ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ច្បាប់​ថ្មី​នៅ​​កម្ពុជា​ត្រៀម​ជួយ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨

  • Robert Carmichael

ការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាល​ពីថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

គណបក្ស​កាន់​អំណាច​របស់​ប្រទេស​កម្ពុជា​បានបាត់​បង់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​អំឡុងពេលបោះឆ្នោត​កាល​ពី​២​ឆ្នាំ​មុន ​ហើយ​ពួក​អ្នក​រិះគន់និយាយ​ថា ​ឥឡូវនេះ​ ​សមាជិក​សភា​កំពុង​ជំរុញ​ច្បាប់​ដ៏​តឹង​រ៉ឹង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការបាត់​បង់​នេះ​នឹង​មិន​កើត​មាន​ឡើង​ម្តង​ទៀត។​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ​សភា​បាន​អនុម័ត​ច្បាប់​ថ្មី​អំពី​តុលាការ ច្បាប់​បោះ​ឆ្នោត ​ហើយ​នឹង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ ច្បាប់​ផ្សេងៗ​ទៀត​ដែល​គ្រប់គ្រង​លើ​សហជីព​និង​ប្រព័ន្ធ​អ៊ីនធើណិតក៏កំពុង​ធ្វើ​ដែរ។​

មាន​ការភ័យ​ខ្លាច​អំពី​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ចំនួន​បី​ ​ដែលសភា​កម្ពុជា​បាន​អនុម័ត​កាល​ពីប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ហើយក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​សភា​ទំនង​ជា​នឹង​អនុម័ត​ច្បាប់​២​ផ្សេង​ទៀត។​ គេ​បារម្ភ​ថា ​ច្បាប់​ទាំងនេះ​នឹង​ត្រូវដោយ​គណបក្ស​កាន់​អំណាច​ប្រើ​ប្រាស់​មិន​ត្រឹមត្រូវមុន​ការ​បោះឆ្នោត​ទូទៅ​ឆ្នាំ​២០១៨​ ដើម្បី​បង្ក្រាប​ពួក​ប្រឆាំង​ហើយ​នឹង​ពង្រឹង​ការ​កាន់​អំណាច​របស់​ខ្លួន។​

សេចក្តី​ព្រាង​ច្បាប់ជា​បន្ត​បន្ទាប់​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លទ្ធផលនៃ​ការ​បោះឆ្នោត​ដ៏​គួរ​ឲ្យ​តក់​ស្លុត​នៅ​ឆ្នាំ​២០១៣​ នៅពេល​ដែល​គណបក្ស​ប្រឆាំង​ជិត​ទទួល​បានជ័យជម្នះ។ ​ច្បាប់​ទាំង​នោះ​ ដែល​អនុម័ត​ថ្មីៗ​បំផុត​នេះ​គឺ​ច្បាប់ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែល​មាន​ភាសា​ស្រពិច​ស្រពិល បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​អំណាច​យ៉ាង​ច្រើន​ដើម្បី​បិទ​អង្គការក្រៅ​រដ្ឋាភិបាល​ ឬ​សមាគម ដែល​ខកខាន​មិន​បាន​ធ្វើ​ទៅ​តាម​ការ​ចុះ​បញ្ជី​ និងតម្រូវការ​តឹងរឹង ​ឬ​ដែល​គេថា​ ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​សាមគ្គី​ភាព​ជាតិ​ ឬ​វប្បធម៌។​

រដ្ឋាភិបាល​អះអាង​ថា ​ច្បាប់​នោះ​នឹង​រារាំង​ភេរវកម្ម​ និង​ការ​លាង​លុយ​កខ្វក់។​ ច្បាប់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មានភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង។ ​សហភាព​អឺរ៉ុប ​អង្គការ​សហ​ប្រជាជាតិ​ និង​សហ​រដ្ឋ​អាមេរិក​ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ទាំងអស់ ​បាន​និយាយ​ប្រឆាំងនឹង​ច្បាប់​នេះ។​ អង្គការ​មិន​រក​កម្រៃ​រាប់​រយ​ផ្សេង​ទៀត​បាន​អំពាវនាវ​ឲ្យ​បោះបង់​ច្បាប់​នេះ​ចោល។​

ច្បាប់​អង្គការ​នេះ​ត្រូវ​ព្រឹទ្ធ​សភា​ផ្តល់​សច្ចានុម័ត​នៅ​ថ្ងៃ​សុក្រ។​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​កិច្ច​ពិភាក្សា​ច្បាប់​នេះ​ ​ក៏​ប៉ុន្តែ​ដោយ​សារ​តែពួក​គេមាន​សំឡេង​ភាគ​តិច​ ​គេ​មិន​អាច​រារាំង​ច្បាប់​នេះ​បាន​ទេ។​

លោក​អ៊ូ​ វីរៈ ​ជា​អ្នក​វិភាគ​នយោបាយ​ហើយ​នឹង​ជា​អ្នក​បង្កើត​អង្គការ​ស្រាវ​ជ្រាវ​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​«វេទិកា​អនាគត់‍»​ និយាយ​ថា ​សកម្ម​ភាព​ធ្វើ​ច្បាប់​ប្រញាប់​ប្រញាល់​គឺ​ដោយសារ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ​សែន​កំពុង​ប្រុង​ប្រៀប​ស​ម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។​

«រដ្ឋាភិបាល​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ​រដ្ឋាភិបាល​មាន​ការ​រកាំ​ចិត្ត​នឹងអង្គការ​ក្រៅ​រដ្ឋាភិបាល ​ហើយ​ជាពិសេស ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ទាក់ទង​នយោ​បាយ ដែល​និយាយ​អំពី​លទ្ធផល​នៃការ​បោះឆ្នោត ​ដែល​បាន​ត្អូញត្អែរ​អំពី​ការ​បោះឆ្នោត​គ្មាន​ភាព​សេរី​ និង​យុត្តិធម៌​ កាល​ពី​អតីត​កាល ​ជាពិសេស ​ការ​តវ៉ា​ប្រឆាំង​ដែល​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​មាន​ជម្លោះនៅ​ឆ្នាំ​២០១៣‍»។​

លោក​វីរៈ ​និយាយថា ​គណបក្សប្រជា​ជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ ចាត់​ទុក​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើនលម្អៀង​ទៅ​គណបក្ស​ប្រឆាំង។ ​ក្នុង​កែវ​ភ្នែក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន ​បាន​ថវិកា​ពីរដ្ឋាភិបាលបរទេស ​ហើយ​ដែល​បង្កើត​សេចក្តី​ភ័យ​ខ្លាច​ឲ្យលោក​ហ៊ុន ​សែន​បារម្ភ​អំពីការ​ងើប​បះបោរ ​ដូច​បដិវត្តន៍​រដូវផ្ការីក​អារ៉ាប់​ប្រឆាំង​នឹង​ការ​ដឹកនាំ​ដ៏​យូររបស់​លោកអស់​រយៈ​ពេល​៣​ទសវត្សរ៍។​

ច្បាប់​ផ្សេងៗ​ទៀត​ក៏​កំពុង​ត្រៀម​សម្រាប់​ការ​អនុម័ត​ដែរ ​ដូចជា​ច្បាប់ស្តីពី​សហជីព​ មាន​ដែល​មនុស្ស​ជា​ច្រើន​គាំទ្រ​គណបក្ស​ប្រឆាំង។​

ហើយ​ដោយសារគណបក្ស​ប្រឆាំងទទួល​សន្ទុះ​គាំទ្រ​ពី​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គមមុន​ការបោះឆ្នោត​ឆ្នាំ​២០១៣​នោះ​ ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​មាន​ការ​ភ្ញាក់​ផ្អើល​ថា ​ច្បាប់​ប្រព័ន្ធ​អ៊ីនធើណិត​ ​ដែល​ផ្តោត​លើ​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធើណិតក៏​កំពុងតែ​រៀបចំ​ដែរ។​

លោក​វីរៈ​និយាយទៀត​ថា ​ពី​ព្រោះ​តែ​បណ្តាញ​ព័ត៌មាន​សង្គម ​ដូចជា​ Facebookនិង​ You Tube​ មាន​ប្រជាប្រីយ៍​ភាពក្នុង​ចំណោម​យុវជន​កម្ពុជា​ដើម្បី​បញ្ចេញ​កំហឹង​របស់​ខ្លួន​លើ​បញ្ហា​នយោបាយ​ដ៏​រសើប​នោះ​ ​ នោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​បញ្ហា​នេះ ​ឥឡូវនេះ ហាក់​ដូច​ជាកើត​មាន​ឡើង។​

«ខ្ញុំ​គ្មាន​ការភ្ញាក់​ផ្អើល​ទេ ​ប្រសិន​បើ​ច្បាប់​ស្តីពី​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនធើណិត ​ឬ​ច្បាប់​ស្តីពី​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធើណិត​នឹង​ត្រូវ​គេ​ ប្រើ​ប្រាស់​ជាលេស​ដើម្បី​ព្យាយាម​រក​វិធី​បង្ក្រាប​សេរីភាព​ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការត្រួតត្រា​របស់​គណបក្ស​កាន់​អំណាច។​ ​ហើយ​នេះ​ ​គឺសេរីភាពតាមប្រព័ន្ធ​អ៊ីនធើណិត»។​

អ្នក​វិភាគ​ផ្សេង​ទៀត​យល់ស្រប​ថា ​ច្បាប់​ទាំង​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រុង​ប្រៀប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មុន​ការ​បោះឆ្នោត​លើក​ក្រោយ។​ ក្នុង​ចំណោមអ្នក​វិភាគ​ទាំង​នោះ​មាន​លោក ​Sebastian Strangio ​អ្នក​កាសែត​និង​ជា​អ្នក​និពន្ធ ​ដែល​សៀវភៅ​របស់​លោក​មាន​ចំណង​ជើង​ថា​ Hun Sen’s Cambodia ​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ សៀវភៅ​នោះ​បាន​រៀប​រាប់ពី​ព្រឹត្តិ​ការណ៍​នយោបាយ​របស់​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក។​

លោក ​Strangio ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​មាត្រា​នៃ​ច្បាប់​អង្គការ​នោះ​បាន​បង្ហាញ​បញ្ហា​ដែល​បាន​ចាក់​ ឫស​ជាយូរ​ណាស់​មក​ហើយ​គឺ៖ ​ដំណោះស្រាយ​មួយ​ចំនួន​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​គឺ​ជា​ផ្នែក​មួយ​ដែល​គណបក្ស​កាន់​អំណាច​មាន​ការ​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣។​

«ខ្ញុំ​គិត​ថា ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​ហើយ​ជាការណ៍​ពិត​ ក្នុង​រយៈ​ពេល​២​ទសវត្សរ៍​ ចាប់​តាំង​ពី​មាន​បេសក​កម្ម​អង្គការ​សហ​ប្រជាជាតិ​មក​ ​គណបក្ស​ប្រជាជន​កម្ពុជា ​(CPP) ​បាន​មើល​ឃើញ​ថា​ ​អង្គការ​សង្គម​ស៊ីវិល​ជា​ក្រុម​គាំទ្រ​មហា​អំណាច​លោក​ខាងលិច ហើយ​ពួកគេ​មិន​សប្បាយ​ចិត្ត​នឹង​សង្គម​ស៊ីវិល​ទេ។​ ហើយ​ខ្ញុំ​គិត​ថា ​ច្បាប់​នេះ មិនមែន​ជា​មធ្យោ​បាយ​ដែលអាច​លុប​បំបាត់​អង្គការ​សង្គម​ស៊ីវិល​ទាំង​មូល​ទេ។ ​ក៏ប៉ុន្តែ​ ​វា​អាច​ជា​ឧបករណ៍​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជាអនុវត្ត​ការ​រឹតត្បិត​ដែល​ពួកគេ​បាន​បង្កើត‍​ឡើង»។​

រដ្ឋាភិបាល​បាន​ទទូច​ថា ​ការ​ព្រួយ​បារម្ភ​បែប​នេះជា​ការ​យល់​ខុស។លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ស ខេង​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ​គេមិន​គួរ​ភ័យ​ខ្លាច​ថា ​ច្បាប់​នោះ​ត្រូវ​គេ​ប្រើ​មិន​សមស្រប​នោះ​ទេ។ ក៏​ប៉ុន្តែ​អង្គនិតិ​ប្រតិបត្តិ​ ដែល​ត្រួតត្រា​ពេញ​ទំហឹង​លើ​ប្រព័ន្ធ​តុលាការ ​មាន​ប្រវត្តិ​ជា​យូរ​យារ​ណាស់​មក​ហើយ​ក្នុង​ការធ្វើ​ដូចនេះ​ជាមួយ​ច្បាប់​ផ្សេងៗ​ទៀត។​

ឧទាហរណ៍ ​កាល​ពី​ថ្ងៃ​អង្គារ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ពួក​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​១១​នាក់​ឲ្យ​ជាប់​គុក​ ដែលខ្លះ​មាន​ទោស​រហូត​ដល់​២០​ឆ្នាំ​ លើ​បទ​ចោទ​ប្រកាន់​ពី​ការ​បះបោរ។ ​តើ​នេះ​ជា​ឧក្រិដ្ឋ​កម្ម​ឬ? ​ពួក​គេ​គ្រាន់​តែ​មាន​វត្ត​មាន​នៅ​ឯ​ការ​តវ៉ា​ប្រឆាំង​ក្រោយ​ការ​បោះឆ្នោត​ក្នុង​រាជ​ធានី​កាល​ពី​ឆ្នាំ​ទៅ ដែល​កើត​មាន​ហិង្សា។ ​អង្គការ​សង្គម​ស៊ី​វិល​បាន​ហៅ​សាលក្រម​នោះ​ថា ​«មិន​សមហេតុ​ផល‍»៕​

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG