ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន៖​ ​ការ​បោះឆ្នោត​ ​២០១៨​ ​នៅ​តែ​បន្ត​ បើ​ទោះ​ជា​មាន​ការ​លាលែង​​របស់​មន្ត្រី​ ​គ.ជ.ប​.នឹង​ការ​បញ្ឈប់​ជំនួយ​មួយ​ចំនួន


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​ ​ហ៊ុន សែន​ ​បាន​​ចំអក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​ការលាលែង​របស់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បី​រូប​មក​ពី​គណបក្ស​ជំទាស់​ ​គឺ​ជា ​ការ​បង់​ខាត​របស់​បក្ស​នេះ​ ​ហើយ​ការ​កាត់​ជំនួយ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ ​ឬ​ការ​ប្រកាស​មិន​បញ្ជូន​ ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ​ក៏​មិន​បាន​ប៉ះ​ពាល់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជាផងដែរ។​

ក្រោយ​ការ​រំលាយ​បក្សជំទាស់​គឺ គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ព្រមាន​ដាក់​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ពី​បរ​ទេស​ លោក​ ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ប្រកាស​ថា ​ការបោះឆ្នោត​នៅ​កម្ពុជា​នឹង​ដំណើរការ​ទៅ​ជា​ធម្មតា​ដោយ​គ្មាន​អ្វី​បញ្ឈប់​នោះ​ទេ។​ ​អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​នយោបាយ​ ​លើក​ឡើង​ថា​ ​មក​ទល់​ពេល​នេះ​បក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​ ហ៊ុន សែន​ ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ខ្លួន​ចង់​បាន ​ក៏​ប៉ុន្តែ​តើបក្ស​នេះ​អាច​នឹង​ទទួល​ការ​គាំទ្រ​ពី​ពល​រដ្ឋ​កម្រិត​ណា​ដែរ?​

ការ​កាត់​ជំនួយ​លើ​ផ្នែក​បោះឆ្នោត​ ​ការ​លាលែង​ពី​តំណែង​របស់​មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប​.​ ​រួមទាំង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ ​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ ​ការ​បោះឆ្នោត​ស្រប​ច្បាប់​នៅ​កម្ពុជា​នា​ឆ្នាំ២០១៨​នោះ​ទេ ​ហើយ​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​គឺ​ជា​ កំហុស​របស់​គណ​បក្ស​ជំទាស់។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​ពុធ។

​ថ្លែង​ទៅ​កាន់​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ ​រាប់ពាន់​នាក់​ ​ក្នុង​តំបន់​ភ្នំពេញ​ថ្មី​ ​លោក​ ​ហ៊ុន សែន​ ​បានចំអក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​ការលាលែង​របស់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បី​រូប​មក​ពី​គណបក្ស​ជំទាស់​ ​គឺ​ជា ​ការ​បង់​ខាត​របស់​បក្ស​នេះ​ ​ហើយ​ការ​កាត់​ជំនួយ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ ​ឬ​ការ​ប្រកាស​មិន​បញ្ជូន​ ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ​ក៏​មិន​បាន​ប៉ះ​ពាល់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជាផងដែរ។​

លោក​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

​«ឥឡូវ ​ប៉ុន្មាន​ថ្ងៃ​នេះ​ ​អំពើ​ឆ្កួតៗ​មួយទៀត​វា​បាន​កើត​ឡើង​ ​គេ​ចង់ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​វា​គាំង​ ​គេឱ្យ​មនុស្ស​បី​នាក់​លា​លែង​អីច៊ឹង​យើងយល់​យ៉ាងម៉េច​ឥឡូវនេះ​!​ គេមិន​ដែល​រៀបចំ​ស្អី​ឱ្យ​វា​គាំង​នោះ​ទេ​ សូម​ចំណាំចុះ!​ នៅ​ពេល​ណា​ដែល​មាន​រៀបចំ​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​គណ​បក្ស​ប្រជាជន​ ​ច្បាប់​នោះ​មិន​ដែល​ទុក​ឱ្យ​គាំង​ទេ។​ ​សូមកុំច្រឡំ!​ ​សូមកុំច្រឡំ!​ដំណើរ​នៅ​ធម្មតា»។​

រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

​ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ ​កើតមាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​ ​សមាជិក​បី​រូប​របស់​គ.ជ.ប​មក​ពី​បក្ស​ជំទាស់​ ​លាលែង​ពី​តំណែង។​ ​អ្នក​ទំាង​បី​រួមមាន​ ​លោក​ ​គួយ ប៊ុនរឿន​ ​អនុ​ប្រធាន​គ.ជ.ប​ ​លោក​ ​រ៉ុង ឈុន​ ​និង​ ​លោក​ស្រី​ ​តែ ម៉ានីរ៉ុង។​ ​ក្នុង​លិខិ​តលាលែង​របស់ខ្លួន​ ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ​ ​សមាជិក​ទំាង​បី​រូប​បញ្ជាក់​ថា​ ​ការ​បើក​ផ្លូវ​ឲ្យ​គ.ជ.ប​ ​អនុវត្ត​ការ​បែង​ចែក​អាសនៈ​ ​នៃ​រដ្ឋសភា​អាណត្តិ​ទី​ ​៥​ និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​អាណត្តិ​ទី៤​ឡើងវិញ​ ​ដោយ​យក​ទៅ​ចែក​ឲ្យ​គណ​បក្ស​នយោបាយ​ផ្សេងៗ​ ​ដែល​ប្រជាពល​រដ្ឋ​មិន​បាន​បោះឆ្នោត​ជូន​គឺ​ជា ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​បោះ​ឆ្នោត​ បទបញ្ជា​ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ ​នៅ​ក្នុង​អាណត្តិ​នៃ​ការ​បោះឆ្នោត​នីមួយៗ​ជា​ពិសេស​គឺជា ​ការ​រំលោភ​ឆន្ទៈ​ របស់​ប្រជាពល​រដ្ឋ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ហ៊ុន សែន​ ​ដែល​កាន់អំណាច​ជាង​៣ទសវត្សរ៍​ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ឬ​គ.ជ.ប​នឹង​ជ្រើស​រើស​សមាជិក​ ​៣រូប​មក​ជំនួស​ឱ្យ​សមាជិក​ដែល​បាន​លាឈប់។​ ​លោក​ ​ហ៊ុន សែន​ថា​ សមាជិក​ទាំង​បី​រូប​នោះរួម​មាន អនុ​ប្រធាន​គ.ជ.ប.​ ​នឹង​មក​ពី​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​ដែល​យល់​ព្រម​ទទួល​យក​កៅ​អី​សភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រៅ​ពី​នោះ​ ​សមាជិក​ ​២រូប​ផ្សេង​ទៀត​ក៏​នឹង​អាច​ជ្រើស​ចេញពី​គណ​បក្ស​តូចៗ​ផ្សេង​ទៀត ​ដែល​យល់​ព្រម​ទទួល​អាសនៈ​សភា​ និង​អង្គការ​សង្គម​ស៊ីវិល។​លោក​ស្នើ​ឱ្យ​ប្រធាន​គ.ជ.ប.​ ​លោក​ ​សិក ប៊ុនហុក​ ​បិទ​ផ្លូវ​វិលត្រឡប់​របស់​សមាជិក​លា​លែង​ទាំង​បី​រូប​កុំឱ្យ​ចូលមក​ គ.ជ.ប​វិញ​ផង​ដែរ។

លោកហ៊ុន សែន​ ​បញ្ជាក់​បន្ថែម​ថា៖​

«គេបោះឆ្នោត​នៅ​តែ​បោះឆ្នោត​។ថ្ងៃទី​២៥​ខែកុម្ភៈបោះឆ្នោត​ព្រឹទ្ធសភា។ ថ្ងៃទី​២៩ខែកក្កដា​បោះឆ្នោត រដ្ឋសភា​ ហើយទោះបី​ប្រទេស​ណា​មក​សង្កេត​ការណ៍​ ​មិន​សង្កេត​ការណ៍​ ​វា​អត់​មាន​តម្រូវ​ការ​ទេ។​ ​មិនមែន​ទាល់​តែ​អ្នក​ឯង​មក​សង្កេតការណ៍ បាន​ថា ​ការ​បោះឆ្នោត​ស្រប​ច្បាប់​ឯណា​ ​ហើយនៅ​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ឬក៏​ប្រទេស​នៅ​លើ​ពិភពលោក​ ​អត់​មាន​តម្រូវ​ការ​ត្រូវ​ស៊ីញេ​ពី​ប្រធានាធិបតី​នៃ​ប្រទេស​ផ្សេង​បាន​ស្រប​ច្បាប់​នោះ​ទេ​ ​ហើយក៏​អត់​មាន​តម្រូវការ​ទៅ​ស៊ីញេ​ពី​អគ្គ​លេខា​ធិការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ​ទើប​វា​ស្របច្បាប់​នោះ​ដែរ»។

ដោយ​ព្យាយាម​មិន​ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ លោក​ ​ ​រ៉ុង ឈុន​ ​សមា​ជិក​គ.ជ.ប.​ដែល​សុំលា​លែង​ពី​តំណែង​បានបញ្ជាក់​ប្រាប់​ ​VOA​ ​ថា​ការ​ជ្រើសរើស​សមាជិក​គ.ជ.ប.ដែល​មក​ពី​គណបក្ស​ផ្សេង​ទៀត​អាច​និង​ផ្ទុយ​ពី​ ​មាត្រា៦​ នៃ​ច្បាប់​រៀបចំ​ការ​បោះឆ្នោត​ដែល​ចង្អុល​បង្ហាញ​ថា សមាជិក​ជាន់​ខ្ពស់​ទាំង៨ ​រូប​ត្រូវ​រើស​ចេញ​ពី​គណបក្ស​ដែល​មាន​កៅ​អី​ក្នុង​សភា​ទាំង​ពីរ។​ ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ថា ​រដ្ឋ​សភា​របស់​បក្ស​កាន់​អំណាច​ទំនង​ជា​នឹង​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ដើម្បី​ឱ្យ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បាន។​

លោក​ ​ ​រ៉ុង ឈុន​ ​បន្ថែម​ថា៖

«សភា​គេនឹង​ធ្វើវិសោធនកម្ម​ច្បាប់​ ​ដើម្បី​វា​សមស្រប!​ ​ឱ្យសម​ស្រប​ទៅ​តាម​គណបក្ស​ដែល​គេទើប​ទទួល​បាន។​ ​ហើយ​យើង​ដឹង​ទាំងអស់គ្នា​ហើយ​ពីព្រោះ​ ​ដែល​គណបក្សទទួល​បាន​អាសនៈពីកូតា​សង្គ្រោះ​ជាតិ​នឹង​មានន័យ​ថា​ គណ​បក្ស​ហ្នឹង​គឺ​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ​ទេ​ ​ហើយ​បាន​កៅអី ដោយ​សារតែ​យក​ពី​ការ​យក​កៅអី​សង្គ្រោះជាតិ​ទៅឱ្យ​គណបក្ស​ផ្សេងៗ​ ដែល​ប្រជាពល​រដ្ឋមិន​បាន​គាំទ្រ​ហ្នឹង​បាទ!»។​

រូបឯកសារ៖ លោក​ ​ ​រ៉ុង ឈុន​ ​សមា​ជិក​គ.ជ.ប.​ (ឡេង ឡែន/ VOA)
រូបឯកសារ៖ លោក​ ​ ​រ៉ុង ឈុន​ ​សមា​ជិក​គ.ជ.ប.​ (ឡេង ឡែន/ VOA)

ស្រដៀង​គ្នា​នោះដែរ​ ​លោក​ ​មាស នី​ ​អ្នក​វិភាគ​សង្គម​និង​តាមដាន​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​យល់​ថា​ អ្វីៗ​ទាំង​អស់ក៏​អាច​ក៏អាចកើត​ឡើង​បានដែរ​រួម​ទាំង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ ​ស្រប​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច​ ក៏ប៉ុន្តែ​ ​លោក​ព្រមាន​ថា៖

«បើ​មិន​មាន​អ្នក​ណា​ផ្សេង​ជួយ​ពិនិត្យ​ការ​បោះឆ្នោត​ទេ​ ​គឺ​វា​មាន​តែបោះ​តែម្នាក់​ឯងហ្នឹង​ហើយ។​ សំខាន់​ត្រង់​ថា​ការបោះឆ្នោតជាតិ​ ​វា​មិនត្រូវ​បាន​គេ​ទទួល​ស្គាល់​ពីអន្តរជាតិ ​ឬ​ប្រទេស​ជិត​ខាង​តែ​ប៉ុណ្ណឹង​ហ្អាណា!​ ​ប៉ុន្តែខ្ញុំគិត​ថា ​ដូច​ជា​មិន​មាន​អី​រារាំងទេ​ ព្រោះ​រដ្ឋាភិបាល​ ស្អី​ក៏​គាត់​ធ្វើ​បាន​ដែរ​មក​ដល់ឥ​ឡូវ​នេះ»។

កាល​ពី​សប្តាហ៍​កន្លង​ទៅ ​តុលាការ​កំពូល​របស់​កម្ពុជា​សម្រេចធ្វើការ​រំលាយ​គណ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា ​និង​ហាម​ប្រាម​មិន​ឲ្យ​សមាជិក​គណបក្ស​នោះ​ចំនួន​ ១១៨​នាក់​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ចំនួន​ប្រាំ​ឆ្នាំ។ ​ការ​រំលាយ​បក្ស​ជំទាស់​ដែល​គេ​មើល​ឃើញ​ថា​ ជា​ដៃ​គូ​ប្រជែង​ដ៏​ធំ​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ​២០១៨​ ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ ​ដោយ​ការ​នេះប្រាសចាក​ពី​គោល​ការណ៍ប្រជាធិប​តេយ្យ។​ ​ភ្លាមៗ​ក្រោយ​ការ​រំលាយបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​អ្នក​គាំទ្រ​ជាង​ ​៤០​ភាគរយ​ ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ ​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​ចំនួន​ពីរ​ ​រូម​មាន​សហរដ្ឋ​អាមេរិក​ ​និង​ ​ស៊ុយអែត​ ​បាន​ប្រកាស​បញ្ចប់​ជំនួយ​របស់​ខ្លួន​លើ​ការ​បោះឆ្នោត ​និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​វិមជ្ឈការ​នៅ​កម្ពុជា។​

​ស្របគ្នា​នោះ​ដែរ​សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា​ ​មាន​តំលៃ​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​ ​បាន​ប្រកាស​នា​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​ ​ដោយ​ស្នើ​ឱ្យ​កម្ពុជា​«គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន»​ ​ដើម្បី​ ​បន្ត​ទទួល​បាន​ការ​ «អនុ​គ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាង​លើក​លែង​តែ​សព្វាវុធ»​ ​ក្នុង​ការ​នាំ​ចេញ​ផលិតផលកម្ពុជា​ចេញ​ទៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប​នោះ។

ថ្លែង​ប្រាប់​ក្រុម​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ដែល​ជា​ប្រភព​សេដ្ឋកិច្ច​ដ៏ធំ​របស់​កម្ពុជា​ ​លោក​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​បាន​ដាក់​ការ​ស្តីបន្ទោស​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រសិន​បើ​មាន​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​កម្ពុជា​ ឬ​ការ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​បរទេស​ក្នុង​ឧស្សាហកម្ម​នេះ។

«បក្ស​ប្រឆាំង​គេ​បាន​ទៅ​អំពាវនាវ​ ​ឥឡូវ​កំពុង​តែ​បន្ត​អំពាវនាវ​ឱ្យ​ប្រទេស​ក្រៅ​បញ្ឈប់​ការទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា!​ ​បញ្ឈប់​ការទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា!​ ​ខ្លួនឯង​ធ្វើ​ខុសច្បាប់​ ​គេ​កាត់ទោស​ ​ខ្លួនឯង​ទៅ​អំពាវនាវ​! ​តើ​សម្លាប់​ ហ៊ុន សែន​ ឬ​សម្លាប់​នរណា?​ ​ក្មួយៗ​ចាំឱ្យ​ច្បាស់​បើ​មាន​ការ​កាត់​បន្ថយការ​បញ្ជា​ទិញ​ណា​មួយ​ គឺ​ជា​ កំហុស​របស់​ពួក​បក្ស​ប្រឆំាង​ទាំង​អស់។​ ​វា​មិនមែន​ស្លាប់​ ​ហ៊ុន សែន​ ​ទេ​តែ​វា​ស្លាប់​កម្មករ​ គឺ​វា​ស្លាប់​ក្មួយៗ​ទាំង​អស់​នេះ​ឯង»។

ទោះ​យ៉ាង​នេះ​ក្តី​ ​លោក​ ​នាយក​រដ្ឋ​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​ ​បញ្ជាក់​ថា​ ការ​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា​គឺ ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​ ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ ​មាន​កិច្ច​សន្យា​ទ្វេភាគី​ និង​ពហុភាគី​ជា​ច្រើន​ជា​មួយ​ប្រទេស​ផ្សេងៗ។​ ​មក​ដល់​ពេល​នេះ​ ​កម្ពុជា​មាន​រោង​ចក្រ​ ​សហគ្រាស​ជាង ​១ម៉ឺន​ ​ដែល​ផ្តល់ការងារ​ឱ្យ​ពល​រដ្ឋ​កម្ពុជា​ជាង​ ១លាននាក់​ ​ខណៈ​ដែល​ពលករ​កម្ពុជា​នៅ​ឯ​បរទេស​បញ្ជូន​សាច់​ប្រាក់​ត្រ​ឡប់​មក​កម្ពុជា​វិញ​ ​ជាង​ ៣ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​១ឆ្នាំៗ។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ​ហ៊ុន សែន។

មិន​មែន​ប្រទេស​ទាំងអស់​ ​សុទ្ធតែ​ប្រតិកម្ម​ប្រឆំាង​នឹង​ការំ​លាយ​បក្ស​ប្រឆាំង​នោះ​ទេ​ ​លោក​ ​ហ៊ុន សែន​បញ្ជាក់​បន្ថែម​ថា​ មាន​ប្រទេស​មួយ​ចំនួន​នៅ​គាំទ្រ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​ជំនួប​ផ្លូវ​ការ​មួយ​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ ​លោក​ ​ប្រាក់ សុខុន​ ​និង​ ​រដ្ឋ​មន្ត្រី​ការ​បទេស​របស់​ប្រទេស​ចិន​កុំម្មុយនិស្ត​ ​លោក​ ​Wang Yi។​ ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ប្រទេស​មី​យ៉ាន់ម៉ា​ លោក​ Wang​ ​បញ្ជាក់​ប្រាប់​រដ្ឋ​មន្ត្រី​ខ្មែរ​ថា​ ប្រទេស​ចិន​កុំម្មុយ​នីស្ត ​«គាំទ្រ​កិច្ច​ខិតខំ​ ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​រក្សា​សេ្ថរភាព​នយោបាយ​ និង​ការ​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ»។​ ​លោក​ ​Wang​ ក៏​បាន​បន្ត​ថា ប្រទេសចិន​កុំម្មុយនីស្តជឿ​ជាក់​ថា​ កម្ពុជា​ក៏​នឹង​មាន​សមត្ថភាព​ក្នុង​ការ​រៀបចំការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រក​ដោយ​រលូន​ផង​ដែរ។​ ​នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បទេស​ចិន។

លោក​ ​មាស នី​ ​អ្នក​វិភាគ​សង្គម ​និង​តាមដាន​ការ​វិវត្ត​ន៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​យល់​ថា​ការ​ប្រកាស​គាំ​ទ្រ​របស់​រដ្ឋាភិបាល​ចិន​ ​អាច​នឹង​ត្រូវ​ប្តូរ​ផ្លាស់​នា​ពេល​ខាង​មុខ​ ​ប្រសិន​បើ​កម្ពុជា​ ​ជួប​វិបត្តិ​សេដ្ឋ​កិច្ច​ ​ដោយ​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ពី​បរទេស​ ​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិនិយោគ​ទុន​ចិន​ក្នុង​ប្រទេស​ កម្ពុជា​ ​ដែល​កំពុង​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

«បាទ​ខ្ញុំ​គិត​ថា ​រឿង​សំខាន់​ ​ទោះបី​ជា​មាន​ការ​បង្ហាញ​ជំហរ​ការ​គាំទ្រ​របស់​ចិន​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​រដ្ឋាភិបាល​ខ្មែរ​ក៏​ត្រូវតែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ដែរ​ ​មិន​អាច​ធ្វើ​អី​ទៅ​តាម​យើង​នឹក​ឃើញ​ដោយ​សារ​តែ​ចិន​គេ​បង្ហាញ​ការ​គាំទ្រ។​ ​យើង​ត្រូវ​ដឹង​ថា​ ​ចិន​គេ​បាន​ធ្វើ​ការ​វិនិយោគ​មក​ក្នុង​ប្រទេស​យើង​ច្រើន​ណាស់​ ​អ៊ីចឹង ​ប្រសិន​បើ​ណា​បើ​យើង​ធ្វើ​ឱ្យ​ប្រទេស​ក្លាយ​ទៅ​ជា​មាន​វិបត្តិ​សេដ្ឋ​កិច្ច​អី​ ​ធ្ងន់ធ្ងរ​ ​ហ្អា​ណឹង​អ្នក​ដែល​ខាត​ធំ​គឺ ​វិនិយោគ​ទុន​ចិន។​ ​ហើយ​ហ្អា​ហ្នឹង​ ​កាល​ណា​ចិន​ ​កាលណា​វា​ខូច​ប្រយោជន៍​គេ​ហើយ​ ​ខ្លាច​ក្រែងលោ​វា​មានបញ្ហា​អី​ផ្សេងៗ​នៅ​ ​ក្នុង​រឿង​ផ្ទៃ​ក្នុង​ខ្មែរ​យើង​តទៅ​ទៀត​ហ្អា! ហ្អា​ហ្នឹង​ជា​ការ​ប៉ាន់​ប្រមាណ​របស់​ខ្ញុំ​»។

រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

លោក​ ​មាស នី​ ​បន្ត​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​ ​លើក​យក​បទពិសោធន៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ប៉ុល ពត​មក​ពិចារណា​ ​មុន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​តាម​ការ​ចង់​បាន​របស់​ខ្លួន​នោះ។​ ​លោក​បន្ត​ថា ​បើ​ទោះ​ការ​ទម្លាក់​កំហុសដាក់​គ្នា​នៅ​វិញ​ទៅ​មក​រវាង​គណបក្ស​ជំទាស់ ​ដែល​សមាជិក​សំខាន់ៗ​កំពុង​ភៀស​ខ្លួន​នៅ​បទេស​ ​និង​បក្ស​គ្រប់​គ្រង​ប្រទេស​ក៏​ដោយ​ ​ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថា​តើ​ ប្រជាពល​រដ្ឋ​កម្ពុជា​មាន​ទំនុក​ចិត្ត​លើ​អ្នក​នយោបាយ​កម្ពុជា​កម្រិត​ណា៕​

XS
SM
MD
LG