មន្រ្តីសុខាភិបាលខេត្តព្រៃវែងបានឱ្យដឹងថា កុមារីម្នាក់អាយុ១១ឆ្នាំ រស់នៅក្នុងស្រុកស៊ីធរកណ្តាល បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅក្នុងភូមិសាស្រ្តដែលមានសត្វមាន់ទាងាប់ជាបន្តបន្ទាប់។
លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា មានករណីស្លាប់មាន់និងទាជាច្រើននៅក្នុងតំបន់ដែលកុមារីរស់នៅ ដែលនេះជាមូលហេតុនាំឱ្យក្មេងស្រីម្នាក់កើតជំងឺផ្តាសាយបក្សី H5N1 ហើយស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ។ ប្រធានមន្ទីរសុខាភិបាលរូបនោះបន្ថែមថា ក្មេងស្រីដែលរស់នៅក្នុងភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានចាប់ផ្តើមឈឺ ដោយមានរោគសញ្ញាគ្រុនក្តៅ ក្អក និងឈឺក កាលពីថ្ងៃទី១៦ ខែកុម្ភៈ។
ទោះជាយ៉ាងណា លោកអះអាងថា មិនមានការបិទភូមិដែលក្មេងស្រីនោះរស់នៅឡើយ។ លោកបន្តថា មន្ត្រីពាក់ព័ន្ធកំពុងតែស៊ើបអង្កេតបន្ត និងរៀបចំចំណាត់ការបន្ថែមទៀតលើករណីនេះ។
លោកបញ្ជាក់ថា៖ «ឥឡូវយើងកំពុងតែសិក្សាស្រាវជ្រាវជាមួយមន្ទីរកសិកម្ម ហើយក្រសួងក៏គាត់ចុះមកដែរក្រសួងកសិកម្ម មានមន្ត្រីជំនាញជាច្រើនកំពុងតែជួបជុំគ្នានៅទីហ្នឹង ស្រាវជ្រាវ ប៉ុន្តែអត់ទាន់ឃើញថាមានការឆ្លងអីបន្តទៅទៀតទេ»។
លោក សេង បញ្ញាឬទ្ធិ ជំរុញឱ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ខណៈមន្ត្រីជំនាញកំពុងតែធ្វើការ ដោយការអប់រំនិងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា មិនទាន់មានសេចក្តីរាយការណ៍អំពីសត្វស្រុកងាប់នៅតាមបណ្តាខេត្តផ្សេងទៀត ក្រៅពីខេត្តព្រៃវែងឡើយ។
បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងនិងមន្ត្រីជំនាញកំពុងតែស្ថិតនៅទីកន្លែងកើតហេតុ ដើម្បីយកសំណាកសត្វមកពិសោធន៍។
កញ្ញាថ្លែងថា៖ «ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលលោកប្រទះឃើញមានសត្វស្លាប់ ជាពិសេសសត្វមាន់ សត្វទាហ្នឹង សូមមេត្តាកុំបរិភោគ ហើយកុំទៅក្បែរជាពិសេសគឺត្រូវរាយការណ៍បន្ទាន់មកខាងអាជ្ញាធរមូលដ្ឋាន ឬមួយក៏ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យក្រុមមន្ត្រីរបស់យើងបានចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា»។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញករណីទី១នៃជំងឺផ្តាសាយបក្សី ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ ឱ្យដឹងថា នេះជាករណីស្លាប់លើកទី១ហើយ បន្ទាប់ពីជំងឺផ្តាសាយបក្សីនេះមិនកើតឡើងក្នុងប្រទេសកម្ពុជា អស់រយៈពេល៩ឆ្នាំមកហើយ តាំងពីឆ្នាំ២០១៤មក។ ក្រសួងសុខាភិបាលបន្ថែមថា ជំងឺផ្តាសាយបក្សីនេះចាប់ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៥ ដោយមានអ្នកឆ្លងជំងឺនេះសរុបចំនួន ៥៧នាក់ ហើយក្នុងនោះ ៣៨នាក់បានស្លាប់។
បើតាមសេចក្តីជូនព័ត៌មានដដែល H5N1 ជាជំងឺផ្តាសាយមួយ ដែលឆ្លងពីសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែពេលខ្លះវាឆ្លងពីបក្សីទៅមនុស្សដែរ និងថា បើសិនជាវាកើតនៅលើមនុស្ស វានឹងធ្ងន់ធ្ងរដែលតម្រូវឱ្យទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ទោះបីវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែបើវាផ្លាស់ប្តូរ វាអាចនឹងរាលដាល ដូចនឹងជំងឺផ្តាសាយតាមរដូវកាល។ ដូច្នេះការរកឃើញទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងបន្តឱ្យបានលឿនគឺមានសារៈសំខាន់បំផុត កុំឱ្យមានការឆ្លងផ្ទុះក្នុងសហគមន៍»។
រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងសេចក្តីជូនព័ត៌មានថា ជំងឺផ្តាសាយបក្សី «នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារ ដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន»។
លោកបន្ថែមថា៖ «កុមារីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៧ ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី១ ដែលបានកើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ»។
គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សី ឬ H5N1 ជាជំងឺឆ្លងម៉្យាងដែលកើតនៅលើបក្សី ហើយមានកម្រិតឆ្លងខ្ពស់ ដែលអាចឆ្លងទៅកាន់មនុស្សតាមរយៈការប៉ះពាល់បក្សីឈឺ ឬបក្សីដែលងាប់។ នេះបើតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក (World Health Organization)។
មន្រ្តីសុខាភិបាលកម្ពុជាអះអាងថា មេរោគផ្តាសាយបក្សី H5N1 ជារៀងរាល់ឆ្នាំតែងតែត្រូវបានរកឃើញនៅពេលដែលអាកាសធាតុចាប់ផ្តើមត្រជាក់ គឺចាប់ពីខែធ្នូរហូតដល់ខែមេសា ហើយក្រសួងសុខាភិបាល និងក្រសួងកសិកម្មតែងតែចាត់វិធានការភ្លាមៗ៕
ភ្នំពេញ —