ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​លោក​ Nelson Mandela


លោក​ Mandela ជា​​អតីត​អ្នកទោស​នយោបាយ​រយៈពេល​ជិត​៣០​ឆ្នាំ ​បាន​ស្លាប់​​កាល​ពីយប់​ថ្ងៃ​​ព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៣​​ ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​ដោយ​រោគាពាធ​ ក្នុងជន្មាយុ​៩៥​ឆ្នាំ។
ភ្នំពេញ៖ ការ​ស្លាប់​របស់​លោក ​Nelson Mandela​ វីរបុរស​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​បាន​ធ្វើ​ឱ្យ​មាន​សេចក្តី​ក្រៀមក្រំ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​ជាច្រើន​ទូទាំង​ពិភពលោក។ ​ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​ មន្ត្រី​រដ្ឋាភិបាល ​សង្គមស៊ីវិល ​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​នេះ​ដែរ។

ការ​ស្លាប់​របស់​លោក​ Nelson Mandela ​ឥស្សរជន​ពិភពលោក​ដ៏​ល្បី​ល្បាញ​ម្នាក់​ មិន​ត្រឹម​តែ​ជា​ការ​បាត់​បង់​របស់​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​នោះ​ទេ​ ប៉ុន្តែក៏ជា​ការ​បាត់បង់​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល ​រួម​ទាំង​ប្រជាជាតិ​កម្ពុជា​ផង​ដែរ។ ​នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល ​សង្គម​ស៊ីវិល​ និងប្រជា​ពលរដ្ឋ​កម្ពុជា។​

លោក​ Mandela ​អតីត​អ្នកទោស​នយោបាយ​រយៈពេល​ជិត​៣០​ឆ្នាំ ​បាន​ស្លាប់កាល​ពីយប់​ថ្ងៃព្រហស្បតិ៍​ម្សិល​ម៉ិញ​ ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​ដោយ​រោគាពាធ​ ​អាយុ​៩៥​ឆ្នាំ។

លោក​ជា​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង​ស្បែក​ខ្មៅ​ និង​ជា​បញ្ញវ័ន្ត​ម្នាក់ ​ដែល​បាន​ដឹកនាំ​ការតស៊ូ​ជា​ច្រើន​ទសវត្សរ៍​ប្រឆាំងនឹង​របប​ផ្តាច់ការ​ប្រកាន់​ពូជ​សាសន៍​ Apartheid ​របស់​អាហ្រ្វិក​ខាង​ត្បូង​ ដែល​ដឹកនាំ​ដោយ​ជនជាតិ​ស្បែក​ស​ រហូត​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​១៩៩១ ​និង​បាន​ដឹកនាំអាហ្វ្រិក​ខាង​ត្បូងឱ្យ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ចុះ​សម្រុង​គ្នា​រវាង​ជនជាតិ​ស្បែក​ស​ និង​ស្បែក​ខ្មៅ ​និង​មាន​ប្រជាធិបតេយ្យ​រស់​រវើក​ដែល​គេ​ស្គាល់​ថា «ប្រជាជាតិ​ឥន្ធនូ» ​(Rainbow Nation)​ សព្វ​ថ្ងៃ​នេះ។​

ការ​លា​ចាក​លោក​របស់​លោក ​Nelson Mandela ​បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ និង​ការ​សោក​ស្តាយ​ពី​ថ្នាក់​ដឹកនាំ​ និង​ប្រជាពលរដ្ឋ​ទូទាំង​ពិភព​លោក។​
ក្រោម​ការរៀបចំ​របស់​ចលនា Aafia Karachi នៅ​ក្រុង Karachi នៃ​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ទី ០៦ ខែធ្នូ ឆ្នាំ២០១៣ ក្មេងៗ​អង្គុយ​កាន់​ចង្កៀងព័ទ្ធជុំវិញរូប​លោក Nelson Mandela ជា​ការសម្តែង​ការគោរព​ដល់​អតីត​ប្រធានាធិបតី​ប្រទេសអាហ្វ្រិក​ខាង​ត្បូង​រូប​នេះ។
ក្រោម​ការរៀបចំ​របស់​ចលនា Aafia Karachi នៅ​ក្រុង Karachi នៃ​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ទី ០៦ ខែធ្នូ ឆ្នាំ២០១៣ ក្មេងៗ​អង្គុយ​កាន់​ចង្កៀងព័ទ្ធជុំវិញរូប​លោក Nelson Mandela ជា​ការសម្តែង​ការគោរព​ដល់​អតីត​ប្រធានាធិបតី​ប្រទេសអាហ្វ្រិក​ខាង​ត្បូង​រូប​នេះ។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​ គេ​ក៏​ឃើញ​មាន​ការ​ចូលរួមរំលែក​ទុក្ខ​រូប​លោក ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។​

លោក​ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ​ និង​អ្នកនាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ​បរិយាយ​ថា ​នេះ​មិន​មែន​ត្រឹម​តែជា​ការ​បាត់បង់​របស់​ជនជាតិ​អាហ្វ្រិក​ទេ ​ប៉ុន្តែ​ជា​ការ​បាត់បង់​របស់​មនុស្ស​ជាតិ​ទាំង​មូល។​

«យើង​ជួប​ការ​បាត់បង់​មួយ​ដ៏​មាន​តម្លៃ​គឺ​ជា​មរតក​មនុស្ស​ជាតិ​ ដែល​ឯក​ឧត្តម​បាន​លា​ចាក​លោក​ទៅ។​ លោក​ជា​មរតក​ មិន​មែន​គ្រាន់​តែ​សម្រាប់ពលរដ្ឋ​នៅ​អាហ្វ្រិក​ប៉ុណ្ណោះ​ទេ ​លោក​ជា​មរតក​សម្រាប់​យើង​ទាំង​អស់​គ្នា។ ​លោក​បាន​បន្សល់​ទុក​នូវ​ឧទាហរណ៍​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​វិស័យ​សេរីភាព​និង ​លទ្ធិ​ប្រជាធិបតេយ្យ»។​

វីរភាព​របស់​លោក​ Mandela​ បាននាំ​ឱ្យ​លោក​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព​ពិភពលោក​នៅ​ឆ្នាំ​១៩៩៣ ​និង​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីស្បែក​ខ្មៅ​របស់អាហ្វ្រិក​ខាង​ត្បូងជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៤។

ចំណែក​ឯ​លោកស្រី ចក់ សុភាព ​នាយិកា​កម្មវិធី​នៃ​មជ្ឃមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ថ្លែង​ថា​ ទោះបី​លោក​ Mandela ​បាន​បាត់​បង់​ជីវិត​ក្តី ​ក៏​កេរ​តំណែល​របស់​លោក​នៅ​តែ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ។​

«នេះ​ជា​ការ​សោកស្តាយ​មួយ ​ប៉ុន្តែ​បើ​យើង​និយាយ​ពី​លក្ខណៈ​ធម្មជាតិ ​វា​ជា​រឿង​ធម្មតា ​ព្រោះ​មនុស្ស​យើង​គ្មាន​អ្វី​ជា​ទៀង​ទាត់​ទេ។ ប៉ុន្តែ​អ្វី​ ដែល​ខ្ញុំ​គិត​ថា​គាត់​បាន​បន្សល់​ហ្នឹង​ ធ្វើ​ឱ្យ​យើង​សោក​ស្តាយ​ហ្នឹង​គឺ​ការ​បាត់​បង់​វីរភាព​វីរបុរស​ម្នាក់​ដែល​បាន​តស៊ូ។​ ហើយទោះបីជា​គាត់​បាត់បង់​ជីវិត​មែន ​កេរតំណែល​និង​ភាព​តស៊ូ​របស់​គាត់​នៅ​តែ​បន្សល់​ទុក»។

កំពុង​អង្គុយ​ខាង​មុខ​កុដិ​ដែល​លោក​ស្នាក់នៅ​ក្នុង​វត្ត​បទុមវត្តី ​លោក​លាវ គីមឡាយ ​អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​៤​ម្នាក់​នៅ​សកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជាក្នុង​ក្រុង​ភ្នំពេញ។​
លោក​គីមឡាយ ​ដែល​ធ្លាប់​អាន​ពី​ជីវ​ប្រវត្តិ​របស់​លោក​Mandela​ថ្លែង​ថា​ ​ការ​លា​ចាក​លោក​របស់​លោក​ Mandela ​ជា​ការ​បាត់​បង់ដ៏​ធំធេង​មួយសម្រាប់​មនុស្ស​ជាតិ​ទាំង​មូល។​

«អ្វី​ដែល​ខ្ញុំ​ដឹង​ពី​លោក ​Nelson Mandela ​គឺ​គាត់​បាន​ខិត​ខំ​ប្រឹងប្រែង​នៃ​ការ​រីករាល​ដាល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ មិន​ត្រឹម​តែ​ប្រទេស​គាត់​ទេ​ ប៉ុន្តែ​ទូទាំង​ពិភពលោក។ ​ជាមួយ​គ្នា​នេះ​ គាត់​ជា​អ្នក​ទាមទារ​សិទ្ធិ​សេរីភាព​ និង​ភាព​ស្មើ​គ្នា​រវាង​ជនជាតិ​ស្បែក​ស​ និង​ស្បែក​ខ្មៅ។ ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​ម្នាក់​មាន​ការ​សោកស្តាយ​និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដែល​ពិភព​លោក​ទាំង​មូល​បាន​បាត់​បង់​វីរជន​មួយ​ដ៏​សំខាន់​និង​និមិត្ត​រូប​នៃ​ការ​ដឹកនាំ​បែប​អហិង្សា ​ការ​ផ្សះផ្សា​ជាតិ ​ដែល​យើង​ទាំង​អស់​គ្នា​គួរ​យក​គាត់​ជា​គំរូ»។​

លោក​ជីន រ៉េន ​អាយុ៣៩​ឆ្នាំ ​ជា​អាជីវករ​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​ ក៏​បាន​សម្តែង​ការ​សោកស្តាយ​ដូច​គ្នា​នេះ​ដែរ។​

«ខ្ញុំ​អត់​បាន​ដឹង​ពី​ការ​ស្លាប់​របស់​លោក​ Nelson Mandela ​ផង​ ព្រោះ​យប់​មិញ​ហ្នឹង​ ខ្ញុំ​អត់​បាន​តាម​ដាន​ព័ត៌មាន។ ខ្ញុំ​ល្បី​ឈ្មោះ​គាត់​យូរ​ហើយ ​ខាងទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស។ ​ខ្ញុំ​ធ្លាប់​ឃើញ​មុខ​គាត់​តាម​ទូរទស្សន៍ CNN ​ ប៉ុន្តែ​មិន​បាន​ដឹង​ពី​ប្រវត្តិ​គាត់​ច្បាស់​ទេ។​ ខ្ញុំ​មាន​ការ​សោកស្តាយ​ណាស់ សម្រាប់​ការ​បាត់​បង់​ឥស្សរជន​ល្បីៗ​ក្នុង​ពិភពលោក​អញ្ចឹង»។​

មាន​អ្នក​ប្រើប្រាស់ប្រព័ន្ធ​សង្គម​ហ្វេសប៊ុកជា​ច្រើននាក់នៅ​កម្ពុជា​ក៏​បាន​បង្ហោះសារ​រំលែក​ទុក្ខ​និង​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​លោក ​Mandela​ ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញភាគ​ច្រើន​ដែល​វីអូអេ​ ខេមរភាសា​បាន​ជួប​សម្ភាសន៍​ថ្លែង​ថា​ ពួកគេ​ធ្លាប់​តែ​ឮ​ឈ្មោះ​របស់​លោក​ Mandela ​ប៉ុណ្ណោះ ​ប៉ុន្តែ​មិនបាន​ដឹង​ពី​សវតា​លោក​នោះ​ទេ៕
XS
SM
MD
LG