ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប​ប្រគល់​អាសនៈ​សង្គ្រោះ​ជាតិ​ទៅ​បក្ស​ប្រាំ​តែ​បក្ស​ពីរ​បដិសេធ​


រូប​ឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​​លើកដៃ​អនុម័ត​​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)

​គណ​បក្ស​ហ៊្វុនស៊ីន​ប៉ិច​ទទួល​អាសនៈ​សភាគណបក្ស​សង្គ្រោះ​ជាតិ​​​ច្រើន​ជាង​គេ​ចំនួន​៤១​អាសនៈ ហើយ​កន្លង​មក​​​គណ​បក្ស​ខ្មែរ​ឈប់ក្រ​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​ ​ធ្លាប់​បាន​ប្រកាស​មិន​ព្រម​ទទួល​អាសនៈ​រដ្ឋ​សភា​ដែល​បែង​ចែក​​​​នោះ​ទេ។​

ដូច​ការ​គ្រោង​ទុក​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​បាន​សម្រេច​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​ឱ្យ​ទៅ​គណ​បក្ស​នយោបាយ​ចំនួន​៥​រួម​ទាំង​ ​គណ​បក្ស​រាជានិយមហ៊្វុនស៊ីនប៉ិច​ដែល​មិន​ទទួលបាន​អាសនៈ​សភា​ ​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣​កន្លង​មក។​ ​នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​ ​គ.ជ.ប.​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

នៅ​ក្នុង​សេចក្តី​សម្រេច​ស្តី​ពី​ការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​ ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ ​ប្រធាន​គ.ជ.ប.​ ​លោក​ ​ស៊ិក ប៊ុនហ៊ុក​ ​កាល​ពីថ្ងៃ​ពុធ​ ​ឱ្យ​ដឹង​ថា​អាសនៈ​ទាំងនោះ​មាន​នៅ​មណ្ឌល​ចំនួន​២២​ ហើយ​គណ​បក្ស​ហ៊្វុនស៊ីន​ប៉ិច​ទទួល​អាសនៈ​សភា​ចំនួន​៤១គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​ទទួល​៦​អាសនៈ​ ​គណបក្ស​ខ្មែរ​ឈប់​ក្រទទួលចំនួន​៥​អាសនៈ​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​២​អាសនៈ​ ​និង​ ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​បាន​១អាសនៈ។​

VOA​ ​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​រួម​ទាំង​អ្នក​នាំ​ពាក្យ​លោក​ ហង្ស ​ពុទ្ធា​ ​និងលោក​ ​ស៊ិក ប៊ុនហ៊ុក​ ​ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ ​ញ៉េប ប៊ុនជិន​ ​អ្នក​នាំ​ពាក្យ​នៃ​គណ​បក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​របស់​ ​ព្រះអង្គម្ចាស់​ ​នរោត្តម រណឫទ្ធិ​ដែល​ទទួល​បាន​អាសនៈ​ដ៏​ច្រើន​ជាង​គេ​ក្នុង​ការ​បែងចែក​នេះ​ ​ក៏​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ដោយ​រវល់​ជាប់​ប្រជុំ។​

កន្លង​មក​មាន​គណបក្ស​ពីរ​ ​គឺ​គណ​បក្ស​ខ្មែរ​ឈប់ក្រ​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​ ​ធ្លាប់​បាន​ប្រកាស​មិន​ព្រម​ទទួល​អាសនៈ​រដ្ឋ​សភា​ដែល​បែង​ចែក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​

ការ​បែង​ចែក​អាសនៈ​សភា​របស់​ ​គណ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​១​សប្តាហ៍​ក្រោយ​ពី​តុលាការ​កំពូល​សម្រេច​រំលាយ​បក្ស​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ ​ភាគ​រយ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​នេះ។​ ​ក្នុង​ការ​សម្រេច​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លង​ទៅ​ ​តាម​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ ​តុលាការ​កំពូលក៏​បាន​ហាម​ប្រាម​មិន​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចំនួន​១១៨​នាក់​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ចំនួន​ប្រាំ​ឆ្នាំ​ ​ផង​ដែរ។​

ការ​រំលាយ​បក្ស​ជំទាស់​ដែល​គេ​មើល​ឃើញ​ថា​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ ​ដោយ​ការណ៍​នេះប្រាស់​ចាក​ពី​គោល​ការណ៍ប្រជាធិបតេយ្យ។​ ​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​ចំនួន​ពីរ​ ​គឺ​សហរដ្ឋ​អាមេរិក​ ​និង​ ​ស៊ុយអែត​ ​បាន​ប្រកាស​បញ្ចប់​ជំនួយ​របស់​ខ្លួន​លើ​ការ​បោះឆ្នោត​និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​វិមជ្ឈការ​នៅ​កម្ពុជា។​ ​ខណៈ​ដែល​ ​សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា​ ​មាន​តម្លៃ​សរុប​ប្រមា​ណ​៥​ពាន់​លាន​ដុល្លារ​ ​បាន​ប្រកាស​នា​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​ ​ដោយ​ស្នើ​ឱ្យ​កម្ពុជា​«គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន»​ ​ដើម្បី​ ​បន្ត​ទទួល​បាន​ការ​«អនុ​គ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាង​លើក​លែង​តែ​សព្វាវុធ»​ ​ក្នុង​ការ​នាំ​ចេញ​ផលិតផលកម្ពុជា​ចេញ​ទៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប​នោះ។​

ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​សប្តាហ៍​កន្លង​ទៅ​ ​សមាជិក​បីរូប​របស់​គ.ជ.ប​ដែល​ជា​កូតា​មក​ពី​បក្ស​ជំទាស់​ ​បាន​លាលែង​ពី​តំណែង​របស់​ខ្លួន។​ ​អ្នក​ទំាង​បី​រូប​មាន​ ​លោក​ ​គួយ ប៊ុនរឿន​ ​អនុ​ប្រធាន​គ.ជ.ប​ ​លោក​ ​រ៉ុង ឈុន​ ​និង​ ​លោក​ស្រី​ ​តែ ម៉ានីរ៉ុង​ជា​សមាជិក។​ ​ក្នុង​លិខិត​លាលែង​របស់​ខ្លួន​ ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​សមាជិក​ទំាង​បី​រូប​បញ្ជាក់​ថា​ ​ការ​បើក​ផ្លូវ​ឲ្យ​គ.ជ.ប​ ​អនុវត្ត​ការ​បែង​ចែក​អាសនៈ​ ​នៃ​រដ្ឋសភា​អាណត្តិ​ទី​ ​៥​ ​និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​អាណត្តិ​ទី៤​ឡើងវិញ​ ​ដោយ​យក​ទៅ​ចែក​ឲ្យ​គណ​បក្ស​នយោបាយ​ផ្សេងៗ​ ​ដែល​ប្រជាពលរដ្ឋ​មិន​បាន​បោះឆ្នោត​ជូន​គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​បោះ​ឆ្នោត​ បទបញ្ជា​និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ ​នៅ​ក្នុង​អាណត្តិ​នៃ​ការ​បោះឆ្នោត​នីមួយៗ​ជា​ពិសេស​គឺជា​ការ​រំលោភ​ឆន្ទៈ​ របស់​ប្រជាពលរដ្ឋ។​

លោក ​រ៉ុង ឈុន​ ​សមាជិក​គ.ជ.ប​ដែល​សុំ​លា​លែង​ពី​តំណែង​បាន​បញ្ជាក់​បន្ថែម​ក្នុង​កម្មវិធី​ ​Hello VOA​ កាល​ពី​ថ្ងៃ​ពុធ​ថា៖​

«យើង​មិន​អាច​អង្គុយ​ធ្វើ​អាជ្ញា​កណ្តាល​នៅ​ក្នុង​គ.ជ.ប​បន្ត​ទៀត​បាន​ទេ​ ​ពីព្រោះ​ ​ដោយ​សារ​តែ​យើង​មិន​អាច​យក​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ ​ជាង​៣លាន​នាក់​ ​ទៅ​ចែក​ឱ្យ​គណបក្ស​ផ្សេងៗ​ ​ដែល​ប្រជា​ពល​រដ្ឋ​មិន​បាន​គាំទ្រ។​ ​ពីព្រោះ​បើសិន​ជា​យើង​ធ្វើ​បែប​នេះយើង​មិន​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ ​ហើយ​វា​ក្បត់​ឧត្ដមគតិ​របស់​ខ្លួន​យើង​ផង»។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា​ គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឬ​គ.ជ.ប​នឹង​ជ្រើស​រើស​សមាជិក​ ​៣រូប​មក​ជំនួស​ឱ្យ​សមាជិក​ដែល​បាន​លា​ឈប់​ ​ហើយ​ ​សមាជិក​ទាំង​បី​រូប​ថ្មីនោះរួម​មានអនុ​ប្រធាន​គ.ជ.ប.​ ​នឹង​មក​ពី​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច​ ​ក្រៅ​ពី​នោះ​ ​សមាជិក​ ​២រូប​ផ្សេង​ទៀត​ក៏​នឹង​អាច​ជ្រើស​ចេញ​ពី​គណ​បក្ស​តូចៗ​ផ្សេង​ទៀត​ដែល​យល់​ព្រម​ទទួល​អាសនៈ​សភា​និង​អង្គការ​សង្គម​ស៊ីវិល។​

លោក​ ​ហ៊ុន សែន​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​និង​នៅ​តែ​បន្ត​ទៅ​មុខ​តាម​ពេល​កំណត់​ដោយ​គ្មាន​ការ​រំខាន​បើ​ទោះ​ជា​មាន​ការ​លាឈប់​របស់​មន្ត្រី​ ​គ.ជ.ប.​ ​ការដក​ជំនួយ​ខ្លះៗ​ និង​ការ​មិន​ចូលរួម​ឃ្លាំ​មើល​ការ​បោះឆ្នោត​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ក៏​ដោយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG