នៅព្រឹកថ្ងៃច័ន្ទនេះ ស្ត្រីរងគ្រោះបីរូប ក្នុងករណីបាញ់ប្រហារប្រព្រឹត្តដោយអតីតចៅហ្វាយក្រុងបាវិតឈ្មោះឈូក បណ្ឌិត បានដាក់ញត្តិនាវិមានរដ្ឋសភា និងស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជួយរកយុត្តិធម៌សម្រាប់រូបខ្លួន ដោយសុំឲ្យចាប់លោកឈូក បណ្ឌិតមកទទួលទោសតាមច្បាប់ ដូចលោកសុខ ប៊ុនក្នុងករណីនាងឯក សុជាតា ឬសាសា អតីតពិធីការិនីទូរទស្សន៍នោះដែរ។
លោកឈូក បណ្ឌិតត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ ហើយតុលាការបានបង្គាប់ឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនទណ្ឌិតរូបនេះមកទទួលទោសតាមច្បាប់ ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ តុលាការក៏បានបង្គាប់ឲ្យបង់សំណងជាប្រាក់ដល់ជនរងគ្រោះទាំងបីនាក់ដែលរួមមាន៖ នាងប៊ុន ចិន្តា នាងនុត សាខន និងនាងកែវ នាពី២.០០០ដុល្លារទៅ៥.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។
បន្ទាប់ពីបានដាក់ញត្តិរបស់ខ្លួននៅរដ្ឋសភា ជនរងគ្រោះទាំងបីរូបបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់នៅតែមិនទាន់បានយុត្តិធម៌នៅឡើយ ដោយអាជ្ញាធរមិនទាន់ចាប់ខ្លួនលោកឈូក បណ្ឌិតនៅឡើយ។ ហើយពួកគាត់នៅតែរស់នៅក្នុងភាពភិតភ័យ និងការឈឺចាប់។
ស្ថិតក្នុងភាពក្តុកក្តួល អ្នកស្រីនុត សាខនបានថ្លែងថា រូបគាត់ និងជនរងគ្រោះពីររូបផ្សេងទៀត ចង់ឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្វើអន្តរាគមន៍ដូចករណីកញ្ញាសាសា ឬឯក សុជាតា អតីតពិធីការិនីទូរទស្សន៍ដែលត្រូវបានឧកញ៉ាសុខ ប៊ុនវាយធ្វើបាបកាលពីដើមខែកក្កដានេះ។
«មុខរបួសពួកខ្ញុំរាល់ថ្ងៃនៅ សូម្បីតែធ្វើការរាល់ថ្ងៃក៏មិនបានពេញដែរ ពេលណាឈឺឈប់ នៅតែសម្តេចហ៊ុន សែនមិនជួយស្រែកសោះ។ ពួកខ្ញុំឈឺចាប់ណាស់ សូម្បីតែកញ្ញាសាសាហ្នឹងតែមួយអាទិត្យសោះ អាចដោះស្រាយបាន តែពួកខ្ញុំបីឆ្នាំមកហើយនៅតែមិនទាន់បានយុត្តិធម៌ទៀត។ ពួកខ្ញុំសូមអំពាវនាវឲ្យសម្តេចហ៊ុន សែនជួយស្រែកដូចករណីកញ្ញាសាសា»។
អ្នកស្រីបានបន្ថែមថា ទោះបីពួកគាត់ជាកម្មការិនីរោងចក្រក៏ដោយ ក៏ពួកគាត់គួរទទួលបានយុត្តិធម៌ដូចជនគ្រប់គ្នាដែរ។
ជាមួយគ្នានោះដែរ ជនរងគ្រោះម្នាក់ទៀត លោកស្រីកែវ នាថ្លែងថា ករណីរបស់ខ្លួនគឺមានរយៈពេលបីឆ្នាំកន្លងមកហើយ ហើយបានរស់ក្នុងភាពឈឺចាប់ និងភាពអយុត្តិធម៌។
«ពេលដែលឃើញរដ្ឋាភិបាលឱបដៃមើល... មិនមើលជនរងគ្រោះទាំងបីនាក់ហ្នឹងមានអារម្មណ៍ភ័យខ្លាច នឹកឃើញថា គាត់ ចៅហ្វាយក្រុងបាវិត គាត់មានលុយ គាត់អាចជួលមនុស្សមកបាញ់សម្លាប់ពួកខ្ញុំពេលណាក៏បានដែរ។ អញ្ចឹងពួកខ្ញុំជាជនក្រីក្រ មានតែលើកម្រាមដៃដប់សំណូមពរឲ្យរដ្ឋាភិបាលទាំងអស់ និងសម្តេចតេជោហ៊ុន សែននិងឯកឧត្តមជួយរកយុត្តិធម៌ជូនពួកខ្ញុំទាំងបីនាក់ហ្នឹង ព្រោះពួកខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់»។
លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានរត់គេចខ្លួន បន្ទាប់ពីបានបាញ់កម្មការិនីចំនួនបីនាក់រងរបួស នៅក្នុងព្រឹត្តិការណ៍បង្រ្កាបការតវ៉ារបស់ក្រុមកម្មករ ដែលបានធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគាំទ្រការដាក់ញតិ្តរបស់ជនរងគ្រោះទាំងបីរូប ដើម្បីរកយុត្តិធម៌ ក៏ប៉ុន្តែករណីកញ្ញាសាសាគឺខុសពីករណីរបស់កម្មការិនីទាំងបី ព្រោះឈូក បណ្ឌិតជាជនល្មើសមិនបានមកសារភាពនៅឡើយ។ ទោះជាយ៉ាងនេះក្តី លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទណ្ឌិតឈូក បណ្ឌិតដើម្បីមកទទួលទោសតាមច្បាប់។
«ជារួមខ្ញុំគាំទ្រនូវអ្វីដែលក្មួយទាំងបីនាក់ហ្នឹងបានដាក់ជូនទៅរដ្ឋសភារួចហើយ ហើយនេះមិនត្រឹមតែក្មួយៗដាក់ទេ តែសមត្ថកិច្ចរបស់យើងនឹងកំពុងតែតាមរកចាប់ខ្លួនឲ្យខាងតែបាន។ នេះគឺជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី។ សំខាន់គឺយើងមិនទាន់បានដឹងទីតាំងជនល្មើស វាលាក់ខ្លួននៅទីណាទេ។ ហើយឈ្លាតឱកាសនេះ សូមអំពាវនាវដល់មិត្តអ្នកស្តាប់ VOA ហ្នឹងបើដឹងជនល្មើសឈូក បណ្ឌិតនៅទីណា សូមឲ្យសមត្ថកិច្ចបានដឹងផង»។
ដោយឡែកលោកស្រីឆន សុខា មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីក៏ដូចជាជនគ្រប់រូបជឿជាក់ថា អន្តរាគមន៍ពីសំណាក់មន្រ្តីកំពូលក្នុងជួររដ្ឋាភិបាលនឹងអាចធ្វើឲ្យមានយុត្តិធម៌យ៉ាងឆាប់រហ័ស ដូចក្នុងករណីអតីតពិធីការិនីសាសានោះដែរ។ ហើយលោកស្រីយល់ថា កម្មការិនីទាំងបីរូបនេះគួរតែបានទទួលយុត្តិធម៌ផងដែរ៕