ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកអូបាម៉ា៖ លោក Nelson Mandela ផ្លាស់​ប្តូរ​ប្រវត្តិសាស្ត្រ​ឆ្ពោះ​ទៅ​រក​យុត្តធម៌


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ក្នុង​ពេល​ដែល​ថ្លែង​អំពី​មរណភាពរបស់​លោក Nelson Mandela នៅ​សេតវិមាន នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៣។
សេតវិមាន៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ហៅ​លោក Nelson Mandela ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍ក្នុង​ជន្មាយុ៩៥​ឆ្នាំ ថា​ជា​បុរសម្នាក់​ដែលមាន​សេចក្តី​ថ្លៃ​ថ្នូរយ៉ាង​មោះ​មុត និង​ឆន្ទៈ​រឹង​មាំ ដែល​បានផ្លាស់​ប្តូរ​ប្រទេស​អាហ្វ្រិកខាង​ត្បូង ហើយ​ដែល​ឥឡូវនេះជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ហើយ។

ប្រធានាធិបតី​សរអា​ដើម​កំណើតអាហ្វ្រិក​ទី​មួយ ដែល​ជីវិត​នយោបាយ​និង​ជីវិត​ផ្ទាល់​ខ្លួនរបស់​លោក ត្រូវ​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ច្រើន​ពី​លោក Mandela នោះ បាន​ថ្លែង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ជុំវិញ​ពិភពលោក អំពី​មរណភាព​របស់​លោក Mandela។

«លោក Nelson Mandela អនុវត្តតាម​ឧត្តម​គតិ​នោះ ​ហើយ​លោក​បានធ្វើ​ឲ្យ​ឧត្តម​គតិ​នោះ​ក្លាយ​ទៅ​ជា​ការពិត។ ថ្ងៃ​នេះ ​លោក​បាន​ចែក​ឋាន​ហើយ។ យើង​បាន​បាត់​បង់បុគ្គល​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ជា​ទី​បំផុត​ម្នាក់ ដែល​មាន​សេចក្តី​ក្លាហាន​ជាទី​បំផុតម្នាក់ និង​ដែល​ជា​មនុស្សល្អជាទី​បំផុត​ម្នាក់ ដែលយើង​គ្រប់​រូបរស់​នៅ​ជាមួយ​លើ​ផែន​ដី​នេះ។ ឥឡូវ​នេះ​លោកលែង​នៅ​ជាមួយ​យើង​ទៀត​ហើយ។ លោកក្លាយ​ទៅ​ជា​ប្រវត្តិសាស្ត្រ​ហើយ»។

ដូច​លោកអូបាម៉ា​ដែរ លោក Mandela បាន​ក្លាយ​ជា​ប្រធានាធិបតីស្បែក​ខ្មៅ​ទី​មួយ​ក្នុង​ប្រទេស​របស់​លោក។ លោកប្រធានាធិបតី​អូបាម៉ា​បាន​ថ្លែង​ថា លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​មិន​អស់​រាប់​លាន​នាក់​ ដែលទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​លោក Mandela។

លោក​អូបាម៉ា​នឹក​ឃើញ​នូវ​កិច្ច​ការ​ដែល​លោក​បាន​បំពេញ​ជាលើកទីមួយ ដែលពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​មួយ ឬ គោលនយោបាយ ឬ នយោបាយ​នោះ គឺ​ការធ្វើ​បាតុកម្ម​ប្រឆាំង​និង​របប​ប្រកាន់​ពូជ​សាសន៍ apartheid។

«ខ្ញុំ​បាន​សិក្សា​ពាក្យ​សម្តី​និង​អត្ថបទ​របស់លោក។ ថ្ងៃ​ដែល​គេ​ដោះ​លែង​លោក​ចេញ​ពី​ពន្ធនាគារ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវអារម្មណ៍​មួយ​អំពី​អ្វី​ដែលមនុស្សលោក​អាច​ធ្វើ​បាន នៅ​ពេល​ដែល​ពួកគេត្រូវ​បាន​ដឹកនាំ​ដោយ​សេចក្តី​សង្ឃឹម តែ​មិនមែន​ដោយ​សេចក្តី​ភ័យ​ខ្លាយ​នោះ​ទេ។ ហើយ​ដូចមនុស្ស​ជា​ច្រើន​ទៀតនៅ​ជុំ​វិញ​ពិភពលោក ខ្ញុំ​មិន​អាចស្រមៃអំពី​ជីវិត​របស់​ខ្ញុំ​ផ្ទាល់​ខ្លួនបាន​ទេ ដោយ​គ្មាន​គំរូ​ដែល​លោក Nelson Mandela បាន​ធ្វើទុកទេ ដូច្នេះដរាប​ណា​ខ្ញុំ​នៅ​រស់ ខ្ញុំ​នឹង​ធ្វើអ្វី​ដែល​ខ្ញុំ​អាចធ្វើ​ទៅ​បាន ដើម្បី​រៀន​សូត្រ​ពី​លោក»។

លោក​ប្រធានាធិបតី Obama ថ្លែង​ថា ឆាក​ជីវិត​របស់​លោក Mandela ​ពី​គុក​រហូត​ដល់​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​មួយរូប​នោះ ជានិមិត្តរូបនៃ​ការ​សន្យា​ដែលថា​ មនុស្ស​លោក​គ្រប់​រូប និង​ប្រទេស​ទាំងអស់​អាច​ផ្លាស់​ប្តូរ​ដើម្បីឲ្យ​បាន​ប្រសើរ​ជាងមុន»។

«ការ​តាំង​ចិត្ត​របស់​លោក​ដើម្បី​ផ្ទេរ​អំណាច​និង​ដើម្បី​សម្រប​សម្រួល​ជាមួយ​នឹង​ពួក​អ្នក​ដែល​ចាប់​លោក​ដាក់​គុកនោះ ជា​គំរូ​មួយ​ដែល​មនុស្សលោក​ទាំង​អស់​គួរ​តែ​ប្រាថ្នា​ចង់​បាន មិន​ថា​នៅ​ក្នុង​ប្រទេស​ណា ឬ​នៅ​ក្នុង​ឆាក​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​ទេ។ ហើយ​ការណ៍ដែល​លោក​បាន​ធ្វើ​កិច្ចការ​ទាំង​នេះ​ដោយ​ភាព​រួសរាយ និង​ចេះ​កំប្លែង​ផង​នោះ និង​ដោយ​ចេះទទួល​ស្គាល់​នូវការ​ខុស​ឆ្គង​របស់​លោក​ខ្លះ​នោះ ​ធ្វើឲ្យលោកកាន់​តែអស្ចារ្យ​ថែម​ទៀត»។

លោក​អូបាម៉ា​និង​លោក Mandela បាន​ជួប​មុខ​គ្នា​តែ​ម្តង​គត់ គឺ​ការ​ជួបគ្នា​ដោយឥត​ព្រៀង​ទុក ក្នុង​អំឡុងសន្និសីទមួយ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ឆ្នាំ​២០០៥ នៅ​ពេល​ដែល​លោក​អូបាម៉ា ជា​សមាជិក​ព្រឹទ្ធ​សភា​សរអា​ ក្មេង​ខ្ចី​ម្នាក់។

នៅ​ពេល​ដែល​លោកអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្វ្រិកខាង​ត្បូង​នៅ​ដើម​ឆ្នាំ​នេះ លោក​អូបាម៉ា មិន​បាន​ជួប​លោក Mandela ទេ ពី​ព្រោះ​លោក​ Mandela កំពុង​ឈឺ​ធ្ងន់​នៅ​ពេល​នោះ។ លោក​ Obama ​បាន​ទៅទស្សនា​កោះ Robben ​ដែល​នៅ​ទីនោះ​លោក​ Mandela ត្រូវ​គេ​ឃុំឃាំង​អស់​ពេល​១៨​ឆ្នាំ នៃ​រយៈពេល​២៧​ឆ្នាំ ដែល​លោក​ជាប់​ក្នុង​ពន្ធនាគារ។

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​សាកល​វិទ្យាល័យ​ Cape Town លោក​អូបាម៉ា​បាន​ហៅ​កេរដំណែលរបស់​លោក Mandela ថា​ជា​កេរដំណែល​របស់​យុវជន ខ្មៅ ស ឥណ្ឌា និង​សាសន៍​ដទៃទាំង​អស់ ក្នុង​ការ​រស់​នៅ​និង​រៀន​សូត្រ​ពីគ្នាទៅវិញ​ទៅ​មក​នៅក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូង​មួយ ដែល​មាន​សេរី​ភាព និង​សន្តិភាព»។

សមាជិក​សភាអាមេរិក និង​អតី​ត​ប្រធានាធិបតី​សរអា​ទាំង​អស់​បាន​នាំ​គ្នា​ផ្ញើរ​សារដឹង​គុណជូន​លោក Mandela។

លោក​អតីត​ប្រធានាធិបតី Bill Clinton បាន​ថ្លែងថា «ប្រវត្តិសាស្ត្រនឹង​ចងចាំ​ថា​ លោក​Mandela ជា​អ្នក​គាំ​ទ្រសេចក្តី​ថ្លៃ​ថ្នូរ​ និង​សេរីភាពរបស់​មនុស្សលោក ហើយគាំ​ទ្រ​សន្តិភាព និងការសម្រប​សម្រួល​គ្នា។

លោក​អតី​ប្រធានាធិបតី George H.W. Bush បាន​ថ្លែង​ថា លោក Mandela ជា​គំរូយ៉ាង​មាន​អំណាច​មួយ នៃ​ការ​លោះកំហុស និងភាព​រីករាយ ដោយ​ហៅ​លោកថា​ជាមនុស្សមាន​សេចក្តី​ក្លាហានក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ ដែល​បាន​ផ្លាស់ប្តូរ​មាគ៌ាប្រវត្តិសាស្ត្រ។

នៅ​ក្នុងសុន្ទរកថា​មួយ​ទៅ​កាន់​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង លោក​ប្រធានាធិបតី Obama ថ្លែងថា កេរដំណែល​របស់លោក Mandela នោះ​គឺប្រទេស​អាហ្វ្រិកខាង​ត្បូង​មួយ​ដែល​មាន​សេរីភាព ដែល​មាន​សន្តិភាព​ក្នុង​ខ្លួន ហើយ​ថា​នេះ​ជា​គំរូ​មួយ​សម្រាប់​ពិភពលោក។

លោកថ្លែងថា លោក​ Mandela ជាបុរសម្នាក់​ដែល​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ និង​ដែល​បាន​កាច់ក្តោងសីលធម៌ក្នុង​ពិភពលោក ឲ្យ​ងាកទៅ​រក​យុត្តិធម៌។

សេតវិមាន​នៅ​មិនទាន់​ជូន​ដំណឹង​អំពីថា​តើ​លោក​ប្រធានាធិបតី​Obama នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្វ្រិកខាង​ត្បូង តាម​ការរំពឹង​ទុក ដើម្បី​ចូលរួម​នៅ​ក្នុងពិធីបុណ្យសពតាម​ផ្លូវ​រដ្ឋ នៅ​ពេល​ណានៅ​ឡើយ​ទេ៕

ប្រែ​សម្រួល​ដោយ​លោក ប៉ូច រាសី
XS
SM
MD
LG