មេដឹកនាំសហជីពបាននិយាយថា សេចក្តីព្រាងច្បាប់ដើម្បីគ្រប់គ្រងសហជីពមិនបានបង្ហាញពីឆន្ទៈជួយកម្មករនោះទេ ប៉ុន្តែបែរជារារាំងដល់ដំណើរការទាមទារប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អនៅក្នុងរោងចក្រទៅវិញ។
មានមនុស្សយ៉ាងហោចណាស់៦០០.០០០នាក់ដែលធ្វើការនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនេះ។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានចលាចលច្រើន ដោយសារមានការធ្វើបាតុកម្មទាមទារឲ្យមានការដំឡើងប្រាក់ខែអប្បរមាឲ្យបានសមស្របទៅនឹងការកើនឡើងនូវថ្លៃទំនិញនានានៅក្នុងប្រទេសកម្ពុជា ដែលនឹងបន្តកើនលឿនជាងប្រាក់ខែកម្មករ។
មេដឹកនាំសហជីពក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបានជួបប្រជុំគ្នាកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីច្បាប់នេះ និងដើម្បីត្រៀមខ្លួនរកហេតុផលផ្សេងៗដែលបង្ហាញពីចំណុចអវិជ្ជមាននៃច្បាប់នេះ។
មន្ត្រីក្រសួងការងារបាននិយាយថា ច្បាប់នេះត្រូវបានគេព្រាង ហើយនឹងត្រូវបញ្ជូនទៅក្រសួងយុត្ដិធម៌ ដើម្បីពិនិត្យនៅសប្តាហ៍ក្រោយ។
លោក សាត សមុទ្រ អនុរដ្ឋលេខាធិការនៃក្រសួងការងារ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់សហជីពដែលមាន១៧ជំពូក និង៩៩មាត្រានេះត្រូវបានតាក់តែងឡើងដើម្បីធានាឲ្យសហជីពមានភាពរុងរឿង។
លោកបានមានប្រសាសន៍ថា អនុសាសន៍ពីសហជីពនឹងត្រូវបានក្រសួងពិចារណា។ លោកបាននិយាយថា សហជីពគួរតែ៖ «ផ្ញើ[អនុសាសន៍]ទៅក្រសួង»។
លោក David Welsh នាយកប្រចាំប្រទេសកម្ពុជានៃក្រុមសាមគ្គីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា លោកបានឃើញសេចក្តីព្រាងច្បាប់នេះហើយ។ លោកថ្លែងថា សេចក្តីព្រាងច្បាប់នេះមិនបម្រើប្រយោជន៍សហជីព ឬកម្មករនោះទេ។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះផ្ដល់ផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
លោក David Welsh បានសរសេរតាមអ៊ីមែលមួយថា៖ «ពួកគេប្រើច្បាប់នេះដើម្បីគំរាមកំហែងចលនារបស់សហជីពឯករាជ្យ ដែលមិនមែនជាសហជីពនៅជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការគំរាមកំហែងដល់សេរីភាពសហជីព និងកម្មករចំពោះការចរចាប្រាក់ឈ្នួលអប្បបរមានៅក្នុងឆ្នាំនេះ»។
លោកបានបន្ថែមថា៖ «នេះនឹងផ្តល់ឱកាសឲ្យសហជីពពុករលួយ ដែលរដ្ឋាភិបាលនឹងប្រើដើម្បីធ្វើឲ្យខូច ឬអាចឈានដល់ការលុបបំបាត់សហជីពឯករាជ្យ»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះនឹងដាក់ការពិន័យធ្ងន់ធ្ងរទៅលើមេដឹកនាំសហជីព ហើយថែមទាំងអាចមានអំណាចដាក់ពួកគេទៅក្នុងពន្ធនាគារ ប្រសិនបើពួកគេមិនបានជូនដំណឹងដល់រដ្ឋាភិបាលអំពីសកម្មភាពសហជីពរបស់ពួកគេ។
លោក អាត់ ធន់ ត្រូវបានកោះហៅទៅតុលាការកាលពីឆ្នាំមុន ហើយត្រូវបានតម្រូវឱ្យបង្ហាញខ្លួននៅការិយាល័យឃុំ សង្កាត់ ដែលគាត់រស់នៅជារៀងរាល់ខែ។
សហជីពបានសរសេរលិខិតមួយច្បាប់ផ្ញើរទៅក្រសួងការងារ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរចំណុចដ៏ចម្រូងចម្រាសនៃសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ ឬលុបចំណុចនោះចោលតែម្តង។
មាត្រាមួយនៃសេចក្តីព្រាងនេះតម្រូវចែងថា ដើម្បីបង្កើតសហជីពបាន សកម្មជនសហជីពត្រូវមានកម្មករចូលរួមយ៉ាងហោចណាស់២០ភាគរយនៃចំនួនកម្មករសរុប។ មាត្រាផ្សេងទៀតចែងអំពីការពិន័យ និងការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរដល់សហជីពនៅក្នុងករណីកម្មករនិយោជិតបង្កើតចលាចល។
សេចក្តីព្រាងច្បាប់នេះក៏តម្រូវឱ្យសហជីពចុះបញ្ជីជាមួយនឹងរដ្ឋាភិបាលម្តងទៀត ហើយតម្រូវឲ្យមានការបញ្ជាក់យល់ព្រម ទើបអាចដំណើរការបាន។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅតែបន្តការគាំទ្រឲ្យច្បាប់នេះឲ្យចេញឲ្យបានឆាប់ បើទោះជាមានសំណើពីក្រុមសហជីពឲ្យបញ្ឈប់ការបង្កើតច្បាប់នេះក្តី។
លោកបានប្រាប់វីអូអេថា៖ «យើងត្រូវការឲ្យច្បាប់ហ្នឹងចេញឆាប់ ពីព្រោះឥឡូវនៅស្រុកខ្មែរ ឈ្មោះស្រុកខ្មែរគេឃើញហើយ គេអត់ហ៊ានមកធ្វើរោងចក្រទៀតទេ ពីព្រោះកម្មកររង់ចាំក្រុមសហជីពណែនាំធ្វើកូដកម្មខុសច្បាប់រហូត អត់នីតិវិធីច្បាប់ទេ»។
ការតវ៉ារបស់កម្មករដើម្បីឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីខែមករា ដើមឆ្នាំ២០១៤បានប្រឈមនឹងការបង្រ្កាបដោយអំពើហិង្សាពីរដ្ឋាភិបាល ដែលនាំឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួនប្រាំនាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ព្រមជាមួយនឹងការដាក់ពន្ធនាគារមេដឹកនាំសហជីព និងកម្មករមួយចំនួនទៀត។
បន្ទាប់ពីមានការតវ៉ាទាំងនោះ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់១២៨ដុល្លារក្នុងមួយខែ ប៉ុន្តែក្រុមកម្មករបាននិយាយថា ពួកគេត្រូវការយ៉ាងហោចណាស់១៧៧ដុល្លារក្នុងមួយខែ ដើម្បីទប់ទល់នឹងការកើនឡើងនូវការចំណាយក្នុងការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ន។
មេដឹកនាំសហជីព និងកម្មករធ្លាប់បានប្រឈមនឹងសកម្មភាពទ្រគោះបោះបោកពីអាជ្ញាធរ។ មនុស្សជាច្រើននាក់បានរងការវាយដំយ៉ាងដំណំ ការចាប់ខ្លួន ឬចាប់ដាក់ពន្ធនាគារ។ មេដឹកនាំផ្សេងទៀតរបស់សហជីព រួមមានដូចជាលោក អាត់ ធន់ ត្រូវបានគេចោទប្រកាន់ពីបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋ ការបំផ្លាញទ្រព្យសម្បត្ដិរបស់អ្នកដទៃ និងបង្កការរំខានដល់អាជ្ញាធរ។ ពួកគេត្រូវបានព្រមានមិនឱ្យចូលរួមក្នុងការប្រមូលផ្តុំជាសាធារណៈទេ។
លោក អាត់ ធន់ បាននិយាយថា ច្បាប់ថ្មីនេះនឹងធ្វើឱ្យសហជីព និងកម្មករមានការពិបាកកាន់តែខ្លាំងទៀត។
លោក អាត់ ធន់ បាននិយាយថា៖ «នេះមានន័យថា សេរីភាពសហជីពធ្លាក់ចុះ ហើយនឹងមិនមានការតវ៉ា។ កម្មករនឹងត្រូវរំលោភបំពានដោយគ្មាននរណាការពារពួកគេ។ និយោជក និងរដ្ឋាភិបាលនឹងធ្វើអ្វីតាមចិត្តពួកគាត់។ ច្បាប់នេះធ្វើឡើងដើម្បីបំពេញចិត្តនិយោជក ហើយវាគំរាមសហជីពឯករាជ្យ»។
លោក Welsh បាននិយាយថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនោះ នោះសហជីពមួយចំនួននឹងត្រូវបានរារាំងមិនឲ្យធ្វើសកម្មភាពផ្សេងៗនោះទេ។
លោកបាននិយាយថា៖ «រដ្ឋាភិបាលកំពុងស្នើថា លក្ខខណ្ឌរបស់សហជីពអាចនឹងត្រូវផ្លាស់ប្តូរ ឬលុបចោល បើសិនជាមេដឹកនាំណាមួយទទួលការផ្តន្ទាទោសពីបទល្មើសព្រហ្មទណ្ឌណាមួយ។ នៅក្នុងបរិបទប្រទេសកម្ពុជានេះគឺមានភាពគ្រោះថ្នាក់ណាស់ ព្រោះបច្ចុប្បន្ននេះ ស្ទើរគ្រប់មេដឹកនាំធំៗរបស់សហជីពត្រូវប្រឈមមុខនឹងរឿងក្តីព្រហ្មទណ្ឌ ដែលជ្រោមជ្រែងដោយរដ្ឋាភិបាល និងឧស្សាហកម្មកាត់ដេរ»។
លោក វ៉ន ពៅ ដែលជាមេដឹកនាំនៃសមាគមមួយ ដែលហៅថា IDEA ត្រូវបានគេចាប់ខ្លួននៅក្នុងការតវ៉ាឆ្នាំ២០១៤ និងប្រឈមមុខនឹងការចោទប្រកាន់ពីបទផ្សេងៗ។ លោកបាននិយាយថា លោកមានការព្រួយបារម្ភថា អ្នកដែលមានរឿងក្តីនៅតុលាការដូចជារូបលោកនឹងមិនអាចដឹកនាំសហជីពបានទេនៅក្រោមច្បាប់ថ្មីនេះ។
«សូមឲ្យសហគមន៍អន្តរជាតិ និងអ្នកបញ្ជាទិញក្នុងវិស័យកាត់ដេរ រឹតបន្តឹងកុំឱ្យច្បាប់នេះចេញ ព្រោះអត់មានប្រយោជន៍ដល់កម្មករទេ មានច្បាប់ការងារហើយ»។
លោក Welsh បាននិយាយថា មានគុណវិបត្តិផ្សេងទៀតនៅក្នុងសេចក្តីព្រាងច្បាប់នេះ។ ឧទាហរណ៍សេចក្ដីព្រាងច្បាប់នេះមិនរាប់បញ្ចូលមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ អ្នកធ្វើការក្នុងស្រុក និងអ្នកបើកបររឺម៉កកង់បី និងក្រុមផ្សេងទៀតទេ។ លោកបាននិយាយថា វារំលោភទៅលើច្បាប់ការងារអន្តរជាតិ។
លោក Welsh បាននិយាយថា៖«ច្បាប់នេះក៏បានផ្តល់អំណាចឲ្យមន្ត្រីក្រសួង ដែលមិនមែនជាតុលាការ មានសិទ្ធិក្នុងកំណត់ថា តើការធ្វើកូដកម្មខុសច្បាប់ ឬស្របច្បាប់ និងច្បាប់នេះមានសក្តានុពលដាក់កំហិតលទ្ធភាពរបស់សហជីពធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ។ វាគឺជាសេចក្តីព្រាងច្បាប់ដែលមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ចលនាសហជីពពាណិជ្ជកម្មឯករាជ្យ» ។
ប្រសិនបើរដ្ឋាភិបាលនៅតែបន្តជំរុញច្បាប់នេះ នោះវានឹងនឹងនាំឲ្យមានផលលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការវិនិយោគបន្តបន្ទាប់ទៀត។
លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បាននិយាយថា ច្បាប់នេះគឺបង្កើតឡើងដើម្បីបំបិទសំឡេងរបស់កម្មករ និងសហជីព។ លោកបាននិយាយថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព និងសេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនេះ«មានចំណុចគាបសង្កត់ដូចគ្នា»៕