ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រារាំង​ការ​ដើរ​ហែរ​ក្បួន​ប្រឆាំង​ច្បាប់​អង្គការ


អាជ្ញាធរ​កម្ពុជា​ នៅថ្ងៃ​អង្គារ​នេះ ​បាន​រារាំង​គ្រប់​ចំណុច​គោល​ដៅ​នៃ​ការចាប់​ផ្តើមដើរ​ហែរ​ក្បួន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​មិនពេញ​ចិត្ត​នឹង​ការ​ត្រៀម​ពិភាក្សា​ និង​អនុម័ត​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​ ការ​រារាំង​នេះ​បាន​កើត​មាន​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ​ផ្លូវ​ជាតិ​លេខ​២​ក្នុង​ខណ្ឌ​មានជ័យ ​មហា​វិថី​កម្ពុជា​ក្រោម​ក្នុង​ខណ្ឌ​ទួលគោក ​និង​មហា​វិថី​ព្រះ​មុន្នី​វង្ស​ក្នុង​ខណ្ឌ​ដូនពេញ។

ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​ដីធ្លី​ ហើយ​នឹង​ប្រជា​ពលរដ្ឋ​ទូទៅ​ប្រមាណ​ជា​ជាង​២០០​នាក់បានស្រែក​ច្រៀង​បទ​ «យើង​មិន​ត្រូវការ​ច្បាប់​នេះ​ទេ»​ជា​ច្រើនដង​នៅ​ពី​មុខ​រដ្ឋសភា​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់ពីពួកគេ​ត្រូវ​បាន​អាជ្ញាធរ​រាប់​រយ​នាក់​បាន​រាំង​ខ្ទប់​ពួក​គេ​មិន​ឲ្យ​ដើរ​ហែ​ក្បួន​ចេញ​ពី​គោល​ដៅ​កំណត់​ចំនួន​៤​ដើម្បី​សម្តែងការ​មិន​ចង់​បានច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដល់​មហា​ជន​ទូទៅ។​

ប៉ូលីស​បង្ក្រាប​បាតុករ​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​រារាំង​ការដើរក្បួន​ក្នុងយុទ្ធនាការប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)
ប៉ូលីស​បង្ក្រាប​បាតុករ​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​រារាំង​ការដើរក្បួន​ក្នុងយុទ្ធនាការប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)

ចេញ​ដំណើរ​ពី​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ផ្លូវ​ជាតិ​លេខ​២​ក្នុង​ខណ្ឌ​មានជ័យ​ ហើយ​និង​មហា​វិថី​ធំពីរ​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ​គឺ​មហា​វិថីកម្ពុជា​ក្រោម ​និង​មហា​វិថី​ព្រះ​មុន្នីវង្ស ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ដើរ​ថ្មើរ​ជើង​ និង​ជិះរឺម៉ក​ឆ្ពោះ​មក​កាន់​រដ្ឋសភា​ជាតិ​ ដែល​សន្តិសុខត្រូវ​បាន​រឹតបន្តឹង​ដោយ​ការ​ដាក់​រាយ​របារ​ដែក​នៅ​គ្រប់​ចក ​និងកម្លាំង​ប៉ូលិស​ ហើយនឹង​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ទៀត។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ការ​រារាំង​ពី​អាជ្ញាធរ​មក​ដល់​រដ្ឋសភា​ជាតិ​ក្រោយ​ពី​សភា​បាន​បញ្ចប់​ការ​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោក​អំ សំអាត​ ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មាន​ចេតនា​បិទ​សិទ្ធិ​សេរីភាព​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី​ ហើយ​អាជ្ញាធរ​គាំទ្រការ​ធ្វើ​ច្បាប់​នេះ។​

សកម្មជន​ម្នាក់​ ចូលរួម​យុទ្ធនាការប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)​
សកម្មជន​ម្នាក់​ ចូលរួម​យុទ្ធនាការប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)​

លោក​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​បញ្ជាឲ្យ​អ្នក​តវ៉ា​ដោះ​អាវ ​ដែល​មាន​ស្លាក​សញ្ញា​ប្រឆាំង​ច្បាប់​អង្គការ​ ហើយ​បាន​ទាញ​យក​បដារ​ដែល​សរសេរ​ថា​«និយាយ​ថា​ ទេ!​ ច្បាប់​សហជីព ​សមាគម​ និង​អង្គការ» ​នៅ​ពេល​ដែល​អ្នក​តវ៉ា​ទាំង​នោះ​ព្យាយាម​ដើរ​ចេញ​ពី​ចំណុច​រាំង​ខ្ទប់។​

«ថ្ងៃ​នេះ​អាជ្ញាធរ​ហាក់​ដូច​ជា​ខ្លាច​ពាក្យ​ថា​ "និយាយ​ថា​'ទេ'​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល"​ហ្នឹង​ខ្លាំង​ណាស់ ​ហើយ​គាត់​ថា ​បើ​ចង់​ចូល​រាជធានី​ ទាល់​តែ​ដោះ​ខោអាវ​ហ្នឹង​ចេញ។ ​អញ្ចឹង​បាន​ន័យ​ថា​ អាជ្ញាធរ​ទាំង​អស់ខ្លាច​ទៅ​លើ​អាវ​ហ្នឹង ​ហើយ​ខ្លាច​ទៅ​លើបដារ​ទាំងអស់​ហ្នឹង»។​

លោក​អំ សំអាត​ថ្លែង​អះអាង​ថា ​យុទ្ធនាការ​ថ្ងៃ​នេះ​គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុម​អ្នក​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ ហើយ​លោក​ឲ្យ​ដឹង​ទៀត​ថា ​ ​ យុទ្ធនាការ​ជំទាស់​នឹង​ការ​ធ្វើ​ច្បាប់​នេះនឹង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត​ដោយ​អហិង្សា​ និង​សន្តិវិធី។​

ទោះ​ជា​មាន​ការ​រាំង​ខ្ទប់យុទ្ធនាការ​នេះ​ក៏ដោយ​ តែមិន​មាន​ការ​ប៉ះ​ទង្គិច​ដែល​អាច​បង្កឲ្យ​មាន​របួស​ស្នាម​រវាង​អាជ្ញាធរ ​និង​ក្រុម​អ្នក​តវ៉ា​ទេ​ ដោយ​ក្រុម​អ្នក​តវ៉ា​ និង​អាជ្ញាធរ​គ្រាន់​តែ​រុញច្រាន​គ្នា​ទៅវិញ​ទៅមក​មួយ​រយៈ​ពេលខ្លី​នៅ​តាម​ចំណុច​គោល​ដៅ​នៃ​ការ​ចាប់​ផ្តើម​ដើរ​ក្បួន។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស។​ ពួក​គេ​និយាយ​ថា នៅចំណុច​ចេញ​ដំណើរ​នីមួយៗ​ មាន​មនុស្ស​ប្រមាណ​ជា១០០​ទៅ​១៥០​នាក់។​

លោក​ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​អាជ្ញាធរ​ ដែល​បាន​រារាំង​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ​ហើយ​ថា ការណ៍​ដែល​អ្នក​តវ៉ា​ពាក់អាវ​យឺត​សខ្មៅ​ដែល​មាន​ស្លាក​សញ្ញា​និយាយ​ថា​ 'ទេ' ​ចំពោះសេចក្តី​ព្រាង​ច្បាប់​នេះគឺ​ជា​ទង្វើ​ខុស​ច្បាប់។​

«វា​ខុស​ច្បាប់។​ តើ​នេះ​ជា​ច្បាប់​ហើយ​ឬនៅ? ​វា​អត់​មាន​ទាន់​ក្លាយ​ជា​ច្បាប់​ទេ។​ ​ វា​ជា​សេចក្តី​ព្រាងច្បាប់»។​

លោក​សង្កត់​ធ្ងន់​ថា៖​

«យើង​ខ្ញុំ​មិន​អាច​ឲ្យ​រាជធានី​ភ្នំពេញ​មួយ​ក្លាយ​ទៅ​ជា​ទីក្រុង​មួយ​សម្រាប់​ការ​តវ៉ា របស់​អ្នក​តវ៉ា​អាជីព​មុខ​ដដែលៗ​នោះ​ទេ»។​

លោក​ឈាង វុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេថា ​ការ​ពិគ្រោះ​យោបល់​ជា​សា​ធារណៈ​មួយ​នឹង​ធ្វើ​ឡើង​នៅ​រដ្ឋសភា​ជាតិ​នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា​ខាង​មុខ​ ដោយ​បើក​ឲ្យ​មាន​ការ​ចូល​រួម​ពី​តំណាងអង្គការ​មិន​មែន​រដ្ឋាភិបាលដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

លោក​បន្ថែម​ថា​ ការ​ពិគ្រោះ​យោបល់​នេះ​ធ្វើ​ឡើង​តែ​ម្តង​ទេ។

«ចប់​ពិគ្រោះ​យោបល់​ហ្នឹង​ ពិភាក្សា​អីទៀត​ ពិភាក្សា​ហ្នឹង​ហើយ»។​

លោក​អំ សំអាត​បាន​ស្វាគមន៍​ចំពោះ​ការ​បើក​ពិគ្រោះ​យោបល់​នេះ​ តែ​លោក​ពន្យល់​ថា ​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចង់​ឃើញ​ការ​ជជែក​ពិភាក្សា​គ្នា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ច្រើន​លើក​ច្រើន​សារ​មុន​ពេល​សភា​ធ្វើ​ការ​អនុម័ត​ច្បាប់​នេះ។

«អា​ហ្នឹង​គឺ​ខាង​សង្គម​ស៊ីវិល​ស្វាគមន៍​ក្នុង​ការ​ចូល​រួម​ ប៉ុន្តែ​បើ​កិច្ច​ពិគ្រោះ​យោបល់ ឬ​ក៏​ហៅ​ថា​ សិក្ខា​សាលា​បង្គ្រប់​កិច្ច​បាន​ន័យ​ថា​ មួយ​ព្រឹក​ ឬ​មួយ​ថ្ងៃ​ វា​មិន​អាច​ទៅ​ធ្វើ​អី​បាន​ទេ​ ចំពោះ​ច្បាប់​សមាគម​ អង្គការ​ក្រៅ​រដ្ឋាភិបាល។ ​បើ​សិន​តែមួយ​ព្រឹក ​មួយ​ថ្ងៃ​គឺដូច​ជា​ NGO ​ទាំង​អស់​ហ្នឹងចូល​គ្រាន់តែបង្គ្រប់​កិច្ច​ឲ្យ​គេ​អនុម័ត​តែ​ប៉ុណ្ណឹង​ទេ»។​

នៅ​ឯ​រដ្ឋសភា​ជាតិ​ឯណោះ​វិញ​ ក្រុម​អ្នក​តំណាងរាស្រ្តនៃ​គណបក្ស​សង្គ្រោះ​ជាតិ​បីរូប​បាន​ចូលរួម​ជា​មួយ​ក្រុម​អ្នក​តវ៉ា​ដែល​បានរាំច្រៀង​នៅ​ពីមុខ​រដ្ឋ​សភា​ជាមួយ​និង​បទ​ចម្រៀង​ជំទាស់​នឹងសេចក្តី​ព្រាងច្បាប់​នេះ។​ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​បីរូប​នេះ​លើក​ឡើង​ថា​ ពួកគេ​នឹង​មិន​លើក​ដៃ​អនុម័ត​ច្បាប់​នេះ​នៅ​ក្នុង​សភា​ឡើយ។ ​រីឯ​អ្នក​ចូល​រួម​ផ្សេង​ទៀត ​ដែល​ភាគ​ច្រើន​មក​ពី​សហគមន៍​រង​ការ​បំពាន​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ដីធ្លី​ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​ដែល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះទេ៕​

XS
SM
MD
LG