ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល៖​ ពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​​វៀតណាម​ត្រូវ​ប្រយ័ត្ន​ជំងឺ​ផ្តាសាយ​បក្សី​ H5N1


រូបឯកសារ៖ កសិដ្ឋានចិញ្ចឹមមាន់នៅជាយក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១០។ ជំងឺផ្តាសាយបក្សី​ H5N1 កំពុងរាតត្បាតនៅតាមតំបន់ខ្លះនៃប្រទេសវៀតណាម។
រូបឯកសារ៖ កសិដ្ឋានចិញ្ចឹមមាន់នៅជាយក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១០។ ជំងឺផ្តាសាយបក្សី​ H5N1 កំពុងរាតត្បាតនៅតាមតំបន់ខ្លះនៃប្រទេសវៀតណាម។

ក្រសួង​សុខាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ H5N1​ ​បន្ទាប់​ពី​មាន​ព័ត៌មានថា​ ​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​នៅភាគ​ខាង​ត្បូង​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សុខាភិបាល​ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធបាន​ឲ្យ​ដឹង​ថា​ មាន​ការ​ផ្ទុះ​ជំងឺគ្រុន​ផ្តាសាយ​បក្សី ​H5N1​ ហើយ​អាជ្ញាធរ​វៀតណាម​បាន​កម្ទេចសត្វ​មាន់​ប្រមាណ ៥​ម៉ឺន​៥​ពាន់​ក្បាល​ កាល​ពី​ទី​១៧​ខែ​កុម្ភៈ​នេះ។​ សេច​ក្តី​ប្រកាស​ព័ត៌មានបាន​សរសេរ​នៅ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​ធ្វើការ​ណែនាំ​អប់រំ​ប្រជា​ពលរដ្ឋ​ ដើម្បី​បង្កា​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ H5N1​ មក​មនុស្ស»។​

សេចក្តី​ប្រកាស​ព័ត៌មាននេះ​បាន​បន្ត​ថា បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយប្រទេស​វៀតណាម​ដូចជា​ខេត្ត​កណ្តាល ​ស្វាយរៀង ​ព្រៃវែង​ ត្បូងឃ្មុំ​ កំពត​ រតនគីរី​ មណ្ឌលគីរី​ កែប​ និង​តាកែវ ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ដោយ​មិន​ត្រូវទទួល​ទាន​បក្សី​ឈឺ​ ឬ​ងាប់​ និង​ត្រូវ​ចំអិន​បសុបក្សី​ឲ្យ​បាន​ឆ្អិន​ល្អ​មុន​នឹង​បរិភោគ។ ​

ក្រសួង​សុខាភិបាល​បាន​ប្រាប់​អំពី​វិធាន​ការ​ការពារ​ ដោយ​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ដើម​យ៉ាង​ដូច្នេះ​ថា៖ ​«ត្រូវលាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ​និង​ទឹក​មុន​ពេល​បរិភោគ​ និង​បន្ទាប់​ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​បសុបក្សី»។

ក្រសួង​បាន​បន្ត​ថា​ ​បើ​បុគ្គល​ណា​ម្នាក់​មាន​គ្រុន​ក្តៅ​លើស​ពី​ ៣៨,៥អង្សា​សេ​ ក្អក​ពិបាក​ដក​ង្ហើម​និង​មាន​ប្រវត្តិ​ប៉ះពាល់បសុបក្ស​ឈឺ​ងាប់ក្នុង​អំឡុង​ពេល​១៤​ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា​ ត្រូវ​ទំនាក់​ទំនង​ទៅ​លេខ​សង្គ្រោះ​បន្ទាន់​១១៥​ ឬ​ទូរស័ព្ទ​លេខ​ ០១២ ៤៨៨ ៩៨១ ​ឬ ​០១២ ៨៣៦ ៨៦៨៕

XS
SM
MD
LG