អាជ្ញាធរនៅក្នុងតំបន់មានផ្ទុះសត្វមាន់ងាប់ប្រមាណ១.៥០០ក្បាល ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អះអាងថាការណ៍នេះសង្ស័យជាករណីឆ្លងជំងឺផ្តាសាយបក្សី(H5N1) កើតចេញពីសត្វស្លាបដែលចូលមកស៊ីចំណីក្បែរសត្វមាន់ក្នុងកន្លែងចិញ្ចឹមមាន់នោះ។
មេភូមិព្រែកតាច្រែង លោក ជៀប វ៉ាន់ ប្រាប់VOAនៅថ្ងៃពុធនេះថាអ្នកភូមិម្នាក់បានចិញ្ចឹមមាន់និងទាកាប៉ា ដើម្បីលក់និងយកលាមកមកធ្វើជីសម្រាប់ដើមមៀននៅក្នុងចម្ការរបស់លោកក្នុងឃុំព្រែកនរិន្ទ ខេត្តបាត់ដំបង។ លោកបន្តថាតាមការសាកសួរពីអ្នកធ្វើការក្នុងកន្លែងចិញ្ចឹមមាន់នោះ មានសត្វស្លាបដែលចូលមកស៊ីចំណីមាន់ ហើយងាប់ ទើបបណ្តាលឲ្យមាន់ងាប់ជាបន្តបន្ទាប់ គិតចាប់តាំងពីសប្តាហ៍មុន។
លោកមានប្រសាសន៍ថា៖ «សត្វស្រុកយើងនេះ វាមានមកងាប់នៅហ្នឹង។ គេថាប្រហែលវាចម្លងពីអាសត្វហ្នឹងឯង។ អាសត្វហ្នឹង រអែងតែមកស៊ីចំណីជាមួយមាន់។ មិនដឹងវាហើរមិនពីខាងណា ថាមានងាប់នៅហ្នឹង»។
លោកមេភូមិឲ្យដឹងទៀតថាសត្វមាន់ប្រមាណ១.៥០០ក្បាលងាប់ជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី១២ ខែមករា ក្រុមជំនាញនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានកម្ទេចសត្វទាកាប៉ាប្រមាណ២០០ក្បាលដែលនៅរស់ ដើម្បីបង្ការកុំឲ្យឆ្លងបន្តទៀត។
ចំណែកមេឃុំព្រែកនរិន្ទ លោក សេង យី មានប្រសាសន៍ថាមិនមានករណីឆ្លងទៅតាមភូមិឃុំនៅក្បែរនោះទេ រហូតមកដល់ថ្ងៃពុធនេះ។ លោកបន្ថែមថាសំណាករបស់មនុស្សមួយចំនួននៅកន្លែងចិញ្ចឹមមាន់ ក៏ត្រូវបានយកទៅធ្វើតេស្តផងដែរ។
លោកមានប្រសាសន៍ថា៖ «តាមដែលខ្ញុំស្មានមើលទៅ មិនរាលដាលទេ។ មិនឆ្លងអីទេ ព្រោះអីឥឡូវវាស្ងប់ស្ងាត់អស់ទៅហើយ បាញ់ថ្នាំបាញ់អី ចម្ការនៅជុំវិញអស់ហើយ នៅកន្លែងហ្នឹង»។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថាអ្នកយាមចម្ការ២នាក់ ត្រូវបានយកសំណាក ដើម្បីធ្វើតេស្តថាតើមានឆ្លងវីរុសផ្តាសាយបក្សី ឬយ៉ាងណា។ លោកបន្តថាលទ្ធផលអាចនឹងចេញនៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រសប្តាហ៍នេះ។
លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបាត់ដំបង មានប្រសាសន៍ថាការពិនិត្យសត្វមាន់ដែលងាប់ បង្ហាញថាមានជំងឺផ្តាសាយបក្សី(H5N1) ទើបបណ្តាលឲ្យសត្វមាន់ងាប់។ លោកបន្តថាតំបន់ដែលមានសត្វមាន់ងាប់ និងតំបន់ក្បែរនោះ ត្រូវដាក់ក្នុងការតាមដាន។
លោកប្រាប់VOAថា៖ «យើងដាក់តំបន់ហ្នឹងទៅជាតំបន់តាមដានឃ្លាំមើល ហើយយើងមិនឲ្យមានការចិញ្ចឹមបន្ត ឲ្យផ្អាក លុះត្រាតែមានប្រកាសថ្មីលើកលែងតំបន់ហ្នឹងលែងផ្ទុះ បានយើងអាចចិញ្ចឹមបន្តទៀតបាន»។
យោងតាមប្រកាសរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី១២ ខែមករា ក្រសួងបានកំណត់តំបន់ជំងឺផ្តាសាយបក្សីក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ហើយឲ្យបំផ្លាញចោលបក្សីគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានបច្ចេកទេសបសុពេទ្យ។
ក្រសួងកសិកម្មក៏បញ្ជាឲ្យផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ និងការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចេញចូល ឬឆ្លងកាត់ក្នុងតំបន់នោះ ពីចម្ងាយ៣គីឡូម៉ែត្រនៃតំបន់ផ្ទុះជំងឺ។ ក្រសួងបញ្ជាឲ្យក្រុមការងារបន្តស្រាវជ្រាវរកប្រភពជំងឺផ្តាសាយបក្សី ក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំក្នុងតំបន់ជុំវិញកន្លែងផ្ទុះជំងឺប្រមាណ១០គីឡូម៉ែត្រ។
គួរបញ្ជាក់ថាជំងឺផ្តាសាយបក្សីឬH5N1ជាជំងឺឆ្លងម៉្យាងដែលកើតនៅលើបក្សី ហើយមានកម្រិតឆ្លងខ្ពស់ ដែលអាចឆ្លងទៅកាន់មនុស្សតាមរយៈការប៉ះពាល់បក្សីឈឺ ឬបក្សីដែលងាប់។ នេះបើតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក(World Health Organization)។ បើតាមក្រសួងសុខាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤រហូតដល់ឆ្នាំ២០១៤ មានករណីជំងឺផ្តាសាយបក្សីជាង៥០ករណី ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៣៧នាក់ស្លាប់។ ចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់ពេលនេះ មេរោគផ្តាសាយបក្សីត្រូវបានរកឃើញតែបន្តិចបន្តួចនៅលើសត្វបក្សីប៉ុណ្ណោះ តែមិនមានកើតលើមនុស្សនោះទេ៕