ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​


រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​​​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេង​​ឆ្នោត ថ្ងៃ​ដំបូង​​របស់​​គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តុលាការ​កំពូល​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ចោទ​ថា​ គណបក្ស​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។​ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លើក​ឡើង​ថា តុលាការ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ព្រម​ទាំង​បាន​បញ្ជាក់​ជំហរ​ថា​ គណបក្ស​នេះ​នឹង​អាច​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។ ចំណែក​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​យល់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ស្លាប់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និងជា​ការ​សម្លាប់​ទស្សនៈនៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។​

តុលាការ​កំពូល​នៅថ្ងៃព្រហស្បតិ៍​នេះ​ ​បាន​សម្រេចរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ព្យួរ​សិទ្ធិ​នយោបាយ​របស់ថ្នាក់​ដឹកនាំគណបក្ស​នេះ​ចំនួន​១១៨​នាក់​ ​ក្នុង​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​និង​ការ​រំពឹង​ទុក​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

ក្នុង​សវនាការ​រយៈពេល​១​ថ្ងៃ​ពេញ​នេះ​ ​មាន​សមាសភាព​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ចំនួន​៩​រូប​ ​តំណាង​មក​ពី​ក្រសួង​មហា​ផ្ទៃ​២រូប​ ​និងមេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ចំនួន​ ៤​រូប​ ​ដោយ​មាន​ភ្ជាប់​ភស្តុតាង​ចំនួន​២៦​កញ្ចប់។​ ក៏​ប៉ុន្តែ​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ដាក់​ឯកសារ​ ​ឬ​មេធាវី​ដើម្បី​តតាំង​ក្តី​នោះ​ទេ​ ហើយ​ក្នុង​សវនាការ​នោះ​ ​ក៏​មិន​មាន​ការ​ចូលរួម​ពី​មន្រ្តី​ ​ឬ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់​ដែរ។

មេធាវីតំណាង​ក្រសួង​មហាផ្ទៃ​ចំនួន​៤​រូប​ ​ដែល​ដឹកនាំ​ដោយ​លោក​ គី តិច បាន​បង្ហាញភស្តុតាង​ទាំង​២៦​កញ្ចប់ ដែល​មាន​វីដេអូប្រមាណ​ជា​ជាង១០​ឃ្លីប​ ​ព្រមទាំងឯកសារ​ និង​រូបថត​មួយ​ចំនួន​ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ ដែល​ក្រុម​មេធាវី​ទាំង​នោះ​អះអាង​ថា ​ជា​ការ​ធ្វើ​បដិវត្ត​ពណ៌។ ​វីដេអូ​ទាំង​នោះបានបង្ហាញ​ពី​សកម្មភាព​នៃ​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ដើម​ឆ្នាំ​២០១៣​ ​និង​ចុង​ឆ្នាំ​២០១៤​ ​វីដេអូ​របស់​មេ​បក្ស​ប្រឆាំង​ ​លោក​ កឹម សុខា​ និង​អតីត​មេបក្ស​ប្រឆាំង​ ​លោក​ សម រង្ស៊ី​ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​ជំនួយ​ពី​បរទេស​ ​ដែល​មាន​សហរដ្ឋ​អាមេរិកក្នុង​ការ​រៀបចំ​ផ្តួល​រំលំ​រដ្ឋាភិបាល។

​ក្រុម​មេធាវី​ទាំង​នោះ​បាន​ថ្លែង​ការពារ​ភស្តុតាងទាំង​នោះ​ម្តង​ម្នាក់​ ព្រមទាំង​បានលើក​ឡើង​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រៀម​រៀបចំផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​តាម​រយៈ​ការ​ធ្វើ​បដិវត្ត​ពណ៌​ឲ្យ​បាន​សម្រេច​ក្នុង​ឆ្នាំ ​២០១៨​ ខាង​មុខ​ ប៉ុន្តែ​ពួកគេអះអាង​ថា​ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បង្រ្កាប​គម្រោង​ការ​នោះ​បាន​ទាន់​ពេល។​

ក្រុម​មេធាវី​ទាំង​នោះ​ក៏​បានបន្ថែម​ថា ​ភស្តុតាង​ដ៏​សំខាន់​មួយ​ទៀត​ដែល​បង្ហាញ​ថា ​សហរដ្ឋ​អាមេរិក​ពិត​ជា​មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​ ​លោក ដូណាល់ ត្រាំ​ នៅ​ពេលលោក​ទើប​ឡើង​កាន់​តំណែង​ដំបូង​ ​កាលពី​ចុងឆ្នាំ​២០១៦។​ មេធាវី​ទាំង​នោះ​អះ​អាង​ថា​ ​លោក​ ដូណាល់ ត្រាំ​ បាននិយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹងបញ្ឈប់​ការផ្តួល​រំលំ​រដ្ឋាភិបាល​នៃប្រទេសណាមួយ​ទៀត​ហើយ។​

ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​បានការពារ​ភស្តុតាង​ចុង​ក្រោយ​ ​ដែល​មាន​បញ្ជី​រាយ​នាម​ឈ្មោះ​របស់មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​ ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយផែនការ​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ ​និង​បាន​ស្នើ​ឲ្យ​តុលាការហាមឃាត់សិទ្ធិ​ធ្វើ​នយោបាយរបស់​ពួកគេក្នុង​ម្នាក់ៗ​៥​ឆ្នាំ។

រូបឯកសារ៖ លោក គី តិច មេធាវីរបស់ក្រសួងមហាផ្ទៃមួយរូបក្នុងចំណោម៤រូប ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីដាក់ភស្តុតាងបន្ថែមក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅតុលាការកំពូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។(កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក គី តិច មេធាវីរបស់ក្រសួងមហាផ្ទៃមួយរូបក្នុងចំណោម៤រូប ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីដាក់ភស្តុតាងបន្ថែមក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅតុលាការកំពូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។(កាន់ វិច្ឆិកា/VOA)

ក្រោយ​ពី​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​បាន​ថយ​ទៅ​ពិភាក្សា​រយៈពេល​២ម៉ោង​ លោក​ ឌិត មន្ទី​ ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ ​បាន​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅ​ម៉ោង​ប្រមាណ​ជាជាង​៥​ល្ងាច​ ​ដោយ​លើកឡើង​ពី​អំណះអំណាង​ក្នុង​ការ​រំលាយ​ជា​ច្រើន​ចំណុច។​ លោក​ ឌិត មន្ទី​ បញ្ជាក់​ថា​ យោង​លើ​ការ​មិន​ដាក់​ឯកសារ​ ​ការ​មិន​ចូល​រួម​ ​ឬ​ការ​មិនចាត់​តំណាង​ចូលរួម​សវនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បានយល់​ស្រប​ជាមួយ​អង្គហេតុ និង​ថា ការ​ស្ងៀមស្ងាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​តុលាការ​ចាត់​ទុក​ថា​ គណបក្ស​នេះ​បាន​សារភាព​ទទួលស្គាល់​រាល់​ការ​អះអាង​របស់​ក្រសួង​មហាផ្ទៃ។​

លោក​ ឌិត មន្ទី​ ក៏​បាន​ប្រកាស​ដែរ​ថា​ តាម​បណ្តឹង​ និង​ភស្តុតាង​របស់​មេធាវី​តំណាងក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ពិត​ជា​បាន​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ ​និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ពិតមែន។​

លោក​ ឌិត មន្ទី​ ប្រកាស​សាលដីកា​ ​ខណៈ​ដែល​ព្រះ​អាទិត្យ​កំពុង​រៀប​អស្តង្គត​ក្នុង​ន័យ​ដើមថា៖

«តុលាការ​កំពូល​សម្រេច​ទទួល​ស្គាល់​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ដោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​ ហាមឃាត់​បុគ្គល​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិដូច​មាន​រាយ​នាម​ក្នុង​បញ្ជី ភ្ជាប់​ជាមួយ​សាលដីកា​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​៥ឆ្នាំ​ ​គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​សាលដីកា​នេះ ដោយ​បិទ​ផ្លូវ​តវ៉ា»។​

នៅ​មុន​សវនាការ​ ​និង​ការ​ប្រកាស​រំលាយ​គណបក្ស​ប្រឆាំង​ ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ​បាន​ប្រកាស​ជាច្រើន​ដង​ពី​ការ​រំពឹង​ទុក​របស់​លោក​យ៉ាង​មុត​មាំថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ជា​ប្រាកដ។​

ភ្លាមៗ​ក្រោយ​ការ​ចេញ​សាលដីការំលាយ​ ​លោក នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ប្រកាស​គាំទ្រ​ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ថា​ ការ​រំលាយ​នេះ​នឹង​ជួយ​ការពារ​សន្តិភាព ស្ថិរភាព និង​អធិបតេយ្យ​ ​ប្រទេស​កម្ពុជា​ ​ព្រមទាំង​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាចក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង។​ លោក​ក៏​បាន​បន្តអំពាវនាវ​ឲ្យមន្រ្តី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មក​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​ដដែល។​

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន

ការ​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ​ធ្វើ​ឡើង​តែ​រយៈពេល​៤០​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ទទួល​បាន​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំងមាន​ប្រជាពលរដ្ឋ​គាំទ្រ​ជាង​ ៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស។​ ការ​រំលាយ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រធាន​គណ​បក្ស​ប្រឆាំង​ លោក​ កឹម សុខា​ ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ ​ចំណែក​ក្រុម​តំណាងរាស្រ្ត​គណបក្ស​នេះ​ជិត ​៤០​នាក់ក្នុង​ចំណោម​តំណាងរាស្រ្ត​ជាង​៥០​នាក់​ ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក​ សម រង្ស៊ី​ កាលពី​ថ្ងៃពុធ​ ​ក៏​បាន​ប្រកាស​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។​

លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀស​ខ្លួន​ទៅ​បរទេស ​ប្រាប់ VOA នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកស្រី បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រឡប់​ទៅ​ចូលរួម​នយោបាយ​វិញ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ ​២០១៨​ខាង​មុខ ហើយ​លោកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទុក​សន្លឹក​ឆ្នោត​របស់​ពួកគេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។​

លោកស្រី​បញ្ជាក់​ថា៖​

«នៅ​២០១៨ យើង​នឹង​មាន​ឱកាស​ជួបជុំ​គ្នា ហើយ​នឹង​គ្មាន​គណបក្ស​ណាមួយ​ទៀត​ទេ យើង​នឹង​មិន​បង្កើត​គណបក្ស​ណាមួយ​ទៀត​ទេ។ យើង​នឹង​រក្សា​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ជានិច្ច។ ហើយ​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​ប្រធាន កឹម សុខា នេះ​យើង​អត់​មាន​ធ្វើការ​ផ្លាស់​ប្តូរ​ទេ។ ហើយ​ការ​វិល​ត្រឡប់​នៃ​លោក​ប្រធាន សម រង្ស៊ី ក្នុង​នាម​លោក​ជា​អ្នក​ស្នេហា​ជាតិ ជា​អ្នក​ប្រជាធិបតេយ្យ លោក​នឹង​ធ្វើ​ដំណើរ​ជាមួយយើង ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ ​សេរី និងយុត្តិធម៌​នៅក្នុង​ឆ្នាំ​២០១៨»។​

រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ
រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ

ការ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ​ ​រដ្ឋាភិបាល​នឹង​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នៅ​រដ្ឋសភា​ ​និង​នៅ​តាម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​ ដែល​បាន​ចូល​រួមការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​ ​តែ​មិន​ទទួល​បាន​អាសនៈ។​ ការ​បែង​ចែក​អាសនៈ​នេះនឹង​ធ្វើ​ឡើង​ដោយយោង​លើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដែល​គណបក្ស​កាន់​អំណាច​ទើប​តែ​ស្នើធ្វើ​វិសោធនកម្ម ហើយ​ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្ទាន់​ ​កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា។​

លោក​ Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​មាន​ប្រសាសន៍​នៅ​ក្នុ​ង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ គឺ​ជា​គម្រោង​សម្ងាត់​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ធានា​ជោគជ័យ​របស់​លោក​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​នេះ។ លោក​បញ្ជាក់​ថា ការ​លើក​ឡើង​អំពី​បដិវត្តន៍​ពណ៌​ គឺ​ជា​រឿង​និទានដែល​សរសេរ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយមាន​លក្ខណៈ​នយោបាយ។​

លោក​មាន​ប្រសាសន៍ក្នុង​ន័យ​ដើម​ថា៖​

«នេះ​ជា​ការ​ស្លាប់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​វា​ជា​ការ​សម្លាប់​បែប​នយោបាយ​នៃ​ទស្សនៈរបស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​គួរ​តែ​មាន​ការ​គោរព​សិទ្ធិ និង​មាន​ប្រជាធិបតេយ្យ​ពហុបក្ស»។​

រូបឯកសារ៖ លោក​ Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch (អូន ឆេងប៉រ/ VOA)
រូបឯកសារ៖ លោក​ Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch (អូន ឆេងប៉រ/ VOA)

លោក​ Phil Robertson បន្ត​ថា ប្រទេស​ជប៉ុន​ ​និង​សហភាព​អឺរ៉ុប គួរ​តែ​ប្រកាស​ជា​បន្ទាន់​ថា ពួកគេ​នឹង​ផ្អាកជំនួយ​ការ​បោះឆ្នោត​ទាំង​ផ្នែក​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​សម្រាប់​ការ​បោះឆ្នោត​ ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​និង​ពហិការកិច្ចប្រឹងប្រែង​អង្កេត​ការ​បោះឆ្នោត​ ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោតដោយ​មិន​មាន​ឧបសគ្គ។​ លោក​បន្ថែម​ថា សហគមន៍​អន្តរជាតិ គួរ​តែ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ទាហាន​កម្ពុជា​ផង​ដែរ។

ឡេង ឡែន អតីតអ្នកសារព័ត៌មាននៃកាសែតឌឹខេមបូឌាដេលី ត្រូវបានប៉ូលិសមិនអនុញ្ញាតឲ្យចូលនៅក្នុងបរិវេណនៃតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ឡេង ឡែន អតីតអ្នកសារព័ត៌មាននៃកាសែតឌឹខេមបូឌាដេលី ត្រូវបានប៉ូលិសមិនអនុញ្ញាតឲ្យចូលនៅក្នុងបរិវេណនៃតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

​ក្នុង​អំឡុងសវនាការ​មួយ​ថ្ងៃ​ពេញ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​គេ​ឃើញ​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​មាន​សមត្ថកិច្ច​ជាច្រើន​រយ​នាក់​ ​និង​បាន​ដាក់​រនាំង​បិទ​ផ្លូវ​មួយ​ជុំវិញបរិវេណ​តុលាការ​កំពូល​ ​ដោយ​ហាមឃាត់​មិន​ឲ្យ​ប្រជា​ពល​រដ្ឋធម្មតា​ណា​ម្នាក់​ ​អាច​ឆ្លង​កាត់​ចូល​ទៅ​តុលាការ​កំពូល​បាន​នោះ​ទេ។​ គេ​ឃើញ​ថា​ ​ក្នុង​អំឡុង​សវនាការ​នោះ​ ​ក៏​មាន​ការ​ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​ស្រ្តី​ម្នាក់​ ដែល​ជាអតីត​អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​ The Cambodia Daily​ ​គឺ​កញ្ញា​ ឡេង ឡែន​ ដោយ​សារ​កញ្ញាមិន​មាន​ប័ណ្ណ​ព័ត៌មាន។​ ​ទោះ​ជា​យ៉ាង​ណា​ ​សមត្ថកិច្ច​បាន​ដោះ​លែង​អតីត​អ្នក​សារព័ត៌មាន​រូប​នោះ​ ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិចប់៕

XS
SM
MD
LG