ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ដៃដល់​បដិសេធ​មិន​ប្រាប់​ថា អ្នកណា​នៅ​ពី​ក្រោយ​ការបញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា


មន្ត្រីប៉ូលិសនាំខ្លួនជនជាប់ចោទដែលជាជនជាតិថៃឈ្មោះ Ekalak Paenoi (កណ្តាល) ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ (CNRP) លោក លិម គិមយ៉ា ពីស្ថានីយ៍ប៉ូលិស Chana Songkram ទៅតុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
មន្ត្រីប៉ូលិសនាំខ្លួនជនជាប់ចោទដែលជាជនជាតិថៃឈ្មោះ Ekalak Paenoi (កណ្តាល) ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ (CNRP) លោក លិម គិមយ៉ា ពីស្ថានីយ៍ប៉ូលិស Chana Songkram ទៅតុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ជនដៃ​ដល់​ដែល​ជា​ជន​ជាតិ​ថៃ​បាន​បដិសេធ​មិន​ប្រាប់​ថា​ តើ​អ្នក​ណា​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​លោក ​លិម គិមយ៉ា ​ឡើយ​ ខណៈ​អាជ្ញាធរ​កម្ពុជា​ថា​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ថៃ​លើ​ករណី​នេះ។​

ជន​ដៃ​ដល់​ឈ្មោះ ​Ekkalak Paenoi​ អាយុ​៤១​ឆ្នាំ ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ថៃ​វិញ ​កាល​ពី​ថ្ងៃ​អាទិត្យ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ខេត្ត​បាត់ដំបង​ នៅ​គ្រា​លោក​គេច​ខ្លួន​ ក្រោយ​បាញ់​សម្លាប់​សកម្មជន​ខ្មែរ។​ ជនដៃ​ដល់​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​ការ​កាន់​កាប់​អាវុធ​ដោយ​មិន​មាន​ការ​អនុញ្ញាត។​

បើ​ទោះ​ជន​ដៃ​ដល់​បដិសេធ​មិន​ប្រាប់​ថា​ អ្នក​ណា​បញ្ជា​ពី​ក្រោយ​ក្តី តែ​ជន​នេះ​បាន​សារភាព​អំពី​ការ​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​បារាំង។​ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​ដែល​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយ​ដក​ស្រង់​សម្តី​នគរបាល​ថៃ។ ​ប៉ូលិស​ថៃ​និយាយ​ថា​ ការ​បដិសេធ​នោះ​ដោយ​សារ​លោក​បារម្ភ​អំពី​សុវត្ថិ​ភាព​គ្រួសារ​របស់​លោក។​

លោក ​លិម គិមយ៉ា ​អតីត​តំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ ​ត្រូវ​បាន​គេ​បាញ់​៣​គ្រាប់​ស្លាប់​នៅ​នឹង​កន្លែង ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ គ្រា​ដែល​លោក​ចុះ​ពី​រថយន្ត​ក្រុង​ដែល​លោក​និង​ភរិយា​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ទៅ​ទីក្រុង​បាកកក​នៃ​ប្រទេស​ថៃ។​

ក្រោយ​ការ​បាញ់​សម្លាប់​នេះ ​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ថា​ ​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​គេ​ថត​បាន​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ជា​អ្នក​ឱ្យ​សញ្ញា ​និង​រូបភាព​ដល់​ជន​ដៃ​ដល់។ ​ជន​សង្ស័យ​នោះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ជាមួយ​ជន​រង​គ្រោះ​ដែរ។​

ទោះ​ជាយ៉ាងណា ​សមត្ថ​កិច្ច​កម្ពុជា​មិន​ទាន់​អាច​បញ្ជាក់​ថា​ តើ​កម្ពុជា​នឹង​មាន​ចំណាត់​ការ​ដូច​ម្តេច​ឡើយ​លើ​ជន​សង្ស័យ​នេះ​ឡើយ ​ប៉ុន្តែ​បាន​លើក​ឡើង​ថា​ នឹង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ ទូច សុខៈ។​

លោក ​ទូច សុខៈ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ កម្ពុជា​នៅ​តែ​បន្ត​សហការ​ជា​មួយ​ភាគី​ថៃ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ​ប្រសិន​បើ​ភាគី​ថៃ​ត្រូវ​ការ។​

លោក​ថ្លែង​ថា៖​ «ចំពោះ​ការ​ដែល​សនិ្នដ្ឋាន ​សន្មត់​ ឬ​ក៏​វាយ​តម្លៃ​ចោទ​ប្រកាន់​ក្នុង​កម្រិត​បទ​ល្មើស​បែប​ណា​នោះ ​គឺ​ជា​សមត្ថ​កិច្ច​របស់​ភាគី​ថៃ​ទាំង​ស្រុង​...​ដូច្នេះ​យើង​បន្ត​រង់ចាំ​ការ​សហការ​តាម​ផ្លូវ​ច្បាប់​ផ្សេងៗ​ពី​សំណាក់​ភាគី​ថៃ​បន្ត​ទៀត​ បើ​សិន​ជា​លោក​មាន​តម្រូវ​ការ»។​

នៅ​ពេល​សួរ​អំពី​ ជន​ជាតិ​ខ្មែរ​ដែល​សារ​ព័ត៌មាន​ថៃ​បាន​ផ្សាយ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា ​អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖​ «ករណី​យុវជន​ ពេជ្រ គឹមស្រ៊ិន​ ដែល​គេ​ផ្សព្វ​ផ្សាយ​ថា​ គាត់​មាន​ជាប់​ពាក់ព័ន្ធ ​ឬ​ជា​មុខ​សញ្ញា​នេះ​ ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ទី១​ក្នុង​ដំណាក់​កាល​ស៊ើបសួរ​ស៊ើប​អង្កេត​អី​ផ្សេងៗ​គឺ​ យើង​មិន​អាច​និយាយ​អី​បាន​ទាំង​អស់។ ទី​២ ​យើង​ត្រូវ​គោរព​លើ​សិទ្ធិ​បុគ្គល។​ ការ​ផ្សព្វ​ផ្សាយ​ការ​ចង្អុល​នេះ ​ចង្អុល​នោះ​ វា​អាច​នឹង​ប៉ះពាល់​ឬ​ក៏​រំលោភ​លើ​សិទ្ធិ​បុគ្គល​ ដែល​យើង​មិន​អាច​ចេះ​តែ​និយាយ​បែប​នេះ​បែប​នោះ​ជា​ដាច់​ខាត​ក្នុង​ក្រប​ខណ្ឌ​ច្បាប់។​ ចំពោះ​ការ​និយាយ​ពី​មហា​ជន ​ឬ​សារ​ព័ត៌មាន​ផ្សព្វផ្សាយ ​គឺ​ជា​រឿង​របស់​ពួក​គាត់»។​

ចំណែក​លោក ​សុខ សុមនា ​អ្នកនាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ​តួនាទី​របស់​អន្តោ​ប្រវេសន៍​បាន​រៀបចំ​បញ្ជូន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក​ លិម គិមយ៉ា ​ដែល​គេច​ខ្លួន​មក​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ​ហើយ​ និង​ថា​ អន្តោ​ប្រវេសន៍​មិន​មាន​ព័ត៌មាន​អ្វី​ថ្មី​ឡើយ​ក្នុង​ករណី​បាញ់​សម្លាប់​នេះ។ ​លោក​ស្នើ​ឱ្យ​វីអូអេ​ទាក់​ទង​ទៅ​អ្នក​នាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​វិញ។​

លោក​ថ្លែង​ថា៖​ «បើ​ចង់​មាន​អី​Update​ [ធ្វើ​បច្ចុប្បន្នភាព]​ខ្លាំង​ជាង​ហ្នឹង ​សុំ​ទាក់ទង​ទៅ​អគ្គ​ស្នងការ​ចុះ​ ព្រោះ​ការងារ​ហ្នឹង​គេ​ស្គាល់​គាត់។​ ខាង​អន្តោ​ប្រវេសន៍​អត់​មាន​អី​ទេ​ គ្រាន់​តែ​ធ្វើ​ការងារ​បញ្ជូន​គាត់​ចេញ​ដូច​ដែល​បាន​ឃើញ​ហើយ»។​

វីអូអេ​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ឆាយ គឹម​ខឿន​ អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន​ឡើយ។​

វីអូអេ​ក៏​មិន​ទាន់​អាច​ទាក់ទង​បានដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ដែរ។​

លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ គណបក្ស​កម្លាំង​ជាតិ​បាន​រៀបចំ​ពិធី​បុណ្យ​គម្រប​ខួប​៧​ថ្ងៃ​សព​លោក​ លិម គិមយ៉ា ​ដោយ​និមន្ត​ព្រះសង្ឈ​ចំនួន​ប្រាំ​អង្គ​ បង្សុកូល​ឧទ្ទិស​កុសល ​ដើម្បី​បង្ហាញ​ពី​ការ​តប​ស្នង​ដល់​វីរភាព​ដែល​លោក ​គិមយ៉ា ​បាន​ចូល​រួម​កិច្ចការ​សង្គម​ក៏​ដូច​ជា​ជំហរ​នយោបាយ​របស់​លោក ​និង​ការ​លើក​កម្ពស់​សេរីភាព​សិទ្ធិ​មនុស្ស​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ រ៉ុង ឈុន បន្ត​ថា​ អាជ្ញាធរ​កម្ពុជា​ត្រូវ​បើក​ការ​ស៊ើប​អង្កេត ​និង​បង្ហាញ​ជំហរ​ជាក់លាក់​លើ​ការ​បាញ់​សម្លាប់​នេះ ​ដើម្បី​ចូលរួម​លុប​បំបាត់​និទណ្ឌ​ភាព​នៅ​កម្ពុជា ​ប្រសិន​បើ​ទទួល​បាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ករណី​ឃាតកម្ម​នេះ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«គណបក្ស​កម្លាំងជាតិ​យើង​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ត្រូវ​សហការ​ជា​មួយ​អាជ្ញាធរ​ថៃ​ ដើម្បី​វែក​មុខ​រក​អ្នក​ពាក់ព័ន្ធ​ និង​អ្នក​នៅ​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា ​ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​លុប​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា​យើង​ផង​ដែរ។ ​តែ​បើ​សិន​ជា​ការ​ចង្អុល​បង្ហាញ​ហើយ​មាន​ភស្តុតាង​គួរតែ​បើក​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​នាំ​ខ្លួន​យក​មក​វិនិច្ឆ័យ​ទៅ​តាម​ផ្លូវ​ច្បាប់»។​

គួរ​បញ្ជាក់​ថា​ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចាត់​ទុក​ការ​បាញ់​សម្លាប់​នេះ​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ។ ​គណបក្ស​នេះ​បាន​អំពាវនាវ​ឱ្យ​មាន​«ការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់​និង​មិន​លម្អៀង»មួយ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG