ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០០:០៩ ៤.១១.២០២២

ថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា៖

  • ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាន​ចំទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​នៅ​ក្នុង​តំបន់​ Zaporizhzhia ​និង​តំបន់ ​Dnipropetrovsk​ របស់​អ៊ុយក្រែន​កាល​ពី​យប់​ថ្ងៃ​ពុធ​ ដែល​ធ្វើ​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន​កាន់​តែ​ជួប​បញ្ហា​ធ្ងន់ធ្ងរ។​ នេះបើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ថាមពល​អ៊ុយក្រែន​ Ukrenergo ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​អ៊ុយក្រែន​ប្រមាណ​៤០​ភាគ​រយ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskiyy ​ហើយ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មា Reuters។​
  • ប្រទេស​អ៊ុយក្រែន​មិន​ដែល​មាន​ចិត្ត​អនុវត្ត​ហួស​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​ខ្លួនតាម​សមុទ្រ​ខ្មៅ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កក្កដា​នោះ​ឡើយ​ បន្ទាប់​ពីការ​ចូល​ឈ្លានពានរបស់​រុស្ស៊ី​មក។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយក្រែន​លោក​ Oleg Nikolenko ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា​ ​ប្រទេស​អ៊ុយក្រែន​មិន​ដែល​ប្រើប្រាស់​ច្រក​របៀង​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ក្នុង​សមុទ្រ​ខ្មៅ​ដើម្បី​បម្រើ​គោល​បំណង​យោធា​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​បំណង​នឹង​ធ្វើ​ដូច​នេះ​ដែរ។ ​នាវា​ដឹក​ផលិត​ផល​កសិកម្ម​ចំនួន​៧​គ្រឿង​បាន​ចាកចេញ​ពី​កំពង់​ផែ​អ៊ុយក្រែន​ក្នុង​សមុទ្រ​ខ្មៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​បន្ត​អនុវត្ត​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​បើក​ឱ្យ​អ៊ុយក្រែន​នាំ​ចេញ​ស្បៀង​អាហារ​ទៅ​កាន់​ទី​ផ្សារ​បរទេស​នោះ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រសួងហេដ្ឋា​រចនា​សម្ព័ន្ធ​អ៊ុយ​ក្រែន​ ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌​មាន ​Reuters។​
  • ឯក​អគ្គ​រាជទូត​ចក្រភព​អង់គ្លេស​ប្រចាំរុស្ស៊ី​បាន​ទៅ​ដល់​ក្រសួង​ការ​បរទេស​រុស្ស៊ី​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ ​នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​ដែល​បាន​ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន ​RIA Novosti ​របស់​រុស្ស៊ី។​ ឯក​អគ្គ​រាជទូត​អង់គ្លេស​រូប​នេះ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​រុស្ស៊ី​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ពី​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា​ ចក្រភព​អង់គ្លេស​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន​ទៅ​លើ​កងនាវា​របស់​រុស្ស៊ី​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ក្នុង​តំបន់​ Crimea​ នោះ។​
  • ក្រុម​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស ​G-7 ​ដែល​រួម​មាន​ប្រទេស​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ជឿនលឿន ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រកវិធី​កាន់​តែ​ប្រសើរ​បំផុត ​ក្នុង​ការ​សម្រប​សម្រួល​ដល់​ការ​ជួយ​គាំទ្រ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន​ នៅ​ពេល​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ក្នុង​ពេល​ថ្មីៗ​នេះ​ ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន​ ដែល​បណ្តាល​ឱ្យ​មាន​ការ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ជា​ច្រើន​កន្លែង​នោះ។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters។​ ការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ត្រូវ​គេ​រំពឹង​ថា​ ​ជា​ប្រធាន​បទ​ដ៏​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ លោក ​Antony Blinken ជា​មួយ​សមភាគី​របស់​លោក​នៃ​ក្រុម​ប្រទេស​ G-7 ​ក្នុង​ទីក្រុង ​Muenster ​ ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់​នោះ។​ ទោះជា​យ៉ាងណា​ បញ្ហា​តួ​នាទី​ដ៏​គឃ្លើន​របស់​ប្រទេស​ចិន​ដែល​កំពុង​តែ​កើន​ឡើង​ និង​បញ្ហា​ការ​ប្រឆាំង​តវ៉ា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក៏​ជា​របៀបវារៈ​សំខាន់​ផង​ដែរ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។​
  • ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​បោះឆ្នោត​ទាត់​ចោល​ដោយ​សំឡេង​លើស​លប់​ប្រឆាំង​ការ​ព្យាយាម​របស់​រុស្ស៊ី​ចង់​បង្កើត​គណៈ​កម្មការ​មួយ​ដើម្បី​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​របស់​រុស្ស៊ី​ដែល​ថា​ ប្រទេស​អ៊ុយក្រែន​និង​សហ​រដ្ឋ​អាមេរិក​កំពុង​អនុវត្ត​នូវ​«សកម្មភាព​យោធា​ជីវសាស្ត្រ» ​ដែល​ជា​ការ​រំលោភ​បំពាន​ទៅ​នឹង​អនុញ្ញា​ហាម​ប្រាម​ការ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​នោះ។ នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់់ងារ​ព័ត៌មាន AP។​ ប្រទេស​រុស្ស៊ី​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​តែ​មួយ​ប៉ុណ្ណោះ​ពី​ប្រទេស​ចិន​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​ ហើយ​សហ​រដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​និង​ប្រទេស​បារាំង​បាន​បោះ​ឆ្នោត​បដិសេធ​ ហើយ​ប្រទេស​១០​ផ្សេង​ទៀត​បាន​បោះឆ្នោត​អនុប្បវាទ។​
  • សភា​ប្រទេស​ហុងគ្រីនឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ តើ​ខ្លួននឹង​បើក​ការ​ប្រជុំ​ពិភាក្សា​នៅ​ពេល​ណា​ស្តីពី​ការ​ផ្តល់​សច្ចាប័ន​សម្រាប់​សំណើ​របស់​ប្រទេស​ហ្វាំងឡង់​ និង​ប្រទេស​ស៊ុយអែត​សុំចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​នោះ។ ​នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន ​Reuters ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​បាន​ស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​លោក ​Peter Szijjarto ​ដែល​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ។​ លោក​ Szijjarto ​បាន​និយាយ​ថា​ រដ្ឋាភិបាល​ហុងគ្រី​បាន​ធ្វើ​ការងារ​របស់​ខ្លួន​រួច​ហើយ ​ដោយ​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​នេះ​ទៅ​សភា។ ​ប្រទេស​ហុងគ្រី​ និង​ប្រទេស​តួកគី​ជា​សមាជិក​របស់​អង្គការ​អូតង់​តែ​២​គត់​ ដែល​មិន​ទាន់​ផ្តល់​ការ​យល់​ព្រម​ទៅ​លើ​សំណើ​របស់​ប្រទេស​ហ្វាំងឡង់​ និង​ប្រទេស​ស៊ុយអែត​សុំចូល​ជា​សមាជិក​អង្គការ​អូតង់។
២១:៥២ ២.១១.២០២២

​ថ្ងៃពុធ ទី ២ ខែវិច្ឆិកា៖

  • ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​និយាយ​ថា​ ខ្លួន​បានបន្ត​ចូលរួម​អនុវត្ត​ឡើង​វិញហើយ​នូវកិច្ចព្រមព្រៀង​មួយ​ ដែល​ជួយ​សម្រួល​ឱ្យ​មាន​ការ​ដឹក​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែនតាម​សមុទ្រ​ខ្មៅ​។​ ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ ​«សហព័ន្ធ​រុស្ស៊ី​ពិចារណា​ថា​ ការ​ធានារបស់​អ៊ុយក្រែន​ដែល​ខ្លួន​ទទួល​បាន​ មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ​នៅ​ពេល​នេះ​ ហើយ​ខ្លួន​បន្ត​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នោះ​ឡើងវិញ»។​ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ពេល​រាត្រី​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ច្រក​របៀង​ដឹក​ជញ្ជូន​គ្រាប់ធញ្ញជាតិ​នោះ ចាំបាច់​ត្រូវ​ធានា​ឱ្យ​មាន​ការ​ពារក្នុង​រយៈពេល​យូរ​ដ៏​ទុកចិត្ត​មួយ»។ ទីភ្នាក់ងារ​ព័ត៌មាន ​AFP ​រាយការណ៍​ថា​ ប្រទេស​រុស្ស៊ី​បានប្រកាស​ផ្អាក​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​ចោទ​ប្រកាន់​ប្រទេស​អ៊ុយក្រែន​ថា​ បាន​ប្រើ​ប្រាស់ផ្លូវ​ដឹកជញ្ជូនដែល​មាន​សុវត្ថិភាព​នេះ​ ដើម្បី​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​នាវា​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Crimea។​ រដ្ឋាភិបាល​ក្រុង​កៀវ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី​ ថា​ជា​លេស​មួយ​ ដើម្បី​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀងនេះ។
  • ប្រទេស​រុស្ស៊ី​នឹង​កោះហៅ​ឯកអគ្គរដ្ឋទូតចក្រភព​អង់គ្លេស​ប្រចាំ​ទីក្រុងមូស្គូឱ្យ​ពន្យល់​ជុំវិញ​អ្វី​ដែល​រុស្ស៊ី​និយាយ​ថា ជា​ការ​ពាក់ព័ន្ធរបស់​អ្នក​ជំនាញអង់គ្លេស​ នៅ​ក្នុង​ការ​វាយ​ប្រហារតាម​យន្តហោះដ្រូនរបស់​អ៊ុយក្រែន​ ទៅ​លើ​នាវា​របស់រុស្ស៊ី​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ក្នុង​ពេលកន្លង​ទៅនោះ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ។​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយថាការ​វាយប្រហារ​តាម​យន្តហោះ​ដ្រូន​នោះ​ ត្រូវ​បាន​ធ្វើ​ឡើងនៅ​ក្រោម​ការ​ណែនាំនិង​ដឹកនាំ​របស់​អ្នក​ជំនាញ​ការ​កងទ័ព​ជើងទឹក​ចក្រភព​អង់គ្លេស​ ដែល​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ចក្រភព​អង់គ្លេសបដិសេធ​ថា​មិន​ពិត​នោះ​ឡើយ។​
  • ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ មាន​គម្រោង​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​លើ​សេចក្តី​សម្រេចមួយ​ ជុំវិញ​ការ​អះអាង​របស់​រុស្ស៊ីទៅ​លើ​អាវុធជីវសាស្ត្រ​របស់​អ៊ុយក្រែន។ នេះ​បើ​តាមសេចក្ដីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។​ ប្រទេស​រុស្ស៊ី​បាន​ផ្តល់​ឯកសារ​កម្រាស់​ចំនួន ​៣១០​ទំព័រ ដល់​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ ដែល​និយាយ​លម្អិត​ពី​សកម្មភាព​អាវុធ​ជីវសាស្ត្រ​ ដែល​អ៊ុយក្រែន​កំពុង​អនុវត្ត ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ផង​ដែរ​។ ការ​អះអាងរបស់​រុស្ស៊ី​នោះ​ ត្រូវ​បានសហរដ្ឋអាមេរិក​ ប្រទេស​អ៊ុយក្រែន​ ក៏​ដូច​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បដិសេធ​ចោល​។​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ទៅ​លើ​សេចក្តី​សម្រេចមួយ ដែលនឹង​បង្កើត​នូវ​គណៈកម្មការ​មួយ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ីនៅ​ក្នុង​រឿង​នេះ។​ ​
  • ក្រុម​អាជ្ញាធរ​នៅក្នុងរដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន​ កំពុង​រៀប​ចំ​បង្កើត​ទី​តាំង​ផ្តល់​កម្តៅ​ប្រមាណ​ជាង​១ពាន់កន្លែង នៅ​ជុំវិញ​ទីក្រុងនេះ​ ​ ដើម្បី​បង្ការ​ក្រែង​ប្រព័ន្ធ​ផ្តល់​កម្តៅរបស់​ក្រុង​មួយ​នេះ ត្រូវ​បាន​កាត់​ផ្តាច់ដោយ​ការ​វាយប្រហារ​ ដែល​កំពុង​បន្ត​កើត​មាន​ឡើងពី​សំណាក់​កងកម្លាំង​រុស្ស៊ី។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ​ដែល​បាន​ស្រង់​សម្តី​អភិបាល​ទីក្រុង​កៀវ​នៅ​ថ្ងៃពុធ​នេះ។​ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​និង​យន្តហោះ​ដ្រូន​របស់​រុស្ស៊ី​ បាន​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយក្រែន​ប្រមាណ​ចំនួន​៤០ភាគរយ​ ទទួល​រង​នូវ​ការ​ខូចខាត​ ហើយ​បាន​ធ្វើ​ឱ្យ​ផ្នែក​ជា​ច្រើនរបស់​រដ្ឋធានី​កៀវ​ គ្មាន​ចរន្តអគ្គិសនីនិង​ទឹក​ប្រើប្រាស់ ដែល​ជំរុញ​ឱ្យមាន​ការ​ដាក់​កំហិត​លើ​ការ​ផ្តល់​ថាមពល​ប្រើប្រាស់។​
  • សហភាព​អឺរ៉ុបកំពុង​រិះរក​វិធី​ផ្សេងៗ​ដើម្បី​បង្កើន​ការជួយ​ដល់​ប្រទេស​អ៊ុយក្រែន ក្នុង​ផ្នែក​ថាមពល​ បន្ទាប់​ពីទទួល​រង​ការ​វាយប្រហារ​ដ៏​ឃោរឃៅ​នឹង​អមនុស្សធម៌​ពី​សំណាក់កងកម្លាំង​រុស្ស៊ី ដែលបណ្តាល​ឱ្យ​មាន​ការ​កាត់ផ្តាច់​ចរន្ត​អគ្គិសនី​ជា​ច្រើន​កន្លែង។​ នេះបើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្តី​លោក​ស្រី Kadri Simson ដែល​ជា​ប្រធានថាមពល​សហភាព​អឺរ៉ុប​។ នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ទៅ​កាន់​រដ្ឋធានី​កៀវ​កាល​ពី​ម្សិលមិញ​ លោក​ស្រី Simson និយាយ​ថា​ ក្រុមហ៊ុន​បរទេស​នានា​ គួរ​ត្រូវ​បាន​ជំរុញ​ឱ្យ​បង្កើនអាទិភាព​ក្នុង​ការបញ្ជូន​ឧបករណ៍ថាមពលទៅ​កាន់​ប្រទេស​អ៊ុយក្រែនឱ្យ​បាន​ឆាប់​រហ័ស។ លោក​ស្រី​និយាយ​ថា​ ប្រទេស​អ៊ុយក្រែនត្រូវ​ការឧបករណ៍​និង​សម្ភារ​ចាំបាច់​នានា​ ដើម្បី​ជួសជុល​ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​របស់​ខ្លួន​ ហើយ​លោក​ស្រី​បាន​ប្រាប់​ទៅប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy ថា​ សហភាព​អឺរ៉ុប​ «កំពុង​ធ្វើទំនាក់​ទំនងទៅ​កាន់​ដៃគូ​របស់​ខ្លួន​ ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រចាំបាច់​នានា សម្រាប់​ប្រទេស​អ៊ុយក្រែន»។
  • សារព័ត៌មាន The Kyiv Independent រាយការណ៍​ថា​ កងកម្លាំង​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​រុស្ស៊ី​ចំនួន ១២ ​គ្រឿង​កាល​ពី​យប់​មិញ។ ​កងកម្លាំង​ទ័ព​អាកាស​អ៊ុយក្រែន​បាន​ឱ្យ​ដឹង​ថា​ ​កងទ័ព​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ប្រភេទ Shahed-136 ដែល​ផលិត​ក្នុង​ប្រទេស​អ៊ីរ៉ង់​ចំនួន​១២​គ្រឿងក្នុង​ចំណោម​១៣​គ្រឿង​ ដែល​រុស្ស៊ី​បានប្រើប្រាស់​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារលើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​យប់។
២១:៥២ ១.១១.២០២២

ថ្ងៃអង្គារ ទី ១ ខែវិច្ឆិកា៖

  • ក្រុម​អាជ្ញាធរ​រុស្ស៊ី​ដែលកំពុង​គ្រប់គ្រង​តំបន់​អ៊ុយក្រែន​ភាគ​ខាង​ត្បូងបាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​នឹង​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់ Kherson ខណៈ​កង​កម្លាំង​អ៊ុយក្រែន​កំពុង​ធ្វើ​ការ​វាយបក​យ៉ាង​ខ្លាំង​ក្លា។ នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។​ មេដឹកនាំ​តំបន់ ​Kherson​ លោក Vladimir Saldo ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រុស្ស៊ី បាន​និយាយ​ថា​ ​មនុស្ស​ប្រមាណ​៧ម៉ឺននាក់​ ដែល​រស់​នៅ​តាម​ដង​ទន្លេ Dnipro​ ត្រើយ​ខាង​កើត​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ នឹង​ត្រូវ​ធ្វើ​ការ​ជម្លៀស​ចូល​ជ្រៅ​មក​ក្នុង​តំបន់​នេះ ​ឬ​ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី។ លោក Vladimir Saldo ​បាននិយាយ​នៅ​ក្នុងបទសម្ភាសន៍​លើ​បណ្ដាញ​ Solovyov Live YouTube ដែល​បាន​ផ្សាយផ្ទាល់​ថា«យើង​បាន​ចាប់​ផ្តើម​ការងារ​នេះ​ហើយ»។ លោក​បន្ថែម​ថា ការ​ជម្លៀសប្រជាជន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​សារតែពួក​គេអាច​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីលពី​កម្លាំង​កងទ័ព​អ៊ុយក្រែន ទៅ​លើ​ទំនប់​ទឹកមួយ​កន្លែង​នៅ​ទី​នោះ។
  • ការ​ផ្គត់ផ្គង់​ទឹក​និង​អគ្គិសនី​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ហើយ​ នៅ​ក្នុង​រដ្ឋធានី​កៀវ​ប្រទេស​អ៊ុយក្រែន​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​យ៉ាង​ខ្លំាងដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​នោះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​AFP នៅ​ថ្ងៃ​អង្គារ​នេះ​ ដែល​បាន​ស្រង់​សម្តី​របស់​អភិបាលក្រុង​កៀវ។​ កងកម្លាំង​យោធា​អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​បាន​ធ្វើការ​វាយប្រហារដោយ​គ្រាប់​មីស៊ីល cruise ចំនួន​៥៥​គ្រាប់​ និង​គ្រាប់​ដទៃ​ជា​ច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ចន្ទ​។ ទី​ប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Oleksiy Arestovich នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ហៅ​ការ​វាយ​ប្រហារ​របស់​របស់​កងកម្លាំង​រុស្ស៊ី​នោះ​ ថា​ជា​ការ​វាយប្រហារ«​ដ៏​ធំ​បំផុត​មួយ​ទៅ​លើ​ទឹក​ដី​របស់​ប្រទេស​អ៊ុយក្រែន»។
  • កងកម្លាំង​រុស្ស៊ី​បាន​បាញ់​គ្រាប់​មីស៊ីល​ចំនួន​៤​គ្រាប់​ទៅ​លើទីក្រុង​កំពង់ផែ Mykolaiv នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែនកាល​ពី​យប់មិញ​ ដោយ​បំផ្លាញអគារ​លំនៅដ្ឋានមួយ​កន្លែង​ និង​មាន​ពលរដ្ឋ​អ៊ុយក្រែន​ម្នាក់​បាន​ស្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​នោះ។​ ការ​វាយប្រហារ​បានកើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារដោយ​គ្រាប់​មីស៊ីល​យ៉ាង​ខ្លាំង ទៅ​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន ដោយ​រួម​ទាំង​រដ្ឋធានី​កៀវ​របស់​ប្រទេស​នេះ​ផង​ដែរ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បានរក​ឃើញ​សាកសព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ពី​គំនរ​បាក់បែក​នៃ​អគារ​លំនៅដ្ឋាន​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​តាម​សាក្សី​មួយ​ចំនួន​ដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការពារ​ជាតិប្រទេស​តួកគី​លោក Hulusi Akar​ បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​និង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន​ថា ការ​រក្សាទុក​នូវ​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​គ្រាប់ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ​ គឺ​មាន​សារៈសំខាន់​ ហើយថា​ ដោយសារ​វា​ជា​គំនិត​ផ្តួចផ្តើម​មនុស្ស​ធម៌​មួយ​នោះ​ ​បញ្ហា​នេះ​គួរ​ត្រូវ​បាន​ចាត់​ទុក​ដាច់​ដោយ​ឡែកពី​ជម្លោះ​នៅ​ក្នុងប្រទេស​អ៊ុយក្រែន។​ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​តួកគី​រូប​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​តួកគី​នៅ​ថ្ងៃអង្គារ​នេះ​ បន្ទាប់​ពី​រុស្ស៊ី​បាន​ផ្អាក​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ដែលផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ ​និង​ប្រទេស​តួកគី​កាលពីខែ​កក្កដា​កន្លង​ទៅ​ ក្នុង​បំណងរក្សា​ការ​ហូរ​ចូល​នូវ​ទំនិញ​ស្បៀង​អាហារ​នៅ​លើ​ទី​ផ្សារ​សាកល​លោក​។​ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​តួកគី​រូប​នេះ​ ក៏​បាន​ប្រាប់​សមភាគី​រុស្ស៊ី​របស់​លោក​ផង​ដែរ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​គួរ​ពិចារណា​ឡើងវិញ លើសេចក្តី​សម្រេច​ផ្អាក​កិច្ច​ព្រមព្រៀងរបស់​ខ្លួន​នោះ។​ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និយាយ​ថា​ ការ​វាយ​ប្រហារ​របស់​រុស្ស៊ីទៅ​លើ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធរបស់​អ៊ុយក្រែន​ ក៏​ដូច​ជាការសម្រេច​ចិត្ត​ផ្អាក​កិច្ចព្រមព្រៀងស្តី​ពី​កម្មវិធី​នាំចេញ​គ្រាប់ធញ្ញជាតិក្នុង​សមុទ្រ​ខ្មៅ​នោះ​ គឺ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូនមួយ​ ទៅ​លើនាវា​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Crimea ដែល​លោក Putin បាន​ស្តី​បន្ទោស​ទៅ​លើ​អ៊ុយក្រែន​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​នោះ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុម​មន្ត្រីអ៊ុយក្រែនបាន​អំពាវនាវឱ្យ​ទុករុស្ស៊ីនៅ​ឯកោ​ពីក្រុម​អង្គការ​អន្តរជាតិ​នានា​ បន្ទាប់​ពី​កងកម្លាំងរុស្ស៊ី​បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើគោលដៅហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​ក្នុងទីក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែន​មក។ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយក្រែន លោក Oleg Nikolenko បាន​និយាយនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រុស្ស៊ី​គួរ​ត្រូវ​បានគេ​បណ្តេញ​ចេញ​ពី​ក្រុមប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ទាំង​២០ ​ឬ​ G-20 ហើយ​ការ​អញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ទៅចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ G-20 ក្នុង​ប្រទេស​ឥណ្ឌូណេស៊ីនៅ​ក្នុង​ខែ​នេះ​ គួរ​ត្រូវដក​ចេញ​វិញ។
២២:៣០ ២៨.១០.២០២២

ថ្ងៃសុក្រ ទី២៨ ខែតុលា៖

  • មន្ត្រីតួកគី​ម្នាក់បាន​និយាយប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​ថ្ងៃសុក្រ​ថា ប្រធាន​អង្គការ​អូតង់​លោក Jens Stoltenberg នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួកគី​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ ដើម្បី​ចរចា​ស្តីពី​ដំណើរការ​ជិត​បញ្ចប់​របស់​ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត​ដើម្បី​ចូលរួម​ក្នុងសម្ព័ន្ធមិត្ត​យោធា​នេះ។ លោកStoltenbergមាន​គម្រោង​ជួប​ជាមួយ​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ដែល​បាន​ព្រមាន​ថា ប្រទេស​របស់​លោក​នឹង​មិន​យល់ព្រម​ដល់​សមាជិកភាព​របស់​ប្រទេស​ទាំង២នេះ​ទេ​រហូតទាល់​តែ «ប្រទេស​ទាំង២ធ្វើ​ទៅតាម​ការសន្យា​របស់​ខ្លួនសិន»។ លោក Erdogan បាន​ចោទប្រកាន់​ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត​ថា បាន​ផ្តល់​ទីជម្រក​ដល់​ពួក​ជន​សម្ពន្ធប្រយុទ្ធ Kurds ខុស​ច្បាប់​ដែល​ត្រូវ​បាន​ចាត់ទុក​ដោយ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ថា​ជា«​ភេរវជន»។ កាលពី​ខែ​មិថុនា តួកគី ស៊ុយអែត​និង​ហ្វាំងឡង់​បាន​ធ្វើកិច្ចព្រមព្រៀងមួយដែលមានរួម ​ខ​ចែង​ពី​ការ​ធ្វើ​បត្យាប័ន​និង​ចែកចាយ​ព័ត៌មាន។ កាលពី​ថ្ងៃ​ពុធ លោក Stoltenberg បាន​ប្រកាស​ផែនការ​អំពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​តួកគី​ខណៈ​ដែល​សរសើរ​អំពី«ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ»ដែល​រដ្ឋាភិបាល​ស៊ុយអែត​និង​ហ្វាំងឡង់​មាន​ជាមួយ​រដ្ឋាភិបាលក្រុងអង់ការ៉ា«នៅ​គ្រប់​កម្រិត»។
  • សាច់ញាតិ​របស់​ពួក​អ្នក​ទោស​សង្គ្រាម​ជាតិ​អ៊ុយក្រែន​មាន​គម្រោង​ជួប​ពួក​អ្នក​តំណាង​របស់​អង្គការ​សហប្រជាជាតិ​និង​កាកបាទ​ក្រហម​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍​ដើម្បី​ស្វះស្វែង​ឱ្យ​ពួកគេ​ជួយ​ដើម្បី​ឱ្យ​បាន​ទៅដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ស្ត្រី៤នាក់​ជា​ភរិយា កូន​ស្រី​ឬ​ម្តាយ​របស់​ពួក​ឈ្លើយសឹក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ត្រូវ​បាន​អម​ដំណើរ​ដោយ​លោកស្រី Hanna Zamazieieva តំណាង​អ៊ុយក្រែន​នៅ​ឯ​ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​នាំមុខ​មួយ​របស់​ទ្វីបនោះ។ ស្ត្រី៤នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ដោយសារ​តែ​បញ្ហា​សន្តិសុខ​មាន​គម្រោង​ជួប​ជាមួយ​ពួក​អ្នក​តំណាង​មកពី​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​និង​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC)។ លោកស្រី Zamazieieva បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​តាម​រយៈ​អ្នក​បកប្រែភាសា​ម្នាក់​របស់​បេសកកម្ម​អ៊ុយក្រែន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា«ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ដឹង​អំពី​រឿងរ៉ាវ​របស់​ពួកគេ​ហើយ​នឹង​អំពាវនាវ​ដល់​ពួកគេ​ឱ្យ​ចាត់​វិធានការ»។
  • ប្រធាន​ឧបទ្វីប Crimea ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​និយាយ​ថា ការ​ចាកចេញ​របស់​ជន​ស៊ីវិល​ពី​តំបន់ Kherson ដែល​រៀបចំ​ឡើង​ដោយ​កងទ័ព​រុស្ស៊ី​នៅ​ពេល​មាន​ការ​វាយបក​ពី​កងទ័ព​អ៊ុយក្រែន​បាន​«បញ្ចប់» បន្ទាប់ពី​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​នោះ​ជាមួយ​លោក Sergei Kiriyenko ប្រធាន​កិច្ចការ​ក្នុង​ស្រុក​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក Sergei Aksyonov ប្រធាន​ឧបទ្វីបCrimeaដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​និយាយ​តាម Telegram កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ការងារ​ដើម្បី​រៀបចំ​ឱ្យ​ពួក​អ្នក​ស្រុក​ចាកចេញ​ពី​ត្រើយ​ខាង​ឆ្វេង​នៃ​ទន្លេ Dnipro ទៅកាន់​តំបន់​ដែល​មាន​សុវត្ថិភាព​ក្នុង​ប្រទេសរុស្ស៊ី​បានចប់សព្វគ្រប់​ហើយ»។ ពួក​អាជ្ញាធរ​ដែល​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​ពួក​អ្នកស្រុក​ឆ្លង​ទៅកាន់​ត្រើយ​ខាង​ស្តាំ​នៃ​ទន្លេ Dnipro នៅ​ពេល​ដែល​កងទ័ព​អ៊ុយក្រែន​បាន​រុលទៅ​មុខ​នៅ​តំបន់​ភាគ​ខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ប្រៀបធៀប​ការ​ជម្លៀស​មនុស្ស​នេះ​ថា​ដូច​ទៅ​នឹង«ការ​និរទេស»ប្រជាជនក្នុង​សម័យ​សហភាព​សូវៀត។
  • នាយិកា​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​លោក​ស្រី Kristalina Georgieva កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ការសន្យា​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ប្រទេស​អ៊ុយក្រែន​ដោយ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​នឹង​មាន​គ្រប់គ្រាន់​សម្រាប់​រដ្ឋាភិបាល​ក្រុង​កៀវ​រហូត​ដល់​ឆ្នាំ២០២៣ ដោយ​សន្មតថា​សង្គ្រាម​នេះ​នឹង​មិន​រីក​កាន់តែ​ធំឡើង។ លោក​ស្រី Georgieva បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFPនៅ​ខាង​ក្រៅ​សន្និសីទ​ដែល​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​អឺរ៉ុប​ដែល​ជា​សាខា​នីតិបញ្ញត្តិ​នៃ​សហភាព​អឺរ៉ុបថា «យើង​នឹង​មាន​ប្រាក់​គ្រប់គ្រាន់​ដល់​ឆ្នាំ ២០២៣ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន»។ ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ៊ុយក្រែន​មាន​ការ​លំបាក​ពីព្រោះ​តែ​ការឈ្លានពាន​របស់​រុស្ស៊ី​ហើយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​អំពាវនាវ​ដល់​ពួក​អ្នក​គាំទ្រ​អន្តរជាតិ​ឱ្យ​បំពេញ​ភាព​ច្រឡោះ​ប្រហោង​នៃ​ថវិកា​ចំនួន​៣៨ពាន់​លាន​ដុល្លារ​របស់​ប្រទេស​លោក​សម្រាប់​ឆ្នាំ២០២៣។ មហា​អំណាច​ប្រទេស​លោក​ខាង​លិច​ទទូច​ថា ការ​ធ្វើ​ឱ្យ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​មាន​ស្ថិរភាព​ជា​ការសំខាន់​ជា​ប្រវត្តិសាស្ត្រ ដោយ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​អំពាវនាវ​ឱ្យ​មាន​ផែនការ Marshall ថ្មី​មួយ​សម្រាប់​សតវត្សរ៍​ទី២១​នៅ​ឯ​សន្និសីទ​ស្តីពី​ប្រទេស​អ៊ុយក្រែន​នៅ​ដើម​សប្តាហ៍​នេះ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG