រុស្ស៊ីនៅថ្ងៃអង្គារនេះ បានរងភាពឯកោកាន់តែខ្លាំងឡើងចំពោះការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ស្របពេលដែលការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនទទួលរងការតស៊ូយ៉ាងស្វិតស្វាញពីសំណាក់កងទ័ពអ៊ុយក្រែនដែលបានរារាំងការសម្រេចចិត្តរុលទៅមុខរបស់ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បើទោះបីជាមានការបាញ់ផ្លោងយ៉ាងខ្លាំងនិងមានក្បួនរថយន្តយោធារុស្ស៊ីយ៉ាងច្រើននៅខាងក្រៅរដ្ឋធានីកៀវក្តី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
មន្ត្រីអ៊ុយក្រែនបានរាយកាណ៍ថា ការបាញ់គ្រាប់ផ្លោងដាក់ទីក្រុងKharkiv ដែលជាទីក្រុងធំទី ២របស់អ៊ុយក្រែន បានសម្លាប់ពលរដ្ឋស៊ីវិលអស់រាប់សិបនាក់។ គេនៅមិនទាន់អាចធ្វើការផ្ទៀងផ្ទាត់អំពីតួលេខនៃជនរងគ្រោះនិងការស្លាប់នៅក្នុងការវាយប្រហារនោះ បាននៅឡើយទេរហូតមកដល់ពេលនេះ។
រដ្ឋមន្ត្រីការពាជាតិអ៊ុយក្រែនបានបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុកថា៖ «ការវាយប្រហារដោយប្រព័ន្ធកាំជ្រួចបាញ់ចេញច្រើនគ្រាប់របស់រុស្ស៊ីទៅលើទីក្រុងស្ងប់ស្ងាត់នានារបស់អ៊ុយក្រែន ជាភ័ស្តុតាងបញ្ជាក់ថា កងទ័ពរុស្ស៊ីលែងមានសមត្ថភាពប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនទៀតហើយ»។
កិច្ចចរចារឲ្យមានបទឈប់បាញ់គ្នារវាងរុស្ស៊ីនិងភាគីអ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញ បានទទួលបរាជ័យដើម្បីបំបែកភាពទាល់ច្រក ហើយមន្ត្រីអ្នកចរចារមិនបានលើកឡើងទេថា តើនឹងអាចមានការចរចារជាថ្មីម្តងទៀតឬយ៉ាងណានោះ។
លោក Putinបានរងសម្ពាធអន្តរជាតិយ៉ាងខ្លាំងចំពោះការចាប់ផ្តើមវាយប្រហារដ៏ធំបំផុតមួយទៅលើរដ្ឋនៅក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក ហើយផលប៉ះពាល់ជាប្រព័ន្ធនៃការដាក់ទណ្ឌកម្មពីប្រទេសខាងលិច បានធ្វើឲ្យប្រាក់រូបរបស់រុស្ស៊ីធ្លាក់ចុះតម្លៃជិត៣០% កាលពីថ្ងៃចន្ទមុនពេលដែលធនាគារកណ្តាលរបស់ខ្លួនចូលជួយអន្តរាគមន៍ដើម្បីជួយសង្គ្រោះរូបិយប័ណ្ណរបស់ខ្លួនចំពោះការធ្លាក់ចុះតម្លៃនេះ។
ការប្រមូលផ្តុំកម្លាំងដើម្បីចូលកាន់កាប់រដ្ឋធានីកៀវឲ្យបាននោះ រុស្ស៊ីបានដាក់ក្បួនរថពាសដែក រថគ្រោះនិងឧបករណ៍យោធាដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានបណ្តោយប្រមាណ ៦៤ គីឡូម៉ែត្រ។ នេះបើតាមការបង្ហាញពីរូបភាពផ្កាយរណបរបស់ក្រុមហ៊ុនអាមេរិក Maxar។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីខាងគណបក្សសាធារដ្ឋលោកMarco Rubio បាននិយាយបន្ទាប់ពីជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួននៃរដ្ឋបាលរបស់លោក Biden ជុំវិញព័ត៌មានសម្ងាត់ទាក់ទងនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននោះថា៖ «អ្វីដែលខ្ញុំគិតនោះ គឺប្រាកដថា រុស្ស៊ីមិនបានសម្រេចទៅតាមពេលវេលាដែលខ្លួនបានគ្រោងទុកនោះឡើយ។ ខ្ញុំគិតថា រុស្ស៊ីគិតទុកថាខ្លួន នឹងអាចចូលគ្រប់គ្រងកាន់កាប់ទីក្រុងកៀវក្នុងរយៈ ពេលតែ៧២ម៉ោងប៉ុណ្ណោះ»។
ការវាយប្រហាររបស់រុស្ស៊ីជាច្រើនមុខព្រួញ បានធ្វើឲ្យបាត់បង់អាយុជីវិតកងទ័ពអ៊ុយក្រែន។ កងទ័ពអ៊ុយក្រែនប្រមាណ៧០នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការបាញ់ផ្តក់ដោយកាំភ្លើងធំរបស់រុស្ស៊ីចូលក្នុងទីតាំងកងទ័ពអ៊ុយក្រែនមួយកន្លែងនៅក្នុងទីប្រជុំជនOkhtyrka ដែលស្ថិតនៅចន្លោះរវាងទីក្រុង Kharkivនិងរដ្ឋធានីកៀវ។ នេះបើយោងទៅលើសារបង្ហោះក្នុងបណ្តាញហេ្វសប៊ុករបស់អភិបាលខេត្តក្នុងតំបន់នោះ៕
ភាពឯកោរបស់រុស្ស៊ីរីកកាន់តែធំនៅពេលដែលការប្រយុទ្ធរបស់អ៊ុយក្រែនកាន់តែខ្លាំងឡើង
- Reuters
ក្រុងកៀវ និង ក្រុងមូស្គូ —