ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Nelson Mandela ទទួល​មរណភាព​នៅ​ជន្មាយុ​​៩៥​ឆ្នាំ

  • វីអូអេ​​ ខ្មែរ​

អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Nelson Mandela ថ្លែង​ក្រោយ​ពេល​លោក​ត្រូវ​បាន​ផ្តល់​​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ច្បាប់​នៅ​​សាកលវិទ្យាល័យ​ University of Galway ប្រទេស​អៀរឡង់ (២០ មិថុនា ២០០៣)
លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Jacob Zuma បាន​ប្រកាស​អំពី​មរណភាព​របស់​វីរបុរស​ជាតិ​គឺ​លោក Nelson Mandela នៅ​ក្នុង​សេចក្តី​ថ្លែង​ដ៏​ក្រៀមក្រំមួយ​កាល​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ទី​០៥​ខែ​ធ្នូ ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ភ្លាមៗ​នៅ​ទូទាំង​ពិភពលោក។

ជីវិត​លោក​ Mandela មាន​រយៈ​កាល​អស់​ជាង​៩​ទសវត្សរ៍ ហើយ​លោក​បានតម្រែតម្រង់​ប្រទេស​ឲ្យ​ឃ្លាត​ចេញ​ពី​យុគ​ងងឹត​បំផុត​ដែល​បាន​ស្ថិត​នៅ​ក្រោម​របប​ផ្តាច់​ការ​ប្រកាន់​ពូជសាសន៍ អាផាថេត (Apartheid) ឲ្យ​ក្លាយ​មក​ជា​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​ដែលមាន​ភាព​ចម្រុះ​និងមាន​ប្រជាធិបតេយ្យ​រស់​រវើក​ដែល​គេ​ស្គាល់​ថា​«ប្រជាជាតិ​ឥន្ធនូ» (Rainbow Nation) សព្វ​ថ្ងៃ​នេះ។ ​


ការ​ប្រកាស​ព័ត៌មាន​នេះ​មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ពេក​ទេ ដោយ​ហេតុ​ថា ​លោក Mandela​ មានជំងឺ​ធ្ងន់​ធ្ងរអស់​មួ​យ​រយៈ​ពេល​មក​ហើយ ដោយ​លោកត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ជា​ញឹកញាប់​នៅ​ក្នុង​ឆ្នាំ​នេះ។ លោក Mandela ក៏​បាន​ឆ្លង​កាត់​ជីវិត​មួយ​ដែល​ពោរ​ពេញ​ដោយ​ការ​លំបាក​នានា។

លោក Nelson Mandela ធ្លាប់​ជា​មេដឹកនាំ​វ័យក្មេងមាន​លក្ខណៈ​ជីវពល​មួយ​រូប ដែល​បាន​ដឹកនាំ​អង្គការ​ក្រៅ​ច្បាប់ ​African National Congress ប្រឆាំង​នឹង​របប​ជាតិសាសន៍​និយម​ Apartheid របស់​អាហ្វ្រិក​ខាង​ត្បូង​ដឹក​នាំ​ដោយ​ជន​ស្បែក​ស។ លោក​បាន​ដឹកនាំ​សាខា​យោធា​របស់អង្គការ​នេះ ដែល​តួនាទី​នេះបាន​នាំ​ឲ្យ​លោក​ត្រូវ​ជាប់​ពន្ធនាគារ​អស់​២៧​ឆ្នាំ។

រយៈ​កាល​២៧​ឆ្នាំ​នេះ​ជា​យុគ​សម័យ​ងងឹត​បំផុត​សម្រាប់​លោក និង​សម្រាប់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

នៅ​ក្នុង​រូបថត​ពី​ទូរទស្សន៍​នេះ លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Jacob Zuma ថ្លែង​ប្រកាស​អំពីមរណភាព​របស់អតីត​ប្រធានាធិបតី​ Nelson Mandela ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅរដ្ឋធានី Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។
នៅ​ក្នុង​រូបថត​ពី​ទូរទស្សន៍​នេះ លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Jacob Zuma ថ្លែង​ប្រកាស​អំពីមរណភាព​របស់អតីត​ប្រធានាធិបតី​ Nelson Mandela ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅរដ្ឋធានី Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។
ប៉ុន្តែមេដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាពរូប​នេះ បាន​រក្សាការ​តាំង​ចិត្ត​របស់​លោក ហើយ​បាន​បន្ត​ការ​ដឹកនាំ​ពី​បន្ទប់​ក្នុង​ពន្ធនាគារទៀត។ នៅ​ទី​បំផុត លោក​បាន​ទទួល​ជោគជ័យ ដោយ​បាន​នាំ​ឲ្យ​របប​ Apartheid ដួល​រលំ ហើយលោក​ត្រូវបាន​ជ្រើស​រើស​ជា​ប្រធានាធិបតីនៅ​ក្នុង​ការ​បោះឆ្នោត​ពហុបក្សដំបូង​របស់​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​១៩៩៤។

លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ត្រូវ​គេ​ចង​ចាំ​សំខាន់​ដោយ​សារ​ការតស៊ូ​អស់​មួយ​ជីវិត​របស់​លោក ជាអ្នក​ប្រយុទ្ធនិង​អ្នក​ទោស​ដែល​បាន​ប្រែ​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​ជាតិ​និង​អ្នក​កសាង​សន្តិភាព​វិញ។

ភារកិច្ច​នៃ​ការ​ទម្លាយ​ប្រាប់​ពិភពលោក​អំពី​មរណភាព​របស់​លោក Mandela នេះ​បាន​ធ្លាក់​ទៅ​លោក​ប្រធានាធិបតី Jacob Zuma ដែល​ជា​ធម្មតា​លោក​ជា​មេដឹកនាំ​មាន​ភាពកំប្លែង តែ​បែរ​ជា​មិន​អាច​បិទបាំងអារម្មណ៍​សោកសៅ នៅ​ខណៈ​ដែល​លោក​រៀបរាប់​អំពី​បុរស​ម្នាក់​ដែល​ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ជា​ច្រើន​ចាត់​ទុក​ជា​បិតា​ជាតិ។

លោក​ប្រធានាធិបតី Zuma​ បាន​ថ្លែង​ថា៖

«យើងខ្ញុំ​សូម​ចែក​រំលែក​ទុក្ខជាមួយ​នឹង​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​បានចាត់​ទុកលោកថាដូច​ជា​ Madiba ឬ​«ឪពុក» ហើយ​ដែល​បាន​ចាត់​ទុកបុព្វហេតុ​នៃ​ការ​តស៊ូ​របស់​លោក​ថា​ដូច​ជា​របស់​ខ្លួន​ផ្ទាល់​ដែរ។ ជាតិ​របស់​យើង​បាន​បាត់​បង់​កុលបុត្រ​ដ៏​ឆ្នើម​បំផុត។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក Nelson Mandela អស្ចារ្យ​នោះ​គឺ​ជា​លក្ខណៈ​នានា​ដែល​ធ្វើ​ឲ្យ​លោក​ជា​ជន​សាមញ្ញ​ដូច​យើង​ទាំង​អស់​គ្នា​ដែរ។ លក្ខណៈ​សម្បត្តិដែល​យើង​បាន​ឃើញ​នៅ​ក្នុង​បុគ្គល​លោក Nelson Mandela គឺ​ជា​អ្វី​ដេល​យើងប្រាថ្នា​ចង់​បាន​ ហើយយើង​បាន​មើល​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួ​ន​របស់​យើង​ជា​ច្រើន​នៅ​ក្នុងរូប​លោក​ Mandela ដែរ។»

ខាង​ក្រោម​ជា​ប្រតិកម្មនានា​ពី​ជុំ​វិញ​ពិភពលោក៖

XS
SM
MD
LG