ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ក្រោយ​ពី​រំលាយ​បក្ស​ប្រឆាំង


ទិដ្ឋភាពនៅមុខតុលាការកំពូលនិងមហាអយ្យការ នៅរសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលតុលាការកំពូលសម្រេចបន្ត​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (នូវ ពៅលក្ខិណា/VOA)
ទិដ្ឋភាពនៅមុខតុលាការកំពូលនិងមហាអយ្យការ នៅរសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលតុលាការកំពូលសម្រេចបន្ត​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (នូវ ពៅលក្ខិណា/VOA)

ប្រទេស​កម្ពុជា​ប្រឈមនឹង​ការដាក់​ទណ្ឌកម្ម​ជា​អន្តរជាតិ​ក្រោយពី​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង ហើយយក​អាសនៈ​របស់​ពួកគេ​មក​បែងចែក​ឱ្យ​គណបក្ស​ដទៃ។

តុលាការ​កំពូល បាន​សម្រេច​កាលពី​ថ្ងៃព្រហស្បតិ៍​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​របស់ក្រសួង​មហាផ្ទៃ ដែល​ចោទ​ថា​គណបក្ស​នេះ​បាន​ធ្វើ​សកម្មភាព​ក្បត់​ជាតិ និង​បាន​ហាម​ឃាត់មន្ត្រី​គណបក្ស​ចំនួន​១១៨​នាក់ ឋានៈចាប់ពី​ប្រធាន​គណបក្ស​រហូត​ដល់​ប្រធាន​ចលនា​យុវជន​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

ក្រៅពី​ថ្នាក់ដឹកនាំ​គណបក្ស​ដែលត្រូវ​ប៉ះពាល់ គឺ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ជិត៥០០០​នាក់ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មីៗ​នេះ ហើយ​មិន​ព្រម​ចុះចូល​នឹង​គណបក្ស​កាន់អំណាចក៏​ត្រូវបាត់​បង់​តំណែង​ផងដែរ។

សមាជិក​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ពីរនាក់ និង​ជា​ប្រធាន​ក្រុមការងារ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា គឺ​លោក​ស្ទីវ ឆាបុត​និង​លោក​អាឡាំង ឡូវឹនសល​បាន​ហៅ​សាលក្រម​កាលពី​ថ្ងៃ​ទី​១៦​ខែវិច្ចិកា​នោះ​ថា «ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​របស់​ប្រទេស​កម្ពុជា»។

រី​ឯ​ការិយាល័យ​អ្នកនាំពាក្យ​របស់​សេតវិមាន​ចាត់ទុក​ថាការអភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​បាន​«ថយ​ក្រោយ​យ៉ាងលឿន ហើយ​បាន​ដាក់​ការលូត​លាស់​ផ្នែក​សេដ្ឋកិច្ច​និង​តួនាទី​របស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​ហានិភ័យ‍»។

សេតវិមាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់វិធានការ​ជាក់លាក់​មួយ​ចំនួន​ដើម្បី​ឆ្លើយ​តប​ចំពោះ​«សកម្មភាព​ដ៏​គួរ​ឲ្យ​សោកស្តាយ​យ៉ាងខ្លាំង‍» របស់​រដ្ឋាភិបាល​កម្ពុជា។ បើទោះបីជា​សហរដ្ឋ​អាមេរិក​មិន​បាន​បញ្ជាក់​ច្បាស់​ថា​នឹង​ដាក់​វិធានការ​អ្វី​បន្ថែម ប៉ុន្តែ​សេតវិមាន​បាន​ប្រកាសបញ្ឈប់​ការគាំទ្រ​ថវិកា​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​កិច្ចការ​រដ្ឋបាល​របស់​គណៈកម្មាធិការ​នេះ​សម្រាប់​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ហើយ​ថា​ការបោះឆ្នោត​នោះ នឹង​មិន​«ស្របច្បាប់​ គ្មាន​សេរី​ឬ​យុត្តិធម៌‍»ទេ។

ប៉ុន្មាន​ម៉ោង​ក្រោយពី​តុលាការ​កំពូល​កម្ពុជា​ចេញ​សាលក្រម​សម្រេច​នេះ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ក៏បាន​អនុម័ត​សេចក្តី​សម្រេច​លេខ​២៧៩ជា​ឯកច្ឆ័​ន្ទ​ស្នើ​ឱ្យ​ក្រសួង​ការបរទេស និងក្រសួង​ហិរញ្ញវត្ថុពិចារណាដាក់​មន្ត្រី​ជាន់​ខ្ពស់​ទាំងឡាយ​ណារបស់​រដ្ឋាភិបាល​កម្ពុជាដែល​ចូលរួម​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​បញ្ជី​ខ្មៅ​មួយ​ដែល​ហាម​មិន​ឱ្យ​ចូល​សហរដ្ឋអាមេរិក ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​ក្រៅ​ប្រទេស​របស់​ពួកគេ​និង​ហាម​ពលរដ្ឋ​អាមេរិកាំង​មិន​ឱ្យ​ប្រាស្រ័យ​ទាក់ទង​និង​ប្រកបរបរ​រកស៊ី​ជាមួយ ​បើសិន​ជាថ្នាក់ដឹកនាំ​កម្ពុជា​មិន​ទាញ​សភាពការណ៍​ឱ្យ​វិលត្រឡប់​មក​សភាព​ដើម​វិញ។

សភាពការណ៍​ដូចដើម​វិញ គឺដោះ​លែង​លោក កឹម សុខា​ប្រធាន​គណបក្សសង្គ្រោះជាតិ​ដែល​រដ្ឋាភិបាល​បាន​ចាប់​ដាក់​ពន្ធនាគារ​តាំងពី​ថ្ងៃទី​៣ខែ​កញ្ញា​ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ បើក​លំហរ​សេរីភាព​សារព័ត៌មាន​ឡើងវិញ​ដោយសារ​រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ៍​វិទ្យុ​ជាង​២០​ដែល​ធ្លាប់​ផ្សាយ​កម្មវិធី​វិទ្យុ​អាស៊ី​សេរី និង​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) និង​អនុញ្ញា​តិ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ដំណើការ​ឡើង​វិញ​ ព្រម​ទាំង​រៀបចំ​ការបោះឆ្នោត​ប្រកប​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅខែកក្កដាឆ្នាំ២០១៨។

សេចក្តី​សម្រេចចិត្ត​របស់​ព្រឹទ្ធសភា​នេះ ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​រូប​ដូចជា​ ​លោក​ចន ម៉ាក់ខេន លោក ឌីក ដឺប៊ិន លោកថិត គ្រូស លោកម៉ាកូ រូប៊ីអូ លោកស្រី អេលីហ្សាបែត វារឹន និង​លោក​អេដវឺដ ម៉ាគី។

លោក ចន ម៉ាក់ខេន បាន​បញ្ជាក់​ក្រោយ​ពី​អនុម័ត​សេចក្តី​សម្រេច​នោះ​ថា បើទោះបី​ជា​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​បាន​ចំណាយពេល​ជាច្រើន​ទសវត្សរ៍​ដើម្បី​លើក​ស្ទួយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​ពហុបក្ស​ក៏​ស្ថានភាពកម្ពុជា​នៅតែ​អាក្រក់។

លោក ចន ម៉ាក់ខេន បាន​បន្ថែម​ថា៖

«លោក ហ៊ុន សែន​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​កម្ពុជាប្រកប​ដោយ​និទណ្ឌ​ភាព​អស់​រយៈ​ពេល​ជាង​បី​ទសវត្សរ៍ ហើយ​ក្នុង​ពេល​កាន់អំណាច​នេះ​លោក​ហ៊ុន សែន​ប្រើប្រាស់​មធ្យោបាយ​គ្រប់​បែប​យ៉ា​ងដើម្បី​គាប​សង្កត់​គណបក្ស​ប្រឆាំង​ដែល​ស្រប​ច្បាប់​ ធ្វើទុក្ខ​បុកម្នេញ​អង្គការ​សង្គម​ស៊ីវិល បំភិត​បំភ័យ​អ្នកសារព័ត៌មាន និង​បដិសេធ​ចោល​គំនិត​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ។ ជាង​ពេល​ណាៗ​ទាំងអស់ គឺ​យើង​នឹង​នៅតែ​ប្តេជ្ញា​លើក​កម្ពស់​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា‍»។​

​លោក​សមាជិក​ព្រឹទ្ធសភា​Ted Cruz ក៏បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​តាំងពី​មុន​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ថា ​ប្រសិនបើ​ស្ថានីយ៍​វិទ្យុ​ទាំងឡាយ​ដែល​បាន​បិទ និង​អង្គការ​នានា​មិន​អាច​ដំណើរការ​តាម​លទ្ធិប្រជាធិបតេយ្យ​ទេ​គឺ«វា​ជា​ការមិន​អាច​ឱ្យ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទទួល​ស្គាល់​ភាពស្របច្បាប់‍» នៃ​ការ​បោះឆ្នោត​នៅឆ្នាំ​ក្រោយ​បាន​ទេ។ ​

ក្រៅពី​ចំណាត់ការ​ខាងលើ​នៅ​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រតិបត្តិការ​ក្រៅ​ប្រទេស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​ព្រឹទ្ធសភា​កំពុងតែ​ពិភាក្សា​មួយ​ទៀត​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំត្រូវ​តែ​អនុវត្ត​តាម​នោះ គឺ​មាន​ការកាត់ផ្តាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​រដ្ឋាភិបាល​កម្ពុជា​ជា​ការបន្ថែម​ទៅ​នឹង​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការដែល​អាច​នឹង​ត្រូវដាក់លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួនមិន​ឱ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​។ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ដែល​VOAទទួល​បាន។

លោក អ៊ូ វីរៈ ស្ថាបនិក​និង​ជា​ប្រធាន​វេទិការ​អនាគត​យល់​ថា​កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ផ្នែក​សេដ្ឋកិច្ច៖

«បើ​តាមខ្ញុំ​ទាយ​បើសិនជា​គ្មាន​ភាពធូរស្រាល ឬ ការចរចា​មួយ​ណា​ទេ​ប្រហែលជា​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បញ្ចប់​GSP គឺ​ការផ្តល់​អាទិភាព​ដល់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​នាំ​ចេញ​ផលិតផល​ទៅ​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ពន្ធ‍»។

កម្ពុជា​បាន​ទទួល​ឋានៈ​ជា​ប្រទេស​ដែល​ទទួល​បាន​ពន្ធ​អនុគ្រោះ​នេះ​តាំងពីឆ្នាំ​១៩៩៧​ហើយ​ទទួល​បាន​ការអនុគ្រោះ​លើ​ទំនិញ​ជាច្រើន​រយ​លាន​ដុល្លារ។ ក្នុង​ឆ្នាំ​២០១៦​កម្ពុជា​បាន​នាំ​ទំនិញ​ដោយ​រួច​ពន្ធ​ក្នុង​ទឹកប្រាក់​ទំហំ​១៧៩​លាន​ដុល្លារ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​តាមទំព័រ​ហ្វេសប៊ុក​ដោយ​បន្ថែម​ថា​ការិយាល័យ​តំណាង​ពាណិជ្ជកម្មរបស់សហរដ្ឋ​អាមេរិក​កំពុងតែ​ពិនិត្យ​សើរើ​ឡើង​វិញ​ពី​ឋានៈ​នេះ​ដែល​ក្នុង​នេះ​មាន​កម្ពុជាផងដែរ។

ការនាំចេញ​របស់​កម្ពុជា​ជិត​៧០ភាគរយ​ឆ្ពោះ​ទៅ​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៧ពាន់​លានដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​នោះ​ទំហំ​នៃ​ការនាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​មាន​ចំនួន​ជាង​៤.៥៥៥លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦។ ភាគច្រើន​នៃ​ការ​នាំ​ចេញ​គឺ​ផលិតផល​សម្លៀកបំពាក់​ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ-កម្មារិនី​រោងចក្រ​ជាង​៧០០.០០០នាក់។

លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា​សហគមន៍​អឺរ៉ុប​អាច​នឹង​ពិចារណា​ដក​កម្មវិធី​អនុគ្រោះ​ពន្ធ​«អ្វីៗ​គ្រប់​យ៉ាងក្រៅពី​សព្វាវុធ»​ផងដែរ។

លោក​អ៊ូ វីរៈ​បន្ថែម​ថា៖

«តាម​ពិត​លេស​សិទ្ធិ​មនុស្ស​និង​លេស​ប្រជាធិបតេយ្យ​នេះ​អាចជា​លេស​មួយ​សមស្រប​សម្រាប់​ពួកគេ។ មើល​ទៅ​បើសិនជា​កាត់​ពីរ​ហ្នឹង​បើសិន​ជា​គេ​បញ្ឈប់​ហើយ​គេ​អត់​ឱ្យ​វិញ​ទេ​ព្រោះអី​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ក្រីក្រ​បំផុត​ដូចកាល​ពី​ដើម​ទេ​អីចឹង​នៅពេល​ដែល​យើង​ដល់​ថ្នាក់​នេះ​ហើយ​គឺ​យើង​មិនអាច​បាន​ទេ​ប៉ុន្តែយើង​បាន​នៅ​ពេល​បច្ចុប្បន្ន​ដោយសារ​យើង​បន្ត​ទេ​ហើយ​តាម​ខ្ញុំ​ទាយ​គឺ​គេ​បន្ត​ដល់​១០ឆ្នាំ​ទៀត​គឺ​គេនឹង​បញ្ឈប់​ប៉ុន្តែ​តាម​ស្ថានភាព​បច្ចុប្បន្ន​គេ​បញ្ឈប់​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​យើង‍»។​

សហគមន៍​អឺរ៉ុបបាន​ចាត់ទុក​សេចក្តី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ថា​ជា«ជំហាន​ដ៏ធំ​ចាកចេញ​ពី​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​ពហុបក្ស​‍​‍» ហើយ​ស្នើ​ឱ្យកម្ពុជា​កែប្រែ​ស្ថានការណ៍​ជាបន្ទាន់​ឱ្យ​គ្រប់គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​នោះ​មាន​«គណបក្ស​សង្គ្រោះ​ជាតិ​ មេដឹកនាំ​និង​អ្នកគាំទ្រ​របស់​ពួកគេ​អាច​ធ្វើ​សកម្មភាព​ដោយ​សេរី​និង​ស្របតាម​ច្បាប់‍»។

សហគមន៍​អឺរ៉ុប​បាន​បន្ថែម​ទៀត​ថា៖

«ការគោរព​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​គឺ​ជា​បុរេលក្ខខណ្ឌ សម្រាប់​ប្រទេស​កម្ពុជា​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោងពន្ធ​អនុគ្រោះ​ «អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​សព្វាវុធ‍»។

ចំណែក​ឯប្រទេស​ស៊ុយអែត​ដែល​ជា​ប្រទេស​ផ្តល់ជំនួយ​លំដាប់​ទីបួន​ដល់​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​ក្រោយពី​សាលក្រម​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​រដ្ឋាភិបាល​ស៊ុយអែត​នឹង​«ពិនិត្យ​មើល​ឡើង​វិញ​នូវ​រាល់​ទម្រង់​នៃ​ការ​ជាប់​ទាក់​ទង​‍»​នៅក្នុង​ប្រទេស​កម្ពុជា។

តាំងពីមុន​សាលក្រម​ចេញ​ម្ល៉េះ ​កំសួល​នៃ​ការបង្ក្រាប​លើ​ក្រុមអ្នក​ប្រជាធិបតេយ្យ​បាន​បង្ខំ​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​រត់ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា​មក​សំងំ​លាក់ខ្លួន​នៅ​បរទេស។

លោក សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​លាលែង​ចេញ​កាលពី​ដើម​ឆ្នាំ​នេះ​បាន​ចេញ​មុខ​ជាសាធារណៈ​ឡើង​វិញ​និង​កាន់តែ​ខ្លាំង​ជាងមុន​ក្រោយ​ពេល​ដែល​លោក​កឹមសុខាត្រូវ​បាន​អាជ្ញាធរ​ចូល​ទៅ​ចាប់​ខ្លួន​ទាំងកណ្តាល​អាធ្រាត​យក​ទៅដាក់​ពន្ធនាគារ។

លោក សម រង្ស៊ី​បាន​ប្រកាស​វិល​ចូល​គណបក្ស​វិញ​ក្នុងរយៈ​ពេល​តែ​មួយ​ថ្ងៃមុន​ការរំលាយ​គណបក្ស។

​នៅក្នុង​បទសម្ភាស​ជាមួយ​នឹង​VOA​លោក សម រង្ស៊ី​បញ្ជាក់​ថា​លោក​មិន​ទទួល​យក​ការ​សម្រេច​នេះ​ទេ។ លោក​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​អាច​នឹង​បញ្ចៀស​ការដាក់​ទណ្ឌកម្ម​នេះ​បាន​ដោយ​ការទាមទារ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្តូរ​គោលជំហរ៖

«សូម​ឱ្យ​បងប្អូន​ជនរួមជាតិ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន​ចុះចេញ​ពី​តំណែង​ពីព្រោះ​បើ​លោក​ហ៊ុន​សែននៅតែ​កាន់​អំណាច​នៅតែ​ធ្វើ​អំពើ​អាក្រក់​បែប​នេះ​ទៀត​នឹង​មាន​ទណ្ឌកម្ម​ហើយ​នឹ​ង​មាន​ទណ្ឌកម្មខាង​ផ្នែក​សេដ្ឋកិច្ច។ ដូច្នេះ​បើ​លោក​ហ៊ុន សែន​នៅតែ​ធ្វើអាក្រក់​ដូចនេះ​ទៀត​សេរីភាព​យើងក៏​អត់​ ភាព​សំបូរ​សប្បាយ​សេដ្ឋកិច្ច​យើង​ក៏អត់​។ ដូច្នេះ​យើង​ត្រូវ​តម្រូវ​ឱ្យ​លោក ហ៊ុន សែន​ប្តូរនយោបាយ​របស់​គាត់​ឈប់​គាប​សង្កត់​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្តល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ជូន​ប្រជារាស្រ្ត​ខ្មែរ​វិញ​ហើយ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​មាន​លោក​កឹម សុខាដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ‍»។​

វា​ជា​ការប្រថុយ​មួយ​ដ៏ខ្លាំង​ផងដែរ​សម្រាប់​គណបក្ស​កាន់​អំណាច​ក្នុងការ​ជ្រើស​រើស​រវាង​ការ ត្រូវប្រឈម​នឹង​គូប្រជែង​មួយ​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ឬ​រង​សម្ពាធ​អន្តរជាតិ​ខាងផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច។ នេះ​បើ​តាម​ការលើកឡើងរបស់​ក្រុម​អ្នកវិភាគ។

ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពីខែ​មិថុនា​ឆ្នាំ​នេះ​បាន​បង្ហាញ​ថា​សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ជិត៥១ភាគរយ ​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជិត​៤៤​ភាគរយ។ ​វាជា​ការ​កើនសំឡេង​គាំទ្រ​បន្តិច​ដល់​គណបក្ស​កាន់អំណាច​បន្ទាប់ពី​ធ្លាក់ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​កាលពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ប៉ុន្តែ​ក៏​ជា​ការព្រួយ​បារម្ភដែ​រ​ព្រោះ​គណបក្ស​កាន់អំណាច​តែងតែ​ធ្លាក់សំឡេង​គាំទ្រ​វិញ​នៅក្នុងការបោះឆ្នោត​ថ្នាក់​ជាតិ។ ដោយឡែកគណបក្ស​ប្រឆាំង​តែង​តែកើន​ការគាំទ្រ​ដោយសារតែ​គោល​នយោបាយ​ថ្នាក់​ជាតិ​មាន​ការទាក់ទាញ​អ្នកបោះឆ្នោត​ជាង​ថ្នាក់​មូលដ្ឋាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG