ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់​ឈ្នួល​សម្រាប់​​កម្មករ​រោងចក្រ​នៅ​តែ​ជា​បញ្ហា​ ​


ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)
ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

សហជីព​បាន​និយាយ​ថា ​កម្មករ​ត្រូវ​ការ​ប្រាក់​ខែ​យ៉ាង​ហោច​ណាស់​១៧៧​ ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​ជា​​ប្រាក់​ខែ​មួយ​សមរម្យ។ ​ប៉ុន្តែ​រោងចក្រ​មិន​យល់​ស្រប។

កម្មការិនី​ សុខ រ៉េន ​បាន​ចាក​ចេញ​ពី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កូន​តូច​របស់​អ្នកស្រី​នៅ​ស្រុក​កំណើត​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​ ហើយ​បាន​មក​រស់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​តូច​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​រក​ការងារ​ខាង​ផ្នែក​រោង​ចក្រ​កាត់ដេរ​នៅ​ក្នុង​ទីក្រុង។

អ្នកស្រីបាន​ប្រាប់​ VOA ​ខ្មែរ​ថា អ្នកស្រី​កាត់ចិត្ត​មក​រស់​នៅ​ឆ្ងាយ​ពី​កូន​នៅ​ស្រុក​កំណើត​ ​ដោយ​សារ​តែ​គ្មាន​ការងារ​ធ្វើ​នៅ​ស្រុក។​

«ខ្ញុំ​ត្រូវ​មក​នៅ​ភ្នំពេញ​មក​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​គ្រួសារ»។​

សព្វ​ថ្ងៃ​អ្នកស្រី ​សុខ រ៉េន​ អាយុ​៣៨​ឆ្នាំ ​ត្រូវ​ធ្វើការ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ហើយ​ជា​ធម្មតា​អ្នកស្រីអាច​រក​ប្រាក់​ចំណូលបាន​ប្រមាណ​១៣០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អាច​បញ្ជូន​លុយ​ខ្លះ​ទៅ​ស្រុក​កំណើត​ដើម្បី​ចិញ្ចឹម​កូន​តូច​របស់​អ្នកស្រី​និង​ទំនុកបម្រុង​គ្រួសារ។ ​អ្នកស្រី​ត្រូវ​បង់​លុយ​ថ្លៃផ្ទះ​ជួល​ចំនួន​២០​ដុល្លារ​ក្នុង​មួយ​ខែ ​និង​ត្រូវ​រំលែក​ប្រាក់​ខែ​ដ៏​ស្តួចស្តើង​នេះ​ផ្ញើ​ទៅ​ស្រុក​កំណើត​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​ជា​រៀង​រាល់​ខែ​ទៀត​ផង។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ អ្នកស្រីបាន​បន្ថែម​ទៀត​ថា ​ថ្លៃ​ម្ហូប​អាហារ​ ថ្លៃ​ភ្លើង​អគ្គិសនី និង​ថ្លៃ​ផ្ទះ​ជួល​គឺ​កើន​ឡើង ​ដែល​ជា​បញ្ហា​ដែល​នាង​មិន​ដឹង​ថា​ ត្រូវ​ទ្រទ្រង់​បាន​ដល់​ពេល​ណា។​

សហជីព​បាន​និយាយ​ថា ​កម្មករ​ត្រូវ​ការ​ប្រាក់​ខែ​យ៉ាង​ហោច​ណាស់​១៧៧​ ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​ជាប្រាក់​ខែ​មួយ​សមរម្យ។ ​ប៉ុន្តែ​រោងចក្រ​មិន​យល់​ស្រប។

សព្វ​ថ្ងៃ​នេះ ​អង្គការ​ពលកម្ម​អន្តរជាតិ​ ​(ILO)​ បាន​ចេញ​ផ្សាយ​នូវ​ព្រឹត្តិប័ត្រ​ព័ត៌មាន​ដែល​តាម​ដាន​ដំណើរការ​វិស័យ​កាត់ដេរ​ដែល​បង្ហាញ​ពីសន្ទុះ​កំណើន​នៅ​ក្នុង​វិស័យ​នេះ។​

ព្រឹត្តិប័ត្រ​ព័ត៌មាន​របស់​អង្គការ ​ILO បាន​បញ្ជាក់​ថា ​កម្មករ​ និង​សហជីព​គឺ​មាន​ការ​ព្រួយ​បារម្ភ​អំពីបញ្ហា​ប្រាក់​ឈ្នួល។ ​ម៉្យាង​វិញ​ទៀត ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​រឿង​សំខាន់​ដែល​អាច​មាន​ផល​ប៉ះពាល់​ទៅ​លើ​សហ​គ្រាស​ ផលិតភាព ​ភាព​ប្រកួត​ប្រជែង ​និង​ការងារ។​

វិបត្តិ​ប្រាក់ខែ​អប្បបរមា​នេះ​បាន​ឡើងកម្ដៅនៅ​ពេល​បាន​កម្មករ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដ​កម្ម ​និង​មាន​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​ពី​អាជ្ញាធរ ​ដែល​មាន​មនុស្ស​ស្លាប់យ៉ាងតិច​៥​នាក់ និង​ច្រើន​នាក់​ទៀត​រង​របួស។

លោក ​អាត់ ធន ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ ឬ​ហៅ​កាត់​ថា ​C-CAWDU ​បាន​ប្រាប់ ​VOA ​ខ្មែរ​ថា ​ប្រាក់​ឈ្នួល​អប្បបរមា​សព្វ​ថ្ងៃ​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​កម្មករ​អាច​រស់​បាន​ទេ។​

លោក​បាន​បញ្ជាក់​ថា ​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​នេះ​មិន​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​ការ​ប្រកួត​ប្រជែង​ទេ ​ពី​ព្រោះរោង​ចក្រ​ទាំង​អស់​គួរ​តែ​ផ្តល់​នូវ​ប្រាក់​ឈ្នួល​ដែល​ល្មម​គ្រប់​គ្រាន់​សម្រាប់​ជីវភាព​រស់​នៅ​របស់​កម្មករ។​

លោក​បាន​បន្ត​ទៀត​ថា៖​ «ប្រាក់​ឈ្នួល​អប្បបរមា​របស់​ប្រទេស​មួយៗ​ ទោះ​បី​ជា​ឡើង​ដល់​ណា​ ក៏​គេ​នៅ​តែ​ផ្តល់​ប៉ុណ្ណឹង​ដែរ​ ដោយ​សារ​តែ​នេះ​ជា​តម្រូវ​ការ​មូលដ្ឋាន»។​

អ្នកស្រី​ យ៉ាង សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​ថ្លែង​ថា ​នៅ​ពេល​ដែល​វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​មាន​ការ​កើន​ឡើង​ជា​គំហុក ​បា្រក់​ឈ្នួល​កម្មករ​យើង​ក៏​ត្រូវ​ធ្វើ​ការ​គណនា​បន្ថែម​ទៀត​ផង។ ​អ្នកស្រី​និយាយ​ថា ស្ថានភាព​រស់​នៅ​របស់​កម្មករ​បច្ចុប្បន្ន​មាន​ភាព​លំបាក​ ដូចជា​ហូប​ចុក​មិន​គ្រប់​គ្រាន់ ​និង​ធ្វើ​ការ​ដោយ​មាន​ការ​បន្ថែម​ម៉ោង។ ​ប្រសិន​បើ​ប្រាក់​ឈ្នួល​កម្មករ​ឡើង​ ដែល​អាច​ឲ្យ​ពួកគេអាច​មាន​ជីវភាព​សមរម្យ​ ​ពួក​គាត់​អាច​មាន​ឱកាស​ទៅ​រៀន​យក​ចំណេះ​បន្ថែម​ដើម្បី​ឲ្យ​មាន​ជំនាញ​ច្រើន ​និង​រក​ចំណូល​បាន​កាន់​តែ​ច្រើន។​

លោក​អាត់ ធន់​បាន​បន្ត​ទៀត​ថា ​បើ​ប្រាក់ឈ្នួល​របស់​កម្មករ​មានកម្រិតទាប​ ​នោះ​វា​អាច​នឹង​ប៉ះពាល់​ទៅ​លើ​កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន។ ​ប្រសិន​បើ​រោង​ចក្រ​នៅ​ក្នុង​ស្រុក​ខ្មែរ​មិន​អាច​ផ្តល់​នូវ​ប្រាក់​ខែ​សមរម្យ​សម្រាប់​កម្មករ​នោះ​ទេ​ ​នោះ​កម្មករនឹង​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស។ ​លោក​និយាយ​ថា៖​ «ពួក​គេ​តែង​យល់​ខុស​ថា​ ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគរត់ចេញ។​ តាម​ពិត​អត់​ទេ។​ បើ​សិន​ជា​យើង​រក្សា​អ្នក​ជំនាញ​បាន​ល្អ ​និង​កម្លាំងពលកម្ម​ខ្លាំង​ ទើប​ជា​ការ​ពេញ​ចិត្ត​របស់​អ្នក​រកស៊ី»។​

ចំណែក​ឯ​កម្មការិនី ​មុនី ស្រីមុំ អាយុ​២២​ឆ្នាំ ​បាន​ប្រាប់ ​VOA ខេមរភាសា​ថា​ ​ប្រាក់​ឈ្នួល​ទាប​បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​នាង​ជួប​ប្រទះ​ការ​លំបាក។ ​នាង​បាន​មក​ធ្វើ​ការ​នៅ​ភ្នំពេញតាំង​ពី​នាង​នៅ​អាយុ​១៥​ឆ្នាំ​ម្ល៉េះ។ ​សព្វ​ថ្ងៃ​នាង​ធ្វើ​ការ​នៅ​វេន​យប់​ ចាប់​តាំង​ពី​ម៉ោង​៧យប់​ដល់​៦​ព្រឹក ​ហើយ​នាង​អាច​រក​ប្រាក់​ចំណូល​បាន​ត្រឹម​តែ​៨​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​យប់។ ​នាង​បាន​ប្រាប់​VOA​ខ្មែរ​ថា៖ ​«កាល​ពី​ដំបូង លំបាក​ខ្លាំង​ណាស់​ ក៏​ប៉ុន្តែ​ខ្ញុំ​ធ្លាប់​នឹង​ការងារ​នេះ​ហើយ។ ​ប្រាក់​ខែ​នៅ​តែ​ចាយមិន​គ្រប់​គ្រាន់ ​ហើយ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​គ្រួសារ​របស់​ខ្ញុំ ​ដែល​ពេល​ខ្លះ​ខ្ញុំ​មាន​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ឲ្យ​គាត់។​ ខ្ញុំ​ចង់​ធ្វើ​ចំណាក​ស្រុក​ដែរ​ តែ​ខ្ញុំ​មិន​ស្គាល់​គេ​ ​ហើយ​វា​គ្រោះ​ថា្នក់​ផង»។

XS
SM
MD
LG