ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Nelson Mandela​ អតីត​ប្រធានាធិបតី​ប្រទេស​​អាហ្វ្រិក​ខាង​ត្បូង​ ទទួល​មរណភាព​ក្នុង​ជន្មាយុ​ ៩៥​ ឆ្នាំ​

  • Deborah Block

លោក​ នែលសិន​ ម៉ាន់​ឌែលឡា​ (Nelson Mandela) ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ​របស់​ប្រទេស​​អាហ្វ្រិក​​ខាង​ត្បូង។
វ៉ាស៊ីនតោន៖​ មនុស្ស​នៅ​ជុំវិញ​ពិភពលោក​កំពុង​កាន់​មរណទុក្ខ​ចំពោះ​ការ​បាត់​បង់​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ​របស់​ប្រទេស​ អាហ្វ្រ៊ីក​ខាង​ត្បូង។​ ចំពោះ​មនុស្ស​ជា​ច្រើន​នាក់​ លោក​ នែលសិន​ ម៉ាន់​ឌែលឡា​ (Nelson​ Mandela)​ ជា​វិរបុរស​ម្នាក់​ ជា​បុរស​ម្នាក់​ដែល​មាន​សេចក្តី​ក្លាហាន​ មាន​ជំនឿ​ស៊ប់​ មាន​ទស្សនវិស័យ។​ ជា​ញឹក​ញយ​ គេ​ហៅ​លោក​ថា​ជា​បុរស​ស្រគត់​ស្រគុំ​ម្នាក់​ មាន​ស្នេហ៍​មុខ​ មាន​ភក្តីភាព​ និង​ជា​បុរស​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ។​

លោក​ Herman​ Cohen​ ជា​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​សរអា​ខាង​កិច្ច​ការ​ អាហ្វ្រីក​ ពី​ឆ្នាំ​ ១៩៨៩​ ទៅ​ ១៩៩៣។

«លោក​ហាក់​ដូច​ជា​មាន​ស្នេហ៍​មុខ​ពិសេស​ម្យ៉ាង។​ លោក​បាន​ក្លាយ​ជា​និមិត្តរូប​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​នយោបាយ​ប្រកាន់​ជាតិ​សាសន៍​ អាប់ប៉ាថេត​ (apartheid)»។​

លោក​ Mandela​ កើត​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​កក្កដា​ ឆ្នាំ​ ១៩១៨។​ នៅ​ក្នុង​យុវវ័យ​ លោក​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ចលនា​ប្រឆាំង​នឹង​ apartheid​ ហើយ​បាន​ចូល​ជា​សមាជិក​ អង្គការ​ African​ National​ Congress​ ហៅ​កាត់​ថា​ ANC​ ក្នុង​ទសវត្សរ៍​ ១៩៤០។​

រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ជន​ស្បែក​ស​ បាន​បិទ​អង្គការ​ ANC​ ក្នុង​ឆ្នាំ​ ១៩៦០​ តែ​ក្រុម​នេះ​នៅ​តែ​ធ្វើ​ប្រតិបត្តិការ​ដោយ​សម្ងាត់។​ លោក​ Mandela​ បាន​ក្លាយ​ជា​អ្នកដឹកនាំ​សាខា​យោធា​ថ្មី​របស់​ក្រុម​នេះ​ ដែល​ធ្វើ​ការ​សម្រប​សម្រួល​យុទ្ធនាការ​វិទ្ធង្សនា​ប្រឆាំង​នឹង​ទិស​ដៅ​របស់​កងយោធា​និង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​អាហ្វ្រ៊ីក​ខាង​ត្បូង។​

ក្នុង​ឆ្នាំ​ ១៩៦២​ លោក​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ នាំ​ឡើង​តុលាការ​អំពី​សកម្មភាព​របស់​លោក​ ហើយ​ត្រូវ​កាត់​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ នៅ​កោះ​ Robben​ នៅ​ជិត​ឆ្នេរ​សមុទ្រ​នៃ​ទី​ក្រុង​ Cape Town។​ លោក​បាន​ចំណាយ​ពេល​ ១៨​ ឆ្នាំ​ នៅ​ទី​នោះ​ហើយ​បាន​ប្រកែក​មិន​ព្រម​ទទួល​សេចក្តី​ស្នើ​របស់​រដ្ឋាភិបាល​ដែល​ថា​នឹង​ដោះលែង​លោក​ បើ​សិន​ជា​លោក​បោះ​បង់​ចោល​ការ​តស៊ូ​ដោយ​អាវុធ​របស់​អង្គការ​ ANC។​ ក៏​ប៉ុន្តែ​លោក​បាន​រួច​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ ១៩៩០​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ Frederick​ de Klerk​ បាន​ដាក់​គណបក្ស​នយោបាយ​ទាំង​អស់ ឲ្យ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ហើយ​និង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ភាគ​ច្រើន។​

មិន​យូរ​ប៉ុន្មាន​ក្រោយ​ការដោះលែង​លោក​ លោក​ Mandela​ បាន​ទទួល​ការ​តែង​តាំង​ជា​ប្រធាន​នៃ​អង្គការ​ ANC​ ហើយ​នៅ​ពេល​ដែល​អង្គការ​នេះ​បាន​ឈ្នះ​ឆ្នោត​ទី​មួយ​រវាង​ពូជិសាសន៍​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ អាហ្វ្រ៊ីក​ខាង​ត្បូង​ លោក​បាន​ទទួល​ពិធី​សម្ភោធ​ឲ្យ​ឡើង​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ​របស់​ប្រទេស​នេះ​ ក្នុង​ជន្មាយុ​ ៧៥​ ឆ្នាំ។

«ជា​ដាច់​ខាត​ ប្រទេស​ដ៏​ល្អ​អស្ចារ្យ​នេះ​នឹង​មិន​ត្រឡប់​ទៅ​រក​បទ​ពិសោធន៍​នៃ​ការ​សង្កត់​សង្កិន​ដោយ​មនុស្ស​មួយ​ក្រុម​ទៅ​លើ​មនុស្ស​មួយ​ក្រុម​ទៀត​ ជា​ថ្មី​ទៀត​ឡើយ»។​

លោក​ប្រធានាធិបតី​ Mandela ​ថ្លែង​ថា​ លោក​នឹង​កាន់​តំណែង​ប្រធានាធិបតី​តែ​មួយ​អាណត្តិ​ ៥​ ឆ្នាំ​ប៉ុណ្ណោះ។​ លោក​ Cohen​ ថ្លែង​ថា​ លោក​ Mandela ​បាន​ទទួល​ការ​គោរព​ថ្នាក់​អន្តរជាតិ​សម្រាប់​ការ​ផ្សះ​ផ្សារ​ជាតិ​ឡើង​វិញ​របស់​ប្រទេស​ អាហ្វ្រ៊ីក​ខាង​ត្បូង។​

«លោក​ Mandela​ បាន​ប្តេជ្ញា​ខ្លួន​លោក​ភាគ​ច្រើន​ទៅ​លើ​ការ​ប្រមែ​ប្រមូល​ពលរដ្ឋ​អាហ្វ្រីក​ខាង​ត្បូង​ឲ្យ​ចូល​ក្នុង​យុគ​ថ្មី​នេះ​ដើម្បី​ធ្វើ​ការ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឲ្យ​មាន​ការ​អប់រំ​ល្អ។​ លោក​ក៏​ជា​អ្នក​នាំ​ពាក្យ​ម្នាក់​នៅ​ក្នុង​ថ្នាក់​អន្តរជាតិ​ដែរ»។​

ក្នុង​ឆ្នាំ​ ១៩៩៣​ លោក​ Mandela​ បាន​ចែក​រំលែក​រង្វាន់​ Nobel​ សន្តិភាព​ ជា​មួយ​លោក​ de Klerk​ ដែល​ធ្លាប់​ជា​សត្រូវ​ដ៏​ជូរចត់​របស់​លោក​ សម្រាប់​វិភាគទាន​នៅ​ក្នុង​ដំណាក់ការ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ អាហ្វ្រ៊ីក​ខាង​ត្បូង។​ បន្ទាប់​ពី​បាន​ទទួល​រង្វាន់​ លោក​ Mandela​ បាន​ថ្លែង​សរសើរ​ប្រជាពលរដ្ឋ​ អាហ្វ្រ៊ីក​ខាង​ត្បូង។​

«អ្នក​ទាំង​អស់​បាន​បង្កើត​សង្គម​មួយ​ ដែល​ទទួល​ស្គាល់ថា​មនុស្ស​ទាំង​អស់​បាន​កើត​មក​មាន​សីទ្ធិ​ស្មើៗ​គ្នា»។

ក្នុង​តំណែង​ជា​ប្រធានាធិបតី​ លោក​ Mandela​ បាន​ទទួល​ការ​រិះគន់​អំពី​ការ​មិន​ដោះស្រាយ​ជម្ងឺ​ឆ្លង​ AIDS​ នៅ​ក្នុង​ប្រទេស​ អាហ្វហ្រ៊ីក​ខាង​ត្បូង។​ ក៏​ប៉ុន្តែ​ក្នុង​ពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​ក្នុង​ជីវិត​របស់​លោក​ លោក​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​នាំ​មុខ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​ជម្ងឺ​ AIDS។​

«ទាំង​អស់​គ្នា​ យើង​អាច​ប្រយុទ្ធ​ទល់​នឹង​ជម្ងឺ​ AIDS​ ហើយ​ធានា​ឲ្យ​មាន​អនាគត​ដ៏​សុវត្ថភាព​ជាង​មុន​សម្រាប់​មនុស្ស​គ្រប់​គ្នា»។​

លោក​ក៏​បាន​បន្ត​កិច្ចការ​របស់​លោក​ជា​អ្នក​ការពារ​សិទ្ធិ​របស់​កុមារ​ដែរ។​

ក្នុង​ប្រទេស​មួយ​ដែល​បែក​បាក់​ដោយ​សារ​ជម្លោះ​ខាង​ពូជិសាសន៍​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ លោក​ Nelson​ Mandela​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ --​ ជា​បុរស​ម្នាក់​ដែល​ប្តូរ​ប្រទេស​អាហ្វ្រ៊ីក​ខាង​ត្បូង​ចេញ​ពី​អំពើ​ហិង្សា​និង​សំអប់​ ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​និង​ការ​យោគ​យល់​គ្នា​ច្រើន​ជាង​មុន​យ៉ាង​សម្បើម៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន
XS
SM
MD
LG