បន្ទាប់ពីមានការដាក់គំនាបលើតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិរហូតដល់មានការចាកចេញទៅក្រៅប្រទេស ក្នុងពេលឥឡូវនេះថ្នាក់ដឹកនាំតាមខេត្ត និងសមាជិកក្រុមប្រឹក្សាផ្សេងៗកំពុងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ខណៈប្រឈមនឹងការគំរាមកំហែង ការបញ្ចុះបញ្ចូលឲ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ និងការដាក់ចូលបញ្ជីកាត់សិទ្ធិនយោបាយចំនួន ៥ឆ្នាំជាដើម។
កាលពីថ្ងៃចន្ទ មេធាវីក្រសួងមហាផ្ទៃ បានដាក់បញ្ជីឈ្មោះមន្រ្តីជាន់ខ្ពស់ និងមន្រ្តីថ្នាក់ខេត្តចំនួន១១៧នាក់ របស់គណបក្សសង្រ្គោះជាតិ ដើម្បីសុំឲ្យតុលាការកំពូលកាត់សិទ្ធិនយោបាយពួកគេចំនួន៥ឆ្នាំ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ សុំរំលាយគណបក្សប្រឆាំង ដោយតុលាការនឹងបើកសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា។
បើតាមបញ្ជីនោះ ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិជាប្រធានគណៈប្រតិបត្តិខេត្តចំនួន៩រូប និងនៅភ្នំពេញ២រូប កំពុងប្រឈមនឹងការកាត់សិទ្ធិនយោបាយ។ ថ្នាក់ដឹកនាំខេត្តដែលកំពុងប្រឈមការកាត់សិទ្ធិនយោបាយនោះ មានខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្តាល សៀមរាប ស្វាយរៀង និងតាកែវ។
លោក ជា ជីវ ប្រធានគណៈប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ មានឈ្មោះនៅក្នុងបញ្ជីកាត់សិទ្ធិនយោបាយមួយនេះ។ លោកចាត់ទុកថា នេះជាគំនាបមួយសម្រាប់រូបលោក ដែលតែងតែសកម្ម ចេញមុខការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោកបានថ្លែងប្រាប់VOAថា៖ «ខ្ញុំមិនមានអ្វីដែលភ្ញាក់ផ្អើលទេ ហើយម្យ៉ាងវិញទៀត ខ្ញុំគ្រាន់តែដឹងច្បាស់ថា គ្រាន់តែជាយុទ្ធសាស្រ្តនយោបាយរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។ ហើយម្យ៉ាងវិញទៀត គេធ្វើតែជនដែលសកម្មធ្វើនយោបាយពាក់ព័ន្ធទៅនឹងកិច្ចការរបស់គណបក្សសង្រ្គោះជាតិ»។
លោកបន្តថា ខេត្តដែលជាគោលដៅដែលថ្នាក់ដឹកនាំនឹងត្រូវកាត់សិទ្ធិនយោបាយនោះ ជាខេត្តដែលទទួលបានសំឡេងគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។
បើតាមវិសោធនកម្មច្បាប់ស្តីអំពីគណបក្សនយោបាយ ក្នុងករណីគណបក្សនយោបាយត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះសម្រាប់រយៈពេល៥ឆ្នាំបាន។ ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មចំនួនពីរដងក្នុងឆ្នាំ២០១៧នេះ ដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា ហើយច្បាប់នេះរងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ។
លោក ជា ជីវ អាយុ៣៧ឆ្នាំ បានលើកឡើងថា នេះជាការដាក់សម្ពាធនយោបាយមួយសម្រាប់រូបលោក ហើយថាបើតាមផ្លូវច្បាប់ លោកមិនមែនជាថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលត្រូវកាត់សិទ្ធិនយោបាយនោះទេ។
លោក ជា ជីវ ដែលបានបម្រើនយោបាយគណបក្សប្រឆាំងជាង ១៤ឆ្នាំមកហើយ មានប្រសាសន៍ថា លោកតែងតែតស៊ូមតិរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងអន្តរាគមន៍ករណីមួយចំនួនដែលប្រជាពលរដ្ឋរងការចោទប្រកាន់ពីតុលាការ។
កាលពីការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិបានឈ្នះបានតំណែងមេឃុំចៅសង្កាត់ចំនួន៤៩រូប លើ១០២ឃុំសង្កាត់ សម្រាប់ខេត្តបាត់ដំបង ដែលកាលពីមុនមិនដែលបានមេឃុំចៅសង្កាត់នោះទេ។ ទោះជាយ៉ាងណា គណបក្សសង្រ្គោះជាតិបានឈ្នះសំឡេងឆ្នោតជាង ៤០០លើសគណបក្សប្រជាជនកម្ពុជាសម្រាប់ខេត្តមួយនេះ។
លោក ជា ជីវ បានចូលរួមជាសមាជិកគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០០២ ដោយលោកបានឃើញភាពអយុត្តិធម៌ក្នុងសង្គម ប្រព័ន្ធតុលាការមិនឯករាជ្យ យុវជនអត់ការងារធ្វើ និងរដ្ឋអំណាចមិនបានបំពេញសេវាជូនប្រជាពលរដ្ឋស្មើគ្នា។
លោក ជា ជីវ ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តមួយរូប បានបន្តថា បច្ចុប្បន្ននេះ សមត្ថកិច្ច និងអាជ្ញាធរកំពុងតាមដានសកម្មភាពរបស់លោក និងថ្នាក់ដឹកនាំផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំឃើញសមត្ថកិច្ចអាជ្ញាធរតាមឃ្លាំមើល និងតាមដានរូបខ្ញុំ ខ្ញុំទៅណា ឃើញគេមានស្កាត់រក ហើយពេលដែលខ្ញុំប្រជុំផ្ទៃក្នុងគណបក្ស គេដាក់ក្រុមស៊ើបអង្កេតមកថត ហើយពេលខ្ញុំចុះមូលដ្ឋាន ជួបថ្នាក់ដឹកនាំមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ក៏បានមានក្រុមពួកគាត់តាមដាន»។
លោកក៏កំពុងលាក់ខ្លួនដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកផងដែរ ហើយមិនហ៊ានប្រាប់ទីតាំងដែលកំពុងស្នាក់នៅទេ។
រហូតមកដល់ពេលនេះ សមាជិកគណបក្សសង្រ្គោះជាតិនៅខេត្តបាត់ដំបង ចំនួន ៧រូប បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបន្តបន្ទាប់។
ចំណែកនៅក្នុងខេត្តកំពង់ចាមឯណោះវិញ លោក សាន សឿន អាយុ៥៩ឆ្នាំ ដែលជាប្រធានប្រតិបត្តិខេត្ត មានប្រសាសន៍ថា លោកមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ក្នុងគម្រោងក្បត់ជាតិ រហូតដល់ប្រឈមមុខនឹងការកាត់សិទ្ធិនយោបាយនោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាការប្តឹងនេះ វាជាការរំលោភបំពានមកលើសិទ្ធិរបស់ខ្ញុំ ដោយសារតែខ្ញុំគិតថា ខ្ញុំអត់មានធ្វើអីខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ទៅនឹងលិខិតបទដ្ឋាននានា»។
លោក សាន សឿង ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្ត បានចូលជាសមាជិកគណបក្សប្រឆាំង គឺជាមួយលោក សម រង្ស៊ី តាំងពីឆ្នាំ១៩៩៧ ដោយលោកថា លោកចង់បម្រើពលរដ្ឋពិតប្រាកដ ដោយមិនមានបក្សពួកនិយម ការរើសអើង ការប្រកាន់និន្នាការនយោបាយ និងការលាបពណ៌។
នៅក្នុងកាលៈទេសៈនេះ លោក សាន សឿង ក៏មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ លោកបន្តថា កន្លងទៅ លោកក៏មានការប្រុងប្រយ័ត្នជាបន្តបន្ទាប់ ដើម្បីជៀសវាងការមួលបង្កាច់ ការចោទប្រកាន់ និងការចាប់ចងផ្សេងៗ។
សម្រាប់ខេត្តកំពង់ចាម គណបក្សសង្រ្គោះជាតិទទួលបានមេឃុំចៅសង្កាត់ចំនួន៧៤ ក្នុងចំណោមឃុំសង្កាត់១០៩។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា រដ្ឋាភិបាលមានភស្តុតាងបង្ហាញថា ថ្នាក់ដឹកនាំខេត្តទាំងនោះ បានចូលរួមយ៉ាងសកម្មក្នុងការផ្តួលរំលំរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «មានភស្តុតាង ភស្តុតាងដែលចូលរួមសកម្មក្នុងការប្រមូលកម្លាំងមនុស្ស ដើម្បីមកធ្វើបដិវត្តន៍ពណ៌ យើងមានភស្តុតាង មានរូបភាពអីទាំងអស់អ្នកនៅក្នុងខេត្តហ្នឹង។ វាមិនអស់ទេ បើសិនជាអស់ វាអាចគ្រប់តែខេត្តហ្នឹង»។
លោកក៏បានព្រមានថា រដ្ឋាភិបាលនឹងពិនិត្យមើលតទៀតថា អ្នកណាជាប់ពាក់ព័ន្ធនឹងករណីទាំងនេះ។ លោកបញ្ជាក់ថា ការដាក់បញ្ចូលមន្រ្តីបក្សប្រឆាំងទាំង១១៧រូបនៅក្នុងបញ្ជីកាត់សិទ្ធិនយោបាយ គឺធ្វើឡើងស្របតាមច្បាប់។
អ្នកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្រ្គោះជាតិដែលប្រឈមនឹងការកាត់សិទ្ធិនយោបាយដែរនោះ ដោយសារអ្នកស្រីជាសមាជិកគណៈកម្មាធិការនាយកមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សមាជិកគណបក្សនៅថ្នាក់ក្រោមជាតិជាង១០០នាក់បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន។ អ្នកស្រីមានប្រសាសន៍ថា មន្រ្តីគណបក្សនៅថ្នាក់ក្រោមជាតិកំពុងប្រឈមនឹងការគំរាមកំហែង ការបង្ខំឲ្យចុះចូល និងការបំបាត់សិទ្ធិសេរីភាពមួយចំនួន។
លោក កែវ ថៃ ប្រធានគណៈប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា មានការចាប់ខ្លួនសមាជិកគណបក្សចំនួន២នាក់ ហើយដោះលែងវិញ ដោយអាជ្ញាធរបានព្រមានពួកគេមិនឲ្យចេញទៅភ្នំពេញនៅមុនថ្ងៃទី១៦ ខែវិច្ឆិកា គឺថ្ងៃដែលតុលាការកំពូលបើកសវនាការលើបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ។ លោកបន្តថា រហូតមកដល់ពេលនេះ អាជ្ញាធរបានតាមដានមន្រ្តីគណបក្សនៅថ្នាក់ក្រោមជាបន្តបន្ទាប់។
លោកមានប្រសាសន៍ថា៖ «ឃ្លាំមើលរហូតអញ្ចឹង ដល់គ្នាយើងខ្លះ ដោយសារអត់ទ្រាំនឹងការអូសទាញ បង្ខិតបង្ខំពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនច្រើនពេក គេភៀសខ្លួនអស់ហើយ ភៀសខ្លួនគេចពីផ្ទះ គាត់ភៀសខ្លួនយកសុខរៀងៗខ្លួន ដើម្បីដោះស្រាយមួយរយៈពេលខ្លី»។
ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យនគរបាល និងអាជ្ញាធរនៅតាមខេត្ត គ្រប់គ្រង តាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា ឲ្យទាន់ពេលវេលា និងឆាប់រហ័ស ពាក់ព័ន្ធនឹងសកម្មភាពនានា ដែលលោកចាត់ទុកថាជាឧបាយកលផ្តួលរំលំរដ្ឋាភិបាល។
អនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ ដែលកំពុងស្នាក់នៅក្រៅប្រទេស បានឲ្យដឹងថា រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំតាមមូលដ្ឋានមួយចំនួន រួមមានទាំងគណៈប្រតិបត្តិខេត្ត បានចាកចេញទៅក្រៅប្រទេសដើម្បីសុវត្ថិភាព។ អ្នកស្រីលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការគំរាមកំហែងមន្រ្តីបក្សប្រឆាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺដើម្បីធានាថា គណបក្សប្រជាជននឹងឈ្នះការបោះឆ្នោតនៅពេលខាងមុខ។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «ដូច្នេះរឹតតែបង្ហាញឲ្យឃើញថា យុត្តិធម៌អត់មានទេ ហើយការគំរាមកំហែង ការលាបពណ៌ ការបំភិតបំភ័យប្រចាំថ្ងៃនេះ គឺជា ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ»។
តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថា នេះជាការអនុវត្តច្បាប់នៅកម្ពុជា។
ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវរំលាយ ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧នាក់ ដែលខ្លួនបានឈ្នះតាមរយៈការបោះឆ្នោត កាលពីខែមិថុនាកន្លងទៅ នឹងបាត់បង់តំណែង។
សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភប្រាប់រដ្ឋាភិបាលកម្ពុជាពីការរឹតត្បិតសារព័ត៌មាន អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសការបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។
ការព្រួយបារម្ភនេះបានសម្តែងឡើងកាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំរវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយលោក Matt Pottinger ជំនួយការរងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយពីកិច្ចប្រជុំអាស៊ាន។
ជាការឆ្លើយតប ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ ដោយរដ្ឋមន្រ្តីលោក ប្រាក់ សុខុន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញារៀបចំការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទុកចិត្តបាន។
សម្រាប់ថ្នាក់ដឹកនាំខេត្តបាត់ដំបង លោក ជា ជីវ មានប្រសាសន៍ថា លោកកំពុងរង់ចាំការសម្រេចរបស់តុលាការកំពូលថា រំលាយគណបក្សសង្រ្គោះជាតិឬយ៉ាងណា។ លោកមានការព្រួយបារម្ភថា គណបក្សសង្រ្គោះជាតិ នឹងមិនអាចចូលរួមការបោះឆ្នោតសាកលនៅឆ្នាំ២០១៨ខាងមុខ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែបន្ត ថ្វីត្បិតតែគាបសង្កត់ ថ្វីត្បិតតែមានការដាក់រូបខ្ញុំនៅក្នុងអ្នកដែលបាត់សិទ្ធិនយោបាយ៥ឆ្នាំក៏ដោយ ក៏ខ្ញុំនៅតែបន្តសកម្មភាពរបស់ខ្ញុំ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់ខ្ញុំដែរ»៕