ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

USAID​ បាន​ផ្តល់​ថវិកា​៣០​លាន​ដើម្បី​ទប់​ស្កាត់​ផ្តាសាយ​បក្សី​នៅ​កម្ពុជា​និង​វៀតណាម

  • គង់ សុឋានរិទ្ធ

មាន់​ត្រូវ​គេ​ព្យួរ​សម្រាប់​លក់​នៅ​ផ្សារ​​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៣។
កំណត់​និពន្ធ៖ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ ​USAID បាន​រៀប​ចំ​សន្និសីទ​ទ្វេភាគី​មួយ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​នៅ​ដើម​សប្តាហ៍​នេះ​ដើម្បី​ស្វែង​រក​ការ​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី​ H5N1។​ លោក​គង់ សុឋានរិទ្ធ ​អ្នក​រាយការណ៍​ព័ត៌មាន​វីអូអេ ​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោកស្រី​ម៉ូនិក ម៉ូសុលហ្វ៍ (Monique Mosolf) ​ប្រធាន​ការិយាល័យ​សុខភាព​សាធារណៈ​និង​អប់រំ​របស់ ​USAID ​អំពី​ការរួម​វិភាគ​ទាន​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​ប្រល័យ​នេះ។

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​បទសម្ភាសន៍​ទាំង​ស្រុង៖​

វីអូអេ៖ លោកស្រី Dominique Mosolf ហេតុអ្វី​បាន​ជា​USAID ជាប់ទាក់ទិន​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេសវៀតណាមដែរ?

លោកស្រី​ម៉ូសុលហ្វ៍៖ សូមអរគុណ។ ហេតុផល​ដែល​យើងរៀប​ចំ​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​នេះ​ឡើង​គឺ​ដូច​លោកដឹង​ហើយ​ថា​គឺ​ជំងឺ​របស់​មនុស្ស​និង​សត្វ​គ្មាន​ព្រំដែន​ទេ។​មាន​ការ​ឆ្លង​មេរោគ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ឆ្លង​កាត់ព្រំដែន​ប្រទេស​កម្ពុជា​និង​វៀតណាម​ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ឆ្លងកាត់​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​ដែរ។​ដូច្នេះ​កិច្ច​ប្រជុំ​នេះ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​ពិភាក្សា​គ្នាថា​តើ​ត្រូវ​កំណត់​អត្តសញ្ញាណ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ដោយ​វិធីណា​ហើយ​ថា​តើ​ត្រូវ​បង្ការ​ជំងឺនេះ​ដោយ​របៀប​ណា​នៅ​ថ្ងៃ​អនាគត។

​នេះ​គឺជា​កិច្ច​ប្រជុំ​មួយ​ក្នុង​ចំណោម​កិច្ច​ប្រជុំ​ដែល​យើង​រៀប​ចំ​ជា​ស៊េរី​សម្រាប់​ប្រទេស​ទាំង​ពីរ​នេះ។

វីអូអេ៖ តើ​USAID​ផ្តល់​នូវ​កញ្ចប់​ថវិកា​ចំនួន​ប៉ុន្មាន​សម្រាប់​រួម​វិភាគ​ទាន​ក្នុង​កម្មវិធីនេះ?

លោកស្រី​ម៉ូសុលហ្វ៍៖ ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ចំនួន​៣០​លាន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​បក្សី​H5N1​នៅ​ប្រទេស​កម្ពុជា។

យើង​បាន​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​និង​នេសាទ ​ធ្វើការ​ជាមួយ​ក្រសួង​សុខាភិបាល​និង​ដៃគូ​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO) ​អង្គការ​ស្បៀង​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​FAO ​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ។​

​យើង​ប្រើប្រាស់​មូលនិធិ​ទាំង​នេះ​ដើម្បី​ជួយ​ដល់រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ស៊ើប​អង្កេត​និង​តាម​ដាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ហើយ​ក៏​បាន​ប្រើ​ប្រាស់​ធនធាន​ទាំង​នេះ​ដើម្បី​ផ្តល់​ការ​ព្យាបាល​ដល់​អ្នក​ជំងឺ និង​សម្រាប់​ទាក់​ទង​ជាមួយ​សហគមន៍​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ។

វីអូអេ៖ តើ​លោកស្រី​ទទួល​បាន​ព័ត៌មាន​អ្វី​ខ្លះ​ទាក់​ទង​នឹង​ស្ថានភាព​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅប្រទេស​វៀតណាម?

លោកស្រី​ម៉ូសុលហ្វ៍៖​ សម្រាប់​ប្រទេស​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០០៤​មក ​យើង​ដឹង​ថា​មាន​ចំនួន​អ្នក​ជំងឺ៥៦​នាក់។ ​អ្វី​ដែល​សំខាន់​ត្រូវ​យល់​ដឹង​នោះ​គឺ​H5N1​ឆ្លងកម្រ​ឆ្លង​ទៅ​មនុស្ស​ណាស់​ ប៉ុន្តែ​មេរោគ​ផ្តាសាយ​បក្សី​នេះ​ច្រើន​តែ​ចម្លង​នៅ​ក្នុង​ចំណោម​បសុបក្សី ​ហើយអ្វី​ដែល​មាន​សារៈសំខាន់​គឺ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ដែល​ជា​រយៈ​ពេល​ហានិភ័យ​ខ្ពស់។​ យើង​ប្រទះ​ឃើញ​មាន​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ច្រើន​ក្នុង​អំឡុង​ពេល​នោះ​ដោយសារ​មាន​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ចរាចរណ៍​និង​ប្រើ​ប្រាស់​សាច់មាន់​និង​ទារ​ច្រើន។

វីអូអេ៖​ តើ​លោកស្រី​គិតថា​ការចូលរួមវិភាគ​ទាន​របស់ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិUSAID ​នឹង​ផ្តល់​នូវ​ផល​វិជ្ជមាន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​បែបណា?

លោកស្រី​ម៉ូសុលហ្វ៍៖ ពិតប្រាកដ​ហើយ។​ទី​មួយ​គឺ​ថា​មាន​អ្នក​ភ្ញាក់រលឹក​ស្វែង​រក​ការ​ព្យាបាល​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ស្លាប់​ចាប់តាំង​ពី​ករណីជំងឺ​ទី១​ដែលផ្ទុះ​ឡើង។

​រដ្ឋា​ភិបាល​មាន​សមត្ថភាព​ខ្ពស់ជាង​មុន​ក្នុង​ការ​អង្កេត​និង​ធ្វើ​របាយការណ៍​អំពី​ជំងឺ​នានា។ ​យើង​ក៏បាន​ឃើញ​ដែរ​ថាប្រជា​ពលរដ្ឋ​កាល​ណា​ទទួល​រង​ជំងឺ​បាន​ទៅ​ព្យាបាល​លឿន​ជាង​មុន។

វីអូអេ៖ បញ្ហា​មួយ​គឺ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្រីក្រ ​ហើយ​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​សម្លាប់​បសុបក្សី​ជាច្រើន​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី ​តើ​លោកស្រី​រំពឹង​ថា​នៅថ្ងៃ​ក្រោយ​រដ្ឋា​ភិបាល​កម្ពុជា​ក៏ដូចជា​USAID ​អាច​ជួយ​ផ្តល់​សំណង​ដល់​ពល​រដ្ឋ​កម្ពុជា​ទេ?

លោកស្រី​ម៉ូសុលហ្វ៍៖ ​លោក​បាន​ចោទសួរ​សំណួរ​ស្មុគស្មាញ​មួយហើយ។​ ការ​ផ្តល់​សំណង​ដល់​បសុ​បក្សីដូច្នេះ​ពិតជារឿង​ស្មុគ​ស្មាញ​ហើយ​វា​ទាមទារឲ្យ​មាន​ការសិក្សា​ពីប្រទេស​សាម៉ី។​ដូចនេះ​វា​មិន​មែន​ជា​ដំណោះស្រាយ​របស់​ពួក​យើង​ទេ។​ដូច្នេះ​ប្រទេស​កម្ពុជា​ត្រូវ​ការ​ជាចាំ​បាច់បង្កើតជា​គោលនយោបាយ​និង​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ដើម្បី​ឲ្យ​ដឹងថា​តើការ​ផ្តល់សំណង​ឬក៏អត់នោះសម​ស្រប​ទៅ​នឹង​គោល​នយោបាយ​ជាតិ​ដែរ​ឬ​យ៉ាងណា។

វីអូអេ៖ បាទ​សូម​អរគុណ ​លោកស្រី​ Monique Mosolf ​ប្រធាន​ការិយាល័យ​សុខភាព​សាធារណៈ​និង​អប់រំ​របស់​USAID។

លោកស្រី​ម៉ូសុលហ្វ៍៖​ អរគុណ៕
XS
SM
MD
LG