ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្ដេជ្ញា​ថា​នឹង​ពិនិត្យ​មើល​ភាព​គឃ្លើន​របស់​រុស្ស៊ី និង​ទប់ទល់​អតិផរណា


លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​​ស្ដី​អំពី​ស្ថានភាព​សហព័ន្ធ (State of the Union) ទៅ​សម័យ​ប្រជុំ​រួម​របស់​រដ្ឋសភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​១ ខែ​មីនា ឆ្នាំ​២០២២។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​​ស្ដី​អំពី​ស្ថានភាព​សហព័ន្ធ (State of the Union) ទៅ​សម័យ​ប្រជុំ​រួម​របស់​រដ្ឋសភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​១ ខែ​មីនា ឆ្នាំ​២០២២។

ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ​មួយដែល​កំពុង​តែ​ព្រួយបារម្ភ និង​ពិភពលោក​មួយដែល​កំពុង​តែ​ខ្វាយខ្វល់ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្ដេជ្ញា​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំស្ដី​អំពី​ស្ថានភាព​សហព័ន្ធ (State of the Union) កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​ នឹង​យក​ចិត្ត​ទុកដាក់​ចំពោះ​ភាព​គឃ្លើន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន កាត់​បន្ថយ​ការ​កើនឡើង​អតិផរណា​នៅ​ក្នុង​ប្រទេស និង​ដោះស្រាយ​បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​កំពុង​តែ​ចុះ​ថមថយ ប៉ុន្តែ​នៅ​តែ​ជាគ្រោះថ្នាក់​ចំពោះ​ប្រជាជន។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ AP។​

លោកប្រធានាធិបតី​បាន​ស្នើ​ឲ្យ​សមាជិក​សភា​ទាំង​ពីរ​ថ្នាក់ ​ក្រោក​ឈរ​ឡើង​ដើម្បី​សម្តែង​ការ​គោរព​ដល់​ពលរដ្ឋ​អ៊ុយក្រែន​ នៅ​ពេល​ដែល​លោក​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​នេះ។ សមាជិក​សភា​បាន​នាំ​គ្នា​ក្រោក​ឈរ និង​ទះ​ដៃ​អបអរ​ជនជាតិ​អ៊ុយក្រែន​ដែល​មាន​វត្តមាន​នៅ​ទីនោះ។ ​

ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​សហរដ្ឋ​អាមេរិក លោកស្រី Oksana Markarova ធ្វើ​កាយវិការ​អរគុណ​ប្រធានាធិបតី​អាមេរិក ​លោក​ Joe Biden ក្នុង​អំឡុងពេល​លោក​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២។
ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​សហរដ្ឋ​អាមេរិក លោកស្រី Oksana Markarova ធ្វើ​កាយវិការ​អរគុណ​ប្រធានាធិបតី​អាមេរិក ​លោក​ Joe Biden ក្នុង​អំឡុងពេល​លោក​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២។

នៅ​ក្នុង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា លោក Biden បាន​គូស​បញ្ជាក់​អំពី​ភាព​អង់អាច​ក្លាហាន​របស់​ប្រជាជន​អ៊ុយក្រែន​ដែល​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី និង​ការ​ប្ដេជ្ញា​របស់​សម្ព័ន្ធមិត្ត​បស្ចិមប្រទេស​ដែល​បាន​ផ្ដល់​គ្រឿង​សព្វាវុធ​ដល់​យោធា​អ៊ុយក្រែន និង​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​តាមរយៈ​ទណ្ឌកម្ម។ លោក​ Biden ក៏​បាន​ព្រមាន​អំពី​ផលវិបាក​នៃ​ទណ្ឌកម្ម​នេះ​មក​លើ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ផង​ដែរ ប៉ុន្តែ​លោក​ក៏​បាន​ព្រមាន​ថា ប្រសិន​បើ​គ្មាន​ផលវិបាក​ទាំង​នេះ​ទេ នោះ​ភាព​គឃ្លើន​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចំពោះ​ប្រទេស​អ៊ុយក្រែន​នឹង​មិន​អាច​ទប់​មិន​ឲ្យ​រាលដាល​កាន់​តែ​ធំ​បាន​ទេ។ ​

លោក Biden ថ្លែង​ថា៖ «នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង យើង​បាន​រៀន​អំពី​មេរៀន​ដែល​ថា នៅ​ពេល​ដែល​មេដឹកនាំ​ផ្ដាច់ការ​មិន​ទទួល​បាន​ផលវិបាក​ពី​សកម្មភាព​គឃ្លើន​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​បង្ក​ភាព​ចលាចល​កាន់​តែ​ច្រើន»។ លោក​បាន​ថ្លែង​ទៀត​ថា៖ «ពួកគេ​បន្ដ​បង្ក​រឿង ហើយ​ផល​វិបាក​និង​ការ​គំរាមកំហែង​ចំពោះ​សហរដ្ឋ​អាមេរិក​និង​ពិភពលោក​បន្ដ​កើនឡើង»។ ​

លោក Biden បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​តាម​ប្រទេស​កាណាដា និង​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ហាមឃាត់​យន្ដហោះ​របស់​រុស្ស៊ី​មិន​ឲ្យ​ហោះហើរ​នៅ​លើ​ដែន​អាកាស​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ដើម្បី​ជា​ការ​សងសឹក​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។ លោក​ក៏​បាន​និយាយ​ថា ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​កងកម្លាំង​ពិសេស​មួយ​ដើម្បី​តាមដាន​ឧក្រិដ្ឋកម្ម​របស់​ពួក​អ្នក​មាន​អំណាច​រុស្ស៊ី ដែល​លោក​ហៅ​ថា​ជា​«ពួក​មេដឹកនាំ​ពុករលួយ ដែល​កេងប្រវ័ញ្ច​ប្រាក់​រាប់​ពាន​លាន​ដុល្លារ​ពី​របប​ហិង្សា​នេះ»។​


សមាជិក​សភា​អាមេរិក​ជាច្រើន​បាន​ពាក់​ក្រឡាស់​អាវ​ជា​ពណ៌​ទង់ជាតិ​អ៊ុយក្រែន។

លោក Biden បាន​លើកឡើង​អំពី​ផែនការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អតិផរណា​តាមរយៈ​ការ​វិនិយោគ​ឡើង​វិញ​ទៅ​លើ​សមត្ថភាព​ផលិត​របស់​អាមេរិក បង្កើន​ល្បឿន​សង្វាក់​ផ្គត់ផ្គង់ និង​កាត់​បន្ថយ​បន្ទុក​សេវា​មើល​ថែទាំ​កូនក្មេង និង​មនុស្ស​ចាស់​របស់បុគ្គលិក​ក្នុង​ផ្នែក​នេះ។

លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​ជម្រើស​មួយ។ ជម្រើស​មួយ​ក្នុង​ការ​ទប់ទល់​នឹង​អតិផរណា​គឺ​ត្រូវ​កាត់​បន្ថយ​ប្រាក់​ឈ្នួល និង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​កាន់​តែ​ក្រ។ ប៉ុន្តែ​ខ្ញុំ​មាន​ផែនការ​មួយ​ដែល​ល្អ​ជាង​នេះ​ក្នុង​ការ​ទប់ទល់​អតិផរណា នោះ​គឺ​កាត់​បន្ថយ​ការ​ចំណាយ មិនមែន​កាត់ប្រាក់​ចំណូល​នោះ​ទេ»។


លោក Biden បាន​ដើរ​ចូល​ទៅ​កាន់​វិមាន​សភា​ដោយ​មិន​ពាក់​ម៉ាស់​ការពារ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ថយ​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ និង​គោលការណ៍​ណែនាំ​ថ្មី​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​បញ្ជាក់​ដល់​សាធារណជន​ថា ពួកគេ​អាច​ត្រឡប់​ទៅ​ធ្វើ​សកម្មភាព​ធម្មតា​ដូច​នៅ​មុនពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​បាន​វិញ​ហើយ។ ប៉ុន្តែ​វិមាន​សភាត្រូវ​បានដាក់​ព័ទ្ធ​ដោយរបង​ការពារ​ថ្មី ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​ការ​វាយលុក​ចូល​វិមាន​សភា​កាល​ពី​ឆ្នាំ​មុន។

ក្នុងបរិបទ មាន​ក្តី​បារម្ភ​ក្នុង​ប្រទេស និង​គ្រោះថ្នាក់​នៅ​បរទេស សេតវិមានដំបូង​ឡើយ​ប្រាថ្នាយក​សុន្ទរកថា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ជា​ឱកាស​មួយ​ដើម្បី​សង្កត់ធ្ងន់​ទៅ​លើ​ស្ថានភាព​ទូទៅ​ដែល​ប្រសើរ​ជាង​មុន​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ កែប្រែ​អាទិភាព​គោលនយោបាយ​ក្នុង​ស្រុក​របស់​លោក​ Biden ជាថ្មី និង​បង្ហាញ​មាគ៌ា​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាជន​ដែល​ជួប​ទុក្ខលំបាក​ដោយសារ​តែ​ការ​កើនឡើង​អតិផរណា។ ប៉ុន្តែសុន្ទរកថា​ប្រចាំឆ្នាំ​នេះ​កាន់​តែ​មាន​សារៈសំខាន់ថ្មី​ទៀត ដោយ​សារ​មាន​ស្ថានការណ៍​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន នោះ​គឺ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន និង​ការ​កំញ៉ើញ​ប្រើ​អាវុធនុយក្លេអ៊ែរ​របស់​លោក Putin៕
ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

អត្ថបទ​ទាក់ទង

XS
SM
MD
LG