សហរដ្ឋអាមេរិកបានជំរុញជាថ្មីទៀតឲ្យមានការដោះលែងកញ្ញា សេង ធារី មេធាវីនិងសកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំង ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងធ្វើដំណើរមកកម្ពុជា នាសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
កញ្ញា សេង ធារី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី ១៤ ខែមិថុនា បន្ទាប់ពីសវនាការដ៏ធំមួយបានកាត់ទោសសកម្មជនបក្សប្រឆាំង និងអ្នកប្រឆាំងផ្សេងទៀតនៅរាជធានីភ្នំពេញ។ កញ្ញាត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដាច់ស្រយាលមួយនៅខេត្តព្រះវិហារ ទីដែលមេធាវីរបស់កញ្ញាអះអាងថា កញ្ញាត្រូវបានហាមឃាត់មិនឲ្យប្រណិប័តន៍សាសនា និងធ្វើការទំនាក់ទំនងតាមទូរសព្ទ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន លោក Ned Price មិនបានបញ្ជាក់ច្បាស់ៗថា ការឃុំខ្លួនកញ្ញា សេង ធារី បច្ចុប្បន្ននេះ ជាទង្វើឆ្គាំឆ្គងនឹងច្បាប់ទាំងស្រុងនោះទេ តែថាការឃុំខ្លួនត្រូវបានធ្វើឡើងយ៉ាងអយុត្តិធម៌។
ទោះយ៉ាងណា លោកប្រាប់អ្នកកាសែតថា ការឃុំខ្លួនកញ្ញា សេង ធារី ដែលមានដើមកំណើតខ្មែរនេះ ជាករណី «អាទិភាព» ឬដែលត្រូវយកចិត្តទុកដាក់ ខណៈកញ្ញាមានសញ្ជាតិអាមេរិកាំង និងត្រូវបានឃុំខ្លួននៅក្រៅសហរដ្ឋអាមេរិក។
បើតាមលោក Ned Price កញ្ញា សេង ធារី និងអ្នកជាប់ឃុំ ក្រោមហេតុផលនយោបាយឯទៀត គួរតែត្រូវបានដោះលែង។
លោកថ្លែងថា៖ «ជាការពិត ករណីនេះ ជារឿងអាទិភាពសម្រាប់យើង។ ខ្ញុំពេញចិត្តនឹងឱកាសនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា តើយើងមានការបារម្ភខ្លាំងយ៉ាងណា ដោយសារការផ្តន្ទាទោសទ្រង់ទ្រាយធំ កាលពីខែមិថុនាឆ្នាំនេះ ទៅលើសកម្មជនជំទាស់នៅប្រទេសកម្ពុជា ក្នុងនោះមានកញ្ញា សេង ធារី ដែលត្រូវបានកាត់ទោសដំណាលគ្នាជាមួយក្រុមនេះ»។
លោកបន្ថែមថា៖ «យើងស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងរាល់អ្នកទាំងឡាយណា ដែលត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌ ក្នុងនោះរួមមានកញ្ញា សេង ធារី និងធ្វើការគោរពសេរីភាពនៃការបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំ និងការជួបជុំដោយសន្តិវិធី ដែលស្របតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា និងស្របតាមរាល់កាតព្វកិច្ចអន្តរជាតិនានា និងរាល់ការប្តេជ្ញាចិត្តរបស់កម្ពុជា។ យើងនៅជាមួយប្រជាជនកម្ពុជា។ យើងផ្តល់ការគាំទ្រដោយគ្មានការកែប្រែចំពោះសេចក្តីប្រាថ្នារបស់ពលរដ្ឋកម្ពុជាដែលចង់បានលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដ៏ប្រសើរមួយ»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ការកាត់ទោសសកម្មជនជំទាស់ដែលភាគច្រើនមានទំនាក់ទំនងជាមួយនឹងគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺជាឧទាហរណ៍ចុងក្រោយនៃទម្រង់គំរាមកំហែង និងការធ្វើទុក្ខបុកម្នេញដ៏គួរឲ្យបារម្ភមកលើមេដឹកនាំនយោបាយ និងគណបក្សជំទាស់នៅកម្ពុជា។
កញ្ញា សេង ធារី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ បន្ទាប់ពីសវនាការមួយដែលរងការរិះគន់ដោយអ្នកឃ្លាំមើលច្បាប់អន្តរជាតិនានាថាខ្វះភស្តុតាងនិងរំលោភលើនីតិវិធីត្រឹមត្រូវ។ សកម្មជនសិទ្ធិមនុស្សយូរឆ្នាំរូបនេះបានធ្វើបាតុកម្មធំមួយនៅខាងក្រៅតុលាការ ដោយតុបតែងខ្លួនជារូបសំណាកសេរីភាព Statue of Liberty អំឡុងសវនាការកាត់ទោសលើកចុងក្រោយ មុននឹងប៉ូលិសចាប់ខ្លួនកញ្ញា។
កញ្ញា សេង ធារី ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារក្នុងខេត្តព្រះវិហារ បានប្រកាសបង្អត់អាហារខ្លួនឯងរយៈពេលមួយសប្ដាហ៍ គឺចាប់ផ្តើមពីថ្ងៃចន្ ទទី ៧ ខែវិច្ឆិកានេះ គឺក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ជាទីដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្នុងសប្ដាហ៍នេះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ករណីរបស់កញ្ញា សេង ធារី គឺស្ថិតក្នុងដែនយុត្ថាធិការកម្ពុជា ដែលមិនមានទំនាក់ទំនងនឹងសមត្ថកិច្ចរបស់សហរដ្ឋអាមេរិកឡើយ។
លោកថ្លែងថា៖ «កម្ពុជាដូចអត់មានអីត្រូវឆ្លើយតបទេ។ កម្ពុជាគឺអនុវត្តទៅតាមនីតិវិធីច្បាប់របស់ខ្លួន។ អ៊ីចឹងទេ គ្រប់ភាគីណាក៏ដោយ រួមទាំងអង្គទូតក៏ដោយ រួមទាំងរដ្ឋបរទេសក៏ដោយ បើយល់ថាកញ្ញា សេង ធារី និងសកម្មជនផ្សេងទៀត មិនមានកំហុសទេ អាហ្នឹងចូលរួមអនុវត្តទៅតាមច្បាប់របស់កម្ពុជាទៅ ចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ហើយធើ្វការការពារខ្លួនតាមផ្លូវច្បាប់ តាមនីតិវិធីច្បាប់របស់កម្ពុជាដែលមានជាធរមាន»។
ដំណាលគ្នានឹងពេលដែលកញ្ញា សេង ធារី ប្រកាសបង្អត់អាហារខ្លួនឯងរយៈពេលមួយសប្តាហ៍ សកម្មជនមួយចំនួននៃក្រុមខ្មែរថាវរៈ បានចេញមុខធ្វើយុទ្ធនាការកូដកម្មបង្អត់អាហារ ដើម្បីទាមទារសេរីភាពឱ្យសកម្មជនសិទ្ធិមនុស្សរូបនេះផងដែរ។
សកម្មជនម្នាក់នៃក្រុមខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ដែលចូលរួមក្នុងយុទ្ធនាការកូដកម្មបង្អត់អាហាររយៈពេលមួយសប្តាហ៍ក្នុងខេត្តព្រះវិហារមកនោះ យល់ស្របនឹងការលើកឡើងរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក និងទាមទារឲ្យមានការដោះលែងកញ្ញា សេង ធារី ដោយគ្មានលក្ខខណ្ឌ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «អ៊ីចឹងពួកខ្ញុំទាំងអស់គ្នា ដែលហ៊ានរហូតទៅដល់អត់អាហារ ៧ ថ្ងៃនេះ ក៏យើងមានន័យដូចគ្នា គឺយើងគិតដូចគ្នាថា ការកាត់ទោសបងស្រី សេង ធារី នេះ គឺដែលមិនត្រឹមត្រូវ ហើយយើងនៅតែទាមទារឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ»។
លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ កត់សម្គាល់ពីផលប៉ះពាល់ខាងពាណិជ្ជកម្មមកលើកម្ពុជា ដែលអាចផ្តើមចេញពីករណីកាត់ទោសកញ្ញា សេង ធារី នៅពេលដែលមានប្រតិកម្មជាបន្តបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកថា ករណីឃុំខ្លួនកញ្ញា សេង ធារី ជាទម្រង់នៃការរឹតត្បិតសិទ្ធិក្នុងការបញ្ចេញមតិ និងការចូលរួមចលនានយោបាយ។
លោកថ្លែងថា៖ «យើងក៏មានការបារម្ភដែរ ទាក់ទងចំណុចនេះ ពីព្រោះបញ្ហា GSP របស់សហរដ្ឋអាមេរិក ដែលការផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់កម្ពុជា ក៏មិនទាន់មានការផ្តល់បន្ត ហើយនៅក្នុងបញ្ហា GSPហ្នឹង ក៏គេបានលើកឡើងអំពីលក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងហ្នឹងដែរ។ អ៊ីចឹងចំណុចនេះដែលយើងមានការព្រួយបារម្ភ»។
គួររំឭកផងដែរថា ការឃុំខ្លួនកញ្ញា សេង ធារី ក៏បានជួយជំរុញឲ្យគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិកពង្រឹងច្បាប់ប្រជាធិបតេយ្យកម្ពុជា ដែលគំរាមដាក់ទណ្ឌកម្មលើមេដឹកនាំកម្ពុជាដែលទទួលខុសត្រូវចំពោះអំពើពុករលួយនិងការរំលោភបំពានសិទ្ធិមនុស្សនានា។ សេចក្តីព្រាងច្បាប់នោះកំពុងរង់ចាំការបោះឆ្នោតមួយក្នុងសភាសហរដ្ឋអាមេរិកទាំងមូល៕
ក្រសួងការបរទេសអាមេរិកស្នើឲ្យកម្ពុជាដោះលែងមេធាវីខ្មែរអាមេរិកាំងកញ្ញា សេង ធារី
ភ្នំពេញ —