ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទ្វីប​អាស៊ី​កាន់ទុក្ខ​ជនបដិវត្តន៍​អហិង្សា


Asia Mourns Mandela
សូម​រង់ចាំ
Embed

No media source currently available

0:00 0:02:23 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
ប៉េកាំង៖ នៅ​ក្នុង​តំបន់​អាស៊ី ​គឺ​មេត្តាធម៌​និង​សេចក្តី​ក្លាហាន​របស់​លោក ​Nelson Mandela នេះ​ហើយ ​ដែល​ជា​ប្រភព​នៃ​ការបំផុស​គំនិត​នៅ​ក្នុង​ទីកន្លែង​នានា​ដែល​ពលរដ្ឋ​នៅតែ​ប្រឈមនឹង​ការរឹត​បន្តឹង​យ៉ាងខ្លាំង​លើ​សេរីភាព​មូលដ្ឋាន។

ចាប់ពី​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​ជ័យលាភី​រង្វាន់ណូបែល ​មនុស្ស​ជាច្រើន​បាន​ចំណាយ​ពេល​ប្រារព្ធ​អបអរ​ដល់​បុរស​មួយ​រូប​ដែល​ក្លាយជា​និមិត្តរូប​សម្រាប់​ជំហរ​របស់​លោក​ក្នុង​ការទាមទារ​សេរីភាព​ដោយ​អហិង្សា។

លោកស្រី​អោង សាន សូជី ​មេដឹកនាំ​គណបក្ស​ប្រឆាំងនៅភូមា​ និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព។
លោកស្រី​អោង សាន សូជី ​មេដឹកនាំ​គណបក្ស​ប្រឆាំងនៅភូមា​ និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព។
អ្នក​នយោបាយ​ភូមា​ដែលជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព ​លោកស្រី​អោង សាន សូជី​ បាន​និយាយ​ថា ប្រធានាធិបតី​ទីមួយ​របស់​អាហ្វិ្រក​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​រូប​នេះ បាន​ជួយ​ពិភពលោក​ទាំងមូល​ឲ្យ​យល់​ថា​ គ្មាន​មនុស្ស​ណា​ម្នាក់​គួរ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយសារ​តែ​សម្បុរ​ស្បែក​និង​ដោយសារ​តែ​គេ​កើត​ចំ​កាលៈទេសៈ​ណា​មួយ​នោះ​ទេ។

«លោក​ក៏​បាន​ឲ្យ​យើង​យល់​ផង​ដែរ​ថា យើង​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន។ យើង​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន តាម​រយៈ​ការផ្លាស់ប្តូរ​ឥរិយាបទ និង​ទស្សនៈ​របស់​យើង។ ដោយសារ​ហេតុផល​នេះ ខ្ញុំ​សូម​សម្តែង​ការគោរព​ដល់​លោក​ថា ជា​បុរស​ដ៏​អស្ចារ្យ​មួយ​រូប ដែល​បាន​លើក​បទដ្ឋាន​មនុស្សធម៌​ឲ្យ​ខ្ពស់​ឡើង»។

សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ដែល​ជា​មេដឹកនាំ​សាសនា​ភៀស​ខ្លួន​នៃ​ដែន​ដី​ទីបេ និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព។
សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ដែល​ជា​មេដឹកនាំ​សាសនា​ភៀស​ខ្លួន​នៃ​ដែន​ដី​ទីបេ និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព។
សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ដែល​ជា​មេដឹកនាំ​សាសនា​ភៀស​ខ្លួន​នៃ​ដែន​ដី​ទីបេ និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព មាន​សង្ឃ​ដីកា​ថា ព្រះអង្គ​បាន​ចាត់​ទុក​លោក​Nelson Mandelaជា​បងប្រុស​ជា​ទីគោរព​របស់​ព្រះអង្គ។ សម្តេច​សង្ឃ ដាឡៃ​ ឡាម៉ា ក៏​មាន​សង្ឃ​ដីកា​ផងដែរ​ថា ព្រះអង្គ​សង្ឃឹម​ថា ការកាន់​មរណៈ​ទុក្ខ​ចំពោះ​ការស្លាប់​របស់​លោកMandela​នេះ នឹង​ត្រូវ​បាន​គេ​ប្រើ​ជា​ការបំផុស​គំនិត។

«នេះ​ជា​ពេល​វេលា​ដ៏​ក្រៀមក្រំ​សម្រាប់​អ្នកទាំងឡាយ​រួម​ទាំងរូប​ខ្ញុំ​ផង ដែល​សរសើរ​ដល់​មនុស្ស​ដ៏​អស្ចារ្យ​នេះ។ ភាពក្រៀមក្រំ គឺ​គ្រាន់តែ​ជា​ភាពក្រៀមក្រំ​ហើយ​យើង​បួងសួង តែ​វា​គ្មាន​ន័យ​ច្រើន​ទេ។ តែ​របៀប​ដែល​យើង​អភិវឌ្ឍន៍​ការប្តេជ្ញា​ចិត្ត ឬ​សន្ទុះ​ចិត្ត​ដើម្បី​បន្ត​ស្មារតី​របស់​លោក​នោះ គឺ​ពិតជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ពីព្រោះ ជួនកាល ភាពក្រៀមក្រំ អាច​ក្លាយ​ទៅ​ជា កម្លាំង​ចិត្ត​ដ៏​មុតមាំ​ជាង​មុន»។

លោក​ប្រធានាធិបតីឥណ្ឌា Pranab Mukherjee
លោក​ប្រធានាធិបតីឥណ្ឌា Pranab Mukherjee
ចំណែក​ប្រធានាធិបតី​ឥណ្ឌា​វិញ​បាន​មាន​ប្រសាសន៍​ថា ពិភពលោក​បាន​បាត់បង់​ជន​ជា​និមិត្តរូប​នៃ​មនុស្សធម៌ ឬ​ដូច​ដែល​លោក​បាន​ហៅ​លោក​Nelson Mandela​ ថា អ្នកតស៊ូ ​អ្នកប្រយុទ្ធ ​អ្នកប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ទាំង​អស់។ លោក​ប្រធានាធិបតី​បាន​ប្រៀបធៀប​លោក Mandela ​ទៅ​នឹង​បិតា​ជាតិ​របស់​ខ្លួនគឺ​ Mahatma Gandhi។

លោក​Hemant Khurana​ជា​អ្នក​ក្រុង ​New Delhi ​ម្នាក់ ​បាន​បង្ហាញ​អារម្មណ៍ប្រហែល​គ្នា​នេះ​ផង​ដែរ។

«នេះ​ជា​ដំណឹង​ដ៏​រន្ធត់​មួយ​សម្រាប់​ពិភពលោក​ទាំងមូល ​ពីព្រោះ​លោក​ជា​ឥស្សរជនដ៏​សំខាន់​មួយរូប​ក្នុង​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ហើយ​លោក Mandela ​បាន​ទទួល​ការបំផុស​គំនិត​ពី​Mahatma Gandhi ​ដូច្នេះ ​ឥណ្ឌា​ មាន​អារម្មណ៍​ពិសេស​ចំពោះ​បុរស​ដ៏​អស្ចារ្យ​នេះ»។

នៅ​ខាង​ក្រៅ​ស្ថានទូត​អាហ្វ្រិក​ខាងត្បូង​ ចាប់ពី​អូស្រ្តាលី​ដល់​ចិន អ្នក​ខ្លះ​បាន​មក​សម្តែង​ការគោរព។ នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង ​និស្សិត​ចិន​មួយ​ចំនួន​បាន​មក​ជួបជុំ​គ្នា ​ហើយ​និយាយ​អំពី​ឥទ្ធិពល​របស់​លោក​ Nelson Mandela។

និស្សិត​ម្នាក់​នេះ​ និយាយ​ថា ​លោក​ Nelson Mandela ​បាន​ប្រយុទ្ធ​ដើម្បី​សេរីភាព​ ហើយ​លោក​ជា​អ្នកប្រយុទ្ធ​ពេញ​មួយ​ជីវិត​របស់​លោក។ ​លោក​មិន​រាថយ​ដោយ​សារ​តែ​ឧបសគ្គ​បណ្តោះ​អាសន្ន​ ឬ ​ដោយសារតែ​គ្មាន​ការរីកចម្រើន​ទៅ​មុខ​នោះ​ទេ។ និស្សិត​នេះ​ថ្លែង​បន្ត​ទៀត​ថា ​ស្មារតី​របស់​លោក​ Mandela ​មាន​ឥទ្ធិពល​លើ​ពួក​យើង។
លោក​ប្រធានាធិបតីចិន Xi Jinping
លោក​ប្រធានាធិបតីចិន Xi Jinping
លោក​ប្រធានាធិបតី​ចិន Xi Jinping ​បាន​សរសើរ​លោក​ Mandela ​ថា​ជា​បុរស​ជាតិ​មួយ​រូប​ដែល​គេ​ស្គាល់​ពេញ​ពិភពលោក ​ហើយ​បាន​លើក​ឡើង​អំពី​ការដឹកនាំ​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​របបរើស​អើង​ជាតិ​សាសន៍អាប៉ាថេត (apartheid)។

លោក​ Xi ​ក៏​បាន​លើក​ឡើង​អំពី​ការចូលរួម​ចំណែក​របស់​លោក ​Mandela ​ជាមួយ​ប្រទេស​ចិនផង​ដែរ ​ហើយ​ថា ​លោក ​Mandela ​ជាស្ថាបនិក​មួយ​រូប​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​របស់​ក្រុងប៉េកាំង​ជាមួយ​ទីក្រុង ​Pretoria ​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ នៅ​ឆ្នាំ១៩៩៨ ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ បានផ្លាស់ប្តូរ​ការទទួល​ស្គាល់​ផ្នែក​ការទូត​របស់​ខ្លួន​ពី​កោះ​តៃវ៉ាន់ ទៅ​ជាមួយ​ចិន​វិញ។

បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន ​បាន​លើក​សរសើរ​លោក​ម៉ាន់ឌែលឡា​យ៉ាង​ច្រើន​ហើយ​មរណភាព​របស់​លោក​បាន​គ្របដណ្តប់​បណ្តាញ​ឃោសនា​ស្ទើរ​ពេញ​មួយ​ថ្ងៃ​តាម​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ដោយ​អ្នក​ធ្វើ​អត្ថាធិប្បាយ​និយាយ​ដោយ​ចំហរ​អំពី​វិធីដែល​លោក​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរី​ភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ។​

ក្នុង​ខណៈ​ពេល​ដែល​បណ្តាញ​ឃោសនា​រដ្ឋ​ចិន​បាន​ប្រៀបធៀប​រវាង​លោក​ម៉ាន់ឌែលឡា និង​លោក​ម៉ៅ សេទុង មាន​អ្នក​ខ្លះ​បាន​កត់​សម្គាល់​ថា​អតីត​មេដឹកនាំ​សិង្ហបុរី លី ក្វាន់​យូរ​ កាលពី​ដើម​ឆ្នាំ​បាន​ប្រៀបធៀប​ថា​លោក​ម៉ាន់ឌែលឡា​ដូច​គ្នា​នឹង​លោកប្រធានាធិបតី ចិន ​ស៊ី ជិនពីង។ អត្ថាធិប្បាយ​ដូច​នេះ​ត្រូវ​បាន​គេ​ពិភាក្សា​យ៉ាង​ក្តៅ​គគុក​ហើយ​ការ​ផ្សាយ​តាម​បណ្តាញ​សង្គម​ត្រូវ​បាន​គេ​ដក​ចេញ​វិញ​យ៉ាង​រហ័សផងដែរ។​

នៅ​តាម​បណ្តាញ​អ៊ីនធឺណិត មាន​អ្នក​ខ្លះ​បាន​ធ្វើការ​ប្រៀបធៀប​ទៅនឹង​សកម្មជន​សិទ្ធិ​មនុស្ស​ចិន ក្នុង​នោះ​មាន​លោក​លីវ ស៊ាវបូ ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ។

អ្នក​ដទៃ​ទៀត​ដាក់​ជា​ចម្ងល់​ថា​តើ​ប្រទេស​ចិន​អាច​នឹង​មាន​បុគ្គល​ណា​ស្រដៀង​នឹង​រដ្ឋ​បុរស​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​នេះ​ឬ​ទេ។ អ្នកប្រវត្តិសាស្រ្ត​ ហ្សាង លីហ្វាន់ និយាយ​ថា​ប្រហែលជា​មិន​អាច​ធ្វើ​ទៅ បាន​ទេ។​

លោក​ហ្សាង​មាន​ប្រសាសន៍​ថា​មាន​មនុស្ស​ជាច្រើន​បាន​សាកសួរ​តាម​បណ្តាញ​អ៊ីនធឺណិត ថា​តើ​ប្រទេស​ចិន​អាច​នឹង​មាន​មនុស្ស​ណាម្នាក់​ស្រដៀង​ទៅ​នឹង​លោក​នែលសិន ម៉ាន់ឌែលឡា​ឬ​ទេ ហើយ​អ្នកខ្លះ​និយាយ​ថា​នោះ​គឺ​ជា​រឿង​វប្បធម៌។ លោក​និយាយ​ថា​លោក​យល់​ស្រប​និង​កត់​សម្គាល់​ថា​វប្បធម៌​និង​គណបក្ស​កំម្មុយនិស្ត​ដែល​បាន​បង្កើត​ក្នុង​សង្គម​ចិនធ្វើ​ឱ្យ​ពិបាក​នឹង​មាន​មនុស្សណាម្នាក់​ដូច​ជា​លោក​ម៉ាន់ឌែលឡា។

អ្នក​និពន្ធ​ ហេ ប៉ាវហ្គ័រ​ បាន​សរសេរ​ក្នុង​ទំព័រ​វៃបូ ដែល​ដូច​គ្នា​នឹង​ធ្វីតធឺ ថា​ប្រសិន​បើ​លោក​ម៉ាន់ឌែលឡា​បាន​កើត​នៅ ប្រទេស​ចិន​លោក​ប្រហែល​ជាត្រូវ​គេ​វាយ​ធ្វើ​ទារុណកម្មក្នុង​ពន្ធ​នាគារ​ហើយ​បង្ខំ​ឱ្យ​សារភាព​នៅ​តាម​ទូរទស្សន៍​រដ្ឋ៕

ប្រែសម្រួល​ដោយ​លី ម៉ូរីវ៉ាន់ និង​ម៉ែន គីមសេង
XS
SM
MD
LG