របាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន បានមកពីការស្ទាបស្ទង់មតិលើអ្នកប្រើកាំភ្លើងខ្លី បានប៉ាន់ប្រមាណថា មនុស្សប្រហែល៥០ម៉ឺន៨ពាន់នាក់បានស្លាប់ដោយសារអំពើហិង្សាជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១២។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកនិពន្ធនៃរបាយការណ៍នេះដែលមានចំណងជើងថា បន្ទុកសាកលលោកនៃអំពើហិង្សាប្រដាប់អាវុធក្នុងឆ្នាំ២០១៥ (The Global Burden of Armed Violence 2015) បានកត់សម្គាល់ថា ចំនួននេះបានបង្ហាញពីការធ្លាក់ចុះតិចតួចនៃតួលេខអ្នកដែលស្លាប់ដោយសារការប្រើអំពើហិង្សានៅទូទាំងពិភពលោកដែលត្រូវបានរាយការណ៍កាលពីឆ្នាំមុន។
ការធ្លាក់ចុះនៃចំនួនអ្នកស្លាប់ដោយសារការប្រើអំពើហិង្សាដែលត្រូវបានគេកត់ត្រាទុកចន្លោះពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧ មាន៣ភាគរយ ដែលនេះជាព័ត៌មានល្អបន្តិចដែរ។ ក៏ប៉ុន្តែ ចំនួននេះអាចបន្ធូរបន្ថយផ្លូវចិត្តបានតិចតួចប៉ុណ្ណោះសម្រាប់មនុស្សជាង១,៥ពាន់លាននាក់នៅជុំវិញពិភពលោកដែលរស់នៅក្នុងប្រទេសមានអំពើហិង្សានិងជម្លោះ។
នៅខណៈដែលតួលេខអ្នកស្លាប់ដោយអំពើហិង្សាក្នុងសាកលលោកមានការធ្លាក់ចុះ របាយការណ៍នេះបានរកឃើញថា មួយផ្នែកធំនៃចំនួនអ្នកស្លាប់មានជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងជម្លោះនោះ។ របាយការណ៍នេះក៏រកឃើញដែរថា ផលប៉ះពាល់លើសេដ្ឋកិច្ចដោយសារអំពើមនុស្សឃាតបានកើនឡើងពី១៦០ពាន់លានដុល្លារក្នុងឆ្នាំ២០០០ដល់ទៅ១៧១ពាន់លានដុល្លារក្នុងឆ្នាំ២០១០។
លោកស្រី Anna Alvazzi del Frata ដែលជានាយកនៃការស្រាវជ្រាវតាមបែបស្ទាបស្ទង់អំពីការប្រើប្រាស់កាំភ្លើងខ្លី និយាយថា ទិន្នន័យបង្ហាញថា ករណីភាគច្រើននៃការស្លាប់ដោយអំពើហិង្សាគឺស្ថិតនៅក្នុងក្រុមមនុស្សដែលមានគ្នាចំនួន៨នាក់ ហើយច្រើនតែកើតមាននៅក្នុងប្រទេសដែលគ្មានជម្លោះ ប៉ុន្តែមានការស្លាប់ច្រើនដោយសារបទល្មើសនិងអំពើមនុស្សឃាត។
លោកស្រីបន្ថែមថា ប្រទេសទាំងនេះជាមធ្យមមានមនុស្សស្លាប់៣០នាក់ដោយសារអំពើហិង្សាក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
«ដូច្នេះ វាមានន័យថា កម្រិតនៃការស្លាប់នៅទីនេះខ្ពស់ជាងកំរិតនៃការស្លាប់ជាមធ្យមក្នុងសាកលលោកដល់ទៅ៤ដង។ ប្រទេសទាំង១៨នេះតំណាងឲ្យចំនួនប្រជាជនប្រមាណតែ៤ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនក្នុងសាកលលោក។ ប៉ុន្តែប្រទេសទាំងនេះ មានចំនួនអ្នកស្លាប់ដោយសារការប្រើអំពើហិង្សាជិត១ភាគ៤នៃចំនួនអ្នកស្លាប់ទាំងអស់។ ហើយនៅក្នុងក្រុមប្រទេសទាំងនេះ មានតែ១ភាគ៣ប៉ុណ្ណោះដែលមានសង្រ្គាម។ ប្រទេសទាំងនេះភាគច្រើនស្ថិតក្នុងតំបន់ផ្សេងៗនៅទ្វីបអាមេរិកឡាទីននិងអាហ្រ្វិក»។
នៅក្នុងឆ្នាំ២០១២ របាយការណ៍បែបនេះបានដាក់ប្រទេសស៊ីរីថា ជាប្រទេសដែលមានអំពើហិង្សាច្រើនជាងគេ ដោយមានអ្នកស្លាប់ដោយអំពើហិង្សាចំនួន១៨០ករណីក្នុងចំណោមការស្លាប់១០ម៉ឺនករណី ហើយលេខពីរគឺប្រទេសហុងឌូរ៉ាស (Honduras) និងលេខបីគឺប្រទេសវ៉េណេស៊ុយអេឡា (Venezuela)។
របាយការណ៍ដដែលនេះបានសរសេរថា អំពើហិង្សាក្នុងគ្រួសារនៅតែជាបញ្ហាដ៏ធំ ប៉ុន្តែរបាយការណ៍នេះរកឃើញដែរថា ចំនួនស្ត្រីដែលជាជនរងគ្រោះដោយអំពើមនុស្សឃាតមានការធ្លាក់ចុះជិត១០ភាគរយនៅទូទាំងពិភពលោក បើគិតចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១២ដែលមានចំនួន៦ម៉ឺននាក់។ របាយការណ៍នោះបន្តថា ប្រទេសហុងឌូរ៉ាស និងប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) មានអត្រាស្រ្តីរងគ្រោះដោយអំពើមនុស្សឃាត កើនខ្លាំងបំផុត ខណៈដែលប្រទេសអាហ្រ្វិកខាងត្បូងមានការធ្លាក់ចុះយ៉ាងខ្លាំង។ របាយការណ៍នេះនិយាយទៀតថា ចំនួនស្ត្រីដែលត្រូវបានគេធ្វើឃាតនៅក្នុងប្រទេសនោះនៅតែមានចំនួនច្រើនជារៀងរាល់ឆ្នាំ។
ការស្ទាបស្ទង់មតិអំពីការប្រើកាំភ្លើងខ្លី និយាយថា កាំភ្លើងខ្លីត្រូវបានគេប្រើចំនួន៤៤ភាគរយក្នុងការសម្លាប់មនុស្សដោយហិង្សា ហើយបន្ទាប់មកគឺការប្រើកាំបិតដែលមានចំនួន១ភាគ៣នៃអំពើឃាតកម្មទាំងអស់៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ