ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សាធារណការ​ថា​នឹង​បន្ថែម​វិធានការ​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់


រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ ​និង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​ផ្លូវ​៦០​ម៉ែត្រ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ (Facebook / ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT)
រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ ​និង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​ផ្លូវ​៦០​ម៉ែត្រ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ (Facebook / ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT)

បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​បន្ត​បន្ទាប់​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ចុះ​សិក្សា​លើ​វិធានការ​បន្ថែម ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​មួយ​នេះ។​

កាល​ពីថ្ងៃ​ទី១២ ​ខែ​មករា​ ឆ្នាំ​២០២៥​ រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ ​និង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​ផ្លូវ​៦០​ម៉ែត្រ​ ដើម្បី​គូស​គំនូស​ចរាចរណ៍ ​និង​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើត​មាន​ជាយថាហេតុ ​ព្រម​ទាំង​បង្កើន​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ។​ នេះ​បើ​តាម​លោក ​ផន រឹម ​ អ្នក​នាំពាក្យ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន។​

លោក​ប្រាប់​វីអូអេ​តាម​តេឡេក្រាម​នៅ​ថ្ងៃ​ចន្ទ​ថា​ ក្រសួង​បាន​គូស​គំនូស​បែង​ចែក​ទ្រូង​ផ្លូវ​ជាថ្មី ​ ដំឡើង​ភ្លើង​ស្តុប​បន្ថែម​នៅ​ទីតាំង​ឆ្លង​កាត់​ដែល​មាន​ភាព​មមាញឹក​ចូល​បុរី​ និង​ទីប្រជុំ​ជន​ បំពាក់​កាមេរ៉ា​ចាប់​ល្បឿន ​និង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ ណែនាំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​ចែក​ខិតបណ្ណ ​និង​ផ្តល់​មួក​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​ដោយ​ម៉ូតូ។ ​

អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរតាម​ដង​ផ្លូវ​ ទោះ​ដោយ​មធ្យោបាយ​ណា​ក៏​ដោយ ​សូម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ជាពិសេស​កុំ​បើកបរ​លើស​ល្បឿន​កំណត់ ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ជាយថា​ហេតុ​ដល់​ខ្លួន​ឯង​ និង​អ្នក​ដទៃ។​

នៅ​ក្នុង​ឆ្នាំ​២០២៥​ គិត​មកទល់​ពេលនេះ ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​៦០ម៉ែត្រ​ចំនួន​២​ករណី​ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៤​នាក់​ស្លាប់​ នៅ​ក្នុង​នោះ​ក៏​មាន​តារា​ចម្រៀង​រ៉េប​ម្នាក់។ ​ចំណែក​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​ ២០២៥​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត ​និង​ម៉ូតូ​ដែល​អ្នក​ជិះ​ម៉ូតូ​មាន​ឪពុក​ប្រពន្ធ ​និង​កូន​តូច​២​នាក់។ ​

អ្នក​ជិះម៉ូតូ​ស្លាប់​៣​នាក់ ​នៅ​រស់​តែ​ម្តាយ​ដែល​មាន​របួស​ធ្ងន់។ ​សមត្ថ​កិច្ច​បញ្ជាក់​ថា​ មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​ភាគី​រថយន្ត​បើកបរ​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់​ខ្លួន ​ហើយ​មាន​ជាតិ​អាល់កុល ​ពេល​បើកបរ។​ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ក្រុម​ការងារ​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។​

លោក ​យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​ថ្លែង​ថា​ ហេតុនាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ​ញឹក​ញាប់​គឺ​ដោយ​សារតែ​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ ផ្លូវ​អត់​មាន​ផ្លាក​សញ្ញា​ ការ​ជិះ​មិន​គោរព​គន្លង​ផ្លូវ​និង​ការ​បើក​បរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។ ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះ​ស្រាយ​បញ្ហា​នេះ ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​មួយ​នេះ។​

លោក​បញ្ជាក់​ថា៖​ «អ្វី​ដែល​យើង​អាច​កែ​លម្អ​បាន​នៅ​លើ​ផ្លូវ​នោះ ​ទី១​ត្រូវ​តែ​រៀបចំ​ដាក់​ស្លាក​សញ្ញា ​ហើយ​គំនូស​សញ្ញា​ចរាចរណ៍​អី​គួរ​តែ​គូស​ឱ្យ​ច្បាស់​នៅ​លើ​ផ្លូវ​ហូរ​ហែ​ ហើយក៏​ដាក់​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ព្រម​ទាំង​ពិនិត្យ​ល្បឿន​ផង​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​គាត់​បើក​បរ​មាន​ការ​ប្រុង​ប្រយ័ត្ន។ ​ហើយ​លើស​ពី​នេះ​ទៀត ​គឺ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ហ្មត់​ចត់ ​ឱ្យ​បាន​តឹងរ៉ឹង​ដើម្បី​បង្ការ​ហានិភ័យ​ទាំង​អស់​នោះ​កើត​ឡើង»។​

បើ​តាម​លោក​ យង់ គិម​អេង ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ល្អជា​ការ​សំខាន់​ ដែល​នាំ​ឱ្យ​អ្នក​បើក​បរ​មាន​ការ​ប្រុង​យ័ត្ន​ជាង​មុន។​

គួរ​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០២៤ ​មនុស្ស​១៥០៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ ដែល​ថយ​ចុះ​ចំនួន​៨១​នាក់ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ ​ក្នុង​មួយ​ថ្ងៃ​ ជា​មធ្យម​ មនុស្ស​៤​នាក់​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ លោក ​ផន រឹម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG