តំណាងរាស្ត្រសភាឯកបក្សរបស់កម្ពុជា នៅថ្ងៃសុក្រនេះបានបោះឆ្នោតអនុម័តគម្រោងថវិកាជាតិឆ្នាំ២០១៨ ដែលមានទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារអាមេរិក ដោយគ្មានកិច្ចពិភាក្សា តែមានការធ្វើសេចក្តីអធិប្បាយអំពីការវិវត្តស្ថានការណ៍នយោបាយនៅមុន និងក្រោយការបោះឆ្នោតឆ្នាំ២០១៣ និង ការកោតសរសើរអំពីដំណើរអភិវឌ្ឍន៍ក្នុងប្រទេស និងការលើកសំណួរទាក់ទិនស្ថានការណ៍នយោបាយក្រោយ ការរំលាយគណបក្សសង្គ្រោះជាតិតាមអំណាចរបស់តុលាការកំពូលកម្ពុជា។
ថ្លែងដោយមិនមានវត្តមានតំណាងរាស្ត្រមកពីគណបក្សដទៃ អ្នកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបាននិយាយជិត៣០នាទី ដោយធ្វើការពណ៌នាសេចក្តីពេញចិត្តរបស់អ្នកស្រីចំពោះសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៨ ចំពោះការវិវត្តនានា ព្រមទាំងដំណើរការខាងនយោបាយក្នុងប្រទេស ក្រោយការបង្កើតឡើងនូវវប្បធម៌សន្ទនា។
តំណាងរាស្ត្ររបស់បក្សកាន់អំណាចដដែលបានរៀបរាប់យ៉ាងដូច្នេះ៖
«បន្ទាប់ពីការប្រកាសលទ្ធផល យើងមានវប្បធម៌សន្ទនា ហើយតែជារៀងរហូតមកគឺ យើងតែងតែមានការធ្វើបាតុកម្មរវាងកម្មករជាមួយនឹងរោងចក្រសហជីព។ ការធ្វើបាតុកម្ម គ្រប់បែបយ៉ាងទាំងអស់ តាំងពីអ្នកមានទំនាស់ដីធ្លី ដែលជាការជ្រៀតជ្រែកមួយ ដើម្បីឲ្យប្រទេសជាតិយើងស្ថិតនៅក្នុងភាពវឹកវរ អស្ថិរភាព ហើយសួរថា តើពេលនោះបងប្អូនប្រជាពលរដ្ឋទាំងអស់មានផលប៉ះពាល់យ៉ាងម៉េច?»
អ្នកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានថ្លែងបន្តថា ហេតុការណ៍ ដែលបានកើតឡើងទាំងអម្បាលមាណបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់ក្នុងទីក្រុង។
«ជាពិសេសបងប្អូននៅទីក្រុងភ្នំពេញ បងប្អូនបានឃើញពិតជាក់ស្តែង នៅលើបរិការណ៍ទាំងអស់នេះ ហើយបងប្អូននៅក្នុងទីក្រុងភ្នំពេញទាំងអស់នេះក៏ពិតជាបានទទួលរងគ្រោះទាំងកាយ ទាំងចិត្ត ទាំងអារម្មណ៍ គឺមានការសម្លាប់គ្នាច៎ា ហើយទាំងផ្លូវចិត្ត អត់មានហ៊ានចេញទៅណាទេ ពេលនោះគឺដោយសារអី គឺដោយសារបារម្ភនូវសន្តិសុខ សុវត្ថិភាព។ ហើយប៉ះពាល់ទាំងសេដ្ឋកិច្ចទៅទៀត អត់មានអ្នកណាហ៊ានចាយលុយទេ អត់ពីណាហ៊ានទិញដូរអីទេ»។
អ្នកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ ដែលជាសមាជិកគណៈកម្មការសិទ្ធិមនុស្សនៅរដ្ឋសភា បានថ្លែងបន្តថា ពួកអមិត្តទាំងក្នុង និងក្រៅប្រទេស បានព្យាយាមបង្កភាពចលាចល នៅក្នុងប្រទេស ក្នុងឆ្នាំ២០១៣ ដែលធ្វើឲ្យពលរដ្ឋភិតភ័យត្រៀមវិចបង្វិចរត់ចោលផ្ទះ។
យ៉ាងណាមិញ អ្នកស្រី ឡោក ខេង មិនភ្លេចពីការជឿនលឿនក្នុងវិស័យហិរញ្ញវត្ថុ ការពារជាតិ កិច្ចការអប់រំ និងសុខាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទេ។
ក្នុងវិស័យហិរញ្ញវត្ថុ អ្នកស្រីអះអាងថា ទុនបម្រុងរបស់ជាតិបានកើនប្រហែលជា ១០ដងគិតចាប់តាំងពីឆ្នាំ ២០០៨ ហើយថា ចំណូលចរន្តបានកើនឡើង ២ដងគិតពីឆ្នាំ ២០១៣ដល់ពេលឆ្នាំ២០១៨។
អ្នកស្រីបានបន្តសរសើរថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានបង្កើនការចំណាយលើយោធាជារៀងរាល់ឆ្នាំ ដើម្បីស្តារសមត្ថភាពការពារបូរណភាពទឹកដី។ សម្រាប់វិស័យអប់រំ អ្នកស្រីមានប្រសាសន៍ថា ថវិកាត្រូវបានបង្កើនបីដង ដើម្បីកសាងធនធានមនុស្ស និងធ្វើកំណែទម្រង់វិស័យអប់រំ ដែលបានធ្វើឲ្យមានកំណើននៃសិស្សទទួលបាននិទ្ទេស A ពី ៤០នាក់ទៅដល់ ៤០០នាក់។
នៅក្នុងវិស័យសុខាភិបាល អ្នកស្រីបានកត់សម្គាល់ថា មានកំណើនថវិកាចំនួនជាង ២ដងកន្លះ ដើម្បីរុញសេវាសុខាភិបាលឲ្យទៅកៀកប្រជាពលរដ្ឋ និងដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាជាដើម។ ថ្លែងពីវិស័យកសិកម្មវិញ អ្នកស្រីឡោក ខេង បានពោលថា រដ្ឋាភិបាលបានបង្កើនថវិកាបីដង ដើម្បីគាំទ្រតម្លៃស្រូវ។ អ្នកស្រីអះអាងថា បច្ចុប្បន្ននេះ កម្ពុជាមិនមានវិបត្តិស្រូវទៀតទេ។
ក្រៅពីវិស័យកសិកម្ម តំណាងរាស្ត្ររូបនេះក៏បន្តលើដំកើងការអភិវឌ្ឍលើសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជាយ៉ាងដូច្នេះ៖
«តើសម័យណាដែលមានផ្លូវខ្វាត់ខ្វែងដល់ជនបទ មានផ្លូវក្រោមដី មានផ្លូវលើដី មានផ្លូវលើអាកាស? តើសម័យណាដែលមានឯកភាពជាតិខ្មែរតែមួយ ដែលពុំមានតំបន់អបគមន៍ ដែលពុំមានខ្មែរស ខ្មែរខៀវ ខ្មែរស៊ីជម្ពូ? តើសម័យណាដែលមានស្ពានឆ្លងកាត់ទន្លេច្រើនជាងសម័យនេះ?»។
ការប្រជុំពេញអង្គរបស់សភាឯកបក្សកម្ពុជា នាថ្ងៃសុក្រនេះធ្វើឡើងគ្រាដែលសហគមន៍អន្តរជាតិបានគំរាមដកជំនួយ និងកិច្ចអនុគ្រោះពន្ធក្នុងការនាំចូលទៅកាន់ប្រទេសរបស់ពួកគេ ក្រោយពេលតុលាការកំពូលសម្រេចរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជា។ គេរំពឹងថា កៅអីសភារបស់គណបក្សសង្គ្រោះជាតិចំនួនសរុប ៥៥នឹងត្រូវបែងចែកទៅឱ្យគណបក្សផ្សេងៗ ចំនួន ៥ ដែលមិនទទួលបានកៅអីសភាកាលពីពេលបោះឆ្នោតឆ្នាំ២០១៣។
បើទោះជាសភាមានតែតំណាងរាស្ត្រ ៦៥រូបក្នុងចំណោមចំនួនសរុប៦៨រូបរបស់គណបក្សកាន់អំណាចចូលរួមនាព្រឹកថ្ងៃសុក្រនេះ ក៏ច្បាប់ស្តីពីថវិកាជាតិឆ្នាំ ២០១៨ ត្រូវបានអនុម័តផងដែរ ដោយមិនចាំបាច់មានសំឡេង ៥០បូក១តាមច្បាប់នោះទេ។
ដើម្បីញ៉ាំងឱ្យមានការពិភាក្សាដេញដោលលើគម្រោងចាយវាយក្នុងឆ្នាំ២០១៨ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមួយរូបទៀតនៃគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រះវិហារ បានបង្ហាញពីចម្ងល់ចំពោះហានិភ័យ និងបញ្ហាប្រឈម ដែលអាចកើតតាមក្រោយនៃការវិវត្តនយោបាយថ្មីៗក្នុងប្រទេសកម្ពុជា។
លោកបានសួរលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអ្នកការពារគម្រោងចាយវាយឆ្នាំ ២០១៨ របស់រដ្ឋាភិបាល។ លោកបានសួរយ៉ាងដូច្នេះថា៖
«ដោយសារតែសភាពការណ៍ ដែលយើងទាំងអស់គ្នាបានដឹង ទូទាំងប្រទេសអំពីព្រឹត្តិការណ៍នៃការវិវត្តនៃផ្នែកនយោបាយនោះ អីចឹងវាធ្វើឲ្យមានអ្នកនយោបាយក្រៅច្បាប់ ដើរឃោសនា អកុសល្យ ទីមួយគឺបិទជំនួយមកកម្ពុជា ទីពីរគឺ មិនឲ្យអន្តរជាតិទិញទំនិញកម្ពុជា។ តើហានិភ័យនេះប៉ះពាល់អ្វីខ្លះដល់ ប្រជាជនកម្ពុជា? ប៉ះពាល់អ្វីខ្លះដល់ថវិកាជាតិនៅថ្ងៃអនាគត»។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា វឌ្ឍនភាពនៃកម្ពុជា មិនមែនបានមកដោយមិនមានបញ្ហានោះទេ ពោលគឺ កម្ពុជាធ្លាប់បានឆ្លងកាត់វិបត្តិហិរញ្ញវត្ថុក្នុងតំបន់ និងសកល យ៉ាងហោចចំនួនពីរដង ទម្រាំរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំមកដល់ពេលបច្ចុប្បន្ន។ លោកបន្តថា កម្ពុជាបានកាត់បន្ថយការពឹងផ្អែកជំនួយផ្តល់ពីបរទេសសម្រាប់ការចាយវាយ គឺ បន្ថយពី ៧០ភាគរយនៅឆ្នាំ១៩៩៥ មកនៅ ២១,៤ភាគរយនៅឆ្នាំ២០១៧ ហើយគេរំពឹងថា វានឹងថយចុះមិនដល់២០ភាគរយទេនៅឆ្នាំ២០១៨ ដែលធ្វើឲ្យកម្ពុជាមានឯករាជ្យភាពច្រើនឡើងខាងថវិកា។ លោកបន្តថា ក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមក ក្រោយការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ ប្រាក់សន្សំរបស់រដ្ឋាភិបាលបានកើនខ្ពស់គឺ មានប្រហែលជាង ៨ភាគរយនៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស.)។ លោកអះអាងថា កម្ពុជាក៏មានធនធានបម្រុងរបស់រដ្ឋសម្រាប់ធានា គ្រប់គ្រងសភាពការណ៍នៅពេលមានវិបត្តិសេដ្ឋកិច្ច ឬហិរញ្ញវត្ថុ។
ពាក់ព័ន្ធនឹងសម្ពាធហិរញ្ញវត្ថុពីខាងក្រៅប្រទេសដែលអាចកើតមានក្រោយការរំលាយគណបក្សប្រឆាំង លោកអូន ព័ន្ធមុនីរ័ត្ននិយាយថា៖
«ខ្ញុំ បើសិនជាបញ្ហាហ្នឹង ឧបមាថា វានឹងកើតមានឡើងចុះ ខ្ញុំក៏ពិបាកនឹងឆ្លើយដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយថា តើវាកើតមានឡើង ឬអត់? ខ្ញុំគ្រាន់តែអាចចង់បញ្ជាក់ថា អញ្ចេះថា នៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិជារួម ការសម្រេចរបស់ប្រទេសនីមួយៗ ប្រហែលជាមិនសម្រេច ដោយផ្អែកលើអារម្មណ៍ទេ គេសម្រចការងារដោយផ្អែកទៅលើអ្វី ដែលជាទំនាក់ទំនង និងផលប្រយោជន៍ជាក់ស្តែងនៅក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស»។
សម្ពាធពីអន្តរជាតិ ហាក់មិនមែនបញ្ហាសំខាន់ចំពោះលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ ព្រោះថា រដ្ឋាភិបាលប្រទេសនិមួយៗមានការពិចារណាល្អិតល្អន់មុននឹងចាត់វិធានការណាមួយ ដើម្បីភាពរកាំរកូសនៃទំនាក់ទំនងនានា។ លោកអូន ព័ន្ធមុនីរ័ត្ន ពន្យល់ថា បញ្ហាសំខាន់នោះគឺ ស្ថិតនៅត្រង់សមត្ថភាពនៃការដឹកនាំ ដែលជា គន្លឹះសម្រាប់ទប់ទល់ក្នុងដោះស្រាយបញ្ហាប្រឈមនានា។
«ប៉ុន្តែរឿងទាំងអស់ហ្នឹងជារឿងមួយ។ អ្វីដែលសំខាន់គឺ សមត្ថភាពរបស់យើងនៅក្នុងការគ្រប់គ្រងប្រទេស នៅក្នុងការដឹកនាំ និងការធានានូវដំណើរទៅមុខរបស់យើង ដើម្បីឆ្លងកាត់ការលំបាក បញ្ហាប្រឈម ដែលខ្ញុំថា អាកាសធាតុមិនល្អបាទ»។
ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ គេឃើញក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង យូរៗម្តង បានចូលរួមការប្រជុំអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ តែមិនដែលផ្តល់សេចក្តីយល់ព្រមលើច្បាប់ថវិកាជាតិនោះឡើយ ដោយហេតុកង្វះតម្លាភាព និងបញ្ហាមិនប្រក្រតីនានាក្នុងការចាយវាយ និងខ្ចី។
តែទោះជាយ៉ាងណាក្តី អ្នកស្រី ឡោក ខេង បានបញ្ជាក់ឲ្យដឹងនៅក្នុងអង្គប្រជុំសភាថា រដ្ឋាភិបាលបានប្រឹងប្រែងបង្កើនការយកចិត្តទុកដាក់មិនត្រឹមតែទៅលើការរក្សាឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ តែថែមទាំងបានផ្តោតការយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ។ ជាងនេះទៅទៀត រដ្ឋាភិបាលបានរួមចំណែកផ្តល់ការឧបត្ថម្ភដល់ការដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រ និងជួយបន្ធូរបន្ថយថ្លៃចំណាយផ្សេងៗរបស់កម្មករ ដូចជាថ្លៃទឹកភ្លើង ការព្យាបាលជំងឺ និងប្រាក់ឧបត្ថម្ភក្នុងពេលសម្រាលកូន ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។
ក្រុមអ្នកសង្កេតការណ៍ថ្លែងថា ការប្រឹងប្រែងជួយទំនុកបម្រុង និងដំឡើងប្រាក់ខែមន្ត្រីរាជការ និងការកែទម្រង់ជាច្រើនទៀតក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ កើតមានឡើង ក្រោយការកើនឡើងខ្លាំងនៃសំឡេងក្រុមជំទាស់ ដែលបានផ្តល់ការសន្យាជាច្រើនមុនការបោះឆ្នោតជាតិឆ្នាំ ២០១៣ រួមមានការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងការកែទម្រង់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ហើយនិងការពង្រឹងសេវាសាធារណៈជាច្រើនទៀត។
ការដំឡើងប្រាក់ឈ្នួលកម្មករដល់១៧០ដុល្លារសម្រាប់ឆ្នាំ២០១៨ក៏បានធ្វើឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សា និងអហិង្សា ជាបន្តបន្ទាប់។ តួយ៉ាង កាលពីដើមឆ្នាំ២០១៤កន្លងទៅ បាតុកម្មទាមការតម្លើងប្រាក់ឈ្នួលអហិង្សាមួយក្បែរផ្លូវវេងស្រេងត្រូវបានបង្ក្រាបដោយកម្លាំងកងទ័ព៩១១ ដែលជិតដិត និងលោក ហ៊ុន សែន បណ្តាលឱ្យកម្មករយ៉ាងហោចណាស់៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផ្សេងទៀត៕