ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​សហជីព​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​​បរិយាកាស​ការងារ​ក្នុង​រោងចក្រ


រូបថតឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់​កំពុង​ទិញ​បន្លែ​ ដើម្បី​ចម្អិន​ម្ហូប​ពេល​ល្ងាច​ ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ នៅ​ក្បែរ​រោងចក្រ​មួយនៅ​ទីក្រុង​ភ្នំពេញ ថ្ងៃពុធ ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៤។ (ហេង ស៊ីនិត/AP)
រូបថតឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់​កំពុង​ទិញ​បន្លែ​ ដើម្បី​ចម្អិន​ម្ហូប​ពេល​ល្ងាច​ ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ នៅ​ក្បែរ​រោងចក្រ​មួយនៅ​ទីក្រុង​ភ្នំពេញ ថ្ងៃពុធ ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៤។ (ហេង ស៊ីនិត/AP)

មេ​ដឹកនាំ​សហជីព​ធំៗ​ពីរ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ពិនិត្យ​បរិយាកាស​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែក​ជើង និង​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ ខណៈ​ដែល​កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៣០០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល​បួន​ថ្ងៃ​កន្លង​ទៅ​នេះ។​

ការ​ដួល​សន្លប់​នេះ​បាន​កើត​ឡើង​នៅ​រោងចក្រ​ចំនួន​បី​ គឺ​រោងចក្រ​ M& V ​International Manufacturing​ ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​រោងចក្រ​ ​Vonammy​ សិ្ថត​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​ ហើយ​នឹង​រោងចក្រQuint Major ​ស្ថិត​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ដឹកនាំ​សហ​ជីព។​

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ C-CAWDU​ ឲ្យ​ដឹង​ថា​ កង្វះ​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ ​ដោយសារ​ប្រាក់​ឈ្នួល​នៅ​ទាប ​និង​បរិយាកាស​ដែល​ញាំញី​ដោយ​ជាតិ​គីមី​នៅ​ក្នុង​រោងចក្រ​ គឺ​ជា​ដើម​ចម​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ។​ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​លម្អ​លើ​ចំណុច​ពីរ​នេះ​ជាបន្ទាន់ ​ដើម្បី​បង្ការ​កុំ​ឲ្យ​កម្មករ​រដួល​សន្លប់។

«ទី​មួយ​បង្កើន​ប្រាក់​ឈ្នួល​ឲ្យ​ដល់​កម្មករ​រស់​នៅ​សមរម្យ​បាន​ កាត់​បន្ថយ​ការ​ថែម​ម៉ោង​ ការ​ចំណាយ​ត្បិត​ត្បៀត។​ អាហ្នឹង​គឺ​កម្មករ​សុខភាព​ល្អ។ ​ទី​ពីរ​ក្រុមហ៊ុន​ត្រូវ​ធ្វើ​តាម​ស្តង់ដារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដូច​ជា​ម៉ោង​ពេល​ធ្វើការ ​ដូច​ជា​កំដៅ​ ត្រូវ​ឲ្យ​មាន​កំដៅ​ប៉ុន្មាន​ ធូលី​កុំ​ឲ្យ​មាន​ជាតិ​គីមី​ ទាំង​កុំ​ឲ្យ​ប្រើ​ប្រភេទ​ណា។​ ហើយ​ម៉ោង​ពេល​ធ្វើ​ការ​កុំឲ្យ​បិទ​របង​អគារ​ហ្នឹង ​ហើយ​សូម្បី​អុកស៊ីសែន​មាន​ចេញ​ចូល​គ្រប់​គ្រាន់។​ ខ្ញុំ​គិត​ថា ​ធ្វើ​ដូច្នេះ​នឹង​លែង​មាន​បញ្ហា​ហើយ។ ​បើ​ក្រុមហ៊ុន​ណា​ល្មើស​គឺ​ត្រូវ​ពិន័យ។​ បើ​ពិន័យ​មិន​បាន​ បិទ​ចោល​មួយ​ក្រុម​ហ៊ុន​ពីរ​ក្រុមហ៊ុន​ គឺ​គេ​ខ្លាច​ហើយ។​ តែ​បើ​សិន​ជា​យើង​នៅ​តែ​អនុគ្រោះៗ គឺ​កម្មករ​សន្លប់។​ ខ្ញុំ​គិត​ថា ​មិន​អាច​ដោះ​ស្រាយ​បាន​ទេ»។​

រីឯ​លោក ​ជា មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​យល់​ឃើញ​ស្រដៀង​គ្នា​ជាមួយ​នឹង​ការ​លើក​ឡើង​របស់​លោក​ អាត់​ ធន់​ ដែរ ដោយ​លោក​បាន​បន្ថែម​ថា​ ការ​ដួល​សន្លប់​នេះ​បាន​កើត​ឡើង​តាំង​ចុង​ខែ​មិថុនា ​នៅ​ក្នុង​រោងចក្រ​បី​ផ្សេង​ទៀត​ស្ថិត​ក្នុង​ខេត្ត​តាកែវ​ កំពង់​ឆ្នាំង។ ​តាម​ការ​បញ្ជាក់​របស់​លោក​ចំនួន​កម្មករ​ដួល​សន្លប់​បាន​កើន​ដល់​៤៣៤នាក់ បើ​បូក​បន្ថែម​នឹង​ការ​ដួល​សន្លប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។​

«សំខាន់​ប្រធាន​បទ​វា​គឺ​ដោយសារ​សុខភាព​កម្មករ​វា​ខ្សោយ។​ ហើយ​ហេតុ​អី​បាន​កម្មករ​វា​ខ្សោយ​ គឺ​ដោយ​សារ​ប្រាក់​ខែ​វា​តិច។​ អញ្ចឹងគាត់​ហូប​របស់​របរ​ដែល​គ្មាន​ជីវជាតិ ​ដូចជា​លាស​ហាល​ ខ្ចៅ​ស្ងោរ ​ត្រីងៀត​ ត្រី​ចៀន​ សម្លម្ជូរ​ ជ្រក់ស្វាយ​ ជ្រក់​ម្កាក់​ ជ្រក់​អី​ដែក​ដាក់​លក់ហូរ​ហែ​តាម​ដង​ផ្លូវ​ដី​ហ៊ុយ​ទ្រលោម។ ​ទាំង​អស់​ហ្នឹង​វា​ជា​បញ្ហា​អាហារ»។

លោក​បន្ត​ថា​ អង្គការ​ពលកម្ម​អន្តរជាតិ​ និង​អ្នក​បញ្ជា​ទិញ​តែងតែ​បាន​ស្នើ​ឲ្យ​មាន​ការ​កែ​លម្អ​បរិយាស​ធ្វើ​ការ​នៅ​តាម​រោងចក្រ​ តែ​ការ​ស្នើ​នៅ​មិន​ទាន់​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ទេ​ ​ដោយសារ​តែ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ។​

«ទន្ទឹម​នឹង​ហ្នឹង ​វា​មិន​មែន ​ILO ​ទេ​ សូម្បី​តែ​អ្នក​ទិញ​មួយ​ចំនួន​ហ្នឹង​ក៏​គេ​ត្រួត​ពិនិត្យ​ទៅ​នឹង​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​សហគ្រាស​ដែរ។​ ក៏ប៉ុន្តែ​សំខាន់​បំផុត​គឺ​សេនាធិការ​របស់​រដ្ឋាភិបាល​ គឺ​ក្រសួង​ពាក់​ព័ន្ធ​ហ្នឹង​ឯង។​ ក្រសួង​ពាក់ព័ន្ធ​ហ្នឹង​ឯង​ដែល​ជា​ភ្នែក​ ជា​ច្រមុះ​ ហើយ​ត្រូវ​ទៅ​ដាក់​ពិន័យ​ទៅ​នឹង​រោងចក្រ​សហគ្រាស​ ដែល​មិន​អនុវត្តទៅ​តាម​ផ្លូវ​ច្បាប់ ហើយ​បើ​ក្រសួង​ស្ថាប័ន​ទៅ​យក​លុយ​ពី​គេ​ទៅ​ហើយ​ ឲ្យ​គេ​អនុវត្ត​ច្បាប់​យ៉ាង​ម៉េច? ​បើ​យើង​កុំ​យក​លុយ​គេ​ទៅ​ យើង​ដាក់​សម្ពាធទៅ​ បិទ​មួយ ពីរ​ បី​ បួន​ ​ប្រាំ ឬបួន​ដប់​ទៅ​ វា​មាន​អី។​ ប៉ុន្តែ​យើង​យក​លុយ​គេ ​ហើយ​ឲ្យ​គេ​បិទ​យ៉ាង​ម៉េច?​ ទៅ​បិទ​រោងចក្រ​គេ​ម៉េច?»​

VOA ​ពុំ​អាច​ទាក់ទង​ជួប​លោក ​ហេង សួ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ តែ​គ្មាន​អ្នក​ទទួល។​ VOA ​ក៏​ពុំ​អាច​ទាក់​ទង​លោក​ ជាវ ប៊ុនរិទ្ធ​ អ្នក​នាំ​ពាក្យ​បេឡា​សន្តិសុខ​សង្គមបាន​ដែរ។​

ទាក់ទិន​នឹង​ប្រាក់​ឈ្នួល​របស់​កម្មករ​ មេ​ដឹក​នាំ​សហជីព​ផ្សេងៗក្នុង​ប្រទេស​កម្ពុជា​នឹង​យក​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៧៧ដុល្លារ​ទៅចរចា​ជាមួយ​នឹង​និយោជក​ ដែល​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែក​ជើង​ ​ចាប់​ពី​ខែ​កក្កដានេះ​ទៅ។ ​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​គឺ​ជា​ចំនួន​ ដែល​មេ​ដឹកនាំ​សហជីព​រំពឹង​ទុក​សម្រាប់​ឆ្នាំ​២០១៦។​

ឧស្សាហកម្ម​កាត់​ដេរ​បាន​ផ្តល់​ការងារ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៦០០.០០០​នាក់។ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ភាព​រំជើប​រំជួល​នៅ​ក្នុង​វិស័យ​នេះ​ ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​ថ្លៃ​ទំនិញ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​បន្ត​កើន​ឡើង​លឿន​ជាង​ប្រាក់​ខែ​កម្មករ៕​

XS
SM
MD
LG