន្ត​ជួយដល់​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា​ផងដែរ។

លោក ​ស្ទីវិន រាជ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​ទីក្រុង​ញូវយ៉ក​ ដែល​ជា​អ្នក​រៀបចំ​សុំ​ច្បាប់​បាតុកម្ម​ម្នាក់​បាន​ថ្លែង​ថា​លោក​ មក​តវ៉ា​នោះ​គឺ​មិន​សុខចិត្ត​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​ចាប់ខ្លួន​លោក ​កឹម សុខា។

«នេះ​គ្រាន់​តែ​ជាការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលហេតុ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​នៅ​ថ្ងៃអនាគត​ លោក​ហ៊ុន សែន​និង​រាជរដ្ឋាភិបាល​នឹង​ដោះលែង​គាត់។​នេះ​ជា​នយោបាយ​មួយ​ដែលគេ​ធ្វើឲ្យ​បងប្អូន​ខ្មែរ​យើង​អស់សង្ឃឹម​ ហើយ​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត‍»។

លោក​ថា អ.ស.ប​មាន​ឥទ្ធិពល​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​លើ​រឿង​នយោបាយ​កម្ពុជា​ សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ។

«យើង​សង្ឃឹម​ថា​អ.ស.ប​នឹង​យក​រឿង​ខ្មែរ​មក​ពិចារណា​ពីព្រោះ​យើង​រស់នៅ​សព្វថ្ងៃ​ក្រោម​សន្និសីទ​ទីក្រុង​ប៉ារីស​ដែល​អ.ស.ប​ ហើយ​មាន​ប្រទេស​ទាំង​១៩​ជួយ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កម្ពុជា‍»។

អេនី វ៉ាន ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​រដ្ឋ​ម៉ាស្សាជូសេដ្ឋន៍​ បាន​សម្តែង​ការកើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ជំទាស់​នៅ​កម្ពុជា​មុន​ការបោះឆ្នោត។

«នាងខ្ញុំ​ហើយនឹង​ក្រុមការងារ​ទាំងអស់​គ្នា​មក​ទីនេះ​ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​លោក​ប្រធាន​កឹម សុខា​ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ក៏​ដូចជា​ដោះលែង​អ្នកទោស​មនសិការ​ជាតិ​ទាំងអស់​របស់​គណបក្ស​ប្រឆាំង»។

លោក ដេវីដ ណាំ ពលរដ្ឋ​មក​ពី​រដ្ឋភេស៊ីលវីននៀ​ បាន​ថ្លែង​ថា​លោក​ កឹម សុខា​គួរ​ត្រូវ​បាន​ដោះលែង​ ហើយ​លោក​ ជឿជាក់​លើ​សហគមន៍​អន្តរជាតិ ​ជា​ពិសេស​អ.ស.ប និង​ស.រ.អា។

«ខ្ញុំ​មក​នេះ​ខ្ញុំ​ចង់​បញ្ចេញ​មតិ​ ដើម្បី​ចង់​បាន​សម្ពាធ​ពី​អ.ស.ប​និង​រដ្ឋាភិបាល​អាមេរិកាំង​ដែល​មាន​លោក​ដូណាល់ ត្រាំ ​ជួយ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ខ្មែរ​កាន់​អំណាច​ដែល​ចេះតែ​ប្រើ​អំពើ​ឃោរឃៅ​អសុរោះ​ចោទ​ប្រកាន់​ចាប់​លោក​ប្រធាន​ កឹម សុខា​យក​ទៅ​ដាក់​ពន្ធនាគារ ចោទ​ថា​រដ្ឋាភិបាល​អាមេរិកាំង​នៅ​ពីក្រោយ​ខ្នង។ ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​អាមេរិកាំង​ខ្ញុំ​មិន​គាំទ្រ។​ ដើម្បីឲ្យ​មានការ​ផ្លាស់ប្តូរស្រុកខ្មែរលុះត្រា​តែអ.ស.ប​ ស.រ.អា.គឺ​លោក ​ដូណាល់ ត្រាំ​ជួយ​ដាក់​សម្ពាធ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ​នៅក្នុង​ឆ្នាំ​២០១៨»។

ទោះជា​យ៉ាងណា​ក៏ដោយ​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ ​VOA ​អ្នកតំណាង​ប្រទេស​កម្ពុជា​គឺលោក​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ ដែលបាន​ថ្លែងការណ៍​នៅឯ​មហាសន្និបាត​អ.ស.ប​នោះ ​បានអះអាង​ថា​លោក​គោរពសិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង។ ​លោកក៏​បានបន្ថែម​ថាសំណុំ​រឿងរបស់​លោក ​កឹម សុខា​ ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ជាអ្នក​សម្រេចថា​តើ​លោក​កឹម សុខា​អាច​ចូលរួម​ការ​បោះឆ្នោត​បានឬ​យ៉ាង​ណា។

«បើ​តាម​ខ្ញុំ​យល់​គឺ​មាន​ជម្រើស​តែ​មួយ​ទេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ការ​ឲ្យ​គាត់​ហ្នឹង​លា​លែង​ចេញ​ពី​ប្រធាន​គណបក្ស​ ហើយនឹង​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​ដើម្បី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ឈាន​ឆ្ពោះ​ទៅ​កាន់ការ​បោះឆ្នោត​នា​ពេល​ឆ្នាំ​២០១៨​ខាងមុខ​នេះ»។

នៅ​ឯ​ខាង​ក្រៅកិច្ច​ប្រជុំ​មហា​សន្និបាត​អ.ស.ប រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ក៏បាន​ជួបប្រជុំ​ជាមួយ​ដៃគូ​សំខាន់​ជាច្រើន ​រាប់ទាំង​តំណាង​ប្រទេស​នានា ​និង​មន្ត្រី​អ.ស.ប ​ហើយនឹង​មន្ត្រី​ក្រសួងការ​បរទេស​អាមេរិកាំង​ផងដែរ​ចាប់ពី​ថ្ងៃទី​១៩ ខែ​កញ្ញា ដល់​ថ្ងៃទី​២៥ ​ខែកញ្ញា​នោះ ទន្ទឹមនឹង​លោក​ បាន​ថ្លែង​បិទបញ្ចប់​សន្ទរកថា​របស់​លោក​ជាមួយ​នឹង​ការអរគុណ​ដល់​បណ្តា​ប្រទេស​ជាច្រើន​ដែល​បាន​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​និង​សន្តិភាព ​ហើយ​បាន​ស្នើសុំ​ដល់​បណ្តា​ប្រទេស​ដែល​កម្ពុជា​មិន​ពេញ​ចិត្ត​ចំពោះការ​វាយតម្លៃ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ថា៖

«ខ្ញុំ​សូម​បញ្ចប់​ដោយ​បញ្ជាក់​អះអាង​ថា​ទ្រឹស្តី​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ស្តីពី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ នឹង​មាន​លក្ខណៈ​សមហេតុ​ផលព្រម​ទាំង​គួឲ្យ​ជឿ​ទុក​ចិត្ត​បាន​លុះត្រា​តែ​ប្រទេស​ទាំងនេះ​អនុវត្ត​ទ្រឹស្តី​នោះ​ចំពោះ​ប្រទេស​ខ្លួន​ព្រមទាំង​ធ្វើការ​វាយតម្លៃ​ រិះគន់​ និង​ថ្កោលទោស​ដោយ​ស្មើគ្នា​ចំពោះ​អ្នក​ដ៏ទៃ‍»។

លោក ​ប្រាក់ សុខុន​ បាន​បន្ថែម​ថា​ប្រទេស​កម្ពុជា​បាន​រងគ្រោះ​ដោយសារ​ការប្រើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិប​តេយ្យ​ជាឧបករណ៍​នយោបាយ​អស់​រយៈពេល​១២ឆ្នាំ​ ដែល​ក្នុង​អំឡុង​ពេល​នោះ​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​នៃ​ការសម្លាប់​រង្គាល​ក្នុង​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​បដិសេធ​ដោយ​សហគមន៍​អន្តរជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG