ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន ធ្វើ​ឲ្យ​កក្រើក​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី


ប្រជាពលរដ្ឋ​អ៊ុយក្រែន កាន់បដា​ប្រឆាំង​សង្គ្រាម និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្នុង​អំឡុងពេល​ដើរ​ដង្ហែ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​បាងកក បន្ទាប់ពី​ការលុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (Tommy Walker/វីអូអេ)
ប្រជាពលរដ្ឋ​អ៊ុយក្រែន កាន់បដា​ប្រឆាំង​សង្គ្រាម និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្នុង​អំឡុងពេល​ដើរ​ដង្ហែ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​បាងកក បន្ទាប់ពី​ការលុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (Tommy Walker/វីអូអេ)

កាលពី​ពេល​មុន​ប្រទេស​សិង្ហបុរី បាន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត​កាលពី៤៤ឆ្នាំ​មុន។ ការដាក់​ទណ្ឌកម្ម​នេះ​គឺ​នៅពេល​ដែល​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​វៀតណាម​ចំពោះ​ការឈ្លានពាន​កម្ពុជា។

ក៏ប៉ុន្តែ នៅ​សប្តាហ៍​នេះ សិង្ហបុរី បាន​ប្រកាស​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Bivian Balakrishnan បាន​និយាយ​ថា បញ្ហា​នេះ ធ្វើការវាយ​ប្រហារផ្នែក​សំខាន់ៗ​លើ​ប្រទេស​តូចៗ​ដូចជា ​«សិទ្ធិ​ដើម្បីអត្ថិភាព​រស់រាន​និង​រីក​ចម្រើន»។

លោក Lim Tai Wei ​បង្រៀន​នៅឯ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី។ លោក​ និយាយ​ថា​ សិង្ហបុរី ជា​ប្រទេស​តូច​មួយ​នៃ​ប្រទេស​តូច​ៗ​ជា​ច្រើន​ដែល​គិត​ថា អាច​ងាយ​ទទួលគ្រោះថ្នាក់​ ប្រសិន​បើ សណ្តាប់​ធ្នាប់​របស់​ពិភពលោក​នៅពេល​បច្ចុប្បន្ន​នេះ មិន​ត្រូវ​បាន​ការពារ​នោះ​ទេ។ លោក​បាន​ថ្លែង​ថា៖

«សិង្ហបុរី ​គិត​គូរ​យ៉ាង​ខ្លាំង​អំពី​អធិបតេយ្យភាព​របស់​ខ្លួន។ ការគិត​នោះ គឺ​ថា​ ប្រសិន​បើ​ប្រទេស​ងាយ​ទទួល​រងគ្រោះមួយ​ អាច​ត្រូវ​បាន​គេ​ឈ្លានពាន​ ការណ៍​នេះ ក៏​អាច​កើត​មាន​ឡើង​ដល់​ប្រទេស​តូចៗ​ផ្សេង​ទៀត​ដែរ»។

ការដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​នោះ ​មិនមែន​តែ​សិង្ហបុរី​មួយ​ទេ។ ប្រទេស​ច្រើន​ទៀត​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​តំបន់​អាស៊ី​ខាង​កើត ​ចាប់តាំង​ពី​ប្រទេស​ជប៉ុន​រហូត​ដល់​កូរ៉េ​ខាង​ត្បូង​ដល់​អូស្ត្រាលី ​បាន​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​ប្រហាក់​ប្រហែល​នេះ។

ជប៉ុន​ជាពិសេស​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ប្រទេស​រុស្ស៊ី។ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្លែង​ថា៖

«នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​និយាយ​ថា លោក​បាន​ប្រាប់​លោក​ប្រធានា ធិបតី​អ៊ុយក្រែន​ថា លោក​ឈរ​ជាមួយ​អ៊ុយក្រែន ​ហើយ​និង​ស្នើសុំ​ជួយ​ផ្តល់​ការគាំទ្រ​ដោយ​ស្មោះត្រង់​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន»។

មិន​មែន​ប្រទេស​ទាំង​អស់​នៅ​ទ្វីប​អាស៊ី ​សុទ្ធតែ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​នោះ​ទេ។ ចិន​និង​កូរ៉េ​ខាង​ជើង បាន​ការពារ​រុស្ស៊ី ដោយ​និយាយ​ថា ​មូលហេតុ​នៃ​ជម្លោះ​នោះ គឺ​ដោយសារ​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​រដ្ឋាភិបាល​ភាគ​ច្រើន​ បាន​នៅ​រក្សា​ការ​ស្ងាត់​ស្ងៀម។

កាលពី​សប្តាហ៍​មុន ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​អ៊ុយក្រែន​ដែល​បាន​ទប់​មិន​ពណ៌នា​អំពី​ចំណាត់​ការ​របស់​រុស្ស៊ី​ថា ​ជា«ការឈ្លាន​ពាន»។ តាម​ការពិត ​សេចក្តី​ថ្លែង​ការណ៍នោះ ​មិន​បាន​និយាយ​អំពី​ប្រទេស​រុស្ស៊ី​ទាល់តែ​សោះ។

លោក Lim និយាយ​ទៀត​ថា ពីព្រោះ​តែ​ប្រទេស​ជាច្រើន​នៅ​ទីនោះ ​មាន​ចំណង​ទាក់ទង​ខាង​សេដ្ឋកិច្ច​និង​យោធា​យ៉ាង​ខ្លាំង​ជាមួយ​រុស្ស៊ី​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក។ លោក​បាន​ថ្លែង​ថា៖

«នៅ​ក្នុង​សមាគម​អាស៊ាន ប្រទេស​ខ្លះ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ជា​ប្រពៃណី​និង​យូរអង្វែង​ជាមួយ​រុស្ស៊ី ដូច្នេះ ​ពួកគេ​ នឹង​មាន​ការ​ប្រុងប្រយ័ត។ ដូច្នេះ នៅ​ក្នុងន័យ​នេះ ​សំឡេង​របស់​សម្ពន្ធមិត្ត​សហរដ្ឋ​អាមេរិក ដូចជា​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​និង​ដៃគូ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ទៀត​ដូច​ជា​សិង្ហបុរី​ប្រហែល​ជាត្រូវ​នាំមុខ​ដ៏សំខាន់​ចំពោះ​ការដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី»។

ក៏ប៉ុន្តែ ​សូម្បី​ក្នុង​ចំណោម​សម្ពន្ធមិត្ត​សហរដ្ឋ​អាមេរិក​ក៏​ដោយ​ ស្ថានភាព​អ៊ុយក្រែន​ អាច​ធ្វើ​ឲ្យ​ចំណង​ទាក់ទង​មាន​ការផ្លាស់ប្តូរ​ជាមួយ​រុស្ស៊ី។ ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន បាន​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ប្រសើ​ឡើង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ការខំ​ប្រឹង​ប្រែង​ទាំង​នេះ ​ឥឡូវ​នេះ ​ហាក់​ដូចជា​ស្ថិតនៅ​ក្នុង​ភាព​គ្រោះថ្នាក់។

ឯកអគ្គរដ្ឋ​ទូតរុស្ស៊ី​ប្រចាំ​នៅ​រដ្ឋធានី​សេអ៊ូល បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ចំណង​ទាក់ទង​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាង​ត្បូង មាន​ភាព​ប្រសើ​ឡើង​ក្នុង​រយៈពេល៣០ឆ្នាំ​នេះ។ លោក​និយាយ​ទៀត​ថា អ្វីៗ​ហាក់​ដូចជា«មាន​ការផ្លាស់ប្តូរ»៕

ប្រែសម្រួល​ដោយ​ លោក ជឹង ប៉ូជីន

XS
SM
MD
LG