ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កសិករចិញ្ចឹមមាន់នៅអាស៊ីកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីដ៏អាក្រក់បំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលប៉ះពាល់ដល់កសិដ្ឋានជាច្រើនពីប្រទេសជប៉ុនដល់ប្រទេសឥណ្ឌា និងធ្វើឲ្យតម្លៃមាន់ចុះថ្លៃ ដោយគ្មានតម្រុយនៃការធូរស្រាលឡើយ។
មាន់ជាង ២០ លានក្បាល ត្រូវបានគេកម្ទេចចោលនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីខែវិច្ឆិកាមក។ កាលពីសប្ដាហ៍មុន ជំងឺផ្ដាសាយបក្សី H5N8 នេះ បានទៅដល់ប្រទេសឥណ្ឌាដែលជាប្រទេសផលិតសាច់មាន់លំដាប់ទី៦ ក្នុងពិភពលោក និងបានលុកលុយដល់រដ្ឋចំនួន ១០ ក្នុងប្រទេសនេះរួចទៅហើយ។
អ្នកជំនាញបានឲ្យដឹងថា ស្របពេលដែលជំងឺផ្ដាសាយបក្សីនេះកើតឡើងជាធម្មតានៅក្នុងទ្វីបអាស៊ីក្នុងអំឡុងពេលនេះ ដោយសារលំនាំនៃការហោះហើររបស់បក្សីវីរុសថ្មីបានវវិត្តកាន់តែសាហាវនៅលើបក្សីព្រៃ ធ្វើឲ្យប្រទេសដែលបក្សីទំាងនោះហោះឆ្លងកាត់ងាយរងគ្រោះជាទីបំផុត។
ការផ្ទុះរាតត្បាតឡើងនៅក្នុងតំបន់អាស៊ីនេះ កើតឡើងស្របពេលដែលទ្វីបអឺរ៉ុបកំពុងរងគ្រោះខ្លាំងក្លាបំផុត ដោយសារការផ្ទុះរាតត្បាតជំងឺផ្ដាសាយបក្សីអស់រយ:ពេលជាច្រើនឆ្នាំ តាមពីក្រោយដោយការរាតត្បាតនៃជំងឺកូវីដ១៩។
ការណ៍នេះធ្វើឲ្យប៉ះពាល់ដល់ការលក់សាច់បក្សី នៅកន្លែងមួយចំនួនដែលយល់ខុសពីជំងឺនេះ ប៉ុន្តែឥឡូវនេះសាច់បក្សីមានតម្រូវការខ្ពស់ដោយសារការចម្អិនម្ហូបតាមផ្ទះកើនឡើង។
តម្លៃមាន់នៅក្នុងប្រទេសឥណ្ឌាចុះថ្លៃប្រមាណ ១ភាគ៣ កាលពីសប្ដាហ៍មុន ដោយសារអ្នកទិញប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចាប់តាំងពីមានការរាលដាលនៃជំងឺនេះមក៕