ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

EU ​រកឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ​«ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ‍»


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ខ្វះខាតសកម្មភាព​ផ្សះផ្សារ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ ហើយ​បានរំលោភ​«ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ‍»​ដល់​គោលការណ៍នៃ​សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ​ ដែល​មាន​ចែង​ក្នុងកតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋនិងសិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប។

របាយការណ៍​វាយ​តម្លៃ​របស់​គណៈកម្មការ​សហភាពអឺរ៉ុប​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា​ ហើយដែល​វីអូអេ​ទទួល​បាន​ច្បាប់​ចម្លង​មួយបាន​រក​ឃើញ​ពី​ការរំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ​នេះ​ជាបន្ត​បន្ទាប់​ជាពិសេស​មាត្រា​២៥​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិនយោបាយ ដែល​បាន​ចែង​អំពី​សិទ្ធិ​និង​ឱកាស​ស្មើគ្នា​របស់​ពលរដ្ឋ​គ្រប់រូប ​ក្នុងការ​ចូលរួម​សកម្មភាព​សាធារណៈ​ដោយ​ផ្ទាល់​ក្នុងការ​ជ្រើស​រើសតំណាង​របស់ខ្លួន​ ដោយ​សេរី​ និង​ចូលរួម​បោះឆ្នោត​ ឬ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​បំពេញ​ការងារ​សាធារណៈ។​

សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​នីតិវិធី​ពិនិត្យ​មើល​ការ​អនុវត្ត​តាម​លក្ខខណ្ឌ​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​ ឬ Everything But Arms (EBA)​ដោយ​ផ្តោត​លើ​ស្ថានភាព​សិទ្ធិនយោបាយ សិទ្ធិពលកម្ម សិទ្ធិ​ដីធ្លី ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​និង​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅ​កម្ពុជា​ តាំងពីដើម​ខែកុម្ភៈ ឆ្នាំ២០១៩​នេះ។

ចំណាត់​ការ​នេះ​កើតឡើង​ ក្រោយពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឃុំឃាំង​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៧ ​ហើយ​បាន​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​នេះ​នៅខែ​វិច្ឆិកា​ឆ្នាំ​នោះ ​និង​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់គណបក្ស​ចំនួន​១១៨​នាក់​ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

នៅលើ​ផ្នែក​ «សេរីភាព​ក្នុង​ការចូលរួម​សកម្មភាពនយោបាយ‍»​ គណៈកម្មការ​របស់​សហភាព​អឺរ៉ុបបាន​ពិនិត្យ​មើល​ផលប៉ះពាល់​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​ដែល​ហាមឃាត់​ជន​ណា​ដែល​ជាប់​ទោស​ឧក្រិដ្ឋ​មិន​ឱ្យ​ដឹកនាំ​គណបក្ស ហើយ​បាន​ផ្តល់​អំណាច​ដល់​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​នោះ។

អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូបត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ក្នុង​រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៧:០០​យប់ថ្ងៃ​សុក្រ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ផ្តល់​ឲ្យ​ដោយ ម៉ា ចិត្រា)
អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូបត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ក្នុង​រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៧:០០​យប់ថ្ងៃ​សុក្រ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ផ្តល់​ឲ្យ​ដោយ ម៉ា ចិត្រា)

បន្ថែមពី​នេះ​គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោតដើម្បី​យក​អាសនៈ​ពី​គណបក្ស​ដែល​ត្រូវ​រំលាយ​មក​ចែក​ឱ្យ​គណបក្ស​ដទៃ​ ដែល​ក្នុងនោះ​គឺ​បាន​រឹប​អូសយក​អាសនៈ​ក្រុម​ប្រឹក្សាឃុំ-​សង្កាត់​ដែល​ជាប់​ឆ្នោត​ចំនួន​៥០០៧​របស់​គណបក្ស​សង្គ្រោះជាតិ​ មក​ចែក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ទៅ​គណបក្ស​តូចៗ​ដទៃ​ទៀតដែល​មិន​បាន​ជាប់ឆ្នោត។

បន្ថែម​ពីនេះ​ គណៈកម្មការ​សហភាព​អឺរ៉ុប​ពិនិត្យ​មើលការ​ចាប់​ខ្លួន​សកម្មជន​សហគមន៍​និង​អតីត​សកម្មជន​នយោបាយ​ជាបន្តបន្ទាប់​ ជាពិសេស​ភាគច្រើន​នៃ​អ្នក​ទាំង​នោះត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ខែសីហា​ ឆ្នាំ​២០១៩​មក​ គឺ​នៅពេល​ដែល​លោក​សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិដែល​រស់នៅ​នីរទេស​ខ្លួនក្រៅ​ប្រទេស​ជាង​៤ឆ្នាំ​ បាន​ប្រកាស​ធ្វើមាតុភូមិ​និវត្តន៍​នៅថ្ងៃទី​៩ ខែ​វិច្ឆិកា​ដើម្បី​ទៅស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

គណៈកម្មការ​សហភាព​អឺរ៉ុបក៏បាន​បង្ហាញការខិតខំ​បកស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើ​ឡើងនៅ​ក្នុង​របាយការណ៍​សរុប ​ចុះថ្ងៃទី​១២ ខែសីហាផងដែរ។ ជំហរ​របស់​កម្ពុជា​ផ្តោតសំខាន់​គឺ​ការពារ​ចំណាត់ការ​របស់តុលាការ​កំពូល​ក្នុងការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង ​និង​ការ​ចាប់​ខ្លួន​និង​ចោទប្រកាន់​លោក​កឹម សុខា ពី​បទក្បត់ជាតិ​ ដោយ​សារតែ​អត្ថាធិប្បាយ​ក្នុង​ឃ្លីប​វីដេអូមួយដែល​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រតាំង​ពីឆ្នាំ​២០១៣។

បន្ថែម​ពីនេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ខិតខំ​ទាញ​យក​អំណះអំណាង​នានា​ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប​ទទួល​យក​ការ​រំលាយ​នេះ​ថា​ត្រឹមត្រូវ​តាម​ច្បាប់​ ដោយ​បាន​យោង​ដល់​សំណុំរឿង​ក្នុងពេល​កន្លង​មក​នៅ​ប្រទេស​ដទៃ​ដែល​តុលាការសិទ្ធិ​មនុស្ស​សហភាព​អឺរ៉ុប​ទទួល​យក​ការ​រំលាយ​គណបក្ស​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

បរិយាកាសនយោបាយរឹតត្បិត

របាយការណ៍​វាយតម្លៃ​របស់​សហភាព​អឺរ៉ុប​បាន​ពិនិត្យព្រឹត្តិការណ៍​ក្នុង​រយៈពេល​បីឆ្នាំ​ចុង​ក្រោយ រហូត​ដល់​ថ្ងៃទី​៣១ ខែ​តុលា​ ឆ្នាំ​២០១៩ ហើយ​បាន​វាយ​តម្លៃ​ថា៖

«ក្នុង​រយៈពេល​បីឆ្នាំ​ចុងក្រោយ​នេះ​ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​គាបសង្កត់​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះជាតិ​ រៀបចំ​បែបបទ​ដើម្បី​រារាំង​បក្ស​ប្រឆាំង​ មិន​ឱ្យ​ចូលរួម​នយោបាយ​ និង​សិទ្ធិ​បោះឆ្នោត។ សកម្មភាព​ទាំងនេះ​រួម​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពីខែ​កញ្ញា​ ឆ្នាំ​២០១៧ ​ការសម្រេច​របស់​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាលពីខែ​វិច្ឆិកា ​ឆ្នាំ​២០១៧‍»។

​គណៈកម្មការ​សហភាពអឺរ៉ុប​បាន​បន្ថែម​ថា​ រហូតមកដល់​ថ្ងៃចេញ​របាយការណ៍​នេះ​ បរិយាកាស​នយោបាយ​កម្ពុជា​នៅតែ​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ​សិទ្ធិ​នយោបាយ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ត្រូវ​បាន​បដិសេធ​ អាជ្ញាធរ​កម្ពុជា​នៅ​បន្ត​ចាប់ខ្លួន​សមាជិក​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ‍។

របាយការណ៍​នោះ​បាន​សន្និដ្ឋាន​ថា៖

«ផ្អែកលើ​ព្រឹត្តិការណ៍និង​ការវាយ​តម្លៃ​ដែល​បាន​រៀបរាប់​ជូន​ខាងលើ​ គណៈកម្មការ​ពិចារណា​ថា​កង្វះ​សកម្មភាព​ផ្សះផ្សារ​ថែមទៀត​ពី​រដ្ឋាភិបាល​ មាន​ការ​រំលោភ​ជា​ប្រព័ន្ធ​និង​ធ្ងន់ធ្ងរ​ដល់​គោលការណ៍ដែល​មាន​ចែង​ក្នុង​មាត្រា​២៥​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ រហូតមក​ដល់ថ្ងៃនេះ​ គណៈកម្មការ​មិន​ឃើញ​មាន​ភស្តុតាង​ថា​កម្ពុជា​បាន​ចាត់​វិធានការ​ចាំ​បាច់ដើម្បី​ដោះស្រាយ​ការ​រំលោភទាំងនោះ​នៅឡើយ​ទេ‍»។

ក្រោយពី​របាយការណ៍​នេះ​បាន​ចេញ រដ្ឋាភិបាល​កម្ពុជា​បាន​ដោះលែង​សកម្មជន​សហគមន៍​និង​អតីត​សកម្មជន​គណបក្ស​នយោបាយ​ចំនួន៧០នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ។ នៅមុន​នោះ​ចំនួន​ពីរ​ថ្ងៃ​ តុលាការ​ក៏​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឃុំឃាំង​លោក​កឹម សុខា ដោយ​អនុញ្ញាត​ឱ្យ​លោក​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ ប៉ុន្តែ​មិន​ឱ្យ​ទៅក្រៅប្រទេស​ ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ។

​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​ នៅ​គេហដ្ឋាន​របស់​លោកកឹម សុខា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​ នៅ​គេហដ្ឋាន​របស់​លោកកឹម សុខា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកសម រង្ស៊ី ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ ​បាន​បញ្ជាក់​ក្នុងកម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​សប្តាហ៍មុន​ ក្រោយពី​គម្រោងមាតុភូមិ​និវត្តន៍​របស់​លោក​មិន​បាន​ជោគជ័យ​ថា៖

«យើង​ឃើញ​ថា​ លោក​ហ៊ុន សែន​ កំពុងតែ​រងសម្ពាធ​ពីសហគមន៍​អន្តរជាតិ​ជាពិសេស​ពី​សហភាព​អឺរ៉ុប។​ ទោះបីជា​លោក​ហ៊ុន​សែន​មិន​ធ្វើ​អ្វី​ឱ្យ​គេ​ជឿ​ទុកចិត្ត​បាន​ តែ​គាត់​មិន​អាច​នៅ​ស្ងៀម​ទេ​ គាត់​ត្រូវតែ​បំពេញ​ចិត្ត​សហគមន៍​អន្តរជាតិ ​បើ​មិន​ដូច្នេះទេ​ គេ​នឹង​កាត់ប្រព័ន្ធ​អនុគ្រោះពន្ធ​ហៅ​ថា​ EBA ។ ពេលនោះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់​ណាស់​ ហើយ​លោក​ហ៊ុន សែន​ ជា​អ្នក​ទទួល​ខុសត្រូវ‍»។​

រក្សាអធិបតេយ្យភាព

ប៉ុន្តែ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ព្រមាន​ចាប់​ខ្លួន​ពួកគេ​វិញ​ ប្រសិន​បើ​មាន​អ្នកណា​ម្នាក់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ថា​ ការ​ដោះលែង​នោះ​គឺ​ដោយសារ​សម្ពាធ​អន្តរជាតិ​ហើយ​ថា​កម្ពុជាសុខចិត្ត​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ ​តែ​មិន​ឱ្យ​បាត់បង់​អធិបតេយ្យ​ភាព​របស់​ជាតិ​ឡើយ។

លោក​ហ៊ុន សែន​ បន្ថែម​ថា៖

«យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើងទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ​ឬ​ការ​អនុគ្រោះ​ណា​ទេ។ អ្វី​ដែល​យើង​ខិត​ខំ​ធ្វើបាន យើង​ធ្វើ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន គឺ​អត់​ទេ។ ​ទីផ្សារ​នៅ​តែ​ជា​ទីផ្សារ ​គ្រាន់តែ​ពេលមុន​អត់​បង់​ពន្ធ ​ឥឡូវ​ត្រូវ​បង់​ពន្ធ»។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ ​លោក​ដូណាល់ ត្រាំ ​(Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បាន​ផ្ញើ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ដោយ​ប្រាប់​ឲ្យ​ដាក់​ប្រទេស​កម្ពុជា​មក​លើ​មាគ៌ា​អភិបាល​កិច្ច​ប្រជាធិបតេយ្យ​ឡើង​វិញ។ ​នេះ​បើ​តាម​លិខិត​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដែលបាន​ផ្សាយជា​សាធារណៈ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។​

លោក​ប្រធានាធិបតី​ ត្រាំ បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា ​និង​មិន​ស្វះស្វែងឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ហើយ​លោក​បាន​បង្ហាញ​ពីជំនឿយ៉ាង​មុត​មាំ​ថា ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ ​សេរីភាព​បុគ្គល​ និង​នីតិរដ្ឋ ​គឺជា​មាគ៌ា​ល្អ​បំផុត​សម្រាប់​សន្តិភាព ​ស្ថិរភាព និង​វិបុលភាព​សម្រាប់​ប្រជាជាតិ​ទាំងអស់។​

លោក​ ត្រាំ ​សង្ឃឹមថា ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​នឹង​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ ដែល​ធ្វើ​ឡើង​ក្នុងពេល​កន្លងមក​ដែល​សហរដ្ឋ​អាមេរិក​ជឿ​ជាក់ថា​នឹង​បង្ក​ហានិភ័យ​«យ៉ាង​ខ្លាំង​ដល់​អធិប​តេយ្យភាព ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។

លោក​ឱក សេរីសោភក្តិ៍ ​អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ សម្តែង​សុទ្ទិដ្ឋិនិយម​ថា​ស្ថានការណ៍នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​អាចចរចា​គ្នា ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​មុនពេល​ដែល​សហភាព​អឺរ៉ុប​ដកឋានៈអនុគ្រោះពន្ធ​ពាណិជ្ជកម្ម​«គ្រប់មុខ​ទំនិញ​លើក​លែងសព្វាវុធ‍»​ ឬ​ (EBA)។ សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ដ៏ធំ​បំផុត​របស់​កម្ពុជា​ដោយ​ទទួល​ទិញ​ទំនិញ​ជិត​៦ពាន់លាន​ដុល្លារក្នុងឆ្នាំ ២០១៨ ហើយ​តាម​រយៈ​ឋានៈ​អនុគ្រោះពន្ធនេះ ទំនិញ​របស់​កម្ពុជា​បាន​រួច​ពន្ធ​ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ។

អ្នកវិភាគ​រូបនេះ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រើប្រាស់​យន្តការ​ជាច្រើន​ដើម្បី​ដោះស្រាយ​ដែរ​ បើទោះបី​ជា​នៅ​ចំពោះ​មុខ​សាធារណជន​រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​រឹងរូស​ក៏ដោយ។

ប៉ុន្តែ​លោក ​សោភក្តិ៍​ បាន​ព្រមាន​ថា ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​រក​ដំណោះស្រាយ​ឱ្យ​បាន​មុន​ឱសានវាទ​ត្រឹម​ដើមឆ្នាំក្រោយទេ នោះ​កម្ពុជា​ប្រហែល​ជានឹង​បាត់បង់​ឱកាស​ទទួល​បាន​ការ​លួង​លោម​ពី​សហគមន៍​អន្តរជាតិ​ ​ហើយ​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​នឹង​កាន់តែ​មាន​ច្រើន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG