វីអូអេផ្សាយជាភាសាអ៊ុយក្រែនបានសម្ភាសអ្នកវិភាគម្នាក់ ដែលបានលើកឡើងអំពីការចោទប្រកាន់នេះ។ ការលើកឡើងរបស់លោក Michael Elleman ក៏ត្រូវបានយកទៅបោះពុម្ពផ្សាយជាអត្ថបទមួយដោយកាសែត The New York Times ដោយសង្កត់ធ្ងន់ថា រុស្ស៊ី ក៏អាចជាប្រភពផ្គត់ផ្គង់បច្ចេកវិទ្យានេះដែរ។
លោក Daniel Schearf នៃវីអូអេ បានរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា អ៊ុយក្រែនច្រានចោលការលើកឡើងណាមួយដែលថា អ៊ុយក្រែនអាចជួយផ្គត់ផ្គង់អាវុធដល់កូរ៉េខាងជើង ស្របពេលដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងគំរាមបាញ់កាំជ្រួចមីស៊ីលទៅកាន់កោះ Guam ដែលជាដីកោះរបស់សហរដ្ឋអាមេរិក។
មន្ត្រីអ៊ុយក្រែន និងអ្នកវិភាគបានបដិសេធភ្លាមៗលើការចោទប្រកាន់ ដែលថា រោងចក្រផលិតអាវុធដែលបន្សល់ពីសម័យសូវៀតមួយ អាចជាប្រភពផ្គត់ផ្គង់បច្ចេកវិទ្យាខាងម៉ាស៊ីន ដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងកម្មវិធីផលិតកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
លោក Mykola Sunhurovskyi នៃមជ្ឈមណ្ឌល Razumkov នៅអ៊ុយក្រែន បានលើកឡើងថា៖ «វាមិនអាចទៅរួចទេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាខាងម៉ាស៊ីន ដោយមិនឆ្លងកាត់នីតិវិធីនាំចេញ។ អ្វីដែលអាចទៅរួចនោះគឺថា កូរ៉េខាងជើងអាចទទួលបានម៉ាស៊ីនដែលត្រូវបានបន្សល់ទុកក្រោយពីគ្រាប់រ៉ុក្កែតត្រូវបានបំផ្លាញចោលនៅរុស្ស៊ី។ ការណ៍នេះអាចធ្វើទៅរួច»។
អ្នករៀបរៀងរបាយការណ៍ស្រាវជ្រាវមួយ ដែលត្រូវបានដកស្រង់ពាក្យសម្តីដោយកាសែត The New York Times លើកឡើងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងទំនងជាទទួលបានជំនួយដោយខុសច្បាប់ពីអ៊ុយក្រែន ក៏ប៉ុន្តែលោកទទួលស្គាល់ថា ជំនួយនេះក៏អាចកើតចេញពីប្រទេសរុស្ស៊ីផងដែរ។
លោក Michael Elleman អ្នកស្រាវជ្រាវនៃវិទ្យាស្ថានអន្តរជាតិស្តីអំពីការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) បានលើកឡើងថា៖ «មានភាពមិនប្រាកដប្រជាច្រើន ថាតើបច្ចេកវិទ្យានេះត្រូវបានបញ្ជូនទៅដោយរបៀបណា។ ក៏ប៉ុន្តែខ្ញុំយល់ថា ប្រភពផ្គត់ផ្គង់នេះអាចនៅរុស្ស៊ី ឬអ៊ុយក្រែន»។
អ្នកវិភាគផ្សេងទៀត អះអាងថា កូរ៉េខាងជើងអាចផលិតម៉ាស៊ីនដោយខ្លួនឯង ហើយអាចនឹងមិនត្រូវការជំនួយអ្វីនោះទេ។ ក៏ប៉ុន្តែ អ្នកវិភាគទាំងអស់យល់ស្របថា ការទាមទាររបស់អ៊ុយក្រែន ឲ្យមានការស៊ើបអង្កេតលើរឿងនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ។
លោក Volodymyr Horbulin ប្រធានវិទ្យាស្ថានជាតិស្តីអំពីការសិក្សាយុទ្ធសាស្ត្រ នៅអ៊ុយក្រែន បានលើកឡើងថា៖ «ការស្នើសុំរបស់អ៊ុយក្រែនឲ្យមានការស៊ើបអង្កេតនេះ គួរតែបញ្ចប់ការវាយប្រហារជាបន្តបន្ទាប់មកលើប្រទេសយើង ដោយជនខ្លះបានលើកឡើងថា អ៊ុយក្រែនកំពុងតែធ្វើការជួញដូរដែលត្រូវបានហាមឃាត់ដោយអន្តរជាតិ»។
ការចោទប្រកាន់មកលើអ៊ុយក្រែននេះ បានកើតឡើង ខណៈពេលដែលកូរ៉េខាងជើងគំរាមបាញ់កាំជ្រួចមីស៊ីលទៅក្បែរកោះ Guam ដែលជាដីកោះរបស់សហរដ្ឋអាមេរិក។
អ្នកជំនាញខ្លះនៅអ៊ុយក្រែន ព្រួយបារម្ភថា ការចោទប្រកាន់នេះអាចប៉ះពាល់ដល់សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ថាតើគួរតែផ្តល់អាវុធការពារដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ី ឬក៏យ៉ាងណា។
លោក Ihor Fedyk អ្នកវិភាគនៃមជ្ឈមណ្ឌលយោធា នៅអ៊ុយក្រែន បានលើកឡើងថា៖ «មានការពិភាក្សាជាបន្តបន្ទាប់អំពីលទ្ធភាពក្នុងការបញ្ជូនអាវុធដ៏ប្រល័យទៅឲ្យអ៊ុយក្រែន។ រឿងរ៉ាវនេះអាចបង្កជាផលប៉ះពាល់អវិជ្ជមានដល់ដំណើរការពិភាក្សានេះ»។
ខណៈពេលដែលការចោទប្រកាន់របស់លោក Elleman កំពុងត្រូវបានស៊ើបអង្កេតនោះ រដ្ឋាភិបាលកូរ៉េខាងជើង ទំនងជាដកថយជំហររបស់ខ្លួនក្នុងការគំរាមកំហែងបាញ់កាំជ្រួចមីស៊ីលទៅកាន់កោះ Guam ដោយអះអាងថា ខ្លួននឹងរង់ចាំមើលថាតើ សហរដ្ឋអាមេរិកនឹងចាត់វិធានការអ្វីបន្តទៀត៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត