ក្រុមអ្នកពន្លត់អគ្គិភ័យនៅរដ្ឋ California ប៉ែកខាងត្បូងកំពុងប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅក្នុងស្រុក Los Angeles កាលពីថ្ងៃចន្ទ ខណៈទីភ្នាក់ងារព្យាករធាតុអាកាសអាមេរិកព្រមានថាអាចនឹងមានខ្យល់បក់ខ្លាំងម្តងទៀតដែលអាចធ្វើឲ្យភ្លើង«ឆេះកាន់តែរាលដាលសន្ធោសន្ធៅ»។
ការព្រមានអំពីខ្យល់បក់ខ្លាំងថ្មីនេះ ដោយការព្រួយបារម្ភខ្លាំងបំផុតគឺថា វាអាចនឹងកើតឡើងនៅថ្ងៃអង្គារនេះត្រូវគេរំពឹងថានឹងមានខ្យល់បោកបក់ថេរក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនិងសន្ទុះខ្យល់ក្នុងល្បឿនរហូតដល់ទៅប្រហែល ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការព្រមានពីទីភ្នាក់ងារជាតិធាតុអាកាសអាមេរិក (National Weather Service)។
ខ្យល់ខ្លាំងនិងស្ថានភាពស្ងួតក្នុងតំបន់ដែលគ្មានភ្លៀងធ្លាក់ជាង ៨ ខែកន្លងមកនេះបានធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំងដែលបានសម្លាប់មនុស្សអស់យ៉ាងតិច ២៤ នាក់និងបានបង្កការខូចខាតគិតជាទឹកប្រាក់អស់រាប់ពាន់លានដុល្លារចាប់តាំងពីភ្លើងឆេះព្រៃទាំងនេះបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុនមក។
មនុស្ស ៨ នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃនៅក្នុងតំបន់ Pacific Palisades។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរ។ មនុស្ស ១៦ នាក់ទៀតបានស្លាប់ដោយសារភ្លើងឆេះព្រៃនៅភាគខាងជើងតំបន់ Pasadena និងតំបន់ Altadena ដែលភ្លើងឆេះនេះត្រូវបានពន្លត់ ២៧% និងបានឆេះព្រៃអស់ជិត ៦០ គីឡូម៉ែត្រការ៉េ។
ក្នុងចំណោមតំបន់សំខាន់ៗទាំង ៣ ដែលភ្លើងនៅឆេះនៅឡើយក្នុងតំបន់ស្រុក Los Angeles មន្ទីរគ្រប់គ្រងព្រៃឈើនិងអគ្គិភ័យរដ្ឋ California (Cal Fire) បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថាភ្លើងឆេះនៅតំបន់ Pacific Palisades ត្រូវបានពន្លត់ ១៣% និងបានឆេះព្រៃទំហំ ៩៦ គីឡូម៉ែត្រការ៉េ។ Cal Fire បានបន្ថែមថាភ្លើងឆេះមួយទៀតនៅក្នុងតំបន់ Sylmar ត្រូវបានពន្លត់ ៨៩% ហើយក្រោយពីបានឆេះរាលដាលជាង ៣ គីឡូម៉ែត្រការ៉េ។
សរុបមក ភ្លើងឆេះព្រៃទាំង ៣ កន្លែងនេះបានបំផ្លាញអគារអស់ជាង ១២.០០០ ខ្នង។ មនុស្សប្រមាណ ១០០.០០០ នាក់នៅស្ថិតក្រោមបទបញ្ជាឲ្យភៀសខ្លួនចេញពីតំបន់ទាំងនោះនៅឡើយគិតត្រឹមយប់ថ្ងៃអាទិត្យ ដោយអាជ្ញាធរនិយាយថាអ្នកទាំងនោះនឹងមិនអនុញ្ញាតឲ្យវិលត្រឡប់ចូលក្នុងតំបន់ដែលមានហានិភ័យភ្លើងឆេះទេ ខណៈមានការព្រមានថ្មីអំពីខ្យល់បក់ខ្លាំងនៅថ្ងៃអង្គារនេះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។