ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះដីធ្លីពាក់ព័ន្ធនឹងអ្នកវិនិយោគទុនអាមេរិកាំងគំរាមដល់ប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា


កំណាត់ដើមម៉ៃសាក់ ដែលក្រុមហ៊ុន SRP Cambodia កាត់សម្រាប់ធ្វើគ្រឿងសង្ហារឹម នៅក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA)
កំណាត់ដើមម៉ៃសាក់ ដែលក្រុមហ៊ុន SRP Cambodia កាត់សម្រាប់ធ្វើគ្រឿងសង្ហារឹម នៅក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA)

លោក​ Mitchell បាន​ថ្លែង​ថា៖ «ចុង​ក្រោយ វា​គឺ​ជា​សេចក្ដី​សម្រេច​ចិត្ត​នៃ​រដ្ឋាភិបាល​កម្ពុជា​ថា​ផ្ដល់​នូវ​ដំណោះស្រាយ​យុត្តិធម៌ និង​សមធម៌​មួយ​ទៅ​លើ​បញ្ហា​នេះ ឬ​ក៏​ប្រឈម​នឹង​ការ​បាត់​បង់​អត្ថប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSPសម្រាប់​ប្រជាជន​កម្ពុជា»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ​ឆ្នាំ​២០១៩ សកម្មជន​សិទ្ធិមនុស្ស​និង​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​បន្ទប់​លេខ​២២០០នៃ​អគារ​Rayburn ក្នុង​វិមាន​Capitalក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូលរួម​សវនាការ​សភា​អាមេរិកាំង​ដែល​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​។ សវនាការ​នេះ ​ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មការ​សិទ្ធិ​មនុស្ស​Tom Lantos និង​គណៈកម្មការ​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ (Congressional Cambodia Caucus) ដែល​ជា​ញឹកញាប់​តែ​ង​តែ​រិះគន់​គោល​នយោបាយរដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ជា​ធម្មតា នៅ​ក្នុង​បញ្ជី​ មាន​អ្នក​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​មនុស្ស ​អ្នក​ជំនាញ​ផ្នែក​នយោបាយ​ការ​បរទេស និង​អ្នក​ឃ្លាំមើល​កម្ពុជា ដែល​មាន​វត្តមាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ផ្តល់​សក្ខី​កម្ម​នៅ​មុខ​គណៈកម្មការ។ ប៉ុន្តែ​លោក ​Daniel Mitchell គឺ​ជា​មនុស្ស​បន្ថែម​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ត្រូវ​ផ្តល់​សក្ខីកម្ម។

លោក​ជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​SRP International (Cambodia)ដែល​កំពុង​ដាំ​ដើម​ម៉ៃ​សាក់​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ ប៉ុន្តែ​ដី​របស់​លោក​មាន​ជម្លោះ​ ដែល​ធ្វើ​ឲ្យ​លោក​បាន​បាត់​បង់​ដើម​ម៉ៃសាក់​ជា​ច្រើន​ហិកតា។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ជា​មនុស្ស​ម្នាក់​បន្ថែម​ ដើម្បី​ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មការ​សិទ្ធិ​មនុស្ស។ ខ្ញុំ​មិន​មែន​ជា​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​ការងារ​ឬ​ក៏​សកម្មជន​សិទ្ធិ​មនុស្ស​ឬ​ប្រជាធិបតេយ្យ​អ្វី​ទេ»។ លោក​បន្ថែម​ថា៖ «និយាយ​ការពិត​ទៅ ខ្ញុំ​មក​ទី​នេះ ដោយ​សារ​តែ​លទ្ធផល​នៃលក្ខខណ្ឌ​ ជាជាង​ការ​ប្រកាន់​គំនិត​រឹង​មាំ​លើ​បញ្ហា​អ្វី​មួយ។ ការ​ព្រួយ​បារម្ភ​បឋម​របស់​ខ្ញុំ​គឺ​បញ្ហា​នីតិរដ្ឋ»។

លោក Mitchell បាន​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​នេះ ដើម្បី​បង្ហាញ​អំពី​ជម្លោះ​ដី​ធ្លី​ដែលក្រុមហ៊ុន​របស់​លោក​បាន​ជួប​ប្រទះ។ ក្រុមហ៊ុន​របស់​លោក​បាន​ជួល​ដី​ពី​ម្ចាស់ដី​ពីរ​នាក់ ដើម្បី​ដាំ​ដើម​ម៉ៃសាក់។ តែ​ក្រោយ​មក​ដី​មួយ​ផ្នែក​ត្រូវ​បាន​លក់​ដោយ​ខុស​ច្បាប់ បើ​ទោះ​ជា​លោក​មាន​កិច្ច​សន្យា​ជួល​ដី​ដាំ​ដើម​ម៉ៃ​សាក់​រហូត​ដល់​ទៅ​៧០​ឆ្នាំ​ ហើយបាន​បង់​ប្រាក់​ថ្លៃ​ជួល​មុន។ លោក Mitchell និង​ក្រុមហ៊ុន​របស់​លោកមាន​សកម្មភាព​យ៉ាង​ច្រើន​នៅ​ប្រទេស​កម្ពុជា​ជាង​១៦​ឆ្នាំ​មក​ហើយ។

ជម្លោះ​ដី​ធ្លី​នេះ​ពាក់​ព័ន្ធ​នឹងការ​អន្តរាគមន៍​របស់​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា ដែល​បាន​ឃាត់​កម្មករមិន​ឲ្យ​កាប់​ដើម​ម៉ៃ​សាក់​បន្ត​ទៀត​ផង​ដែរ។ ប៉ុន្តែ​ម្ចាស់​ទិញ​ដី​ថ្មី​ត្រូវ​បាន​អនុញ្ញាត​ឲ្យកាប់​ដើម​ម៉ៃ​សាក់​របស់​ក្រុមហ៊ុន​អាមេរិកាំង ហើយ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​បាន​ដាក់​ទៅ​គណៈកម្មការ​របស់​សភា​ជាតិ​អាមេរិកាំង។

ការ​ដណ្ដើម​ដី​ដោយ​ខុស​ច្បាប់​ និង​មាន​ការ​ពាក់​ព័ន្ធ​របស់​កង​រាជ​អាវុធ​ហត្ថ​ គឺ​ជា​រឿង​ធម្មតា​សម្រាប់​កម្ពុជា នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​ច្រើន​ករណី ហើយ​ជា​ជម្លោះ​រ៉ាំរ៉ៃ ដែល​មិន​ត្រូវ​បាន​ដោះ​ស្រាយ។ ជម្លោះ​ទាំង​នេះមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​តាម​ជន​បទ​ ដែល​ភាគ​ច្រើន​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

ដំណោះស្រាយ​គឺ​ជា​រឿង​កម្រ​មួយ ហើយលោក​ Mitchell បាន​ចំណាយ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ ដើម្បី​រាយការណ៍​រឿង​នេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា។

លោក​ Daniel Mitchell ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ SRP International Group ​ប្រចាំកម្ពុជា ថ្លែងនៅមុខសវនាការ​គណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
លោក​ Daniel Mitchell ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ SRP International Group ​ប្រចាំកម្ពុជា ថ្លែងនៅមុខសវនាការ​គណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

បន្ទាប់​ពី​មិន​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ក្នុង​ខេត្ត ក្រុមហ៊ុន​បាន​ទាក់ទង​ស្ថានទូត​អាមេរិកាំង​ប្រចាំ​នៅ​កម្ពុជា ​ហើយ​និង​តំណាង​ពាណិជ្ជកម្ម​អាមេរិកាំង​ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍។ បន្ទាប់​មក ​មន្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹង​អំពី​បញ្ហា​នេះ។ ​វិធាន​ការ​ក៏​មាន​ជា​បន្ទាន់។

ពីរបី​សប្ដាហ៍​បន្ទាប់​ពី​ការ​ផ្ដល់​សក្ខី​កម្ម​ទៅ​សមាជិក​នៃ​សភា​តំណាងរាស្ត្រ​អាមេរិកាំង​និង​ការ​ផ្ដល់​បទ​សម្ភាសន៍​ជា​វីដេអូ​ដល់​VOAនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​កញ្ញា ក្រុមហ៊ុន​ទទួល​បាន​ដំណោះស្រាយ​មួយ។ ដំណោះស្រាយ​នោះ​គឺ​ថា​អ្នក​ជំនួញ​ម្នាក់​ដែល​ឈ្មោះ​មិន​ត្រូវ​បង្ហាញ​ បាន​ទិញ​ដី​ដែល​មាន​ជម្លោះ​នោះ ហើយ​សម្រេច​ជួល​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ តាម​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា​ចាស់​ទាំងអស់ គឺ​ជួល​សម្រាប់​៥០ឆ្នាំ​ទៀត ចាប់​ពី​ពេល​នេះ​តទៅ។

ប៉ុន្តែ​ដំណោះស្រាយ​នោះ មិន​បញ្ចូលការ​បាត់​បង់​ដើម​ម៉ៃ​សាក់​ដែល​មាន​អាយុ​ដល់​ទៅ​ជិត​១៦​ឆ្នាំ ហើយ​សរុប​ជា​ការ​បាត់​បង់ ​អាច​មាន​តម្លៃ​ជាង​លាន​ដុល្លារ។ ​

លោក Daniel Mitchellនៃ​ក្រុមហ៊ុន​អាមេរិកាំង​នោះ ​បាន​ថ្លែងប្រាប់​VOA​នៅ​នៅ​ពាក់​កណ្ដាលខែ​តុលា​ថា៖ «ប្រជាជន​កម្ពុជា​ទទួល​បាន​សំណង​ ហើយ​អ្នក​វិនិយោគទុន​របស់​អាមេរិកាំង​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ឲ្យ​ឈប់​ប្ដឹង​ផ្ដល់​ទាមទារ​សំណង​នៃ​ការ​ខូចខាត»។

លោក​បន្ថែម​ថា៖ «នេះ​គឺ​អយុត្តិធម៌ មិន​សមធម៌ ហើយ​ខុស​គ្នា​ទាំងស្រុង»។

អ្នក​វិនិយោគទុន​អាមេរិកាំង​ឃើញ​ឱកាស​វិនិយោគ និង​ចាប់ផ្ដើម​ដាំ​ដើម​ម៉ៃ​សាក់​នៅ​កម្ពុជា

លោក Daniel Mitchell និង​ក្រុមហ៊ុន​SRP បាន​ចូល​មក​ទីផ្សារ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​២០០២ ដែល​ពេល​នោះ​ក្រុមហ៊ុន​បាន​ជួល​ដី​ប្រហែល​៣០០ហិកតា​សម្រាប់​រយៈពេល​៧០ឆ្នាំ​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ដើម្បី​ដាំ​ដើម​ម៉ៃសាក់។ ដី​នោះ​នៅ​មិន​ឆ្ងាយ​ពី​ចម្ការ​កៅស៊ូ​ជប់ ដែល​មាន​រយៈកាល​ជិត​១០០​ឆ្នាំ​មក​ហើយ។ ដី​នោះ​ ក្រុមហ៊ុន​បាន​ជួល​ពី​ម្ចាស់​ពីរ​នាក់ ដែល​មាន​ឈ្មោះ​ថា​គាត ហុង និង​គុណ ថា។ លោក ​គាត ហុង គឺ​ជា​សមាជិកក្រុមប្រឹក្សា​ក្រុង​សួង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

បន្ទាប់​ពី​ដាំ​ដើម​ម៉ៃ​សាក់​ជិត​១៦​ឆ្នាំ​មក​ហើយ វា​ដល់​ពេល​ក្រុមហ៊ុន​ប្រមូល​ផល​មួយ​ចំនួន​ ចាប់​តាំង​ពី​ខែ​មេសា​ ឆ្នាំ២០១៨។ ប៉ុន្តែ​ការ​កាប់​ដើម​ម៉ៃ​សាក់​ដែល​ដាំ​ដោយ​ក្រុមហ៊ុន​អាមេរិកាំង​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ក្នុងខេត្ត​ត្បូង​ឃ្មុំ​ ត្រូវ​បាន​ហាមឃាត់​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ។ ​កម្មករ​៦នាក់​របស់​ក្រុមហ៊ុន ត្រូវ​បាន​នាំ​ទៅ​សាកសួរ​នៅ​មូលដ្ឋានកង​រាជ​អាវុធ​ហត្ថ​ស្រុក​ត្បូង​ឃ្មុំ។

កម្មករ​ម្នាក់​ដែល​ប្រាប់​VOAថា​ឈ្មោះ សម្បត្តិ ដោយ​មិន​ហ៊ាន​ប្រាប់​ឈ្មោះ​ពេញ បាន​និយាយ​ប្រាប់កង​រាជ​អាវុធ​ហត្ថក្នុង​ពេល​សួរ​ចម្លើយ​ថា​ ដើម​ម៉ៃ​សាក់​នោះ​ជា​របស់​ក្រុមហ៊ុន​អាមេរិកាំង។

លោក​បាន​ថ្លែង​ប្រាប់​VOA​នៅ​ចម្ការ​ម៉ៃសាក់​កាល​ពី​ដើម​ខែ​តុលា​ថា៖ «ពួកគេ​សួរ​ខ្ញុំ​ថា​នរណា​ឲ្យ​កាប់ [ដើម​ម៉ៃសាក់]?

បន្ទាប់​ពី​ការ​សាកសួរ​រួច​ហើយ កម្មករ​ទាំង​៦​នាក់​បាន​ផ្តិត​មេដៃ​ ជា​ការ​ព្រម​ព្រៀង​ថា​ឈប់​កាប់​ដើម​ម៉ៃសាក់​នោះ​ត​ទៅ​ទៀត ដោយ​ពួកគេ​ប្រាប់​ថា​ដី​នោះ​មាន​ជម្លោះ។

លោក​ សម្បត្តិ​ មាន​ប្រសាសន៍​ថា៖ «ពួកគេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​កាប់​ ដោយសារ​ដី​នោះ​មាន​ជម្លោះ»។

បើ​តាម​កំណត់​ហេតុ​របស់​កង​រាជ​អាវុធ​ហត្ថប្រចាំ​ខេត្ត​ត្បូង​ឃ្មុំ ចុះ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​VOAទទួល​បាន ​កម្លាំង​ចម្រុះ​ចំនួន​១១នាក់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០១៨ បាន​ចុះ​ឃាត់​ការ​កាប់​ដើម​ម៉ៃសាក់នៅ​លើ​ដី​ក្រុមហ៊ុន ក្នុង​ឃុំរកាពប្រាំ​ ស្រុក​ត្បូង​ឃ្មុំ ដោយសារ​ទទួល​បាន​បណ្ដឹង​របស់​បុគ្គល​ម្នាក់​ឈ្មោះ​ វឹង រ៉ាមី ជា​កូនប្រសា​របស់​លោក គាត ហុង ដែល​បាន​អះអាង​ថា​ជាម្ចាស់ដី​ស្រប​ច្បាប់។

​កំណត់ហេតុ​ដែល​ធ្វើ​ឡើង​ដោយលោក វ៉ា សារិទ្ធ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា៖ «ក្រោយ​ពី​សាកសួរ​ពួកគេ​ទាំង​៦នាក់​រួច​មក សមត្ថ​កិច្ច​បាន​រាយការណ៍​តាម​ទូរស័ព្ទ​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា។ គាត់​បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ច​សន្យា​អប់រំ​ណែនាំ​ពួកគាត់ ឲ្យ​ផ្អាក​កាប់​ដើម​ម៉ៃ​សាក់​លើ​ដីនោះ»។

ប៉ុន្តែ​លោក Mitchell បាន​ថ្លែង​ថា​កម្មករ​របស់​លោក​ត្រូវ​តែ​ចុះ​កិច្ច​ព្រមព្រៀង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ដី​ឬ​ប្រមូល​ផល​ដើម​ម៉ៃសាក់ ដើម្បី​ពួកគេ​អាច​ត្រូវ​បាន​ដោះលែង បន្ទាប់​ពី​ការ​ហៅ​ទៅ​សាកសួរ​ប៉ុន្មាន​ម៉ោង។ លោក​បន្ថែម​ថា​កម្មករ​របស់​ក្រុមហ៊ុន​មិន​អាច​ចូល​ទៅ​ក្នុង​ដី​នោះ ហើយ​ការ​យក​ទៅ​សាកសួរ​ ក៏មិន​មាន​ដីកា​ត្រឹមត្រូវ​ ​ឬ​ក៏​មាន​បញ្ជា​ពី​ព្រះ​រាជអាជ្ញា​តុលាការ​នោះ​ទេ។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ លោក វ៉ា សារិទ្ធ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ។

បន្ថែម​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​អាមេរិកាំង​ត្រូវ​បាន​ប្រាប់​ថា​ដី​មួយ​ផ្នែក​របស់​លោក ​គាត ហុង ជា​ម្ចាស់​ដើម​ជួល​ដី​ ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នក​ថ្មី ឈ្មោះ ឡាយ ហោ​។

ក្រុមហ៊ុន​មិន​ត្រូវ​បាន​ជូន​ដំណឹង​ដោយ​លោក គាត ហុង អំពី​ការ​លក់​នេះ​ទេ។

លោក Mitchell បាន​ថ្លែង​កាល​ពី​ខែ​កញ្ញា​ថា៖ «យើង​ត្រូវ​បាន​គេ​ប្រាប់​ថា​ដី​នោះ​ដូរ​ម្ចាស់​ដែល​នេះ​ជា​ការ​រំលោភ​លើ​កិច្ច​សន្យា​ជួល។ យើង​កំពុងគ្រប់គ្រង​ដី​ដោយ​ផ្ទាល់ ហើយ​គ្មាន​បំណង​ចាក​ចេញពី​កន្លែង​នោះ​ទេ»។

លោក ឡាយ ហោ បាន​ឲ្យ​បុគ្គល​ឈ្មោះ ហែល ហុក ចូល​ទៅ​កាប់​ដើម​ម៉ៃសាក់​ និង​សម្អាត​ដី​។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ផ្តិត​មេដៃ​ដោយ​កម្មករ​របស់​ក្រុមហ៊ុន​។ ការ​កាប់​ដើម​ម៉ៃសាក់​នោះ​ស្ថិត​នៅ​លើ​ដី​ប្រមាណ​២៥ហិកតា ដែល​ក្រុមហ៊ុន​កំពុង​ទាមទារ​សំណង។

កម្មករ​បាន​អះអាង​ថា បុគ្គល​ម្នាក់​ឈ្មោះ​ ហែល ហុក បាន​នាំ​មនុស្ស​មក​កាត់​ដើម​ម៉ៃសាក់​ដឹក​ចេញ ជា​បន្ត​បន្ទាប់​ តាម​រថយន្ត​ធំៗ។

មន្រ្តី​អាមេរិក​បាន​ចុះ​អន្តរាគមន៍ ការ​ដោះស្រាយ​ចាប់​ផ្ដើម​

កាល​ពី​ឆ្នាំ​មុន ករណី​ជម្លោះ​ដីធ្លី​នេះ ​ត្រូវ​បាន​ជូន​ដំណឹង​ដល់​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt។ បន្ទាប់​ពី​ដឹង​អំពី​បញ្ហា​នេះ លោក Heidt ក៏បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដោយ​ស្នើ​សុំ​ការ​ការពារ​ទៅ​លើ​ការ​វិនិយោគរបស់​អាមេរិកាំង​នៅ​កម្ពុជា។

រូបឯកសារ៖ លោក William Heidt អតីតឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កម្មវិធី ពាណិជ្ជកម្មមួយ ដែលផ្តោតលើវិស័យកសិកម្ម​ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ច​នៅក្នុងវិស័យ​កសិកម្ម​នៅកម្ពុជា” ក្នុង​រាជធានី​ ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក William Heidt អតីតឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កម្មវិធី ពាណិជ្ជកម្មមួយ ដែលផ្តោតលើវិស័យកសិកម្ម​ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ច​នៅក្នុងវិស័យ​កសិកម្ម​នៅកម្ពុជា” ក្នុង​រាជធានី​ ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

លិខិត​ចុះ​ខែ​សីហា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា​៖ «ការ​លើក​តម្កើង​ការ​វិនិយោគ​របស់​អាមេរិកាំង​នៅ​កម្ពុជា ​ដែល​មាន​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ គឺ​ជា​អាទិភាព​ចម្បង​មួយរបស់​យើង​ក្នុង​ចំណោម​អាទិភាព​ចម្បង​ផ្សេងៗ​ទៀត ហើយ​យើង​សង្ឃឹម​ថា​បញ្ហា​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​លឿន។ ជម្លោះ​ដូច​ករណី​នេះ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​មក​វិនិយោគ​នៅ​ទីនេះ ហើយ​វាកាត់បន្ថយ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគទុន»។

លិខិត​មួយ​នេះ​ទំនង​ជា​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ។ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​ដែនដី នគរូបនីយកម្ម​ និង​សំណង់ បាន​ចេញវិធាន​ការ​មួយ​ ដោយ​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បញ្ឈប់​សកម្មភាព​ណាមួយ​នៅ​លើ​ដី​ដែល​មាន​ជម្លោះ​នេះ។ ប៉ុន្តែ​ វិធាន​ការ​នេះ​មិនមាន​ឥទ្ធិពល​រយៈ​ពេល​វែង​នោះ​ទេ។

តុលាការ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​លោក ឡាយ ហោ បង្ក​បង្កើន​ផល​លើ​តំបន់​មាន​ជម្លោះទាំងអស់ កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ បើ​ទោះ​ជា​មាន​បញ្ជា​ពី​ក្រសួង​ដែន​ដី​ក៏​ដោយ។ ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​តវ៉ា​ជា​បន្ទាន់​ពី​ក្រុមហ៊ុន​SRP​របស់​លោកDaniel Mitchell។

ប៉ុន្តែ​ដំណោះស្រាយ​មួយ​ ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​នៅ​ក្នុង​ខែ​តុលា ឆ្នាំ២០១៩។ ដំណោះស្រាយ​នេះ​ទំនង​ជា​ដោយសារ​ការ​ធ្វើ​សក្ខីកម្ម​របស់​លោក Mitchellនៅ​សភា​សហរដ្ឋ​អាមេរិក​និង​ការ​ផ្ដល់​បទសម្ភាសន៍​ដល់​VOA។

ក្រុមការងារ​របស់​ក្រសួង​ដែន​ដី បាន​ប្រាប់​ក្រុមហ៊ុន​ថា​ជម្លោះ​នេះ​ត្រូវ​បាន​ដោះស្រាយ។

អ្នកនាំពាក្យ​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម​និង​សំណង់ លោក សេង ឡូត បាន​ថ្លែង​ថា​ជម្លោះ​នេះ​បាន​ដោះស្រាយ​ចប់​រួច​រាល់​អស់​ហើយ​ ដោយ​អ្នក​ជំនួញ​ម្នាក់​ដែល​ក្រសួង​បាន​ណែនាំ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ បាន​សម្រេច​ទិញ​ដី​នេះ​ពី​ម្ចាស់​ដើម​ ហើយ​បន្ត​ជួល​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​នោះ​ ក្រោម​លក្ខខណ្ឌ​ដូច​គ្នា​នឹង​ម្ចាស់​ដើម គឺ​អាច​ដាំ​ដើម​ម៉ៃសាក់​បាន​ទៅ​ដល់​៥០​ឆ្នាំ​ទៀត។

លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​អាមេរិកាំង​បញ្ចប់​ក្ដី​ក្តាំ​នេះ​ត្រឹម​ប៉ុណ្ណឹង​ ដោយ​មិន​បាច់​តវ៉ា​ទាមទារ​សំណង​នៃ​ការ​កាប់​ដើម​ម៉ៃ​សាក់​ ក្នុង​ពេល​មាន​ជម្លោះ​កាល​ពី​កន្លង​ទៅ។

លោក​បាន​ថ្លែង​ប្រាប់​VOAថា៖ «យើង​សុំ​ការ​យោគយល់​ពី​ក្រុមហ៊ុន​អាមេរិកាំង​ដែល​មក​វិនិយោគ​ ឲ្យ​បញ្ឈប់​ការ​តវ៉ា​ទាមទារ​ត្រឹម​ប៉ុណ្ណេះ»។ លោក​បន្ត​ថា​ជម្លោះ​ដីធ្លី​នេះ​ត្រូវ​បាន​ដឹង​ឭ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ហើយ​អាជ្ញាធរ​បាន​ខិតខំ​ដោះ​ស្រាយ​បញ្ហា​នេះ ដើម្បី​ធានា​ការ​វិនិយោគ​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​ចង់​ឲ្យ​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា មក​ពី​ប្រទេស​ណា​ក៏​ដោយ មិន​សំខាន់​អាមេរិកាំង​នោះ​ទេ ឲ្យ​មក​ធ្វើ​ជំនួញ​ដោយ​រលូន​នៅ​កម្ពុជា»។

បើ​តាម​ឯកសារ​របស់​ក្រសួង ដែល​VOAទទួលបាន លោក គាត ហុង ដែល​ជា​ម្ចាស់​ដើម​គ្រប់គ្រង​ដី​ បាន​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ស្នើ​ថា​ជម្លោះ​ដី​នេះ​ត្រូវ​កាត់​ចេញ​ពី​ការ​ស៊ើប​អង្កេត​លើ​ការ​កាប់​ដើម​ម៉ៃសាក់។

«គាត់​បាន​ស្នើ​ថា​អ្នក​ដែល​កាប់​ដើម​ម៉ៃសាក់​គួរ​ត្រូវ​ចាប់​ខ្លួន។ សូម​កុំ​ចោទ​ប្រកាន់​ខ្ញុំ​ថា​ពាក់ព័ន្ធ»។

ករណី​ជម្លោះ​នេះ បុគ្គល​ឈ្មោះ ហែល ហុក​ និង​បក្ស​ពួក​៣នាក់ ត្រូវ​បាន​កាត់ទោស តែ​ត្រូវ​បាន​ព្យួរ​ទាំងអស់ ពាក់​ព័ន្ធ​នឹង​ការ​កាប់​ដើម​ម៉ៃសាក់។ លោក​ ហែល​ ហុក​ ត្រូវ​បាន​បញ្ជា​ឲ្យ​បង់​ប្រាក់​ចំនួន​២៥០០ដុល្លារ​សម្រាប់​ការ​ខូចខាត។

លោក គាត ហុង បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លម្អិត​លើ​ដំណោះ​ស្រាយ​ជម្លោះ​នេះ នៅ​ពេល​VOAទាក់ទង​សម្ភាសន៍ ​កាល​ពី​ថ្ងៃ​ទី២១ ខែ​តុលា។ ប៉ុន្តែ​ លោក​គ្រាន់​តែ​និយាយ​ថា​ជម្លោះ​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ។

«ខ្ញុំ​អត់​ចង់​និយាយ​ទៀត នាំ​តែ​វែង​ឆ្ងាយ។ ឲ្យ​ចប់​ត្រឹម​ហ្នឹង​ចុះ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ទទួល​យក​ដំណោះ​ស្រាយ។ គ្មាន​បញ្ហា​នោះ​ទេ»។

ខណៈ​ដែល​លោក Mitchell បាន​ស្វាគមន៍​នូវ​ដំណោះស្រាយ​លើ​ការ​ជួល​ដី​នេះ​បន្ត​ទៀត លោក​និយាយ​ថា​ក្រុមហ៊ុន​របស់​លោក​មិន​អាច​ទទួលយក​នូវ​ការ​មិន​ផ្តល់​សំណង​ទាល់តែសោះ​សម្រាប់​ការ​បាត់បង់​ដែល​កើត​ឡើង​ ហើយមាន​ការ​ប៉ាន់​ប្រមាណ​ប្រហែល​៣,២លាន​ដុល្លារ​អាមេរិក ដែល​មិន​រាប់​បញ្ចូល​ការបាត់បង់​គល់​ម៉ៃសាក់​ដែល​នឹង​អាច​ដុះឡើង​វិញ​កាន់​តែ​ល្អ និង​លឿន​ជាង​ដើម​ម៉ៃសាក់​ដែល​ដាំ​ថ្មី។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​បដិសេធ​មិន​ទទួល​យក​ការ​ខាតបង់ ដែល​ត្រូវ​បាន​ស្នើ​សុំ​ដោយ​ក្រសួង​ដែនដី»។

ការ​ប្រឈម​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ និង​សំណង

កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ ដោយសារ​មិន​មាន​ដំណោះស្រាយ​ដែល​អាច​ចេញ​ជា​រូបរាង ក្រុមហ៊ុន​SRP បាន​ចាប់​ផ្ដើម​ការ​ពិភាក្សា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដើម្បី​ស្វែង​រក​លទ្ធភាព​នៃ​ការ​ដាក់​ញត្តិ ឲ្យមាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​នៃ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា(GSP)។

យោង​តាម​ច្បាប់​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ឆ្នាំ​១៩៧៤ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ប្រទេស​មួយ​បាន ប្រសិន​បើ​មាន​ការលុប​ចោល​កុងត្រា ​ឬ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រជាជន​អាមេរិក​ឬ​ក៏​សាជីវកម្ម​ ដៃគូ ឬ​ក៏​សមាគម ដែល​ស្មើ​នឹង​៥០​ភាគរយ ឬ​ក៏​ផល​ប្រយោជន៍​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រជា​ពលរដ្ឋ​អាមេរិក​បន្ថែម»។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក។ របាយការណ៍​របស់​សហរដ្ឋអាមេរិក​បង្ហាញ​ថា​កម្ពុជា​បាន​នាំ​ទំនិញ​ចូល​ទៅ​សហរដ្ឋ​អាមេរិក​ចំនួន​៣៨០០​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៨ ហើយ​ក្នុង​នោះ​ប្រហែល​២០ភាគរយ ឬ​ស្មើ​នឹង​៧២០​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ ​GSP។

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន​SRP​បាន​ដាក់​ញត្តិ​មួយ​ ដើម្បី​អំពាវនាវ​ឲ្យ​ដក​កម្ពុជា​ចេញ​ពី​ប្រទេស​ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​នេះ ប៉ុន្តែ​បាន​ដក​ញត្តិ​នេះ​មក​វិញ​ បន្ទាប់​ពី​ការ​ព្រួយ​បារម្ភ​ត្រូវ​បាន​លើកឡើង​អំពី​សុវត្ថិភាព​នៃ​អចលនទ្រព្យ​និង​បុគ្គលិក​នៅ​កម្ពុជា។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ឧបការី​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​សម្រាប់​ការិយាល័យ​អាស៊ីអាគ្នេយ៍ ​និង​ប៉ាស៊ីហ្វិក​ លោក Karl Ehlers លើកឡើង​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​សមាជិក​សភា​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​លោក Mitchell បាន​និយាយ​ថា​ក្រុមហ៊ុន​របស់​លោក​បាន​កំពុង​ពិចារណា​ដាក់​ញត្តិ​ម្ដង​ទៀត ប្រសិន​បើ​គ្មាន​ការ​ផ្ដល់​សំណង​សម្រាប់​ការ​បាត់​បង់​ដើម​ម៉ៃសាក់របស់​ក្រុមហ៊ុន។

លោក​បាន​ថ្លែង​នៅ​ក្នុង​ខែ​តុលា​នេះ​ថា៖ «ប៉ុន្តែ​ប្រសិន​បើ​ស្ថានភាព​មិន​ត្រូវ​បាន​ដោះស្រាយ នោះ​ខ្ញុំ​មាន​កាតព្វកិច្ច​តំណាង​អោយ​អ្នក​វិនិយោគទុន​របស់​ខ្ញុំ​ ដើម្បី​រក​វិធានការ​ផ្លូវ​ច្បាប់​ទាំង​អស់ ដើម្បី​ទទួល​បាន​សំណង​សម្រាប់​ការ​បាត់បង់ ហើយ​យើង​នឹង​ពិចារណា​នូវ​ឱកាស​បន្ទាប់​ ប្រសិន​បើ​យើង​មិន​ទទួល​បាន​ដំណោះស្រាយ»។

បញ្ហា​ប្រឈម​សម្រាប់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ឲ្យ​កម្ពុជា​នេះ កើត​ឡើង​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុងប្រឈម​នឹង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ហៅ​ថា “គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ” (EBA) ដោយសារ​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

លោក Doug Ericksen ដែល​ក្រុមហ៊ុន​របស់​លោក​ឈ្មោះPacRim Bridge និង​ត្រូវ​បានជួល​ដោយ​រដ្ឋាភិបាល​កម្ពុជា ដើម្បីបញ្ចុះ​បញ្ចូល​សហរដ្ឋអាមេរិកឲ្យ​ប្ដូរ​ជំហរ បាន​និយាយ​ថា​ទង្វើ​នេះ​ជា​ការ​មិន​ទទួល​ខុសត្រូវ ដោយសារ​វា​នឹង​ប៉ះពាល់​ការងារ​របស់​ប្រជាជន​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​នរណា​ក៏​ដោយ​ដែល​តស៊ូ​មតិ​តាម​មធ្យោបាយ​នេះ គឺ​តស៊ូ​មតិ​ឲ្យ​មានគ្រោះថ្នាក់​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ធ្វើការ ​និង​ប្រជាជន​ដែល​ទទួល​ផល​ពី​ឱកាស​សេដ្ឋកិច្ច​ដ៏​ធំធេង​នេះ»។

លោក Doug Ericksen ដែល​ជា​សមាជិកព្រឹទ្ធសភា​កំពុង​កាន់​តំណែង​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ស្តេត បាន​ថ្លែង​បែប​នេះ​កាល​ពី​ខែ​កញ្ញា។

ទោះ​ជា​យ៉ាង​ណា លោក​បន្ត​ថា៖ «ការ​ចេញមុខ និង​តស៊ូ​មតិ​សម្រាប់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​ប្រទេស​ទាំងមូល ដោយ​ផ្អែក​លើ​ស្ថានភាព​តែមួយ មិន​ទំនង​ជា​ទង្វើ​សមរម្យ​មួយ​នោះ​ទេ»។

លោក Ericksen បាន​ស្នើ​ថា​ករណី​គួរ​ត្រូវ​បាន​ដោះស្រាយ​ដោយ​តុលាការ​នៅ​កម្ពុជា ប៉ុន្តែ​លោក​Mitchellបាន​និយាយ​ថា​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP នឹង​ជា​លទ្ធផល​នៃ​ការ​បរាជ័យ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​មិន​បាន​ស្វែង​រក​ដំណោះស្រាយ​សម​ហេតុ​ផល​មួយ។

លោក​ Mitchell បាន​ថ្លែង​ថា៖ «ចុង​ក្រោយ វា​គឺ​ជា​សេចក្ដី​សម្រេច​ចិត្ត​នៃ​រដ្ឋាភិបាល​កម្ពុជា​ថា​ផ្ដល់​នូវ​ដំណោះស្រាយ​យុត្តិធម៌ និង​សមធម៌​មួយ​ទៅ​លើ​បញ្ហា​នេះ ឬ​ក៏​ប្រឈម​នឹង​ការ​បាត់​បង់​អត្ថប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSPសម្រាប់​ប្រជាជន​កម្ពុជា»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG