ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​គ្រោង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ជំទាស់​នឹង​ការរឹត​ត្បិត​សិទ្ធិ​ស្ត្រី


រូបឯកសារ៖ កញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា ស្ថិតក្នុងចំណោម​សកម្មជន​បួននាក់ ដែលប្រកាសធ្វើកូដកម្មបង្អត់អាហារខ្លួនឯង​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី៨ ខែ​មីនា ឆ្នាំ២០២៣ ដើម្បីប្រឆាំងនឹង​ការរំលោភ​បំពាន​សិទ្ធិ​ស្ត្រី​ដែល​ពួកគេ​ចោទ​ថា​បាន​បង្ក​ឡើងដោយអាជ្ញាធររដ្ឋាភិបាល​ក្រុងភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា ស្ថិតក្នុងចំណោម​សកម្មជន​បួននាក់ ដែលប្រកាសធ្វើកូដកម្មបង្អត់អាហារខ្លួនឯង​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី៨ ខែ​មីនា ឆ្នាំ២០២៣ ដើម្បីប្រឆាំងនឹង​ការរំលោភ​បំពាន​សិទ្ធិ​ស្ត្រី​ដែល​ពួកគេ​ចោទ​ថា​បាន​បង្ក​ឡើងដោយអាជ្ញាធររដ្ឋាភិបាល​ក្រុងភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

សកម្ម​ជន​សង្គម​ និង​នយោបាយ​មួយក្រុម​ប្រកាស​ធ្វើ​កូដកម្មបង្អត់​អាហារ​ខ្លួន​ឯងពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី៨​ខែ​មីនា​នេះ​ ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ស្ត្រី​ ដែល​ពួក​គេ​ចោទ​ថា​ បាន​បង្ក​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។​

ក្រុម​សកម្ម​ជន​ដែល​មាន​គ្នាបួន​នាក់​ ដែល​សុទ្ធ​តែជា​ស្រ្តី​ទាំង​អស់​នោះ​ ​មាន​អតីត​អ្នក​តស៊ូ​មតិកញ្ញា ​អេង ម៉ាឡៃ​ ​អតីត​សកម្ម​ជន​នយោបាយ​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ឧត្តរ​មានជ័យ​អ្នក​ស្រី​ ហុង អាន​ សកម្មជន​ការពារ​សិទ្ធិ ​និង​សកម្ម​ជន​បរិស្ថាន​ពីរ​នាក់​ទៀត​ គឺ​កញ្ញា​ អេង ចាន់ឌី​ និង​កញ្ញា ​អេង ដាវ៉ាន់​ ដែល​ជាប្អូន​ស្ត្រី​បង្កើត​របស់​កញ្ញា ​អេង ម៉ាឡៃ​ ហៅ​ក្រៅ​ថា​ សូ មេត្តា។​

អ្នក​ទាំង​បួន​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ ដោយ​លើក​ហេតុផល​នៃ​ការ​ប្រឈម​នឹង​ការ​គំរាម​កំហែង​សម្លាប់​ និង​ការ​គាប​សង្កត់​ខាង​នយោបាយ​ពី​មន្ត្រី​នៅ​ប្រទេស​កម្ពុជា។​

កញ្ញា ​អេង ម៉ាឡៃ​ អតីត​មន្រ្តី​តស៊ូ​មតិ​នៃ​សមាគមសម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ហើយ​បច្ចុប្បន្ន​ជា​សមាជិក​នៃ​សមាគម​នេះ បាន​ប្រាប់​វីអូអេ​កាល​ពីថ្ងៃចន្ទ​ថា​ កញ្ញា​និង​សកម្ម​ជនបី​នាក់​ទៀតគ្រោង​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ពេញ​មួយ​ថ្ងៃ​ក្នុង​ទី​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ទី​៨​ ខែ​មីនា​ខាង​មុខ​នេះ ​ដើម្បី​ជំរុញឱ្យ​រដ្ឋាភិបាល​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ ជា​ពិសេស​ការ​បើក​លម្ហ​សិទ្ធិ​សេរីភាព​ជូន​ស្រ្តី​ដែល​សកម្ម​ក្នុង​ការពារ​ប្រយោជន៍​កម្មករ​និយោជិត​ និង​សិទ្ធិនយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា។​

កញ្ញា​បាន​ថ្លែង​ថា៖​ «ខ្ញុំ​ធ្វើ​យុទ្ធនាការ​នេះ​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​ស្រ្តី​ ព្រោះ​ស្រ្តី​ដូច​ជា​ កញ្ញា​ ឈឹម ស៊ីថរ​ គាត់​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​កម្មករ​ ហើយ​កញ្ញា​ សេង ធារី​ គាត់​គឺ​ជា​សកម្ម​ជន​លេច​ធ្លោ​មួយ​រូប​ដែល​គាត់​ហ៊ាន​តស៊ូ​មតិ​ដោយ​អហិង្សា​ផ្នែក​ច្បាប់ ​ហើយ​គាត់​បានបង្ហាញ​សកម្ម​ភាព​ការ​តស៊ូ​មតិ​យ៉ាង​ច្រើន​ទៅ​ដល់​សាធារណ​ជន​ឱ្យ​បាន​ដឹង​ឮ។ ​ហើយ​ពួកគាត់​គឺ​ជា​ស្រ្តី​ដ៏ឆ្នើម​ហើយ​រដ្ឋាភិបាល​គួរ​តែមាន​ការ​គាំពារ​លើក​ទឹក​ចិត្ត​ទៅ​ដល់​ពួក​គាត់​ មិន​គួរ​ណា​ចាប់​ពួក​គាត់​ដាក់​ឃុំ​ឃាំង​បែប​នេះ​ទេ»។​

កញ្ញា​ ឈឹម ស៊ីថរ​ ​ដែល​ជា​មេដឹក​នាំ​សហជីព​នៅ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ និង​កញ្ញា​ សេង ធារី​ មេធាវី​សញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ​ និង​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​នោះ​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​នៅ​តុលាការ ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពី​សំណាក់មន្ត្រី​អនុវត្ត​ច្បាប់​ ដាក់​ក្នុង​ពន្ធនាគារ​ទេ​ ព្រោះ​ពួក​គាត់​គ្រាន់​តែ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ការ​ពារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការពារ​សិទ្ធិ​កម្មករ​តែ​ប៉ុណ្ណោះ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា ​អេង ម៉ាឡៃ។

រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ព្យួរ​ការងារនិយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ ខណៈបុគ្គលិកក្រុមហ៊ុនណាហ្គា​វើលដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូណាហ្គាវើលដ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ព្យួរ​ការងារនិយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ ខណៈបុគ្គលិកក្រុមហ៊ុនណាហ្គា​វើលដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូណាហ្គាវើលដ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​
រូបឯកសារ៖ កញ្ញា ​សេង ធារី​ ផ្តល់​បទសម្ភាសន៍​ជាមួយសំឡេងសហរដ្ឋអាមេរិក​ មុនពេល​ត្រូវចាប់ខ្លួន​ដោយកម្លាំង​សន្តិសុខចម្រុះក្នុងរាជធានីភ្នំពេញ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា ​សេង ធារី​ ផ្តល់​បទសម្ភាសន៍​ជាមួយសំឡេងសហរដ្ឋអាមេរិក​ មុនពេល​ត្រូវចាប់ខ្លួន​ដោយកម្លាំង​សន្តិសុខចម្រុះក្នុងរាជធានីភ្នំពេញ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

អតីត​បេក្ខនារី​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀននៅ​ខេត្ត​ឧត្តរ​មានជ័យ​គឺអ្នក​ស្រី​ ហុង អាន​ ដែល​បាន​ទទួល​ឋានៈ​ជា​ជនភៀស​ខ្លួន​ពី​អង្គការ​សហ​ប្រជាជាតិ ហើយ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​គេចពី​អ្វី​ដែល​អ្នក​ស្រី​អះអាង​ថា ការ​គំរាម​កំហែង​សម្លាប់​ពី​មន្ត្រី​ក្រុង​ភ្នំពេញ​នោះថ្លែង​ថា​ អ្នក​ស្រី​សម្រេច​ចិត្ត​ចូល​រួម​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​នេះ​ដើម្បី​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​សកម្ម​ជន​ជាស្ត្រី​នៅ​កម្ពុជា។​

អ្នក​ស្រី​ថ្លែង​ថា៖​ «មូល​ហេតុ​ដែល​បង​ធ្វើ​យុទ្ធនាការ​ឱ្យ​ដោះ​លែង​បង​ស្រី​ សេង ធារី​ ​និង​ប្អូន​ស្រី ​ឈឹម ស៊ីថរ​ ព្រោះ​ការ​មើល​ថ្ងៃ​នេះ​ជា​សិទ្ធិ​ស្រ្តី​ដើម្បី​ទាមទារ​សិទ្ធិ​ស្រ្តី​ ដែល​ហ៊ាន​ប្រឆាំង​នឹង​របបភ្នំពេញ​ ដើម្បី​ឱ្យ​របប​ភ្នំពេញ​គោរព​នូវ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​១៩៩១ ​និង​គោរព​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ទាម​ទារ​សិទ្ធិ​មនុស្ស​ ​និង​សេរី​ភាព​ ទាម​ទារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឱ្យ​មាន​នៅ​កម្ពុជា​ពិត​ប្រាកដ»។​

ស្រប​ពេលសកម្ម​ជន​ទាំង​បួន​នាក់​នេះ​បាន​ប្រកាស​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លូន​ឯង​នៅ​ថ្ងៃទី​៨​ ខែ​មីនា​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដូច​ជា​សហជីព​ សហ​ព័ន្ធ​សហ​ជីព​ អង្គការ​ និង​សមាគម​ដែល​កំពុង​ធ្វើ​ការងារ​ដើ​ម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ និង​សមភាព​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ក្រោម​ប្រធាន​បទ​«គាំ​ពារ​ស្ត្រី ​និង​ក្មេង​ស្រី​ដើម្បី​យុត្តិធម៌​ទាំង​អស់​គ្នា»​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​ស្ត្រី​នៅ​ឆ្នាំ​២០២៣​នេះ។ ​នេះ​បើតាម​សេចក្តី​ប្រកាស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។​

បើ​តាម​សេចក្តី​ប្រកាស​នោះ​ អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​ផ្សាយ​នូវ​វីដេអូ​ខ្លីៗ​ចំនួន​៧​ជា​បន្ត​បន្ទាប់។ វីដេអូ​ទាំង​៧​នោះលើក​ឡើង​នូវ​តម្រូវ​ការ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រឈម​ចំនួន​១៧​ចំណុច​តាម​វិស័យ​នីមួយៗ​ក្នុង​ប្រទេស ក្នុង​នោះ​មាន​ការ​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​រដ្ឋបាល​ជាក់​លាក់​ និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សិទ្ធិ​ដី​ធ្លី​ បរិស្ថាន​ និង​សិទ្ធិ​ការងារ​ជា​ដើម។​

ប្រធាន​កម្ម​វិធី​សិទ្ធិ​ស្រ្តី​ និង​កុមារ​នៃ​សមាគម​អាដហុក ​អ្នកស្រី ម៉ៅ ម៉ាប់​ បាន​ប្រាប់​វីអូអេ​ថា ​បើ​ទោះ​បី​ស្ត្រី​មានការ​យល់​ដឹង​ច្រើន​ពី​សិទ្ធិ​ ពី​តួនាទី​របស់​ខ្លួនក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន ​ទាំង​ក្នុង​ទីក្រុង​ និង​សហគមន៍​នៅតាម​ភូមិ​ឃុំ​ក្តី​ ក៏​ស្រ្តី​នៅ​តែ​បន្ត​ទទួល​រង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ និង​ការ​បៀត​បៀន​ផ្សេងៗ​នៅ​កន្លែង​ធ្វើការ។​

អ្នក​ស្រី​លើក​ឡើង​ថា៖ ​«ហើយ​យើង​ក៏​មើល​ឃើញ​ដែរ​ថា​ ស្រ្តី​ ក្មេង​ស្រី​មួយ​ចំនួន​ត្រូវ​បាន​ជួញ​ដូរ​ ត្រូវ​បាន​រំលោភ​សេព​សន្ថវៈ។​ ​អ៊ីចឹង​យើង​មើល​ឃើញ​ថា​ ការ​ការពារ​នៅ​តែ​មាន​មិន​ទាន់​បាន​ពេញ​លេញ​នៅ​ឡើយ​ ចំពោះ​ពួកគាត់​ ហើយ​ជា​ពិសេស​ការ​បៀត​បៀន​នៅ​កន្លែង​ធ្វើ​ការងារ​ហ្នឹង​ ក៏​យើង​នៅ​តែ​មើល​ឃើញ។ ​ហើយ​ការ​រឹត​ត្បិតសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ស្ត្រី​ដែល​ដែល​គាត់​ហ៊ាន​បញ្ចេញ​មតិ​ ហ៊ាន​ទាមទារ​ ​តវ៉ា​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ស្រ្តី​ និង​ផល​ប្រយោជន៍​របស់​សិទ្ធិ​ការងារ​ ក៏​ដូច​ជា​ការងារ​សង្គម​ផ្សេងៗ​ យើង​ឃើញ​គាត់​ទទួល​បាន​ការ​គំរាម​កំហែង​ ការ​ចាប់​ដាក់​ពន្ធនាគារ​អី​ហ្នឹង​ជា​ដើម​ អាហ្នឹង​ជា​ការ​មើល​ឃើញ»។​

ស្រដៀង​គ្នា​នេះ​ដែរ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោកអំ សំអាត ​បាន​កត់​សម្គាល់​ថា ​ស្រ្តី​នៅ​កម្ពុជា​កំពុងបន្តទទួល​រង​សម្ពាធ​ពី​បញ្ហា​ជា​ច្រើន​ ​ទាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ការ​បៀតបៀន​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ ​ការ​រំលោភ​បំពាន​លើ​រាង​កាយ​ និងអយុត្តិធម៌​មួយ​ចំនួន​ចំពោះ​ការ​ចូល​រួម​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។​

ទោះ​យ៉ាង​ណា​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន ​ថ្លែង​ថា ​អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា​បាន​អនុវត្ត​ច្បាប់​ដោយ​សន្តិវិធី​ចំពោះ​បុគ្គល​ដែល​ធ្វើ​សកម្ម​ភាព​បំពានច្បាប់​ប្រទេស​ មិន​ដូច​ការការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្ម​ជន​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​នោះ​ទេ។

លោក​បាន​ថ្លែង​ដោយ​សំដៅ​លើ​ករណី​កញ្ញា ​ឈឹម ស៊ីថរ​ និង​កញ្ញា ​សេង ធារី​ ថា៖​ «ពាក់​ព័ន្ធ​ទៅ​នឹង​សកម្ម​ជន​ទាំង​ពីរ​រូប​នេះ​គឺកំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​សន្តិវិធី​របស់​តុលាការពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ល្មើស​ ដែល​គាត់​បាន​ប្រព្រឹត្ត។ អ៊ីចឹង​ទេ​គឺ​ជា​គោល​ការណ៍​ច្បាប់​ប្រជា​ធិបតេយ្យ​នីតិរដ្ឋ​ គាត់​ត្រូវ​តែ​តតាំង​គ្នា​តាម​ផ្លូវ​តុលាការ ​ហើយ​ធ្វើ​ការ​ការពារ​សិទ្ធិ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់​ បង្ហាញ​ភស្តុង​របស់​ខ្លួន​ សក្ខី​កម្ម​ឱ្យ​បាន​រឹង​មាំ​ ដើម្បី​ធ្វើ​ការ​ដោះ​បន្ទុក។ ​នេះ​ជា​ដំណើរ​ការ​នីតិវិធី​ច្បាប់របស់​កម្ពុជា។​ វា​អត់​មាន​អី​ក្រៅ​ពី​ហ្នឹង​ទៀត​ទេ​ បាទ»។​

ដោយ​ឡែក​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន​ សែន ​ថ្លែងក្នុង​ពិធី​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ ​៨ ​មីនា​ ក្នុង​រាជធានី​ភ្នំពេញ​ថា​ លោក​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​សមភាព​យេនឌ័រ​ដែល​នៅ​តែ​ជា​កិច្ចការ​អាទិភាព​ ដើម្បី​ឱ្យ​ស្រ្តី​ និង​ក្មេង​ស្រី​គ្រប់​រូប​មាន​សិទ្ធិ​ពេញ​លេញស្មើ​នឹង​បុរសក្នុង​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គម។​

លោក​ ហ៊ុន សែន ក៏​បាន​លើក​ឡើង​នៅ​ឯ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​ថា​ បើ​ទោះ​បី​ជា​មាន​ការ​បញ្ចេញ​មតិ​ខ្លះ​ថា​ លោក​ជា​មេដឹក​នាំផ្តាច់ការ​ក៏​ដោយ​ ក៏​ការ​គ្រប់គ្រង​ប្រទេស​របស់​លោក​មិន​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើមនោ​សញ្ចេតនា​នោះ​ឡើយ​ ពោល​គឺ​លោក​គោរព​ទៅ​តាម​ច្បាប់​ប្រទេស​ជាតិ។​

លោក​ថ្លែងថា៖​ «ដូច្នេះ​ហើយបាន​ជា​ខ្ញុំ​ប្រកាស​មិន​ចុះ​ហត្ថលេខា​ណា​ទាំងអស់​ សម្រាប់​ការ​លើក​លែង​ទោស​ឱ្យ​ពួក​អ្នក​ធ្វើ​នយោបាយ​ ដែល​អនុវត្ត​នូវគេ​ហៅ​ថា​ កំហុស​ព្រហ្មទណ្ឌ។​ ខ្ញុំ​មិន​លើក​លែង​ទោស​ឱ្យ​ទេ​ ដោយ​សារ​វា​អាក្រក់​ជ្រុល​ហួស។ ​គ្មានយោគយល់​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​រួច​បាន​ទេ។​ វា​គ្មាន​ការ​យោគ​យល់។​ ប្រសិន​ខ្ញុំ​យោគ​យល់​ ខ្ញុំ​មាន​តម្លៃ​ស្មើ​នឹង​តិរច្ឆាន​ ដូចនេះ​ខ្ញុំ​មិន​អាច​ធ្វើ​ទេ។ សូម​កុំ​រង់​ចាំ​ ស្រមៃ​ថា​ ហ៊ុន សែន ​នឹង​ប្រើ​ប៊ិក​របស់​ខ្លួន​ដើម្បី​ចុះ​ហត្ថលេខា​សុំ​ការ​លើក​លែង​ទោស​ឱ្យ​ជន​នេះ​ ឬ​ជន​នោះ។​ កុំ​ស្រមៃ»។​

គួរ​រំឭក​ថា​ ក្រោយ​ពី​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ដើម​ឆ្នាំ​២០២២​ ​កញ្ញា​ស៊ីថរ​ ជា​ថ្មី​ម្តង​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ដោយ​ចោទ​ថា​ កញ្ញា​បាន​រំលោភ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ ​ដោយ​សារ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ចូល​រួម​សន្និសីទ​ទាក់ទង​នឹង​សហជីព។ ​កញ្ញា​ត្រូវ​បន្ត​ជាប់​ឃុំ​ដោយ​រង់​ចាំ​ការ​កាត់​ទោស ​ដែល​មិន​ទាន់​កំណត់​ពេល។ ​ចំណែក​កញ្ញា ​សេង ធារី ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ កាលពី​ខែ​មិថុនា​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល៦​ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​ ដែល​មាន​ទំនាក់​ទំនង​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យកាល​ពី​ចុង​ឆ្នាំ​២០១៩​ ​របស់​លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវបាន​តុលាការរំលាយ​ចោល៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG