សហភាពអឺរ៉ុបបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ប៉ុន្តែបានលើកឡើងពីចន្លោះប្រហោងមួយចំនួនដែលកម្ពុជាត្រូវបន្តធ្វើដើម្បីឱ្យប្រសើរឡើងជាពិសេសសិទ្ធិទទួលបានដីធ្លីរបស់ជនជាតិភាគតិច។
អ្នកស្រី អេឡែនណា កូនិក (Helena Konig) អគ្គនាយករងនៃ អគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានប្រាប់ដល់អង្គសវនាការ របស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាសហភាពអឺរ៉ុបដែលបានរៀបចំឡើងកាលពីថ្ងៃអង្គារនៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្សិកថាការដោះស្រាយទំនាស់ដីធ្លីគឺជាបញ្ហាមួយដែលមានការវិវត្តន៍វិជ្ជមានក្នុងអំឡុងពេលដែលក្រុមការងាររបស់សហភាពអឺរ៉ុបត្រួតពិនិត្យការគោរពលក្ខខណ្ឌឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA)។
អ្នកស្រីអេឡែនណា កូនិកបានបន្ថែមថា៖
«រដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅខេត្តមួយចំនួនដែលកំពុងកើតមានឡើង។ ប៉ុន្តែនៅមានចន្លោះប្រហោងខ្លះដើម្បីកែលម្អឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព។ យ៉ាងណាក៏ដោយ នេះគឺជាបញ្ហាមួយដែលយើងឃើញមានការរីកចម្រើនក្នុងអំឡុងពេលត្រួតពិនិត្យមើល»។
នៅក្នុងរបាយការណ៍វាយតម្លៃរបស់សហភាពអឺរ៉ុបដែលបានផ្ញើជូនរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកាហើយវីអូអេទទួលបានច្បាប់ចម្លងមួយគឺក្រុមគណៈកម្មការត្រួតពិនិត្យរបស់សហភាពអឺរ៉ុបបានវាយតម្លៃថាបញ្ហាដែលនៅខ្វះខាតគឺលើការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិដីធ្លី ក៏ដូចជាកង្វះខាតការពិនិត្យមើលដោយត្រឹមត្រូវនិងមិនលម្អៀងក្នុងការដោះស្រាយសិទ្ធិដីធ្លីរបស់ពលរដ្ឋជនជាតិភាគតិច។
បើទោះបីជាសហភាពអឺរ៉ុបទទួលស្គាល់ពីចំណុចវិជ្ជមានក្នុងការផ្តល់បណ្ណកម្មសិទ្ធិដីសហគមន៍ដល់ជនជាតិភាគតិច ហើយថាកិច្ចការនេះមានលក្ខណៈស្មុគស្មាញនិងត្រូវចំណាយពេលយូរនិងអស់ថវិកាច្រើនក៏ដោយ។ ប៉ុន្តែរបាយការណ៍បានកត់សម្គាល់ថានីតិវិធីដែលបានរៀបចំឡើងនៅយឺតយ៉ាវហើយមានសហគមន៍តិចតួចអាចចុះបញ្ជីបាន។
របាយការណ៍របស់សហភាពអឺរ៉ុបបានបន្ថែមថា៖
«ជាការគួរឱ្យសោកស្តាយ មិនមានការទទួលខុសត្រូវចំពោះពលរដ្ឋជនជាតិភាគតិចក្នុងការពិភាក្សាឱ្យបានគ្រប់គ្រាន់ជាមួយនឹងពួកគេលើបញ្ហាដែលប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ ក្នុងនោះលើបញ្ហាគ្រប់គ្រងដីសហគមន៍និងការយកដីរបស់ពួកគេសម្រាប់ឧស្សាហកម្មជីករករ៉ែ និងកសិឧស្សាហកម្ម។ ការធ្វើសម្បទានដីដែលជនជាតិភាគតិចទាមទារគ្រប់គ្រងទៅឱ្យក្រុមហ៊ុនឯកជនប្រើប្រាស់នៅបន្តកើតមាន»។
របាយការណ៍នោះបានស្នើឡើងថា៖
«ចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងថែមទៀតដើម្បីបង្កើតក្របខណ្ឌច្បាប់សមស្របមួយសម្រាប់ធានាឱ្យមានយន្តការតម្លាភាពនិងមានការចូលរួមគ្រប់ភាគីក្នុងការដោះស្រាយទំនាស់ដីធ្លី»។
ទំនាស់ដីធ្លីធំៗដែលកើតមាននៅប្រទេសកម្ពុជាគឺភាគច្រើនបង្ករឡើងពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលមានដូចជាការប្រគល់ដីឱ្យក្រុមហ៊ុនដាំអំពៅផលិតស្ករសដែលប៉ះពាល់ដល់ពលរដ្ឋជាង១៥.០០០នាក់នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ដីធ្លីពលរដ្ឋត្រូវបានរឹបអូសយកដោយផ្តល់សំណងតិចតួចឬអ្នកខ្លះមិនទទួលបានសំណងទាល់តែសោះ។
ខេត្តដែលរងផលប៉ះពាល់ហើយដែលនាំឱ្យបារម្ភនិងប៉ះពាល់ដល់ឋានៈអនុគ្រោះពន្ធមានខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ។ នេះបើតាមរបាយការណ៍របស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុបបានប្រើប្រាស់អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដើម្បីវាស់វែងពីស្ថានភាពសិទ្ធិលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ អនុសញ្ញានោះមានចែងពីសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ ដោយរស់នៅប្រកបដោយសន្តិសុខ សន្តិភាព និងភាពថ្លៃថ្នូរ។ សិទ្ធិទាំងនេះក៏រួមមានការការពារប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំ និងការរុះរើបំផ្លាញលំនៅដ្ឋានជនណាម្នាក់ដោយអាណាធិបតេយ្យ និងការទទួលបានដីធ្លីជាដើម។
របាយការណ៍សហភាពអឺរ៉ុបបានបន្ថែមដោយដកស្រង់ជំហររបស់រដ្ឋាភិបាលកម្ពុជាថានៅក្នុងខេត្តព្រះវិហារក្រសួងដែនដីនគរូបនីយកម្មបានច្រានចោលបណ្តឹងទាមទាររបស់ពលរដ្ឋចំនួន២៣០គ្រួសារដោយសារតែពលរដ្ឋចំនួន៣០គ្រួសារបានទទួលសំណងហើយរីឯ២០០គ្រួសារទៀតមិនពាក់ព័ន្ធនឹងជម្លោះដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំអំពៅទេ។
រីឯនៅខេត្តកោះកុងរដ្ឋាភិបាលអះអាងថា ជម្លោះដីធ្លីពាក់ព័ន្ធនឹងពលរដ្ឋ៩៨៦គ្រួសារ និងក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន៣ ត្រូវបានដោះស្រាយរួចហើយដោយទទួលបានដីនិងសំណងជាថវិកា។ រដ្ឋាភិបាលបានអះអាងថា ជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍នៅខេត្តកោះកុងក៏បានដោះស្រាយចប់សព្វគ្រប់ដែរ។
លើផ្នែកជនជាតិភាគតិច រដ្ឋាភិបាលកម្ពុជាបានពន្យល់ថាខ្លួនបានបដិសេធចោលការទាមទារដីចំនួន២៨.០០០ហិកតា ដោយសហគមន៍ជនជាតិភាគតិចចំនួន៣នៅ ខេត្តព្រះវិហារដោយសារតែដីនោះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ឬជាកម្មសិទ្ធិអ្នកដទៃនិងជាដីរដ្ឋ។ យ៉ាងណាក៏ដោយក្រុមការងាររបស់ក្រសួងដែនដី បានចុះវាស់វែងកាលពីខែមិថុនាឆ្នាំ២០១៩ ដើម្បីបង្កើនការចុះបញ្ជីដីធ្លីនិងចេញប្លង់កម្មសិទ្ធិដល់សហគមន៍ ក្នុងនោះមានសហគមន៍កួយផងដែរ។
លោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉ុបក៏បានប្រាប់ដល់អង្គសវនាការនៃគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សភាសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារថា៖
«នៅលើបញ្ហាដីធ្លី គឺយើងមានការវិវត្តន៍វិជ្ជមាន។ ជម្លោះនៅក្នុងខេត្តចំនួនពីរនៅកម្ពុជាត្រូវបានដោះស្រាយរួចហើយ។ នៅមានខ្លះទៀតក្នុងខេត្តព្រះវិហារនិងកំពង់ស្ពឺរវាងពលរដ្ឋនិងក្រុមហ៊ុន។ ជាការពិតថាតើរដ្ឋាភិបាលមានចេតនានយោបាយដោះស្រាយឬទេ? ជាការពិតយើងយើងប្តេជ្ញាចិត្តធ្វើឱ្យស្ថានភាពល្អប្រសើរឡើង ជាពិសេសលើបញ្ហាដីធ្លី»។
បើទោះបីជាមានការវិវត្តន៍ ប៉ុន្តែអង្គការអន្តរជាតិនិងសង្គមស៊ីវិលបន្តរកឃើញថាការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងទំនាស់ដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចគឺមិនទាន់គ្រប់គ្រាន់ទេដោយសារប្រព័ន្ធច្បាប់ និងការបាត់បង់ឯកសារកម្មសិទ្ធិក្នុងសង្គ្រាមជាច្រើនទសវត្សរ៍។
អង្គការសិទ្ធិមនុស្សបានរាយការណ៍ថាមានពលរដ្ឋកម្ពុជាជាង៨៣០.០០០នាក់បានប៉ះពាល់ដោយសារនាស់ដីធ្លី ដែលធ្វើឱ្យពួកគេធ្លាក់ក្នុងស្ថានភាពក្រីក្រតោកយ៉ាកយ៉ាងខ្លាំង។
អ្នកស្រី ច្រាយ នីម តំណាងសហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលតែងតែដឹកនាំការតវ៉ាពីបញ្ហារំលោភដីធ្លីបានបញ្ជាក់ថាការទម្លាក់ការទទួលខុសត្រូវរវាងអាជ្ញាធរថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិជាផ្នែកមួយធ្វើឱ្យបញ្ហាទំនាស់ដីធ្លីអូសបន្លាយយូរនៅកម្ពុជា។
«សម្រាប់អ្នកដីធ្លីយើងមើលឃើញថាគាត់មិនមានឆន្ទៈឬការគិតគូក្នុងការដោះស្រាយដល់ប្រជាពលរដ្ឋដែលគាត់កំពុងប្រឈមនឹងការបាត់បង់ដីធ្លីដែលមានដូចជាទំនាស់ជាមួយឧកញ៉ាលី យ៉ុងផាត់ ក្រុមហ៊ុនយូញៀន ចិន ហើយក៏មានដូចជាលោកឧកញ៉ាហេងហ៊ុយជាដើម។ សូមបញ្ជាក់ថាការរងគ្រោះរបស់គាត់ជាមួយក្រុមហ៊ុនលីយ៉ុងផាត់គឺមិនតិចឆ្នាំទេទាំងជាមួយនឹងក្រុមហ៊ុនយូញៀន អ្នកខ្លះរហូតដល់១០ឆ្នាំជាង។ អ្នកខ្លះរហូតដល់៦ឬ៧ឆ្នាំ»។
ដូចជាករណីពលរដ្ឋចំនួន១២៨គ្រួសារនៅឃុំតានូន ស្រុកបុទុមសាគរខេត្តកោះកុងដែលមានទំនាស់ជាមួយនឹងក្រុមហ៊ុនចិន Union Development Group (Cambodia) ជិត១០ឆ្នាំ គឺរហូតមកដល់ពេលនេះពួកគាត់នៅតែបន្តទាមទារដីស្រែចម្ការក្រោយពីដំណោះស្រាយក្នុងពេលកន្លងមកមិនផ្តល់លទ្ធផលតាមការចង់បាន។
អ្នកស្រី គុណ សាវ តំណាងឱ្យពលរដ្ឋរងគ្រោះទាំង១២៨គ្រួសារ បានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំបានយកឯកសារទៅដាក់នៅរដ្ឋសភា ដាក់នៅក្រសួង ដាក់នៅកន្លែងក្រុមការងារសម្តេច តែអត់ឃើញទៅមុខទៅក្រោយទេ។ ដាក់យូរហើយតាំងពីខ្ញុំឡើងមកពីក្រោយមកដូចថាខ្ញុំធ្លាប់រស់នៅក្រោមខ្ញុំមានដីស្រែ មានក្របី មានរទេះ មានទូកមានម៉ាស៊ីន មានលបដាក់ក្តាម មានមងវាយត្រី ដល់តែពេលមកនៅខាងលើអត់មាន។ អីចឹងខំតវ៉ាដើម្បីទាមទារយកដីស្រែ។ អត់ទាមទារអីខ្លាំងទេសព្វថ្ងៃពលរដ្ឋទាមទារដីស្រែចិញ្ចឹមជីវិតទេ»។
បញ្ហាសិទ្ធិដីធ្លីនេះគឺជាក្តីកង្វល់មួយក្នុងចំណោមបញ្ហាធំៗចំនួន៥ដែលសហភាពអឺរ៉ុបបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបើមិនចង់បាត់បង់ឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) ទេ។
ប្រទេសកម្ពុជាមានពេលរហូតដល់ថ្ងៃទី១២ខែធ្នូដើម្បីដោះស្រាយនិងឆ្លើយតបតាមការចង់បានរបស់សហភាពអឺរ៉ុប។ រហូតមកដល់ពេលនេះសហភាពអឺរ៉ុបនៅមិនទាន់សម្រេចចិត្តជាចុងក្រោយលើឋានៈអនុគ្រោះពន្ធ EBA ទេ ក៏ប៉ុន្តែគណៈកម្មការកំពុងតែវិភាគលើផលប៉ះពាល់សេដ្ឋកិច្ច សង្គមកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជាក្នុងគ្រាដែលត្រូវដកហូតឋានៈអនុគ្រោះពន្ធតែមួយចំនួនឬទាំងស្រុង៕