ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចង់​ឃើញ​មន្រ្តី​ស្នើ​ដាក់​ស្រ្តី​ក្នុង​មុខ​តំណែង ខណៈ​ចំនួន​នៅ​តិចតួច


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ជំរុញ​ឲ្យ​មន្រ្តី​ថ្នាក់​ក្រោម​របស់​លោក ​គិត​គូរ​ពី​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង ដើម្បី​ធានា​ថា​ មាន​សម​ភាព​យេនឌ័រក្នុង​គ្រប់​ផ្នែក ខណៈ​លោកមើល​ឃើញ​ថា ​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់​កម្រិត​នៅ​មានតិច​តួច​នៅ​ឡើយ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ។

លោក ហ៊ុន សែន ថ្លែង​ថា ​លោក​សង្កេត​ឃើញ​ថា ​ការ​ស្នើ​សុំ​តែង​តាំង​មុខ​តំណែងថ្មី​របស់​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក មាន​ស្រ្តី​តិចពេក​ហើយ។ លោកថ្លែង​បន្ថែម​ថា ​រដ្ឋាភិបាលបាន​ផ្តល់​អំណាច​ឲ្យ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ជា​អ្នក​ជ្រើស​រើស​មន្រ្តី​ក្នុង​មុខ​តំណែង ប៉ុន្តែ​ពួកគេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​យេនឌ័រ​ឡើយ ដោយ​ស្នើ​ការតែតាំងមន្ត្រីភាគច្រើនជា​បុរស។

លោកថ្លែង​ថា៖ «ថ្នាក់​ជាតិ​ស្នើ​ទៅ​ម៉ាកាភ្លោះ អស់​លោក​រដ្ឋមន្រ្តី…​ប៉ុន្តែ​ឃើញ​សំណើ​ស្នើ​ទៅ គឺ​ឃើញ​តែ​ប្រុស​ អត់​ឃើញ​ស្រី មិន​ដឹង​ថា​យ៉ាង​ម៉េច។ យើង​អាច​នឹង​រក​វិធី​តែង​តាំង​ស្រ្តី​ឲ្យ​បាន​ច្រើន​ជាង​នេះ ដោយ​យើង​មិន​មែន​បញ្ហា​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ស្អី​ទេ យើង​ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​រឿង​ជាក់​ស្តែង»។

អ្នកស្រី សឺនកេត សិរីលក្ខណ៍ ​អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​របស់​អង្គ​ការ​ខុមហ្រ្វែល ប្រាប់​វីអូអេ​ថា ​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្រ្តី គឺ​ជា​ការ​មើល​ឃើញ និង​ទទួល​ស្គាល់​ថា​ ចំនួន​ស្រ្តី​នៅ​តែ​ទាប​នៅ​ឡើយ​ក្នុង​មុខ​តំណែង ហើយ​ថ្នាក់​ដឹកនាំ​កំពូល​ចង់​ឃើញ​ចំនួន​ស្រ្តី​មាន​ច្រើន​ជាង​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «រចនា​សម្ព័ន្ធ​នៃ​ការ​ដឹកនាំ​ហ្នឹង ភាគ​ច្រើន​ជា​បុរស ដែល​ជា​អ្នក​ដឹកនាំ។ អ៊ីចឹងហើយ​គ្រប់​យ៉ាង បណ្តាញ ការ​លើក​ឈ្មោះ​អី​ហ្នឹង គិត​គូរ​តែ​បុរស​គ្នា​គាត់ បំភ្លេច​ការ​ចូលរួម​របស់​ស្រ្តី»។

អ្នកស្រី​ក៏​ជំរុញ​ឲ្យ​ដាក់​ចេញ​ជា​គោល​នយោ​បាយ​ច្បាស់​លាស់ និង​យន្ត​ការ​ជាក់​លាក់​ក្នុង​ការ​បង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង។

នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ចូល​មក​ដល់​នា​ខែកក្កដា​ខាង​មុខ​នេះ អ្នកស្រី សឺនកេត សិរីលក្ខណ៍ ​ជំរុញ​ឲ្យ​គ្រប់​គណបក្ស​កំណត់​ឲ្យ​ជាក់​លាក់​នូវ​ចំនួន​ស្រ្តី​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត ហើយ​ត្រូវ​ដាក់​ស្រ្តី​ក្នុង​លេខ​រៀង​ខាង​លើ ដើម្បី​ឲ្យ​ស្រ្តី​មាន​ឱកាស​ជាប់​ឆ្នោត។

ការ​ស្ទង់​មតិ​របស់​អង្គការ​ខុមហ្រ្វែល ស្តី​ពី​ការ​ចូលរួម​របស់​សកម្មជន​នយោបាយ​ស្រ្តី​ក្នុង​វិស័យ​នយោ​បាយ​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​ ២០២០ ឲ្យ​ដឹង​ថា​កម្ពុជា​នៅ​បន្ត​រក្សា​បញ្ហា​វិសម​ភាព​នៃ​ភាព​ជា​តំណាង​រវាង​ស្រ្តី និង​បុរស​ក្នុង​កិច្ច​ការ​សាធារណៈ និង​ជីវិត​នយោ​បាយ។

បើ​តាម​ការ​ស្ទង់​មតិនេះ ផ្នែក​ចម្បង​នៃ​បញ្ហា​នេះ គឺ​ដោយ​សារការខ្វះខាតនូវ​គោល​នយោបាយ​ជាក់​លាក់​ជា​លាយ​លក្ខណ៍​អក្សរ និង​ច្បាប់​ឆ្លើយ​តប​នឹង​យេនឌ័រ ជាពិសេស​ច្បាប់​បោះ​ឆ្នោត ដើម្បី​គាំទ្រនិង​ផ្តល់​ឱកាស​ឲ្យ​ស្រ្តី និង​បុរស​ចូលរួម​ស្មើ​គ្នា ស្រប​តាម​អនុសញ្ញា​ស៊ី-ដ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន និង​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ដែល​ប្រទេស​កម្ពុជាបាន​ទទួល​យក។ ការ​ស្ទង់​មតិ​ក៏​បាន​លើក​ឡើង​អំពី​ការ​រើស​អើង ការខ្វះ​ការ​លើក​ទឹក​ចិត្ត និង​ឆន្ទៈ​នយោ​បាយ​របស់​គណ​បក្ស​នយោបាយ​ផង​ដែរ។

បើ​តាម​ការ​ស្ទង់​មតិ អ្នក​ដឹកនាំ​ជា​បុរស​នៅ​តែ​រក្សា​អំណាច​នយោ​បាយ​របស់​ពួក​គេ ដោយ​មិន​ចង់​ចុះ​ចេញ​ពី​តំណែង៕

XS
SM
MD
LG