ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បណ្តេញ​បុគ្គលិក​ការទូត​របស់​រុស្ស៊ី១២នាក់​នៅ​អង្គការ​សហប្រជាជាតិ​ចំពោះ​សកម្មភាព​ចារកម្ម


ស្លាក​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ​នៅ​ខាង​ក្រៅ​អគារ​ទីស្នាក់ការ​អង្គការ​នេះ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)
ស្លាក​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ​នៅ​ខាង​ក្រៅ​អគារ​ទីស្នាក់ការ​អង្គការ​នេះ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)

សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បណ្តេញ​សមាជិក​បេសកកម្ម​ការទូត​របស់​រុស្ស៊ី​នៅ​អង្គការ​សហប្រជាជាតិ​ចំនួន១២នាក់​ចេញពី​ប្រទេស​អាមេរិក ចំពោះ​ការធ្វើ​ជា«ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់»ដែល​បាន​បណ្តាល​ឲ្យ​មាន​ការឆ្លើយតប​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដែល​បាន​រិះគន់​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា«ចំណាត់ការ​ប្រកប​ដោយ​អារិភាព» មួយ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ស្រី Olivia Daltonអ្នក​នាំពាក្យ​ស្ថានបេសកកម្ម​ការទូត​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា អ្នក​ទាំង​អស់​នោះ​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាកចេញ «បាន​រំលោភ​អភ័យ​ឯកសិទ្ធិ​របស់​ខ្លួន​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដោយ​ការធ្វើ​សកម្មភាព​ចារកម្ម​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​យើង»។

អ្នក​នាំពាក្យ​រូប​នេះ បាន​និយាយ​ថា៖ «យើង​កំពុង​ចាត់វិធានការ​នេះ​ស្រប​ទៅតាម​កិច្ចព្រមព្រៀងទីស្នាក់ការ​អង្គការ​សហប្រជាជាតិ។ សកម្មភាព​នេះ កើត​មាន​ឡើងជា​ច្រើន​ខែ​មក​ហើយ»។

លោក Richard Mills ឯកអគ្គរដ្ឋទូត​រង​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​និយាយ​នៅ​ក្នុងជំនួប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា សមាជិក​បេសកកម្ម​ការទូត​របស់​រុស្ស៊ីទាំង​នោះ បាន​ពាក់ព័ន្ធនឹង​សកម្មភាព​មិន​មែន​ការទូត។

លោកនិយាយ​ដោយ​មិន​បាន​បរិយាយលម្អិតថា៖ «អ្នក​ការទូត​ទាំង​នោះ​ដែល​ត្រូវ​បាន​សុំ​ឲ្យ​ចាកចេញពី​សហរដ្ឋ​អាមេរិក បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​មិន​ស្រប​ទៅនឹង​ការទទួល​ខុស​ត្រូវ​និង​កាតព្វកិច្ច​របស់​ពួកគេ​ជា​អ្នក​ការទូត»។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​លោក Anatoly Antonov បាន​និយាយ​នៅ​ទំព័រ Facebook របស់​លោក​ថា៖ «នេះ​ជា​ចំណាត់ការ​ប្រកប​ដោយ​អរិភាព​ប្រឆាំង​នឹង​ប្រទេស​របស់​យើង»។ លោក​បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ មាន​ការរកាំចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន«ច្រានចោល​ទាំង​ស្រុង»ចំពោះ​ការអះអាង​របស់​សហរដ្ឋ​អាមេរិក​នេះ។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ​លោក Vassily Nebenzia ដែល​មិន​មែន​ជាទីដៅ​នៃ​ការបណ្តេញ​នោះ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​អំពី​ការសម្រេច​នោះ​ថា​ជា​វិធី​មិន​ធម្មតា។

ខណៈពេល​ធ្វើ​សន្និសីទ​មុន​ជំនួប​របស់​អង្គការ​សហប្រជាជាតិ លោក Nebenzia បាន​សុំ​ពួក​អ្នក​យកព័ត៌មាន​រយៈពេល​មួយ​នាទី​ដើម្បី​ឆ្លើយ​សារ​តាម​ទូរស័ព្ទ។ បន្ទាប់មក លោក​បាន​ថ្លែង​ថា លោក​ទើបតែ​បាន​ដឹង​ពី​បទបញ្ជា​នៃ​ការបណ្តេញ​ដែល​បាន​ចេញ​ដោយ​សហរដ្ឋ​អាមេរិក។

ប្រភព​ការទូត​រុស្ស៊ី ក្រោយមក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានAFPថា ការសម្រេច​នៃ​ការ បណ្តេញ​នោះ មិនបាន​ដៅលើ​ឯកអគ្គរដ្ឋទូត ឬ​លោក Dmitry Pollyanskiy និង​លោកស្រី Anna Evstigneeva ដែល​ជា​អនុ​ប្រធានជាន់​ខ្ពស់២រូប​របស់​លោក​ទេ៕

XS
SM
MD
LG