បន្ទាប់ពីតុលាការកំពូលរបស់កម្ពុជា ដែលគេជឿថា ស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច បានរំលាយគណបក្សសង្គ្រោះជាតិកាលពីសប្ដាហ៍មុន ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាថា ខ្លួនកំពុងពិនិត្យឡើងវិញនូវទម្រង់នៃទំនាក់ទំនងជាច្រើននៅកម្ពុជា ហើយថា វានឹងមិនអាចទៅរួចទៀតទេ សម្រាប់ប្រទេសស៊ុយអែត ក្នុងការជួយធ្វើការកែទម្រង់វិមជ្ឈការនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលថា កម្ពុជានៅតែបន្តដំណើរទៅមុខទៀតបានដដែល ទោះបីមិនមានជំនួយរបស់ស៊ុយអែត ព្រោះកម្ពុជាបានជ្រើសរើសផ្លូវដើររបស់ខ្លួនរួចទៅហើយ។
រដ្ឋាភិបាលស៊ុយអែតនៅថ្ងៃអង្គារនេះ ប្រកាសថា ខ្លួនចាត់ទុកការវិវត្តស្ថានការណ៍នយោបាយថ្មីៗនៅកម្ពុជាថា ជាការព្រួយបារម្ភយ៉ាងខ្លាំងមួយ ដោយបានហៅវិធានការថ្មីៗនេះប្រឆាំងនឹងគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលទាំងឡាយ ថា ជាដំណើរថយក្រោយដ៏ធ្ងន់ធ្ងរនៃកិច្ចអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ កី្តបារម្ភយ៉ាងខ្លាំងនេះ ក៏បានរាប់បញ្ចូលការរំលាយគណបក្សសង្គ្រោះជាតិ ដែលសម្រេចដោយតុលាការកំពូលកាលពីសប្តាហ៍មុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជាដែល VOA ទទួល។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលស៊ុយអែតកំពុងពិនិត្យរាល់ទម្រង់ទំនាក់ទំនងទាំងឡាយរវាងកម្ពុជា និងប្រទេសស៊ុយអែត ហើយថា ប្រទេសស៊ុយអែត នឹងមិនអាចបន្តជួយប្រទេសកម្ពុជា ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការបានទៀតនោះឡើយ ផ្អែកលើស្ថានភាពនៃការវិវត្តកាលពីពេលថ្មីៗនេះ។
ស្ថានទូតស៊ុយអែតប្រចាំរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនក្នុងន័យដើមថា៖
«ដោយសារតែមានការអភិវឌ្ឍអវិជ្ជមានផ្នែកនយោបាយ រដ្ឋាភិបាលប្រទេសស៊ុយអែត បច្ចុប្បន្នកំពុងត្រួតពិនិត្យឡើងវិញនូវទម្រង់នៃការចូលរួមរបស់យើងក្នុងប្រទេសកម្ពុជា។ យើងបញ្ជាក់យ៉ាងច្បាស់ ពីកិច្ចសហប្រតិបត្តិការការអភិវឌ្ឍ ក្នុងការជួយគាំទ្រសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានពង្រឹងរួចហើយក្នុងអំឡុងឆ្នាំ ២០១៧ តាមរយៈការបង្កើនការគាំទ្រទៅកាន់អ្នកការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ជាងនេះទៅទៀត ប្រទេសស៊ុយអែត បានសម្រេចចិត្តថា យើងនឹងមិនបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រដ្ឋាភិបាល និងរដ្ឋាភិបាលបន្តទៀតទេ លើកលែងតែវិស័យអប់រំ និងការស្រាវជ្រាវ។ ដូច្នេះ ការបន្តការគំាទ្ររបស់យើងសម្រាប់កំណែទម្រង់វិមជ្ឈការក្នុងបែបបទបច្ចុប្បន្ននេះ នឹងមិនអាចទៅរួចទេ»។
ការប្រកាសរបស់ស្ថានទូតស៊ុយអែតបានធ្វើឡើងបន្ទាប់ពីតុលាការកំពូលរបស់កម្ពុជា ដែលគេជឿថា ស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច បានរំលាយគណបក្សសង្គ្រោះជាតិកាលពីសប្តាហ៍មុន។
ស្ថានទូតស៊ុយអែត បានបន្តបញ្ជាក់ឲ្យដឹងទៀតថា ជំហរនេះនឹងមានសុពលភាព រហូតដល់រដ្ឋាភិបាលរបស់ខ្លួនអាចនឹងសម្រេចចិត្តលើការផ្តល់សេចក្តីណែនាំ ដល់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) អំពីការផ្តោតលើសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអែតនៅប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាកើតមានឡើង ក្រោយដំណើរស្វែងយល់អំពីស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជារបស់អ្នកស្រី Annika Ben David ឯកអគ្គរាជទូតស៊ុយអែតទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០១៧។
អ្នកស្រី Annika បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងភ្នំពេញនៅពេលនោះថា អ្នកស្រី បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីបានបញ្ជាក់ច្បាស់ៗនៅចំពោះតំណាងរដ្ឋាភិបាលកម្ពុជាមួយរូបថា រដ្ឋាភិបាលប្រទេសស៊ុយអែតនឹងត្រូវគិតគូរឡើងវិញពីទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងករណីមានការរំលាយគណបក្សសង្គ្រោះជាតិ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកមហាផ្ទៃ បានសម្តែងការសោកស្តាយចំពោះវិធានការរបស់រដ្ឋាភិបាលស៊ុយអែត ដែលបានជួយកម្ពុជាក្នុងកិច្ចការកែទម្រង់វិមជ្ឈការនៅកម្ពុជា។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ VOA នៅល្ងាចថ្ងៃអង្គារថា កម្ពុជាមានការសោកស្តាយ ដែលប្រទេសស៊ុយអែតឈប់ផ្តល់ការគាំទ្ររបស់ខ្លួនក្នុងពង្រឹងវិមជ្ឈការនៅកម្ពុជា។ ប៉ុន្តែលោកថា ទោះបីជាបែបណាក៏ដោយ កម្ពុជាបានសម្រេចរើសផ្លូវដើរដោយខ្លួនឯងរួចទៅហើយ។ ដូច្នេះ កម្ពុជានឹងសម្លឹងរកមិត្តផ្សេងទៀត ដើម្បីជួយកម្ពុជាក្នុងកិច្ចការកែទម្រង់ខាងវិមជ្ឈការនេះ។
«យើងខ្ញុំមានការសោកស្តាយ សោកស្តាយហើយចំពោះនែ៎ ការមិនផ្តល់នូវការគាំទ្រហ្នឹង។ ប៉ុន្តែអ្វីដែលយើងធ្វើកន្លងមក គឺថា យើងបានសហការគ្នា បានមួយជំហានហើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើគ្មានការផ្តល់ក៏ដោយ កម្ពុជានៅតែដើរដដែល ដើម្បីធ្វើយ៉ាងណាឲ្យមានគម្រោង ដែលយើងបានគ្រោងហ្នឹងឲ្យវាបានចប់សព្វគ្រប់»។
លោកនាយឧត្ដមសេនីយ៍ បានថ្លែងការពារថា ទោះបីប្រទេសកម្ពុជា ពុំមានគណបក្សសង្គ្រោះជាតិ ក៏លទ្ធិប្រជាធិបតេយ្យនៅរស់រានមានជីវិតនៅឡើយផងដែរ។
«ហើយចំពោះពាក្យថា គ្មានប្រជាធិបតេយ្យហ្នឹង ខ្ញុំសូមជម្រាបជូនថា មិនមែនដូចគាត់គិតឃើញនោះទេ មិនមែនបានសេចក្តីថា បក្សមួយហ្នឹងរំលាយទៅ មានតែបក្សហ្នឹង បានប្រជាធិបតេយ្យទេ ប៉ុន្តែខ្ញុំគិតថា ចុះ អាអង្កាលមុនឆ្នាំ ២០១២នេះ មុនហ្នឹងបក្សសង្គ្រោះជាតិហ្នឹងកើតឡើងមក ក្រែងគាត់ទទួលស្គាល់កម្ពុជា ថាប្រទេសប្រជាធិបតេយ្យដែរអី? ហ្នឹងហើយ ព្រោះសង្គ្រោះជាតិហ្នឹងកើតនៅឆ្នាំ២០១២ បាន២០១៣ ចូលរួមបោះឆ្នោត។ ម៉េចក៏បាត់សង្គ្រោះជាតិ មានទៅបាត់ប្រជាធិបតេយ្យ អាហ្នឹងជាគួរឲ្យនែ៎ ដូចជាខ្ញុំមិនឯកភាពទេ»។
ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងបន្ថែមថា ប្រទេសស៊ុយអែត បានធ្វើជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយកម្ពុជាជាយូរមកហើយ ហើយកំពុងធ្វើការលើវិស័យសំខាន់ៗបី រួមមានសមភាពយេនឌ័រ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការងារ ការអប់រំ វិមជ្ឈការ និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ ស្ថានទូតបានបន្តថា កិច្ចសហប្រតិបត្តិការរបស់ស៊ុយអែត នាពេលបច្ចុប្បន្ន ត្រូវបានចែងនៅក្នុងយុទ្ធសាស្ត្រគ្របដណ្តប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ហើយថា ខ្លួននឹងបេ្តជា្ញ និងចូលរួមរកមធ្យោបាយជាច្រើនទៀតដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា។
រដ្ឋាភិបាលប្រទេសស៊ុយអែតបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ជំនួយនេះ ជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរវាងកម្ពុជា និងស៊ុយអែត។ នេះបើតាមការបញ្ជាក់ពីពេលកន្លងមករបស់អ្នកស្រី Annika Ben David ឯកអគ្គរាជទូតស៊ុយអែត ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ អ្នកស្រីបានបន្ថែម ថា រដ្ឋាភិបាលស៊ុយអែត ក្នុងនាមជាមិត្តភក្តិ និងជាដៃគូយូរអង្វែងរបស់កម្ពុជាបានធ្វើការជាមួយកម្ពុជា ដើម្បីប្រឆាំងនឹងភាពក្រីក្រ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស៕