សេចក្តីសម្រេចនេះត្រូវបានស្នើឡើងដោយប្រទេសអេត្យូពី ហ្គីណេអេក្វាទ័រ និងប្រទេសកូតឌីវ័រ ដោយអំពាវនាវឲ្យអ.ស.ប. ផ្ដល់មូលនិធិផ្អែកតាមករណីជាក់ស្តែងសម្រាប់បេសកកម្មរក្សាសន្តិភាពដែលដឹកនាំដោយសហភាពអាហ្វ្រិក ។
អ.ស.ប.នាពេលបច្ចុប្បន្នកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងបេសកកម្មរក្សាសន្តិភាពនៅទ្វីបអាហ្វ្រិក ដោយមានកញ្ចប់ថវិកាច្រើនជាងថវិការបស់សហភាពអាហ្វ្រិក។ ប៉ុន្តែតួនាទីក្នុងការរក្សាសន្តិភាពរបស់សហភាពអាហ្វ្រិកមានកាន់តែធំជាងមុន ជាពិសេសនៅអាហ្វ្រិកខាងកើត ដែលបេសកកម្មរបស់សហភាពអាហ្វ្រិកហៅកាត់ថា AMISOM បានប្រយុទ្ធប្រឆាំងនឹងពួកបះបោរហិង្សា អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយ។
ប្រសិនបើសេចក្តីសម្រេចនេះត្រូវបានអនុម័តនោះ យ៉ាងហោចណាស់វានឹងផ្តល់ការទទួលខុសត្រូវលើបេសកកម្មរក្សាសន្តិភាពចំនួន៤ដល់សហភាពអាហ្វ្រិកដើម្បីក្សាសន្តិភាពតាមរយៈការផ្ទេរអំណាចនិងការគ្រប់គ្រងទៅឲ្យអង្គការក្នុងទ្វីបអាហ្រ្វិក ដែលមានមូលដ្ឋាននៅរដ្ឋធានីអាឌីសអាបេបា ប្រទេសអេត្យូពី។
តើមានចំណាយច្រើនជាងមុនឬ?
សេចក្តីសម្រេចនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រទេសបារាំង និងចិន ដែលជាប្រទេសក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។
ប៉ុន្តែសហរដ្ឋអាមេរិកបានលើកជាសំណួរអំពីថាតើការផ្ទេរអំណាចទៅឲ្យសហភាពអាហ្វ្រិកអាចបង្កើនការចំណាយនៅក្នុងបេសកកម្មរក្សាសន្តិភាពដែរឬទេ ហើយថាតើនឹងអាចធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងកាន់តែស្មុគស្មាញជាងមុនឬយ៉ាងណាដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងតំបន់មានជម្លោះនានា។
លោក Grant Harris អតីតនាយកជាន់ខ្ពស់ប្រចាំសេតវិមានក្នុងអាណត្តិរដ្ឋបាលលោក អូបាម៉ាទទួលបន្ទុកកិច្ចការអាហ្វ្រិក បានថ្លែងប្រាប់វីអូអេថា ក្តីកង្វល់ទាំងនោះឆ្លុះបញ្ចាំងអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ដែលមានចាប់តាំងពីរដ្ឋបាលរបស់លោកប៊ូស (Bush) និងលោក អូបាម៉ា។
លោក Harris ថ្លែងថា៖ «សហរដ្ឋអាមេរិកមានក្តីកង្វល់ជាយូរមកហើយនិងមិនដែលផ្លាស់ប្តូរអំពីការផ្ទេរអំណាចទៅឲ្យភាគីខាងក្រៅដើម្បីដឹកនាំបេសកកម្មរក្សាសន្តិភាព និងគ្មានជំនឿទំនុកចិត្តថាការគោរពសិទ្ធិមនុស្ស និងការទទួលខុសត្រូវផ្សេងទៀតនឹងត្រូវបានគេគោរពតាមឡើយ។
ការផ្ដល់មូលនិធិការពារសន្តិសុខរបស់អង្គកាសហប្រជាជាតិបានមកពីការចូលរួមវិភាគទាននៃរដ្ឋជាសមាជិកនានា ផ្អែកតាមទំហំនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ។ សហរដ្ឋអាមេរិកនិងចិនបានបង់វិភាគទានច្រើនជាងគេ ប៉ុន្តែប្រទេសចិនចំណាយតិចជាងសហរដ្ឋអាមេរិក១៨ភាគរយ នៃវិភាគទានរបស់សហរដ្ឋអាមេរិកដែលមានចំនួន២ពាន់លានដុល្លារ។
យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង
លោក Harris និយាយបន្តថា ប្រទេសចិនបានរៀបចំការពិភាក្សាមួយអំពីសេចក្តីសម្រេចនេះនៅឯស្នាក់ការកណ្ដាលរបស់អ.ស.ប.ក្នុងបុរីញូវយ៉ក។ នេះសបញ្ជាក់ឲ្យឃើញអំពីការប្តេជ្ញាយ៉ាងច្បាស់ទៅលើសារៈសំខាន់នៃការរក្សាសន្តិភាពនៅអាហ្វ្រិក ហើយក៏បញ្ជាក់អំពីសាមគ្គីភាពគ្នាជាមួយសហភាពអាហ្វ្រិកផងដែរ។
លោកនិយាយថា៖ «ចិនពិតជាគាំទ្រ និងមានជំហររឹងមាំទៅលើការផ្ដល់អាទិភាពឲ្យសហភាពអាហ្វ្រិក»។
បើយោងតាមលោក Harris ទីក្រុងប៉េកាំងបានប្រញាប់ប្រញ៉ាល់ក្នុងការវិនិយោគជាមួយប្រទេសនៅទ្វីបអាហ្វ្រិក ដោយគ្មានលក្ខខណ្ឌលើផ្នែកអភិបាលកិច្ច ឬប្រកាន់ខ្ជាប់ទៅនឹងស្តង់ដារអន្តរជាតិអ្វីឡើយ។ ការណ៍នេះធ្វើឲ្យសេចក្តីសម្រេចអំពីសហភាពអាហ្វ្រិកមានភាពទាក់ទាញខ្លាំងសម្រាប់ទីក្រុងប៉េកាំងជាងសហរដ្ឋអាមេរិក។
លោក Harris និយាយថា៖ «ជាទូទៅពួកគេមិនសូវបារម្ភអំពីរឿងសិទ្ធិមនុស្ស និងកាតព្វកិច្ចផ្សេងទៀតដែលសហរដ្ឋអាមេរិកចាត់ទុកថាជាក្តីបារម្ភនៅក្នុងការគាំទ្រដល់បេសកកម្មនៅខាងក្រៅ ដែលឧបត្ថម្ភដោយមូលនិធិរបស់អ.ស.ប.»។
ការរក្សាសន្តិភាព
ពាក់កណ្តាលនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលកំពុងមានប្រតិបត្តិការទាំង១៤ ផ្តោតសំខាន់លើជម្លោះនៅទ្វីបអាហ្វ្រិក ហើយអង្គការចម្រុះភាគីនាពេលថ្មីៗនេះបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់នៅក្នុងប្រទេសចំនួន៧។
ប៉ុន្តែការចោទប្រកាន់ម្ដងហើយម្ដងទៀតអំពីអំពើពុករលួយនិងការរំលោភបំពាននានាបានកាត់បន្ថយជំនឿចិត្តលើសមត្ថភាពរបស់អ.ស.ប. ក្នុងការដើរតួនាទីប្រកបដោយភាពវិជ្ជមាននៅក្នុងទ្វីបអាហ្វ្រិក ដែលការណ៍នេះបានជំរុញឲ្យមានការសំណើរផ្ទេរការដឹកនាំទៅសហភាពអាហ្វ្រិកជំនួសវិញ។
ចាប់ពីប្រទេសស៊ូដង់ខាងត្បូង រហូតដល់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ការស៊ើបអង្កេតលើតួនាទីរបស់អង្គការសហប្រជាជាតិនៅទ្វីបអាហ្វ្រិក បានបង្ហាញពីភ័ស្តុតាងនានាលើភាពអសកម្ម ភាពលម្អៀង និងការរំលោភបំពានផ្លូវភេទជាដើម។https://www.voanews.com/a/au-peacekeepers-accused-of-killing-4-somali-civilians/4646975.html
ខណៈដែលអង្គការចម្រុះភាគីដ៏ធំបំផុតមួយនេះបានដាក់មូលដ្ឋាននៅក្នុងទ្វីបនេះ ធ្វើឲ្យសហភាពអាហ្វ្រិក្លាយជាជម្រើសមួយទៀតដើម្បីដឹកនាំបេសកកម្មនេះ។ ប៉ុន្តែសហភាពនេះក៏ប្រឈមនឹងបញ្ហាចម្រូងចម្រាសផងដែរ ដែលរួមមានការចោទប្រកាន់ថា ទាហានសហភាពអាហ្រ្វិកបានសម្លាប់ជនស៊ីវិលជាដើម។
កម្លាំងជំរុញរវាងសហរដ្ឋអាមេរិកនិងចិន
ដើម្បីឲ្យពង្រៀងនៃសេចក្តីសម្រេចនេះអាចបន្តទៅមុខបាន សហរដ្ឋអាមេរិកនឹងត្រូវស្វែងរកចម្លើយជំពោះក្តីកង្វល់របស់ខ្លួន។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិកមានអំណាចបដិសេធ (វេតូ) ទៅលើសេចក្តីសម្រេចថ្មីណាមួយ។
ការឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាជាមួយទីក្រុងប៉េកាំង។
ប៉ុន្តែ លោក Harris បានប្រឆាំងដោយប្រុងប្រយ័ត្នចំពោះការយល់ឃើញថាសេចក្តីសម្រេចនោះគឺជាការធ្វើតេស្តសាកល្បងចុងក្រោយរវាងសហរដ្ឋអាមេរិកនិងចិន។ ហើយការធ្វើប្រជាមតិ(ការសម្រេចដោយសំឡេងដាច់ខាត)ទំនងជាអាចនឹងកើតមាន ប្រសិនបើភាគីទាំងអស់សុខចិត្តបត់បែនតាមកាលៈទេសៈ។
លោក Harris និយាយថាទស្សនៈនានាដើម្បីធ្វើឲ្យបេសកកម្មរក្សាសន្តិភាពដំណើរការបានល្អបំផុតនោះគឺ ត្រូវលើផ្តោតសំខាន់លើការផ្ដល់អំណាចដល់សហភាពអាហ្វ្រិក។
លោកនិយាយថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋបាលលោក ត្រាំ ពិតជាកំពុងធ្វើការលើរឿងទាំងនេះ និងការលើកទឹកចិត្តនានាដើម្បីស្វែងរកវិធីសាស្រ្តណាមួយដែលអាចផ្ដល់ការគាំទ្រកាន់តែខ្លាំងនិងស៊ីសង្វាក់គ្នា រហូតទាល់តែក្តីកង្វល់របស់ពួកគេអំពីច្បាប់សិទ្ធិមនុស្ស និងការគ្រប់គ្រងហរិញ្ញវត្ថុ ត្រូវបានដោះស្រាយ»៕
ប្រែសម្រួលដោយ នៀម ឆេង