ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង Kharkiv រង​ការ​បាញ់​គ្រាប់ផ្លោង​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី ៦ ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន


សាកសពជនរងគ្រោះក្នុងករណីបាញ់គ្រាប់មីស៊ីលរបស់កងទាហានរុស្ស៊ីលើអគាររដ្ឋបាលមួយនៅកណ្តាលទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។
សាកសពជនរងគ្រោះក្នុងករណីបាញ់គ្រាប់មីស៊ីលរបស់កងទាហានរុស្ស៊ីលើអគាររដ្ឋបាលមួយនៅកណ្តាលទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។

ទីក្រុង Kharkiv ដែល​ជា​ទីក្រុង​ធំ​ទី ២ របស់​ប្រទេស​អ៊ុយក្រែន បាន​រង​ការ​វាយប្រហារយ៉ាង​ដំណំ ដោយ​សារ​ការ​បាញ់​គ្រាប់​ផ្លោង​យ៉ាង​ខ្លាំងក្លាពី​កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ខណៈកងទ័ព​រុស្ស៊ី​កាន់តែ​ច្រើន​កំពុង​ឈរជើង​នៅ​តាម​បណ្តោយ​ផ្លូវ​ភាគ​ខាង​ជើង​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ៦ នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​ចែក​រំលែក​វីដេអូ​នៃ​ការ​វាយប្រហារ​មួយ​ទៅ​លើ​អាគារ​រដ្ឋបាល​តំបន់ Kharkivនៅ​កណ្តាល​ទីក្រុង​នោះ​ដែល​មាន​ភ្លើង​ឆាបឆេះ​សន្ធោរសន្ធៅនិង​ផ្សែង​ខ្មួរខ្មាញ់​នៅ​ពេល​ដែល​រថយន្ត​ជាច្រើន​បាន​ឆ្លង​កាត់​តំបន់​នោះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​ពណ៌នា​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​ទៅ​លើ​ទីលាន​ដ៏​សំខាន់​របស់​ទីក្រុង Kharkiv កាល​ពី​ថ្ងៃអង្គារ​ថា​ជា «អំពើ​ភេរវកម្ម» និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក​ថ្លែង​ថា «គ្មាន​នរណា​នឹងត្រូវ​លើកលែង​ទោស​ឲ្យ​ជា​ដាច់​ខាត។ គ្មាន​នរណា​នឹង​បំភ្លេច​ហេតុការណ៍​នេះ​ជា​ដាច់​ខាត។ នេះ​ជា​អំពើ​ភេរវកម្ម​របស់​សហព័ន្ធ​រុស្ស៊ី»។

មន្ត្រី​សង្គ្រោះបន្ទាន់​ម្នាក់ បាន​និយាយ​ថា ការ​វាយប្រហារ​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ៦ នាក់​និង​ធ្វើ​ឲ្យ​របួស ២០ នាក់​ដែរ។

បន្ថែម​ពី​នេះ នៅ​ពេល​ដែល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន បាន​ចូល​ដល់​ថ្ងៃ​ទី ៦ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ចំពោះ​ការ​ស៊ុំគ្រលំ​ជាមួយ​អ្វី​ដែល​លោក​បាន​ចាត់ទុក​ថា​ជា​របប​ណាហ្ស៊ី​នៅ​ក្នុង​ទីក្រុង​កៀវ។ អ៊ុយក្រែន​និង​ប្រទេស​លោក​ខាង​លិច និយាយ​ថា ​រុស្ស៊ី កំពុង​ចាប់ផ្តើម​ការ​វាយប្រហារ​ដែល​មិន​បង្ក​មូលហេតុ​ទៅ​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន។

នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ចាប់​ផ្តើម​ថ្លែង​សុន្ទរកថា អ្នក​ចូល​រួម​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ងើប​ឡើង​ហើយ​ដើរ​ចេញ​ពី​សាលប្រជុំ។ លោក Lavrov មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ​ពីព្រោះ​លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​សុន្ទរកថា​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​តាម​ប្រព័ន្ធ​វីឌីអូ​ជំនួស​ឲ្យ​ការ​ថ្លែង​ដោយ​ផ្ទាល់​ដូច​ដែល​លោក​ចង់​ធ្វើ។

លោក Lavrov បាន​ចោទប្រកាន់​ដោយ​កំហឹង​លើ​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក​ដែល​បាន​រារាំង​មិន​ឲ្យ​លោក​ជិះយន្ត​ហោះ ឆ្លង​កាត់​ដែន​អាកាស​របស់​ពួកគេ​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ។ បន្ទាប់​មក​លោក បាន​ចំណាយ​ពេល ២០ នាទី ​រិះគន់​គោលនយោបាយ​របស់ «ប្រទេស​លោក​ខាង​លិច» ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​អាមេរិកដែល​លោក​បាន​អះអាង​ថា បាន​ដឹកនាំ​របប​រដ្ឋាភិបាល​ក្រុងកៀវ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ចាប់តាំង​ពី​ឆ្នាំ ២០១៤ មក។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​រូប​នេះ បាន​ចោទ​ប្រកាន់​របប​អ៊ុយក្រែន​ពី​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម និង​ការ​ធ្វើ​សង្គ្រាម​រយៈពេល ៨ ឆ្នាំ​ប្រឆាំង​នឹង​ពលរដ្ឋ​រុស្ស៊ី​និង​ពលរដ្ឋ​ដែល​និយាយ​ភាសា​រុស្ស៊ី​នៅ​ក្នុង​តំបន់​ផ្តាច់​ខ្លួន ២ គឺ Donetsk និង Luhansk។ កំណត់​សម្គាល់​ទាំង​នេះ ផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​ទស្សនៈ​របស់​សហគមន៍​អន្តរជាតិ​ភាគ​ច្រើន។

ទិដ្ឋភាពកណ្តាលក្រុង Kharkiv ក្រោយរងការបាញ់គ្រាប់មីស៊ីលរបស់ទាហានរុស្ស៊ី ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។
ទិដ្ឋភាពកណ្តាលក្រុង Kharkiv ក្រោយរងការបាញ់គ្រាប់មីស៊ីលរបស់ទាហានរុស្ស៊ី ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។

ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Joseph Borell បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ដែល​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទីក្រុង Kharkiv ជា «ការ​រំលោភ​ច្បាប់​សង្គ្រាម»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ច្រានចោល​ការចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ហើយ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា «កងទ័ព​រុស្ស៊ី មិន​បាន​ធ្វើ​ការ​វាយប្រហារ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​និង​តំបន់​នានា​ដែល​មាន​អ្នក​ស្រុក​រស់​នៅ​ទេ»។

ថ្វី​បើ​មាន​ភស្តុតាង​នៃ​ការ​វាយប្រហារ​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លើ​ផ្ទះ​សម្បែង សាលា​រៀន​និង​មន្ទីរពេទ្យ ដែល​ក្រុម​អ្នកយកព័ត៌មាន​របស់​សារព័ត៌មាន Associated Press បាន​ប្រមូល​ចងក្រង​ក៏ដោយ។

អ៊ុយក្រែន ក៏​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ដែរ​ថា កងទ័ព​មកពី​ប្រទេស​បេឡារុស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី បាន​ចូល​ក្នុង​តំបន់ Chernihiv របស់​អ៊ុយក្រែន។

នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​វិញ អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​និយាយ​ថា អង្គការ​អូតង់ នឹង​ឲ្យ​ទាំង​ប្រទេស​រុស្ស៊ី​និង​បេឡារុស​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​បាន​និយាយ​ទៀត​ថា៖ «លោកប្រធានាធិបតី Putin បាន​ធ្វើ​ឲ្យ​ប្រេះឆា​សន្តិភាព​នៅ​ក្នុង​ទ្វីប​អឹរ៉ុប។ សម្ព័ន្ធមិត្ត​បាន​ថ្កោលទោស​ការ​ឈ្លានពាន​ដ៏​អយុត្តិធម៌​និង​ព្រៃផ្សៃ​ទៅ​លើ​អ៊ុយក្រែន»។

លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ការ​វាយប្រហារ​របស់​រុស្ស៊ី​ជា​ការមិន​អាច​ទទួល​យក​បាន​សោះ​ឡើយ ហើយ​វា​រឹតតែ​មិន​អាច​ទទួល​យក​បាន​ទៀត​ពី​ប្រទេស​បេឡារុស​នោះ»៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

លោក Jeff Seldin អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ផ្នែក​សន្តិសុខ​ជាតិ​ អ្នកស្រី Heather Murdock​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ VOA ផ្នែក​ជន​ភៀសខ្លួន​នៅ​ក្នុង​រដ្ឋធានី​កៀវ​ លោក Jamie Dettmer នៅក្នុង​ទីក្រុង​ Lviv អ្នកស្រី Carla Babb អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ VOA​ ប្រចាំ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ អ្នកស្រី Cindy Saine​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាន់ខ្ពស់​ផ្នែក​ការទូត និង​អ្នកស្រី ​ Wayne Lee ​នៃ VOA ​រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។

XS
SM
MD
LG