ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជំងឺ​ផ្តាសាយ​បក្សី​សម្លាប់​មនុស្ស​អស់​៧​នាក់​នៅ​ឆ្នាំ​នេះ


រហូត​មកទល់​ពេលនេះ​តួលេខ​ជា​ផ្លូវការ​បង្ហាញ​ថា​ មានអ្នកជំងឺ​ដោយសារ​មេរោគ​H5N1​ដែលជា​មេរោគ​នៃជំងឺ​ផ្ដាសាយបក្សី​ចំនួន​ ៥៦៣នាក់​នៅក្នុង​ពិភព​លោក។ ក្នុងចំណោម​នោះ​៣៣០ ​បានស្លាប់។

កុមារី​អាយុ ​៤ ​ឆ្នាំ​ម្នាក់​បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន​ដោយសារ​ជំងឺ​ផ្ដាសាយបក្សី​ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា។ ជនរងគ្រោះ​ថ្មី​នេះ ​បាន​បង្ហាញ​ថា ​ជំងឺ​ប្រល័យជីវិត​នេះ មាន​សន្ទុះ​កើនឡើង​នៅឆ្នាំ​២០១១ ​នេះ។

នេះ​បើយោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​និង​អង្គការ​សុខភាព​ពិភព​លោក​ (WHO) នៅ​ថ្ងៃ​សុក្រ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​ កុមារី​បានស្លាប់​បន្ទាប់ពី​ឈឺ​អស់រយៈពេល​ដប់ថ្ងៃ។ ហើយ​ឱពុកម្ដាយ​របស់​នាង​បានយក​នាង​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​នៅ​ក្នុងភូមិ​របស់នាង​គឺភូមិ​ចករស្មី ឃុំ​រហាត់ទឹក​ ឃុំ​រហាត់ទឹក​ ក្នុងស្រុក​មង្គលបុរី ​មុននឹង​បញ្ជូន​នាងទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ ជ័យវរ្ម័នទី VII ក្នុង​ខេត្ត​សៀមរាប ដែល​នៅទីនោះ​នាងបាន​ស្លាប់​បាត់បង់​ជីវិត។

លោក​វេជ្ជបណ្ឌិត​សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា​ កុមារី​រងគ្រោះ​បានប៉ះពាល់​សត្វ​មាន់​ងាប់​នៅក្នុង​ផ្ទះ​របស់​នាង។

«កាលពី​សប្ដាហ៍​មុន​ គាត់បានប៉ះពាល់​ជាមួយ​សត្វមាន់​ក្នុង​ផ្ទះ​របស់គាត់»។

ការស្លាប់​របស់​កុមារី​ខាងលើ​បានធ្វើឲ្យ​ជនរងគ្រោះ​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​កើន​ដល់​ចំនួន​១៥នាក់ ​ចាប់តាំងពី​ការផ្ទុះ​ជំងឺ​នេះ​ក្នុង​ប្រទេស​កម្ពុជា​នៅឆ្នាំ​២០០៥។ ជនរងគ្រោះ​ចំនួន​ប្រាំពីនាក់​បានស្លាប់ចាប់តាំងពី​ដើមឆ្នាំ​២០១១ ​នេះ​នៅក្នុងនោះ​ប្រាំមួយ​នាក់​គឺជា​កុមារ។

លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង ​រដ្ឋមន្រ្ដី​ក្រសួង​សុខាភិបាល បានថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៅថ្ងៃនេះ​ថា ជំងឺ​ផ្ដាសាយបក្សី​នៅតែ​ជាជំងឺ​គំរាម​កំហែង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ហើយ​ជនរងគ្រោះ​ភាគច្រើន​គឺជា​កុមារ។

លោក​ម៉ម ប៊ុនហេង​បានអំពាវនាវ​ឲ្យ​ឱពុកម្ដាយ​ទាំងឡាយ​ធ្វើការ​ប្រុងប្រយ័ត្ន​ហើយ​ត្រូវរក្សា​កូនៗ​របស់​ពួកគេ​ឲ្យឃ្លាតឆ្ងាយ​ពី​កសិដ្ឋាន​ដែល​មាន​សត្វ​បសុបក្សី​ឈឺ​ឬក៏ងាប់។

រហូត​មកទល់​ពេលនេះ​តួលេខ​ជា​ផ្លូវការ​បង្ហាញ​ថា​ មានអ្នកជំងឺ​ដោយសារ​មេរោគ​H5N1​ដែលជា​មេរោគ​នៃជំងឺ​ផ្ដាសាយបក្សី​ចំនួន​ ៥៦៣នាក់​នៅក្នុង​ពិភព​លោក។ ក្នុងចំណោម​នោះ​៣៣០ ​បានស្លាប់។

នៅក្នុង​ប្រទេស​កម្ពុជា​ការយល់ដឹង​អំពី​បញ្ហា​សុខភាព​នៅមាន​កម្រិតទាប​នៅឡើយ​ជាពិសេស​នៅក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ដែល​ខ្វះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជ្រៀតទៅដល់។

លោកវេជ្ជបណ្ឌិត​សុខ ទូច ​មានប្រសាសន៍​ថា ​អ្នកភូមិ​ចំនួន​១៣ នាក់​ត្រូវបាន​បូម​ឈាមយក​មក​ពិនិត្យ។ ក៏ប៉ុន្ដែ​ពួកគេ​មានលទ្ធផល​អវិជ្ជមាន។ ទោះជាយ៉ាងណា​ក៏ដោយ​ក្រុមមន្ដ្រី​សុខាភិបាល​បាន​ដាក់ភូមិចករស្មី​របស់កុមារ​រងគ្រោះ​ឲ្យ​ស្ថិត​នៅក្រោម​ការឃ្លាំ​មើល​នៅឡើយ៕

XS
SM
MD
LG