ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ទ័ព​ឆ្មាំ​ជាតិ​ត្រូវ​បាន​ដាក់​ពង្រាយ​បន្ទាប់​ពី​អំពើ​ហិង្សា​បាន​រាល​ដាលក្នុង​ទី​ក្រុង​ Baltimore


កងទ័ព​ឆ្មាំ​ការពារ​ជាតិ​ និង​ប៉ូលីស​បាល់ទីម័រ​ ក្នុង​ឈុត​សំលៀកបំពាក់​ការពារ​កុប្បកម្ម ស្ថិត​នៅ​លើ​ផ្លូវ​ពេល​ព្រឹក​ បន្ទាប់​ពី​កុប្បកម្ម​នៅ​ទូទាំង​ទីក្រុង​ បន្ទាប់​ពី​បុណ្យ​សព​របស់​លោក Freddie Gray កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៥ ក្នុង​ទីក្រុង​បាល់ទីម័រ​ រដ្ឋ​ម៉ារីឡេន។
កងទ័ព​ឆ្មាំ​ការពារ​ជាតិ​ និង​ប៉ូលីស​បាល់ទីម័រ​ ក្នុង​ឈុត​សំលៀកបំពាក់​ការពារ​កុប្បកម្ម ស្ថិត​នៅ​លើ​ផ្លូវ​ពេល​ព្រឹក​ បន្ទាប់​ពី​កុប្បកម្ម​នៅ​ទូទាំង​ទីក្រុង​ បន្ទាប់​ពី​បុណ្យ​សព​របស់​លោក Freddie Gray កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៥ ក្នុង​ទីក្រុង​បាល់ទីម័រ​ រដ្ឋ​ម៉ារីឡេន។

កងទ័ព​ឆ្មាំ​ការពារ​ជាតិ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ទីក្រុង​បាល់​ទីម័រ​ (Baltimore) រដ្ឋ​ម៉ារី​ឡេន​ (Maryland) ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​ ​នៅ​ពេល​ដែល​ក្រុម​អាជ្ញាធរ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ឡើង​វិញ​ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​កុប្បកម្ម​បាន​ផ្ទុះ​ឡើង ​ក្រោយ​ពី​ពិធី​បុណ្យ​សព​របស់​លោក​ Freddie Grayអាយុ​២៥​ឆ្នាំ ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​ដែល​បាន​ស្លាប់​ដោយ​សារ​របួស​ពេល​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​របស់​ប៉ូលីស​នៅ​ដើម​ខែ​នេះ។

លោក​ Larry Hogan អភិបាល​រដ្ឋ​ម៉ារីឡេន​ ​បាន​ប្រកាស​ស្ថាន​ភាព​អាសន្ន​ក្នុង​ទីក្រុង​បាល់​ទី​ម័រ​ ហើយ​សាលារៀន​សាធារណៈ​នៅ​ក្នុង​ទីក្រុង​បាន​បិទ​ទ្វា​នៅ​ថ្ងៃ​អង្គារ​នេះ។ លោក Stephanie Rawlings-Blakeអភិបាល​ក្រុង​បាល់​ទីម័រ​ ​បាន​ហៅ​កុប្បកម្ម​នោះ​ថា​ជា​ «ថ្ងៃ​ដ៏​ខ្មៅ​ងងឹតមួយ​ដែល​ទី​ក្រុង​នោះ​មិន​ដែល​ធ្លាប់​បាន​ជួប​ប្រទះ​» ហើយ​បាន​ប្រកាស​បម្រាម​គោចរណ៍​នៅ​ពេល​យប់​រយៈ​ពេល​មួយ​សប្តាហ៍។

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​បន្ត​ពន្លត់​អគ្គីភ័យនៅ​ទូទាំង​ទីក្រុង​បាល់ទីម័រ​ ប៉ុន្មាន​ម៉ោងមុន​ពេល​ថ្ងៃ​ទើប​នឹង​រះ​នៅ​ថ្ងៃ​អង្គារ​នេះ ​រួម​មាន​មជ្ឈមណ្ឌល​សម្រាប់​ចាស់​ៗ​រស់​នៅ​គ្រប់គ្រង​ដោយ​ព្រះ​វិហារ​គ្រិស្ត​សាសនា​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការសាងសង់​ផង​ដែរ។

អំពើ​ហិង្សា​បាន​ចាប់​ផ្តើម​នៅ​ពេល​ដែល​សិស្ស​វិទ្យា​ល័យ​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​ឆ្ពោះ​ទៅ​កាន់​មជ្ឈមណ្ឌល​លក់​ដូរ​ក្នុង​ទីក្រុង​ បន្ទាប់​ពី​ថ្នាក់​រៀន​ត្រូវ​បញ្ឈប់​រយៈ​ពេល​មួយ​ថ្ងៃ ​ហើយ​បន្ទាប់​មក​ពួកគេ​បាន​បំបែក​គ្នា​នៅ​ពាសពេញ​សង្កាត់​ជា​ច្រើន ដែល​ហួស​ពី​សមត្ថភាព​របស់​ក្រុម​ប៉ូលីស​ ដើម្បី​ឆ្លើយតប​នៅ​ពេល​ដែល​ការតវ៉ា​ប្រឆាំង​បាន​ក្លាយ​ជា​អំពើ​ហិង្សា។

បាតុករ​បាន​លួច​និង​ដុត​កន្លែង​លក់​ដូរ​និង​រថយន្ត​រាប់​សិប ​ហើយ​បាន​ចោល​ដុំ​ ឥដ្ឋ​ ដប ​ហើយ​និង​របស់របរ​ផ្សេង​ទៀត​ដាក់​ប៉ូលីស។ ​លោក Anthony Betts ​ស្នងការ​ប៉ូលីស​បាន​និយាយ​ថា ​មន្រ្តី​ប៉ូលីស​១៥​នាក់ ​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ​រួម​មាន​៦​នាក់​បាន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ។ មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ជាង​២០​នាក់​ដែរ​ត្រូវ​បាន​ចាប់​ខ្លួន៕

XS
SM
MD
LG