សម្រាប់ពលរដ្ឋកម្ពុជាដែលបានដាក់ខ្លួនចូលទៅក្នុងបេសកកម្មនិងធ្វើការនៅជួរខាងមុខ ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យនេះ សេចក្តីសម្រេចរបស់តុលាការដែលឯករាជ្យតែឈ្មោះនេះ គឺជាវាយប្រហារបង្កការឈឺចាប់ខ្លាំងមួយ ដែលចោទជាសំណួរនានាឡើង។
នៅឆ្នាំ១៩៩៣ អ្នកចូលធ្វើព័ត៌មានទូរទស្សន៍ថ្មីម្នាក់គឺលោក ឆោម ប៊ុនហំ បានត្រឡប់មកប្រទេសកំណើតដែលលោកបានរត់ភៀសខ្លួនចោលតាំងពីពេលលោកនៅជាក្មេងប្រុសស្រឡាំងកាំងអាយុ៦ឆ្នាំម្នាក់ ដើម្បីមកយកព័ត៌មានអំពីបេសកកម្មអន្តរាគមន៍អន្តរជាតិដ៏ធំធេងដែលគិតជាចំនួនទឹកប្រាក់គឺ១.៦០០លាន(១ពាន់៦រយលាន)ដុល្លារ។
លោកនិយាយដោយស្រមៃឡើងវិញពីពេលឆ្លងកាត់ប្រទេសពីព្រំដែនប្រទេសថៃនៅទីក្រុងប៉ោយប៉ែតថា៖ «[ពេលនោះ]ខ្ញុំនៅលើឡានរបស់សហប្រជាជាតិរបស់អូស្ត្រាលី អ្នកអាចឃើញក្មេងៗបានលោតចុះឡើង ហើយគិតថា អង្គការសហប្រជាជាតិមកទីនេះគឺដើម្បីជួយសង្គ្រោះពួកគេហើយ»។
លោក ប៊ុនហំ ដែលបានចាប់អាជីពជាអ្នកថតសំឡេងនិងជំនួយការខាងថត បានទៅប្រឡូកនិងឃើញជាក់ស្តែងនូវការកក្រើកឡើងនូវភាពរំភើពរីករាយយ៉ាងខ្លាំង នៅក្នុងប្រទេសមួយនេះ ដែលបានស្គាល់តែពីការឈឺចាប់និងអំពើហិង្សាអស់ជាច្រើនទសវត្សមកហើយ។
អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាមានបេសកកម្មនាំប្រជាធិបតេយ្យចូលមកក្នុងប្រទេស។
បេសកកម្មនេះមិនត្រឹមតែនាំមកនូវឱកាសនៃការបញ្ចប់ការគ្រប់គ្រងបែបផ្តាច់ការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវការផ្លាស់ប្តូរនៃសកម្មភាពសេដ្ឋកិច្ចពីការវិនិយោគដោយផ្ទាល់និងពាណិជ្ជកម្មដែលកើតពីការចំណាយហ៊ឺហាសប្បាយរបស់បុគ្គលិករក្សាសន្តិភាពចំនួន២ម៉ឺននាក់។
លោក ប៊ុនហំ បានថ្លែងថា៖ «វាហាក់បីដូចជាអ្នកណាម្នាក់បានទិញផាវតម្លៃ១លានដុល្លារហើយបានដុតផាវនេះនៅកណ្តាលអធ្រាត្រនៅប្រទេសកម្ពុជា ហើយពេលនោះខ្ញុំមានអារម្មណ៍យ៉ាងដូច្នេះ គឺថា ប្រទេសកម្ពុជានៅពេលភ្លាមៗនោះស្រាប់តែមានពន្លឺ»។
ប៉ុន្តែនៅពេលនេះ គឺបន្ទាប់ពីជិត២៥ឆ្នាំក្រោយមក មនុស្សមួយជំនាន់នោះដែលបានដាក់កាយចិត្តកសាងទស្សនវិស័យថ្មីមួយមិនទាន់មានសម្រាប់ប្រទេសកម្ពុជា បានត្រឹមតែឃើញការខកចិត្ត នៅពេលដែលផាវនោះបានរលត់ ហើយភាពងងឹតបានរាតត្បាតប្រទេសសារជាថ្មីម្តងទៀត។
តុលាការកំពូលរបស់ប្រទេសកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិដែលបានឈ្នះសំឡេងឆ្នោតជិតពាក់កណ្តាលពីការបោះឆ្នោតជាតិលើកមុន ហើយតុលាការក៏បានសម្រេចបញ្ឈប់សមាជិក១១៨រូបរបស់គណបក្សនេះមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
តំបន់ទំហំ៦៥ហិតាជុំវិញតុលាការកំពូលត្រូវបានហ៊ុំព័ទ្ធ បន្សល់នៅតែអ្នកទេសចរដែលមានភាពងឿងឆ្ងល់នៅពេលពួកគាត់ចង់ចាកចេញឬត្រឡប់ទៅសណ្ឋាគាររបស់ពួកគាត់វិញ ហើយនិងក្រុមអ្នកសារព័ត៌មានមួយចំនួនតូចដែលត្រូវបានអនុញ្ញាតឲ្យចូលទៅបរិវេណតុលាការកំពូលនោះ។
អ្នកសារព័ត៌មានចំនួន២នាក់ គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ដោយត្រូវរងការចោទប្រកាន់ថា បានរាយការណ៍ព័ត៌មានបញ្ជូនទៅវិទ្យុអាស៊ីសេរី ដែលបានបិទដំណើរការនៅប្រទេសកម្ពុជាកាលពីខែមុនដោយអះអាងថាបានទទួលរងការគំរាមកំហែង។
នៅមួយយប់មុនពេលការបើកសវនាការរបស់តុលាការកំពូល កងកម្លាំងសន្តិសុខដែលមានទាំងប៉ូលីស យោធា និង អ្នកយាមកាមបានទៅកាន់ការិយាល័យអង្គការមិនមែនរដ្ឋាភិបាលលើសិទ្ធិមនុស្សដែលល្បីៗមួយចំនួន ដូចជាសមាគមអាដហុក (Adhoc) និង អង្គការលីកាដូ ដើម្បីពិនិត្យថា តើអង្គការទាំងនេះបានផ្តល់ជម្រកឲ្យបាតុករដែរឬទេ ខណៈដែលមានការរៀបចំបិទផ្លូវនៅលើដងផ្លូវសំខាន់ៗចូលទីភ្នំពេញ។
វាជាបរិយាកាសមួយ ដែលលោក ឈិន ចាន់ណា (Chin Channa) អ្នកបកប្រែសម្រាប់តុលាការខ្មែរក្រហមដែលបានគាំទ្រការបង្កើតតុលាការឡើងនេះនៅចុងសតវត្សទី២០ បានចង់ចាំច្បាស់ដែលដូចនឹងកាលលោកបានបួសធ្វើជាសង្ឃមុនពេលមានការបោះឆ្នោតនៅឆ្នាំ១៩៩៣។
នៅពេលនោះ សេចក្តីត្រេកអររបស់លោកសម្រាប់ការរស់ឡើងវិញរបស់អ្នករាជានិយមគឺគណបក្សប្រឆាំងហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានធ្វើឲ្យលោកតែងតែត្រូវខ្វែងគំនិតគ្នាជាមួយក្រុមអាជ្ញាធររបស់គណបក្សប្រជាជនកម្ពុជា និងជាមួយមន្ត្រីសង្ឃថ្នាក់លើរបស់លោក។
លោកបាននិយាយថា៖ «ព្រះសង្ឃជាច្រើនមានការភិតភ័យ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនមានការភិតភ័យធ្វើមួយទេ»។ លោកក៏បានបន្ថែមថា លោកត្រូវបានគេដេញចេញពីវត្តនៅខេត្តបាត់ដំបងដោយចៅអធិការវត្តដែលខឹងសម្បារនឹងការចូលរួមសកម្មភាពនយោបាយឥតឈប់ឈររបស់លោក។
លោក ចាន់ណា ជឿជាក់ថា កម្មវិធីអភិបាលកិច្ចនៅកម្ពុជាបានបរាជ័យដោយសារតែការមិនព្រមចុះចាញ់របស់គណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងថា៖ «កម្មវិធីអភិបាលកិច្ចនេះបានដំណើរការល្អរហូតមកដល់ពេលនេះ។ ខ្ញុំបានធ្វើការជាមួយអង្គការជាច្រើនហើយអង្គការទាំងនោះបានបណ្តុះបណ្តាលប្រជាជនកម្ពុជាជាច្រើន រួមមានមន្ត្រីរដ្ឋាភិបាល មន្តី្រប៉ូលីស ចៅក្រម ព្រះរាជអាជ្ញា មេធាវី និង សិស្សានុសិស្ស ដូច្នេះពួកគេបានឃើញពីការដឹកនាំនិងប្រព័ន្ធគ្រប់គ្រងបែបថ្មីនេះ»។
លោកបន្តថា៖ «ប៉ុន្តែគណបក្សកាន់អំណាចមិនដែលអាចសម្របទៅនឹងការដឹកនាំថ្មីនេះទេ ពួកគេព្យាយាមនាំប្រទេសកម្ពុជាឲ្យវិលត្រឡប់ទៅតាមការដឹកនាំតាមរបបកុម្មុយនិស្តវិញ»។
លោក ប៊ុនហំ មានការប្រយ័ត្នប្រយែងជាងមុន។
សុទិដ្ឋិនិយមរបស់លោកបានចាប់ផ្តើមរារែកបន្ទាប់ពីលោកបានចូលរួមក្នុងគណបក្ស ហ៊្វុនស៊ិនប៉ិច ហើយបានយល់ដឹងពីអសមត្ថភាពរបស់គណបក្សនេះ។
លោកបាននិយាយថា៖ «ខ្ញុំបានចាកចេញពីព្រោះខ្ញុំគិតថា ពួកគេនឹងមិនធ្វើអ្វីទេ ហើយខ្ញុំមានអារម្មណ៍ថា មិនយូរប៉ុន្មាន គណបក្សប្រជាជននឹងឈ្នះ ពីព្រោះពួកគេមិនដំណើរការទៅណាសោះ»។
លោកបានបន្តថា៖ «វាហាក់បីដូចជាអាសនៈត្រូវបានគេទុកឲ្យសម្រាប់ពួកគេ ដូច្នេះពួកគេមិនចាំបាច់ព្យាយាមប្រឹងប្រែងពេកក្នុងការកែប្រែអ្វីទាំងអស់ ហើយខ្ញុំដើរចេញព្រោះខ្ញុំមានអារម្មណ៍ថា នេះមិនមែនជារបៀបដែលសង្គមមួយអាចត្រូវផ្លាស់ប្តូរទេ»។
លោកស្រី ធីតា ឃឹះ បានជួយនាំពលរដ្ឋអាមេរិកដើមកំណើតខ្មែរមកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ ក្នុងតួនាទីជួយបង្កើតអង្គការសង្គមស៊ីវិលនិងបង្រៀនថ្នាក់ផ្សេងៗនៅសាកលវិទ្យាល័យដែលមិនមានធនធានគ្រប់គ្រាន់។ លោកស្រីបាននិយាយថាមូលហេតុនៃការបរាជ័យរបស់បេសកកម្មអ៊ុនតាក់មានច្រើនខុសៗគ្នា។
លោកស្រីបានរួមចំណែកដល់ការតាក់តែងរដ្ឋធម្មនុញ្ញកម្ពុជា ហើយក្រោយមកបានស្ថាបនាអង្គការសីលការដើម្បីជំរុញឲ្យស្ត្រីកម្ពុជាបានចូលរួមកាន់តែច្រើននៅវិស័យនយោបាយ ដែលនេះបានធ្វើឲ្យលោកស្រីបានចូលរួមការវិវត្តនយោបាយរបស់កម្ពុជា។
លោកស្រីបានមានប្រសាសន៍ថា៖ «ជនជាតិខ្មែរមិនចូលចិត្តប្រឈមនឹងគ្នាទេ បើសិនជាពួកគេមិនស្រុះស្រួលគ្នា ពួកគេសុខចិត្តដើរចេញពីស្ថានភាពនោះ។ ប៉ុន្តែ នៅក្នុងរបបប្រជាធិបតេយ្យ ពេលខ្លះអ្នកត្រូវមានការតស៊ូនិងមិនអាចសម្របតាមគេនោះទេ ហើយពលរដ្ឋកម្ពុជាជាច្រើនបានធ្វើការសម្របសម្រួលគ្នាច្រើនណាស់តាំងពីមានការបោះឆ្នោតរបស់អង្គការសហប្រជាជាតិមក»។
លោកស្រី ឃឹះ បានបន្តថា ខណៈដែលការអប់រំអំពីសិទ្ធិមនុស្សនៅកម្ពុជាបានរីកចម្រើនហើយក៏ដោយ រហូតមកដល់បច្ចុប្បន្ន ការបង្រៀនទៅសាធារណៈអំពីសិទ្ធិប្រជាពលរដ្ឋដើម្បីបង្កើតឲ្យមានការយល់ដឹងឲ្យកាន់តែច្បាស់ពីសិទ្ធិនយោបាយនិងវប្បធម៌ប្រជាធិបតេយ្យនៅមានតិចតួចណាស់។
លោកស្រីបានបន្ថែមថា៖ «ខ្ញុំគិតថា មានកត្តាដែលស្មុគស្មាញច្រើនណាស់នៅកម្ពុជានេះ។ ប្រជាជននៅមូលដ្ឋាននិងប្រជាពលរដ្ឋទូទៅក្នុងស្រុក ពួកគេចង់បានប្រជាធិបតេយ្យនិងសំឡេងរបស់ពួកគេ ក៏ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមិនបានស្មោះត្រង់ក្នុងការប្រាស្រ័យទៅវិញទៅមក ដូច្នេះមានល្បិចកលច្រើនហើយនិងការបោកប្រាស់ច្រើន»។
អ្នកអង្កេតការណ៍ជាច្រើននាក់បានចង្អុលបង្ហាញពីការសម្របរបស់អ៊ុនតាក់ដែលឲ្យលោក ហ៊ុន សែន ក្លាយទៅជានាយករដ្ឋមន្ត្រីទី២ ដើម្បីបញ្ចៀសការគំរាមកំហែងរបស់លោកអំពីសង្គ្រាមស៊ីវិលបន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិចបានឈ្នះឆ្នោតនោះ ថាជាកំហុសមួយ ដែលជាបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់លទ្ធភាពនៃការកសាងរបបប្រជាធិបតេយ្យនៅកម្ពុជា។
លោក ប៊ុនហំ បានកត់សម្គាល់ថា ប្រជាជនកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមជាច្រើន ពេញចិត្តនឹងការសម្របសម្រួលគ្នានេះ បើទោះលោកមិនយល់ស្របក៏ដោយ។ លោកជឿថា មានកត្តាធំៗជាងនេះជាច្រើនដែលនាំឲ្យមានស្ថានការណ៍នេះ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា វាឆោតពេកហើយដែលលោកខាងលិចគិតថាប្រជាធិបតេយ្យអាចលូតលាស់ឡើងដូចជាដើមឈើមួយដើម។ ខ្ញុំគិតថា ប្រជាធិបតេយ្យគឺវាហាក់បីដូចជាប្រព័ន្ធនៃការគិតពិចារណា នៅពេលអ្នកចង់ឲ្យមនុស្សម្នាក់ផ្លាស់ប្តូរពីគំនិតរបស់ពួកគេ អ្នកត្រូវតែជជែកខុសត្រូវជាមួយគេ ហើយអ្នកត្រូវតែនៅទីនោះក្នុងជំនុំចំណោមពួកគេ»៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង