ជំងឺផ្តាសាយបក្សី ឬ H5N1 ត្រូវបានគេរកឃើញជាថ្មី នៅកន្លែងចំនួនបីក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសត្វបសុបក្សីរាប់រយក្បាលត្រូវបានចាប់យកទៅពិនិត្យរកមេរោគនេះ កាលពីសប្តាហ៍កន្លងទៅ។ បើទោះយ៉ាងណាក៏ដោយ មន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា មេរោគដ៏សាហាវនេះមិនទាន់ឆ្លងដល់មនុស្សនៅឡើយនោះទេ។
ជំងឺផ្តាសាយបក្សី ឬ H5N1 ជាជំងឺឆ្លងម៉្យាងដែលកើតនៅលើបក្សី ហើយមានកម្រិតឆ្លងខ្ពស់ ដែលអាចឆ្លងទៅកាន់មនុស្សតាមរយៈការប៉ះពាល់បក្សីឈឺ ឬបក្សីដែលងាប់។ ហើយអត្រាមនុស្សស្លាប់ដោយសារឆ្លងមេរោគគឺ៦០%។ នេះបើតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក។
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយថា ជំងឺផ្តាសាយបក្សីដែលត្រូវបានរកឃើញនៅលើបក្សី គឺកើតមានតាំងពីចុងឆ្នាំ២០១៧មកម៉្លេះ ហើយរហូតមកដល់ពេលនេះមេរោគផ្តាសាយបក្សីឬ H5N1 មិនទាន់រកឃើញនៅលើមនុស្សនៅឡើយទេ។
អ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា៖
«រហូតដល់ម៉ោងខ្ញុំនិយាយនេះ យើងពុំទាន់រកឃើញថា ឆ្លងមកមនុស្សនៅឡើយទេ បាទ។ ប៉ុន្តែយើងរកឃើញករណីសង្ស័យបីកន្លែងហ្នឹង លើមនុស្ស១៤នាក់ដែលយើងយកមកមើល។ ប៉ុន្តែសុទ្ធតែអវិជ្ជមាន មិនមានឃើញឆ្លងជំងឺផ្តាសាបក្សីទេ បាទ»។
លោក លី សុវណ្ណ ឱ្យដឹងថា មេរោគផ្តាសាយបក្សី H5N1 ជារៀងរាល់ឆ្នាំតែងតែត្រូវបានរកឃើញនៅពេលដែលអាកាសធាតុចាប់ផ្តើមត្រជាក់គឺចាប់ពីខែធ្នូរហូតដល់ខែមេសា ហើយក្រសួងសុខាភិបាលនិងក្រសួងកសិកម្មតែងតែចាត់វិធានការភ្លាមៗ។ លោកថ្លែងថា មុនដំណាច់ឆ្នាំ ២០១៧ កម្ពុជាក៏បានធ្លាប់រកឃើញមេរោគនេះនៅក្នុងខេត្តកំពង់ធំ មួយកន្លែង នៅស្រុកស្ទោងនិងពីរកន្លែងទៀតនៅខេត្តកំពង់ចាម ហើយនៅឆ្នាំ២០១៨គឺលើកចុងក្រោយនៅរាជធានីភ្នំពេញក្នុងខណ្ឌសែនសុខ។
ក្រសួងសុខាភិបាលតែងតែអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ទាំងអ្នកចិញ្ចឹម និងអ្នកបរិភោគ ដោយមិនត្រូវលក់បន្ត ឬបរិភោគសត្វបក្សីដែលឈឺនោះទេ។
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវថា៖
«អ្នកទិញក៏អីចឹងដែរ ទិញលក់បន្ត មិនត្រូវយកមាន់គេ គេហៅថា អ្នកឈ្មួញមិនត្រូវយកមាន់គេឈឺហើយមកលក់បន្តទេ ព្រោះលក់បន្តហាក់ដូចជាគាត់ហ្នឹងយកមេរោគហ្នឹងបន្តរីករាលដាលដល់តំបន់ដទៃ។ ទីពីរគឺខ្លួនគាត់អាចប្រឈមនឹងជំងឺផ្តាសាយបក្សី ហើយភាគច្រើនអាចបង្កឲ្យស្លាប់បាន»។
កាលពីថ្ងៃច័ន្ទនេះ VOA បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដើម្បីសួរអំពីតួលេខនៃសត្វបក្សីដែលត្រូវបានសម្លាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី តែមិនអាចទាក់ទងបានទេ ដោយលោកថា កំពុងជាប់ប្រជុំ។
តួលេខទទួលបានពីអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៤រហូតដល់ឆ្នាំ២០១៤ មានករណីជំងឺផ្តាសាយបក្សីមានចំនួន៥៦ករណី ដែលបណ្តាលឱ្យមនុស្សចំនួន៣៧នាក់បានស្លាប់បាត់បង់ជីវិត។ ចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់ពេលនេះ មេរោគផ្តាសាយបក្សីត្រូវបានរកឃើញតែបន្តិចបន្តួចនៅលើសត្វបក្សីប៉ុណ្ណោះ តែមិនមានកើតលើមនុស្សឡើយ៕