ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហេតុអ្វី​បាន​ជា​អ្នក​ទោស​អាច​ផ្តួល​រំលំ​របប​ Apartheid?


លោក Nelson Mandela និង​អតីត​ភរិយា Winnie ច្រៀង​បទ​ភ្លេង​របស់​​គណបក្ស African National Congress ក្នុង​អំឡុង​កិច្ចប្រជុំ​​សាសបា​អន្តរជាតិ​​មួយ​នៅ​ទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​១៩៩០។
របប​អាប៉ាថេត (Apartheid) ដែល​គេ​ស្អប់​របស់​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ត្រូវ​បាន​បញ្ចប់គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដោយ​គ្មាន​អំពើ​ហិង្សា​ណា​មួយ​ដើម្បី​បញ្ចប់ប្រព័ន្ធ​គាប​សង្កត់​ ប៉ុន្តែ​តាម​រយៈការ​សម្រប​សម្រួល​និង​ការ​ចរចា។ ជន​អាហ្រ្វិក​ខាង​ត្បូង​ដ៏​សំខាន់​ពីរ​រូប​ដែល​នៅ​ជួរ​មុខ​ក្នុង​ការ​ពិភាក្សា​ ដែលមក​ពី​ភាគី​ផ្សេងគ្នា និយាយ​ថា នោះ​គឺ​ជា​សកម្មភាព​ដ៏​ក្លាហាន​នៃ​បុរស​ម្នាក់ គឺ​លោក​ នែលសិន ម៉ាន់ឌែលឡា (Nelson Mandela) ដែល​ធ្វើ​ឲ្យមាន​ដំណើរ​ការ​ចរចានោះ។

ដំណើរការ​ចាប់​ផ្តើម​ដោយ​សម្ងាត់​ ដោយ​មាន​ការ​ចរចា​ក្រៅ​ផ្លូវ​ការ​ក្នុង​ទសវត្សរ៍​ ១៩៨០ រវាង​លោក នែលសិន ម៉ាន់ឌែលឡា ដែល​កាល​ពីពេល​នោះ​លោក​គឺ​ជា​អ្នក​ទោស​នៅ​កោះ​ រ៉បិន (Robben Island) ជាមួយ​នឹង​សមាជិក​នៃសេវាសម្ងាត់​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ លោក នែលសិន ម៉ាន់ឌែលឡា រហូត​ដល់​ពេល​នោះ បាន​ជាប់ពន្ធនាគារ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ដោយសារ​តស៊ូ​ប្រឆាំង​នឹង​របប​រើស​អើង​ពូជសាសន៍​របស់​ជន​ស្បែក​ស។

លោក នែលសិន ម៉ាន់ឌែលឡា ក្រោយ​មក​បាន​សរសេរ​ថា លោក​បាន​សម្រេច​ចិត្តជាឯកតោភាគី​ដើម្បី​ទាក់ទង​រដ្ឋាភិបាល អាប៉ាថេត (Aparteid) ដែលលោក​បាន​ចំណាយ​ពេល​អស់​មួយ​ជីវិត​តស៊ូ​ប្រឆាំង។ ការ​សម្រេច​ចិត្ត​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ខាង​ផ្នែក​នយោបាយ​ដ៏​វាងវៃ​បំផុត​ក្នុង​មួយ​ជីវិត​របស់​លោក ដែល​នាំ​ឲ្យ​លោក​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ១៩៩៣ ហើយ​ក្រោយ​មក​ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​លើក​ដំបូង​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

លោក Dave Steward នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ F.W. de Klerk មាន​ប្រសាសន៍​ថា វិធានការ​របស់​លោក ម៉ាឌែឡា មិន​ត្រូវ​បាន​ទទួល​យក​ដោយ​សហការី​ដែល​ជា​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ចលនាសមាជ​ជាតិ​អាហ្វ្រិក ឬ African National Congress (ANC)។ ប៉ុន្តែ​វិធានការ​នោះ​គឺ​ជា​វិធានការ​ត្រឹមត្រូវ​។ ក្រៅ​ពី​បញ្ចប់​ប្រព័ន្ធ​រើសអើង​ពូជសាសន៍ វិធានការ​នោះ​បាន​បង្ហាញ​ថា​ ចលនា​ANC គឺជា​កម្លាំង​នយោបាយប្រកប​ដោយ​ភាព​ចាស់​ទុំ ដែល​អាច​ត្រូវ​បាន​យក​មក​ពិចារណា​ហ្មត់ចត់។

លោក Steward ដែល​ពេល​នោះ​គឺ​ជា​នាយ​ខុទ្ទកាល័យ​របស់​លោក​ de Klerk អតីត​ប្រធានាធិបតី​អាហ្រិ្វក​ខាង​ត្បូង​ដែល​បាន​ចូលរួម​ក្នុង​ការ​ចរចា​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ហើយ​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ជាមួយ​នឹង​លោក​ នែលសិន ម៉ាន់ឌែលឡា។

«ខ្ញុំ​យល់​ថា តួនាទីរបស់​លោក​ នែលសិន ម៉ាន់ឌែលឡា​ក្នុង​ពេល​នោះ​សំខាន់​ណាស់។ អង្គុយ​នៅ​ក្នុង​ពន្ធនាគារ Pollsmoor លោក​សម្រេច​ដោយខ្លួន​ឯង ហើយ​ភាគ ច្រើនប្រឆាំង​នឹង​ប្រឹក្សា​និង​គោល​បំណង​របស់​សហការី​របស់​លោក​។ ការ​សម្រេច​នោះ​គឺ​មិន​ប្រើ​អាវុធ​ ឬ​ធម្យោបាយ​កងទ័ព​ដើម្បី​តស៊ូ​នៅ​អាហ្វ្រិកខាង​ត្បូង​ឡើយ។ ធម្យោបាយ​នោះ​គឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​ដំណោះស្រាយ​ចរចា។ ខ្ញុំ​គិត​ថា រឿង​នោះ​ត្រូវ​ការ​សេចក្តី​ក្លាហាន​និង​ការ​យល់​ដឹង​ដ៏​ស៊ីជម្រៅ​ពី​លោក​ នែលសិន ម៉ាន់ឌែលឡាក្នុង​ការ​សម្រេច​ចិត្ត​នោះ។ ជា​លទ្ធផល ខ្ញុំ​យល់​ថា ការ​សម្រេច​ចិត្ត​នេះ​ចេញ​ជា​ផ្លែផ្កាដោយ​ខ្លួន​ឯង​។ ខ្ញុំ​យល់​ថា លោក​បាន​គិតយ៉ាង​ស៊ីជម្រៅ​និង​បាន​លឿន​ជាង​សហការី​របស់​លោកដែលនៅ​ក្នុង​ចលនា​ANC ដែល​ថា ដំណោះស្រាយ​មាន​តែ​តាម​រយៈការ​ចរចា​ប៉ុណ្ណោះ»។

លោក Jay Naidoo សកម្មជន​ប្រឆាំង​នឹង​របប​អាផាថេដ និយាយ​ថា មាន​តែ​លោក​ នែលសុន ម៉ានឌែឡា ប៉ុណ្ណោះ​ដែល​មានអំណាចក្នុង​ការ​ចាត់​វិធាន​ការ​ដែល​គ្មាន​ប្រជាប្រិយភាព​នោះ​នៅ​ក្នុង​ចលនា​ANC។ លោក Naidoo គឺ​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ពាណិជ្ជកម្ម​ដ៏​ធំជាង​គេបំផុត​របស់​អាហ្វ្រិក​ខាង​ត្បូង។

«របប​អាប៉ាថេត មិន​អាច​ឈ្នះ​យើង​ទេ ហើយ​យើង​ក៏​មិន​អាច​យក​ឈ្នះ​ពួក​គេ​បាន​ដែរ។ យើង​ស្ថិត​ក្នុង​ដំណើរ​ជាប់​គាំង។ ដូច្នេះ​ នៅ​ក្នុង​បរិបទ​នោះ​ មេដឹក​នាំ​នៃភាគី​ទាំង​ពីរ​នៃ​ជម្លោះ​ ងើប​ឡើងដើម្បី​ស្វែង​រក​មូលដ្ឋានសម្រាប់ធម្យោបាយ​ដោះស្រាយដោយសន្តិវិធី។​ ហើយ គ្មាន​អ្នកណា​អាច​ដឹក​នាំភាគី​របស់​យើង​បាន​ប្រសើរ​ជាង​លោក​ នែលសិន ម៉ាន់ឌែលឡាទេ ដោយ​លោកបាន​ជាប់​ពន្ធនាគារ២៧​ឆ្នាំ​ដើម្បី​សេរីភាព​របស់​យើង»។

លោក​ Naidoo មាន​ប្រសាសន៍​ថា ខណៈដែល​ការ​ចួលរួម​របស់​លោក​ នែលសិន ម៉ាន់ឌែលឡា សំខាន់​ ចលនា​នេះ​មាន​ជំនួយ​ពី​អ្នក​ចរចា​សំខាន់ៗ​ជាច្រើន​មក​ពី​ចលនា​សហជីព​ពាណិជ្ជកម្ម។ អ្នក​ទាំង​នោះ​រួម​មាន​អ្នក​ស្នង​លោក នែលសិន ម៉ាន់ឌែលឡា គឺ​លោក Thabo Mbeki និង​លោក​ Cyril Ramaphosa ដែល​ជា​អនុប្រធាន​ចលនា ANC។

«យើង​ចំណាយ​ពេល​ពេញ​មួយ​ទសវត្សរ៍​ដើម្បី​ចរចា​អំពី​បញ្ហា​ដ៏​លំបាក​មុន​ពេលដំណើរ​ការ​ចរចា​នយោបាយ​បាន​ចាប់​ផ្តើម។ ដូច្នេះ​ ខ្ញុំ​យល់​ថា បើ​និយាយ​ជាទូទៅ​ បរិយាកាស​និង​លក្ខខណ្ឌ​សម្រាប់​ចរចា​ដើម្បី​ឆ្ពោះ​ទៅរក​ដំណោះស្រាយ​សន្តិភាព​មួយ​នៃ​បញ្ហា​រើសអើង​ពូជសាសន៍​និង​បញ្ហា​អាប៉ាថេត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ ត្រូវ​បាន​ដឹកនាំ​នៅ​កន្លែង​ផ្សេងៗ»។

លោក Steward មាន​ប្រសាសន៍​ថា នៅ​ពេល​ការ​ចរចា​បាន​ចាប់​ផ្តើម​ លោក នែលសិន ម៉ាន់ឌែលឡា ចេញមក​តស៊ូយ៉ាង​ប្តូរផ្តាច់ ដោយ​មាន​ល្បិច​មួយ​ដែល​អាច​ទទួល​បរាជ័យ​ប្រសិន​បើ​ប្រើ​ជាមួយ​នឹងគូរ​ចរចាប្រឆាំង​ផ្សេងទៀត។

«តាម​ពិត​ ការ​វាយប្រហារ​មួយ​ចំនួន​របស់​លោក​ទៅ​លើ​លោក de Klerk មាន​ភាព​សាហាវ​ណាស់។​ រឿង​ទាំង​នោះ​ អាច​នឹង​នាំ​ទៅរក​ភាព​ស្មុគស្មាញមួយ​ចំនួន​ក្នុង​ដំណើរ​ការ​ចរចា ប្រសិន​បើ​ចរចា​ជាមួយ​បុគ្គល​ផ្សេងទៀត។ ឧទាហរណ៍ ប្រសិន​បើ​ លោក​ P.W. Botha ជា​អ្នក​មេដឹក​នាំ​គណបក្ស​ National Party ក្នុង​ដំណាក់​កាល​នោះ ដំណើរ​ការ​ចរចា​នោះ​ប្រហែល​ជា​នឹង​ត្រូវបញ្ចប់បាត់​ទៅហើយ។ លោកមិន​អត់​ឱន​ដល់​ការ​វាយប្រហារងបែបនោះទេ​។ ប៉ុន្តែ ខ្ញុំ​គិត​ថា លោក de Klerk ​មាន​ទស្សនៈវែង​ឆ្ងាយ។ លោក​មិន​សូវ​បារម្ភ​ ថ្វី​បើ​ពេល​នោះ​លោក​ខឹង ហើយទោះ​បី​ជាលោក​យល់​ស្រប​ថានោះ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​ឈឺចាប់​ក៏​ដោយ។ ប៉ុន្តែ​លោក​ដឹង​ថា បញ្ហា​សំខាន់​ពិត​ប្រាកដ​នោះ​គឺ ត្រូវ​ធ្វើ​ឲ្យ​ការ​ចរចា​មាន​ដំណើរ​ការ​ទៅ​មុខ។ ដូច្នេះ​ លោក​បណ្តោយ​ឲ្យ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ការ​វាយ​ប្រហារ​នោះ​»។

បុរសទាំង​ពីរ​ក៏​បាន​និយាយ​អំពី​កត្តា​មួយ​ទៀត​ដែល​តែង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ពេលពិភាក្សា​អំពី​លោក​ម៉ានឌែឡា ពោលគឺលក្ខណៈពិសេស​ និង​ភាព​ដាក់​ខ្លួន​របស់​លោក​ នែលសិន ម៉ាន់ឌែលឡា។

លោក​ទាំង​ពីរ​បន្ត​ថា នោះ​គឺ​ជា​ការរួមបញ្ចូល​លក្ខណៈពិសេស​ដ៏​កម្រ​ដែល​នាំ​ឲ្យ​បុរស​ដែល​អស្ចារ្យ​នេះ​ចាត់​វិធានការ​ដ៏​ក្លាហាន​ដែល​បាន​ផ្លាស់​ប្តូរ​ពិភព​ដែល​នៅ​ជុំ​វិញ​លោក៕

ប្រែ​សម្រួល​ដោយ​ ​អ៊ឹម​ សុធារិទ្ធ
XS
SM
MD
LG