សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងកញ្ញា សេង ធារី ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ បានប្រកាសបង្អត់អាហារខ្លួនឯងរយៈពេលមួយសប្ដាហ៍ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងរាជធានីភ្នំពេញ ជាទីដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនៅក្នុងសប្ដាហ៍នេះ។
កញ្ញា សេង ធារី ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃទី ១៤ ខែមិថុនា បន្ទាប់ពីសវនាការដ៏ធំមួយបានកាត់ទោសសកម្មជនបក្សប្រឆាំង និងអ្នកប្រឆាំងផ្សេងទៀតនៅរាជធានីភ្នំពេញ។ កញ្ញាត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដាច់ស្រយាលមួយនៅខេត្តព្រះវិហារ ទីដែលមេធាវីរបស់កញ្ញា អះអាងថា កញ្ញាត្រូវបានហាមឃាត់មិនឲ្យប្រណិប័តន៍សាសនា និងហៅទូរសព្ទតាមធម្មតា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទ មេធាវីរបស់កញ្ញាបានស្នើឲ្យបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារជាតិនៅរាជធានីភ្នំពេញ ហើយស្នើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រើទស្សនកិច្ចមកកម្ពុជារបស់លោក នៅថ្ងៃទី ១២ និងទី ១៣ វិច្ឆិកានេះ ដើម្បីជំរុញឲ្យមានការដោះលែងមេធាវីខ្មែរអាមេរិកាំងរូបនេះ។
ស្របពេលជាមួយគ្នានោះ សកម្មជនយុវជនមួយក្រុមក៏បានប្រកាសអំពីផែនការធ្វើកូដកម្មអត់អាហារនៅក្នុងសប្តាហ៍នេះដែរ ដើម្បីគាំទ្រកញ្ញា សេង ធារី និងសកម្មជនជាប់ឃុំផ្សេងទៀត។ ក្រុមសិទ្ធិមនុស្សលើកឡើងថា អ្នកទោសនយោបាយ ៥០ នាក់ កំពុងជាប់ឃុំក្នុងប្រទេសកម្ពុជា។
សមាជិក ៦ នាក់នៃក្រុមខ្មែរថាវរៈបានចាប់ផ្តើមធ្វើកូដកម្មអត់អាហារកាលពីថ្ងៃចន្ទ ហើយថា ពួកគេនឹងបង្ហាញខ្លួននៅវត្តមួយក្នុងខេត្តព្រះវិហារ នៅខាងមុខពន្ធនាគារខេត្ត និងនៅសួនសេរីភាព ឬ Freedom Park កណ្តាលរាជធានីភ្នំពេញ។
លោក ហ៊ុន វណ្ណៈ អាយុ ៤០ ឆ្នាំ បាននិយាយថា ក្រុមរបស់លោកចង់ឲ្យមានការដោះលែងកញ្ញា សេង ធារី និងសកម្មជនជាប់ឃុំផ្សេងទៀតដោយឥតលក្ខខណ្ឌ។
លោក ហ៊ុន វណ្ណៈ បានប្រាប់វីអូអេខ្មែរថា៖ «គាត់ត្រូវបានគេចាប់ខ្លួនដោយអយុត្តិធម៌ ហើយសេរីភាពរបស់គាត់ត្រូវបានរឹតត្បិតទាំងស្រុង រួមមានការបញ្ជូនគាត់ទៅពន្ធនាគារនៅខេត្តព្រះវិហារ ហើយគ្មានអ្នកណាអាចជួបគាត់បាន។ យើងឈឺចាប់ ពេលឃើញរឿងនេះ។ យើងគ្មានជម្រើសអ្វីផ្សេង ក្រៅពីធ្វើកូដកម្មអត់អាហារឡើយ»។
កញ្ញា សេង ធារី ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៦ ឆ្នាំ បន្ទាប់ពីសវនាការមួយដែលរងការរិះគន់ដោយអ្នកឃ្លាំមើលច្បាប់អន្តរជាតិនានាថា ខ្វះភស្តុតាងនិងរំលោភលើនីតិវិធីត្រឹមត្រូវ។ សកម្មជនសិទ្ធិមនុស្សយូរឆ្នាំរូបនេះបានធ្វើបាតុកម្មធំមួយនៅខាងក្រៅតុលាការ ដោយតុបតែងខ្លួនជារូបសំណាកសេរីភាព Statue of Liberty អំឡុងសវនាការកាត់ទោសលើកចុងក្រោយ មុននឹងប៉ូលិសចាប់ខ្លួនកញ្ញា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្នើឲ្យដោះលែងកញ្ញា សេង ធារី និងអ្នកសកម្មជននយោបាយផ្សេងទៀត ដែលត្រូវបាន«ឃុំខ្លួនដោយអយុត្តិធម៌» ក្នុងប្រទេសកម្ពុជា។
ក៏ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price មិននិយាយថា តើកញ្ញាត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ឬយ៉ាងណានោះទេ។
លោក Price ក៏បាននិយាយថា លោកមិនបានដឹងពីការផ្លាស់ប្តូរជាផ្លូវការណាមួយទាក់ទិននឹងស្ថានភាពរបស់កញ្ញា សេង ធារី ក្រោមច្បាប់ Levinson ដែលត្រូវការធនធានរដ្ឋាភិបាលបន្ថែមដើម្បីធានាឲ្យមានការដោះលែងបុគ្គលដែលត្រូវបានចាត់ទុកថា«ឃុំខ្លួនដោយខុសច្បាប់»។
លោក Price បានថ្លែងថា៖ «យើងកំពុងផ្តល់ជំនួយគ្រប់ទម្រង់ដល់កញ្ញា សេង ធារីនិងគ្រួសាររបស់នាងតាមដែលយើងអាចធ្វើបាន»។
លោក Price ថ្លែងទៀតថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងមន្ត្រីអាមេរិកជាន់ខ្ពស់ផ្សេងទៀត នឹងបន្តលើកពីករណីរបស់កញ្ញា ទៅកាន់សមភាគីកម្ពុជា។
វាមិនច្បាស់ទេថាតើលោក Biden នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងរយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញឬយ៉ាងណានោះ នៅពេលដែលលោកនឹងចូលរួមកិច្ចប្រជុំអាស៊ាននិងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ាន។
ការឃុំខ្លួនកញ្ញា សេង ធារី បានជួយជំរុញឲ្យគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក ពង្រឹងច្បាប់ប្រជាធិបតេយ្យកម្ពុជា ដែលគំរាមដាក់ទណ្ឌកម្មលើមេដឹកនាំកម្ពុជាដែលទទួលខុសត្រូវចំពោះអំពើពុករលួយនិងការរំលោភបំពានសិទ្ធិមនុស្សនានា។ សេចក្តីព្រៀងច្បាប់នោះកំពុងរង់ចាំការបោះឆ្នោតមួយក្នុងសភាទាំងមូល។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាកាន់តែយ៉ាប់យ៉ឺន ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនកើនឡើង ខណៈរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយរដ្ឋាភិបាលចិន។
បញ្ហាជាក់លាក់មួយសម្រាប់សហរដ្ឋអាមេរិក គឺការចូលរួមរបស់ចិននៅក្នុងការដ្ឋានសាងសង់នៅមូលដ្ឋានទ័ពជើងទឹករាមដ៏សំខាន់ក្នុងខេត្តព្រះសីហនុ។ សារព័ត៌មានThe Washington Post បានរាយការណ៍កាលពីដើមឆ្នាំនេះថា មន្ត្រីនៃប្រទេសលោកខាងលិចជឿថា ប្រទេសចិនកំពុងសាងសង់ដោយសម្ងាត់នូវទីតាំងទ័ពជើងទឹកមួយសម្រាប់ការប្រើប្រាស់ផ្តាច់មុខរបស់យោធាខ្លួន។ មន្ត្រីយោធាកម្ពុជាបានបដិសេធការអះអាងដូច្នេះមកកាន់វីអូអេខ្មែរ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបយ៉ាងទូលំទូលាយលើការប្រឆាំងនានាក្នុងប្រទេសកម្ពុជា នៅពេលដែលតុលាការនៃប្រទេសនេះបានរំលាយគណបក្រប្រឆាំងចម្បងចោល និងនៅពេលដែលសភាបានអនុម័តច្បាប់ដែលរឹតត្បិតសេរីភាពនៃការប្រមូលផ្តុំ។
លោក Margaux Ewen នាយកអង្គការសេរីភាពនៃគំនិតផ្តួចផ្តើមអ្នកទោសនយោបាយ (Freedom House Political Prisoners Initiative) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីកូដកម្មអត់អាហាររបស់កញ្ញា សេង ធារី ថា៖ «ធារី ត្រូវបានកាត់ទោសក្រោមបទបញ្ញតិ្តនៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលជារឿយៗ ត្រូវបានប្រើជាអាវុធប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានថ្លែងកាលពីថ្ងៃអង្គារថា វាជាសិទ្ធិរបស់កញ្ញា សេង ធារី ក្នុងការធ្វើកូដកម្មអត់អាហារ ប៉ុន្តែវានឹងមិននាំយកសេរីភាពឲ្យនាងនោះទេ។
លោកបាននិយាយថា៖ «គ្មានអ្នកណាអាចបង្ខំឲ្យពួកគេហូប ឬមិនហូបអាហារទេ។ វាមិនអាចជួយបានទេ។ វាគ្រាន់តែជាសារនយោបាយមួយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ»៕
ប្រែសម្រួលដោយ កញ្ញា ទុំ ម្លិះ