ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅក្នុង​សវនាការ កញ្ញា ឈឹម ស៊ីថរ បន្ត​ការពារ​ខ្លួន​ថា​មិន​បាន​ប្រព្រឹត្ត​អំពើ​ញុះ​ញង់


រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

មេដឹក​នាំ​សហ​ជីព​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ​ឈឹម ​ស៊ីថរ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ថា ​កញ្ញា​មិន​បាន​«​ញុះ​ញង់​»​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

នៅ​ថ្ងៃ​អង្គារ​នេះ ​តុលាការក្រុង​ភ្នំពេញបាន​បន្ត​បើក​សវនា​ការ​ជំនុំ​ជម្រះ​ក្តី​អតីត​ថ្នាក់​ដឹក​នាំ​សហ​ជីព​ណា​ហ្គា​វើលដ៍​ចំនួន​៩​នាក់ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​បទ​ចោទ«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»​ក្នុង​ការ​តវ៉ា​របស់​ពួកគេ​កាល​ពី​កន្លងមក។ ក្នុង​សវនាការ ចៅក្រម​អនុញ្ញាត​ឲ្យ​តែ​កញ្ញា ឈឹម ស៊ីថរ មាន​វត្តមាន​សម្រាប់​ការសាកសួរ ​ដោយ​ជន​ជាប់​ចោទ​៨​នាក់​ផ្សេង​ទៀត ដែល​មិន​ជាប់​ពន្ធនាគារ ត្រូវ​ចៅក្រម​ជំនុំ​ជម្រះឱ្យ​ចេញ​ទៅ​ក្រៅ​បន្ទប់​សវនាការ ដោយ​រង់ចាំ​ពេល​ក្រោយ​សម្រាប់​ការ​សាកសួរ។

​ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹក​ក្រូច​ចាស់ និង​ឈរ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​នៃ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កញ្ញា ឈឹម ស៊ីថរ បាន​ឆ្លើយ​សំណួរ​ជា​ច្រើន ដែល​ត្រូវ​បាន​ចោទ​សួរ​ដោយតំណាង​អយ្យ​ការ និង​ក្រុម​មេធាវី​ការ​ពារ​ក្តី​ឱ្យ​កញ្ញា​។ ​ចៅ​ក្រម​ជំនុំ​ជម្រះ​ក៏​បាន​ចោទ​សួរ​សំណួរ​មួយ​ចំនួន​ផង​ដែរ។

​នៅ​ក្នុង​នោះ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សេង ហៀង បាន​ចោទសួរ​កញ្ញា ស៊ីថរ ថាតើ​ការ​រៀប​ចំ​តវ៉ា​នៅ​ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ​២០​២១ មាន​រៀប​ចំ​ផែន​ការ​ទេ​? ហើយ​មាន​ផែន​ការ​បិទ​ច្រក​ចេញ​ចូល​ទេ? តើ​នេះ​ជា​វិវាទ​រវាង​បុគ្គល ឬ​វិវាទ​ការងារ​? តើ​មក​ដល់​ពេល​នេះ ​កូដករដែល​ធ្វើកូដកម្មនៅ​តែ​ជា​បុគ្គ​លិក​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍ដែរ​ឬទេ?

កញ្ញា ឈឹម ស៊ីថរ ​បាន​ឆ្លើយ​ថា​មិន​មាន​ផែន​ការ​បិទ​ច្រ​ក​ចេញ​ចូល​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ទេ ព្រោះ​ការ​ធ្វើ​កូដ​កម្ម​មាន​មនុស្ស​ច្រើន តែង​តែ​មាន​ការ​កកស្ទះ និង​រាំង​ស្ទះ​ច្រក​ចេញ​ចូល​នោះ​។

កញ្ញា​បន្ថែម​ថា ការ​ធ្វើ​កូដកម្ម​គឺ​យោង​ទៅ​តាម​ច្បាប់​ការងារ ដើម្បី​ទាម​ទារ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​ការងារ​របស់​និយោ​ជិត។ ម្យ៉ាង​ទៀត​ កញ្ញាថា ​កូដកម្ម​នេះ​ជា​ការសម្រេច ​និង​ការ​បោះ​ឆ្នោត​ដោយសមា​ជិក​សហ​ជីពទាំង​អស់​ ដោយមិនមែន​ជា​ការ​សម្រេច​ជាឯក​ច្ឆន្ទរបស់​បុគ្គល​ណាម្នាក់​នោះ​ទេ ​ហើយ​សមា​ជិកមា្នក់​ៗ ក៏​បាន​ស្ម័គ្រចិត្ត​រៀង​ៗខ្លួន ​ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំឱ្យ​មក​ធ្វើកូដ​កម្ម​នេះ​ដែរ។

កញ្ញា ឈឹម ស៊ីថរ​ បញ្ជាក់​ថា​៖ ​«​នាង​ខ្ញុំ​មិន​បាន​បញ្ចុះ​បញ្ចូល​ ​អូស​ទាញ​[​សមា​ជិក​សហ​ជីព​]ឱ្យ​មក​ធ្វើ​កូដ​កម្ម​ទេ។ គ្មាន​នរណា​បង្ខំពួក​គេ​ចូលរួម​កូដ​កម្ម​ទេ ហើយ​ពួក​គា​ត់​បាន​ឯក​ភាព​ផ្តិត​មេដៃ ​ធ្វើ​កូដ​ក​ម្ម​ដោយ​ស្ម័គ្រ​ចិត្ត ​មិន​មាន​ការ​បង្ខំ​ និ​ង​គ្មាន​អ្នក​ក្រៅ​ឯ​ណា​មក​ចូល​រួម​ធ្វើ​កូដ​កម្ម​នេះ ​ក្រៅ​ពី​កូដករ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិវាទ​ការងារ​នេះ​ទេ។​ ដូច្នេះ​នាង​ខ្ញុំ​មិន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​បែប​នេះ​ទេ»។

កញ្ញា​បន្ថែម​ថា ​ការ​សម្រេច​ធ្វើ​កូដ​កម្ម​ ជា​ជម្រើស​មួយ​ បន្ទាប់​ពី​ការ​ដោះ​ស្រាយ​វិវាទការ​ងារ​នេះ​មិន​បាន​ជោគ​ជ័យ។

កញ្ញា​បញ្ជា​ក់​ថា​៖ «​នីតិ​វិធី​ផ្សេង​ៗ​គ្មាន​ដំណោះ​ស្រាយ ទើប​ចុង​ក្រោយ​ធ្វើ​កូដ​កម្ម​នេះ​»។

​កញ្ញាបន្ថែមថា ​អ្វី​ដែល​ជា​គោល​បំណងធ្វើកូដ​កម្ម ដើម្បី​កុំ​ឱ្យ​ក្រុម​ហ៊ុន​ណាហ្គា​វើល​ដ៍​រំលោភ​បំពាន​ច្បាប់​កម្ពុជា ​ទាក់​ទង​ការរំលាយ​សហ​ជីព ដែល​កញ្ញា​អះអាង​ថា ​វា​នឹង​ក្លាយ​ជា​គំរូ​អាក្រក់​មួយ​ដល់​ក្រុម​ហ៊ុន​ដទៃ​ទៀតនៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមកូដករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មក​គាំទ្រ​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ក្រុមកូដករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មក​គាំទ្រ​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

កា​រសួរ​ដេញដោល​លើ​កញ្ញា ឈឹម ស៊ីថរ មិន​ទាន់​ត្រូវបាន​បញ្ចប់​នោះទេ ដោយ​អ្នកស្រី សឿង ចរិយា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅ​ក្រម​ជំនុំ​ជម្រះ​ បាន​ប្រកាស​ថា​នឹង​បន្ត​សវ​នាការ​លើ​សំណុំ​រឿង​ញុះញង់នេះបន្ត​ទៀត នៅថ្ងៃទី៧ ខែមីនា​។

ចំពោះ​អ្នកស្រី ឈឹម សុខន សមា​ជិកសហ​ជីព​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ ​ដែលត្រូវ​បាន​ចោទ​ប្រកាន់​ដូចគ្នា ប៉ុន្តែ​មិន​ទាន់​ដល់​វេន​ក្នុង​ការ​ឆ្លើយ​បំភ្លឺ ប្រាប់​អ្នក​សារព័ត៌​មាន​ថា​បើ​សិន​កូដករ​ធ្វើ​កូដ​កម្ម ​តែ​បែរ​ជាចោទពី​បទ​ញុះញង់ ​តើ​អ្វីទៅ​ជាសិទ្ធិ​ធ្វើ​កូដ​កម្ម។

អ្នក​ស្រីយល់​ថា​ ការ​ចោទ​ប្រកាន់​ពី​បទញុះញង់នេះ ​ក៏​ជាការ​ដាក់​បន្ទុក​ដល់​កូដករផងដែរ។ ហើយ​អ្នក​ស្រី​ថា ​បើ​សិន​ការអនុវត្ត​ច្បាប់​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ ដោយ​ថែម​ទាំង​មាន​ការ​បំភិតបំភ័យ នោះ​នឹង​ធ្វើ​ឱ្យបុគ្គ​លិកនៃ​ក្រុមហ៊ុន​ផ្សេងនឹង​មិន​ហ៊ាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួកគេ ដើម្បី​តវ៉ា​នៅ​ពេល​មាន​ការ​កិប​កេង ឬ​គាប​សង្កត់​នៅ​កន្លែង​ការ​ងារ។

​អ្នក​ស្រី​បញ្ជាក់​ថា​៖ ​«ច៎ាស! អាហ្នឹង​បងមើលឃើញថាវាជាការ​ដាក់​បន្ទុក​ ព្រោះកូដកម្ម យើង​ធ្វើតាម​នីតិវិធីច្បាប់ យើ​ងមានដើរ​តាម​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល យើង​មាន​បោះឆ្នោត​ យើង​មាន​មតិភាគ​ច្រើនបោះឆ្នោត​ជ្រើសរើសធ្វើកូដកម្ម ហើយ​បាន​យើ​ង​ជូនដំណឹង​អីត្រឹម​ត្រូវ អ៊ីចឹង​បើគាត់​ ចោទ​ពី​បទ​ញុះញង់ ​តើ​សិទ្ធិ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​ គេ​យក​ទៅ​ទុកនៅ​ឯ​ណា»?

លោក ​ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា៖ «សុំទោស​ដែល​មិន​អាច​ជម្រាប​ជូន​បាន​ក្នុង​ពេល​ជម្រះ​ក្តី​របស់​តុលាការ​ទេ។ ចៅ​ក្រម ​និង​មេធាវី​មាន​ព័ត៌​មាន ​និង​ដឹង​អ្វី​ដែល​ហៅ​ថា​អ្វី»​។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​នៃសហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​នៅ​កម្ពុជា​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​នៃសហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​នៅ​កម្ពុជា​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​អ្នកស្រី អ៊ូ ទេព​ផល្លីន ប្រធាន​នៃ​សហព័ន្ធ​សហជីព​ចំណី​អាហារ​និង​សេវាកម្ម​នៅ​កម្ពុជា ​ដែល​បាន​ចូល​ស្តាប់​សវនាការ​ផង​ដែរ​នោះ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជាបាន​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ស្នូលរបស់​អង្គការអន្តរជាតិខាង​ការងារ (ILO) ដែល​ក្នុង​នោះ​និយាយ​អំពី​សេរីភាព​នៃ​ការ​ចរចា​ សេរីភាពក្នុង​ការ​បង្កើត​សហ​ជីព​ និង​សិទ្ធិក្នុង​ការ​ធ្វើកូដកម្ម​ ដែលអនុញ្ញាត​ឱ្យ​ប្រជាពល​រដ្ឋ ប្រើ​ប្រាស់​សិទ្ធិ​ជា​មូល​ដ្ឋាន​នៅ​កន្លែង​ធ្វើការ។ ដូច្នេះ​អ្នកស្រី​ចាត់​ទុក​ការធ្វើ​កូដកម្ម​ទាក់ទង​វិវាទការងារ​ ​មិនមែន​ជា​បទញុះញង់​នោះ​ទេ។

អ្នកស្រី​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា៖ ​«​ការ​ធ្វើ​កូដ​កម្ម​មិន​មែន​ជា​បទ​ញុះ​ញង់​ទេ មិន​គួរ​ប្រែ​ក្លាយ​កូដ​កម្ម​ទៅជា​បទ​ញុះ​ញង់​ ដែល​ធ្វើ​ឱ្យកម្មករ​ដទៃ​ទៀត​ ខ្លាច​រអា​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​កូដ​កម្ម។ ហើយ​យើង​ហាក់​បី​ដូច​ជា​អនុញ្ញាត​ឱ្យ​ថៅកែ​បញ្ឈប់​កម្មករ​និយោជិត​តាម​តែ​អំពើ​ចិត្ត​របស់ខ្លួន ​បើ​ទោះ​បីជា​មើល​ឃើញ​ថា រូបភាព​រើស​អើងនៅ​នឹង​មុខ​ក៏ដោយ​ ក៏​នៅតែ​បើក​ឱកាស វា​ហាក់បីដូចជា​សង្គមយើង​បង្កើត​នូវ​ភាព​អយុត្តិ​ធម៌​មក​លើ​វណ្ណៈ​កម្មករទៅវិញ»។

នាយក​គ្រប់​គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​ចូលសវនាការ​ដែរ​នោះ បាន​ថ្លែង​ថា ​បើ​មើល​ទៅ​លើ​ការ​លើក​ឡើង​របស់​កញ្ញា ឈឹម ស៊ីថរ ក្នុង​សវនាការ​គឺផ្តោត​លើ​សិទ្ធិ​កម្មករ​និយោ​ជិត​ និងច្បាប់​ការងារ។ លោក​យល់​ឃើញ​ថា ​ករណី​នេះ គឺ​កើត​ចេញ​ពី​វិវា​ទ​ការងារ ហើ​យ​ប្រសិន​បើ​ភាគី​ពាក់​ព័ន្ធ​រួមគ្នាដោះស្រាយ​តាំង​ពីដំបូង​ ប្រហែល​ជា​មិន​មាន​ការ​ចាប់​ខ្លួន ​និងចោទ​ប្រកាន់​លើកញ្ញា ឈឹម ស៊ីថរ និង​តំណាង​កូដករ​ផ្សេង​ទៀត​ និង​ការ​ធ្វើទុក្ខបុក​ម្មេញ​លើ​កូដករ​ឯ​ទៀត​នោះ​ទេ​។

​ដូច្នេះ​លោក​យល់​ថា​ ការ​ចោទ​ប្រកាន់​នេះ​ ​មិនមែន​ជា​ដំណោះ​ស្រាយ​ទេ អ្វី​ដែល​សំខាន់​ គឺ​ការដោះ​ស្រាយ​បញ្ចប់​វិវាទ​ការ​ងារ​ លើ​ចំណុច​ដែលកូដករ​ទាម​ទារ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​បើ​សិន​ជាយើង​មើល​ទៅ បើ​សិន​ជា​ឫស​គល់​ ខ្ញុំ​គិត​ថាបញ្ហា​ដែល​ចាប់​ខ្លួន​ក្តី ​ការ​ចោទ​ប្រកាន់​ឬ​ក៏​បញ្ហា​ផ្សេង​ៗទៀត​ សម្រាប់​បន្ទុច​បង្អាក់​កូដករ​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។ អ្វី​ដែល​ជា​ដំណោះ​ស្រាយ​សំខាន់​ គឺការ​ដោះ​ស្រាយ​បញ្ចប់វិវាទការ​ងារ​តែប៉ុណ្ណោះ»។

គួរ​រំឭក​ផង​ដែរ​ថា​ បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគ​ហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​ បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ ​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​១.៣២៩​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ កាល​ពីខែ​មេសា ​ឆ្នាំ​២០២១។

កូដកម្ម​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១។ ការ​បញ្ឈប់​កម្មករ​ពី​ការងារ​ត្រូវ​បាន​អ្នក​តាមដាន​ដែល​ជា​មន្រ្តី​សិទ្ធិ​មនុស្ស​ មើល​ឃើញ​ថា​ជា​ការ​បំបាត់​សំឡេង​សហ​ជីព​នៅ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕

XS
SM
MD
LG